ចំណេះដឹងទូទៅ៖ មកស្គាល់ពីប្រវត្តិពិតរបស់ព្រះសង្ឃ ថាង ចេង ក្នុងរឿងដំណើរទៅចម្លងធម៌នៅភាគខាងលិច
(ភ្នំពេញ)៖ លោកអ្នកដែលបានទស្សនាខ្សែភាពយន្តចិន «រឿងថាងចេងទៅចម្លងធម៌នៅភាគខាងលិច» ប្រាកដជាបានស្គាល់ច្បាស់អំពីតួអង្គនានាក្នុងរឿងនេះ ប៉ុន្តែមិនសូវមានអ្នកដឹងទេថា រឿងនេះជារឿងប្រឌិត ឬក៏រឿងពិតក្នុងប្រវត្តិសាស្ត្រនោះឡើយ។
តើ ថាង ចេង ជាអ្នកណាឱ្យពិតប្រាកដ? តើបេសកកម្មទៅចម្លងធម៌នៅភាគខាងលិច ធ្វើឡើងដើម្បីអ្វី? តើភាគខាងលិចនោះ សំដៅលើទីកន្លែងណា? តើ ស៊ុន អ៊ូខុង និងសិស្សសំខាន់ៗដទៃទៀត ជាអ្នកណាដែរ?
ដូចយើងដឹងស្រាប់ហើយថា ព្រះពុទ្ធសាសនា បានចាប់កំណើតនៅប្រទេសឥណ្ឌានាសតវត្សទី៦មុនគ្រិស្តសករាជ។ យោងតាមប្រវត្តិសាស្ត្រ នៅក្នុងយុគសម័យនោះ ប្រទេសឥណ្ឌាកំពុងស្ថិតក្នុងចលាចលដ៏ធំ ទឹកដីត្រូវបានបែងចែកជារដ្ឋតូចធំច្បាំងគ្នាទៅមក បង្កមហន្តរាយដល់ប្រជាជនជួបនូវភាពលំបាកវេទនាជាខ្លាំង។ មនុស្សមួយចំនួននឿយណាយចំពោះវិបត្តិក្នុងសង្គម និងព្យាយាមដកខ្លួនចេញពីទំនាក់ទំនងសង្គម តាមរយៈការចេញសាងផ្នួសធ្វើជាសមណៈ។ ពួកគេរស់នៅក្នុងព្រៃ ដោយស្លៀកពាក់សំបកឈើ បរិភោគផ្លែឈើ ផឹកទឹកនឹងដៃ មិនរៀបការ មិនមានកូន អង្គុយសមាធិពេញមួយថ្ងៃ។
ស្ថាបនិកនៃព្រះពុទ្ធសាសនា គឺព្រះសមណគោត្តម។ ព្រះអង្គចូលចិត្តសញ្ជឹងគិតតាំងពីពេលទ្រង់នៅវ័យកុមារមកម្ល៉េះ ព្រះអង្គមានព្រះតម្រិះថា «ពិភពលោកនេះ គឺខុសប្រក្រតី» ហើយព្រះអង្គចង់លុបបំបាត់ទុក្ខវេទនាក្នុងជីវិត។ នៅពេលទ្រង់មានព្រះជន្ម២៩ព្រះវស្សា ទ្រង់បានបោះបង់ចោលនូវតំណែងជាព្រះរាជទាយាទ ហើយនាពេលរាត្រីមួយ ទ្រង់បានភៀសព្រះកាយទៅសាងផ្នួសបួសជាសមណៈ។ ឆ្លងកាត់ការខិតខំត្រិះរិះជាច្រើនឆ្នាំ នៅពេលទ្រង់មានព្រះជន្ម៣៥ព្រះវស្សា ព្រះអង្គក៏បានត្រាស់ដឹង ហើយទទួលងារថាជា «ព្រះពុទ្ធ»។ តាំងពីពេលនោះមក ទ្រង់បាននិមន្តទេសនានៅគ្រប់ទីកន្លែង តាមរយៈការផ្សព្វផ្សាយទស្សនវិជ្ជារបស់ទ្រង់ទៅកាន់មនុស្សទាំងពួង។
បន្ទាប់ពីសម័យពុទ្ធកាលនោះមក សិល្បៈនៃការផ្សព្វផ្សាយទស្សនវិជ្ជារបស់ព្រះពុទ្ធត្រូវបាននិយមធ្វើឡើងតាមរយៈទ្រឹស្ដី គម្ពីរ អមជាមួយការប្រៀបធៀបរូបភាព ហើយក៏មានលេចឡើងផងដែរនូវស្ថាបត្យកម្ម រូបសំណាក ចម្លាក់ រូបគំនូរជាដើមផងដែរ។
តាមពិតទៅ ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយទៅដល់ភាគខាងកើតតាំងពីសម័យរាជវង្សហាន (Han Dynasty 202B.C-220A.C) មកម្ល៉េះ។ នៅសម័យរាជវង្សថាង (Tang Dynasty 690-705) គឺជាសម័យដ៏រុងរឿងនៃការរីកចម្រើនព្រះពុទ្ធសាសនារបស់ប្រទេសចិន។ ព្រះចៅអធិរាជថាង ថាយចុង (Taizong of Tang) ជាអ្នកលើកស្ទួយវិស័យពុទ្ធសាសនាយ៉ាងខ្លាំងក្លា។ បន្ទាប់ពីឡើងសោយរាជ្យរួចហើយ ព្រះអង្គបានចេញព្រះរាជឱង្កាឱ្យស្ថាបនាវិហារជាច្រើនទូទាំងមហាថាង ហើយបានបង្កើតទីកន្លែងធម៌ទេសនា និងបណ្ដុះបណ្ដាលព្រះសង្ឃ ក៏ចជាអ្នកប្រាជ្ញជាច្រើន។
ក្នុងចំណោមព្រះសង្ឃនាពេលនោះ មានព្រះសង្ឃដ៏ល្បីល្បាញបំផុតមួយអង្គ ព្រះនាម ស្វៀនចាង (Xuanzang 602-664)។ ព្រះតេជគុណអង្គនេះបានសិក្សាអស់រយៈពេល១៩ឆ្នាំ និងបានធ្វើដំណើរជាង៥០,០០០លី (ឯកតាចិន) ដើម្បីទៅចម្លងធម៌នៅប្រទេសឥណ្ឌា ដែលអ្នកស្រុកចិនកាលណោះហៅថា «ភាគខាងលិច» ដើម្បីយកមកផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយនៅប្រទេសចិន។ នៅប្រទេសឥណ្ឌា ព្រះតេជគុណ ស្វៀនចាង បានបកប្រែព្រះធម៌ចំនួន៧៥ក្បាល រួមមាន១,៣៣៤ជំពូក និងបានសរសេរកំណត់ត្រា «ភាគខាងលិចមហាថាង»។ ព្រះចៅអធិរាជ ថាយចុង បានសព្វព្រះទ័យកោតសរសើរដល់ព្រះតេជគុណ ស្វៀនចាង ថាជា «អ្នកបំភ្លឺផ្លូវសាងផ្នួស»។
ក្នុងរយៈពេលរាប់រយឆ្នាំ រឿងរ៉ាវជីវិតរបស់ព្រះតេជគុណ ស្វៀនចាង ក៏ត្រូវបានសរសេរទៅក្នុងសៀវភៅផ្សេងៗ ហើយក្រោយមកក៏វិវត្តទៅជារឿងព្រេងកថា។ នៅពាក់កណ្ដាលសម័យរាជវង្សថាង គឺមានព្រេងនិទានអំពីព្រះសង្ឃ ស្វៀនចាង, នៅសម័យរាជវង្សសុង (Song Dynasty 960-1279) រឿងរ៉ាវរបស់ព្រះអង្គមានសរសេរនៅក្នុងមានសៀវភៅ៖ តាថាង សាន់ចាង ឈូជីង ស្ស៉ឺហ័រ (Datang Sanzang Qujing Shihua)។
រឿងរ៉ាវរបស់ព្រះសង្ឃ ស្វៀនចាង ត្រូវបានគេចងចាំមកដល់សម័យរាជវង្សម៉េង (Ming Dynasy 1368-1644) ក្នុងនោះកវី អ៊ូ ចឹងកិន (Wu Chengen) បានកម្លាយរឿងរ៉ាវរបស់ព្រះតេជគុណ ស្វៀនចាង ទៅជាប្រលោមលោកលើកដំបូងដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅភាគខាងលិច» ដែលនិទានអំពីបេសកកម្មរបស់ព្រះសង្ឃចិនក្នុងការទៅចម្លងធម៌នៅប្រទេសឥណ្ឌា។ ផ្ដើមចេញពីបុព្វហេតុនេះហើយ ទើបមកដល់សម័យទំនើបបច្ចុប្បន្ន គេបានផលិតចេញជាខ្សែភាពយន្តដ៏ល្បីល្បាញ ដែលយើងស្គាល់ថាជា «រឿងថាងចេងទៅចម្លងធម៌នៅភាគខាងលិច» មានតួអង្គព្រះសង្ឃថាងចេង ស្វាស៊ុនអ៊ូខុង ជ្រូកប៉ាចេ និងអារក្សទឹកសាចេជាដើម។
តួអង្គស្វាស៊ុនអ៊ូខុង ជ្រូកប៉ាចេ អារក្សទឹកសាចេ និងតួអង្គផ្សេងទៀតនោះ គ្រាន់តែសិល្បៈនៃការតែងនិពន្ធរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងប៉ុណ្ណោះ៕ ប្រភព៖ Fresh News