Grand News Asia Close

ចំណេះដឹងទូទៅ៖ ព្រះបាទជយវម៌្មទី៤ ក្សត្រសាងរាជធានីលិង្គបុរៈ ឬកោះកេរ​ (ភាគ៤)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 471
ចំណេះដឹងទូទៅ៖ ព្រះបាទជយវម៌្មទី៤ ក្សត្រសាងរាជធានីលិង្គបុរៈ ឬកោះកេរ​ (ភាគ៤) ចំណេះដឹងទូទៅ៖ ព្រះបាទជយវម៌្មទី៤ ក្សត្រសាងរាជធានីលិង្គបុរៈ ឬកោះកេរ​ (ភាគ៤)

FN- (ភ្នំពេញ)៖ នៅសតវត្សទី១០ «ឆោកគគ៌្យរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរនោះ ត្រូវបានព្រះបាទជយវម៌្មទី៤ (ជ័យវរ្ម័នទី៤) ប្រឹងប្រែងស្ថាបនាឡើងឱ្យក្លាយជារាជធានីថ្មីនៃចក្រភពខ្មែរ ដោយព្រះអង្គបានប្រសិទ្ធនាមដល់រាជធានីនេះថា «លិង្គបុរៈ»។​ មានការជជែកវែកញែកជាច្រើនចំពោះព្រះបាទជយវម៌្មទី៤ និងការលើករាជធានីពីយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់រាជធានីលិង្គបុរៈ (ឆោកគគីរ ឬកោះកេរ)។

សាវតាដំបូង៖ ព្រះបាទយសោវម៌្មទី១ (៨៨៩-៩០០) គឺជាព្រះមហាក្សត្រនៃចក្រភពខ្មែរ សោយរាជ្យដំបូងនៅរាជធានីយសោធរបុរៈ (ក្រុងអង្គរ)។ ក្នុងចំណោមបងប្អូនរបស់ព្រះអង្គ មានប្អូនស្រីមួយអង្គ (មាតាទីទៃ) ព្រះនាមជយទេវី បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់មួយអង្គដែលអនាគតជាព្រះបាទជយវម៌្មទី៤ ហើយក៏ប្រហែលជាកាន់តំណែងជាអភិបាលក្រុងឆោកគគ៌្យរ (ឈ្មោះមុនក្លាយជារាជធានី) ឬក៏អាចថាឆោកគគ៌្យរជាស្រុកកំណើតរបស់ព្រះអង្គម្ចាស់ក៏ថាបាន។ នៅពេលព្រះបាទយសោវម៌្មទី១សោយទិវង្គតនៅឆ្នាំ៩០០ ព្រះរាជបុត្រទាំង២របស់ព្រះអង្គក៏បានឡើងសោយរាជ្យបន្តបន្ទាប់ ក្នុងនោះព្រះបាទហស៌វម៌្មទី១ (៩០០-៩២០) និងព្រះបាទឦសានវម៌្មទី២ (៩២១-៩២៥) ប៉ុន្តែទន្ទឹមនឹងនោះ ពោលគឺចាប់ពីឆ្នាំ៩២១ ព្រះអង្គម្ចាស់ដែលត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវម៌្មទី១ និងត្រូវជាពូថ្លៃរបស់ព្រះបាទឦសានវម៌្មទី២ ក៏យាងចេញពីរាជធានីយសោធរបុរៈ ដើម្បីទៅបង្កើតអំណាចនៅឆោកគគ៌្យរនាភាគឦសានក្រុងយសោធរបុរៈ? ត្រង់ចំណុចនេះ អ្នកប្រវត្តិសាស្ត្របានមើលឃើញពីភាពមិនប្រក្រតីនៃរាជអំណាចកណ្ដាលរបស់ចក្រភពខ្មែរ ដោយអ្នកខ្លះយល់ថា ព្រះបាទជយវម៌្មទី៤ជាក្សត្រជ្រែករាជ្យ បំបែកឬដណ្ដើមអំណាចពីព្រះបាទឦសានវម៌្មទី២ដែលជាក្មួយរបស់ព្រះអង្គ ឯអ្នកខ្លះបកស្រាយថា ព្រះបាទជយវម៌្មទី៤មិនបានជ្រែករាជ្យនោះឡើយ។

* តើព្រះបាទជយវម៌្មទី៤ ជាស្តេចជ្រែករាជ្យ ឬយ៉ាងណា?
សិលាចារឹកប្រាសាទស្តុកកក់ធំ ខេត្តស្រះកែវ ប្រទេសថៃបច្ចុប្បន្ន បានឱ្យយើងដឹងថា នៅឆ្នាំ៩២១ ព្រះអង្គម្ចាស់មួយអង្គដែលត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវម៌្មទី១ បានយាងចេញពីក្រុងយសោធរបុរៈទៅគង់នៅឆោកគគ៌្យរ «ហើយថែមទាំងបានយកលិង្គទេវរាជ្យទៅជាមួយផង»។ លោក ហ្សក សឺដែស (George Cœdès) បានសរសេរថា ព្រះបាទជយវម៌្មទី៤ បានចាកចេញពីរាជធានីយសោធរបុរៈនាឆ្នាំ៩២១ ទៅសោយរាជ្យនៅឆោកគគ៌្យរ ដែលជាទីក្រុងមួយក្នុងចក្រភពខ្មែរ ពោលគឺនៅភាគឦសានក្រុងអង្គរ។ នេះប្រហែលជាលោកគិតថា ព្រះបាទជយវម៌្មទី៤ជាក្សត្រជ្រែករាជ្យ ដោយបានតាំងរាជធានីថ្មីនៅឆោកគគ៌្យរ ដែលមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីរាជធានីយសោធរបុរៈ។

សម្មតិកម្មដែលថា ព្រះបាទជយវម៌្មទី៤ជាក្សត្រជ្រែករាជ្យនោះ ហាក់មិនទទួលបានការគាំទ្រពីអ្នកស្រាវជ្រាវជំនាន់ក្រោយៗនោះទេ។ លោក ក្លូដ ហ្សាក់ (Claude Jacques) បានអះអាងថា ក្នុងចំណោមព្រះមហាក្សត្រសម័យអង្គរទាំង២៦អង្គ មានតែ៨អង្គប៉ុណ្ណោះដែលជារាជទាយាទសោយរាជ្យបន្តពីព្រះបិតា ឬពីបងប្អូនបង្កើត។ លោក ក្លូដ ហ្សាក់ ក៏ជឿដែរថា ឆោកគគ៌្យរ គឺជាស្រុកកំណើតរបស់ព្រះបាទជយវម៌្មទី៤ ទើបទ្រង់ចង់ស្ថាបនាទីក្រុងនេះឱ្យលិចធ្លោឡើង។ លោក ហ្សាក់ បញ្ជាក់ទៀតថា ឆោកគគ៌្យរ អាចត្រូវបានស្ថាបនានៅមុនឆ្នាំ៩២១ទៅទៀត ពោលវាជារឿងធម្មតាទេដែលទីប្រជុំជន ឬទីក្រុងនីមួយៗត្រូវមានការអភិវឌ្ឍបន្តបន្ទាប់ ម្យ៉ាងនៅតំបន់ឆោកគគ៌្យរនោះក៏ជាកន្លែងសម្បូរថ្ម ដែលងាយស្រួលក្នុងការស្ថាបនាប្រាសាទផងដែរ។

បន្ថែមទៅលើគំនិតរបស់លោក ក្លូដ ហ្សាក់ អ្នកស្រាវជ្រាវមួយចំនួនទៀតបានបញ្ចេញទស្សនៈថា ព្រះបាទជយវម៌្មទី៤មិនមែនជាក្សត្រជ្រែករាជ្យនោះទេ ដោយមានសម្អាងថា ព្រះអង្គម្ចាស់ជយវម៌្មទី៤មិនបានប្រកាសខ្លួនថាជាក្សត្រសោយរាជ្យនៅឆ្នាំ៩២១នោះឡើយ ទើបតែក្រោយពេលព្រះបាទឦសានវម៌្មទី២សោយទិវង្គតនៅឆ្នាំ៩២៥នោះទេ ដែលព្រះអង្គបានប្រកាសខ្លួនថាជាព្រះមហាក្សត្រនៅឆ្នាំ៩២៨ ពោលគឺជាង២ឆ្នាំក្រោយការសោទិវង្គតរបស់ព្រះបាទឦសានវម៌្មទី២ នៅឯក្រុងយសោធរបុរៈ។

លោក ម៉ៃឃើល វីកឃើរី (Michael Vickery) ក៏មិនគាំទ្រគំនិតដែលថា ព្រះបាទជយវម៌្មទី៤ជាក្សត្រជ្រែករាជ្យនោះដែរ ដោយលោកបានអះអាងថា នាសម័យអង្គរ ព្រះមហាក្សត្រអង្គខ្លះគឺមិនបានបន្តរាជសម្បត្តិពីព្រះបិតាខ្លួននោះទេ មានដូចជាព្រះបាទឥន្ទ្រវម៌្មទី១ ព្រះបាទជយវម៌្មទី៤ ព្រះបាទរាជេន្ទ្រវម៌្មទី២ រីឯព្រះបាទជយវីរវម៌្ម និងព្រះបាទសូរ្យវម៌្មទី១ ក៏សុទ្ធតែមិនស្ថិតក្នុងសែស្រឡាយក្សត្រសោយរាជ្យនោះដែរ ការទទួលបានរាជបល្ល័ង្ករបស់ពួកទ្រង់គឺតាមរយៈការឈ្នះសង្គ្រាមជាដើម។ មួយទៀតដែរ ព្រះបាទជយវម៌្មទី៤ក៏មិនមែនជាអ្នកក្រៅរាជវង្សឯណា! កាលមិនទាន់សោយរាជ្យ ព្រះអង្គបានរៀបអភិសេកជាមួយប្អូនស្រីរបស់ព្រះបាទយសោវម៌្មទី១ ខណៈព្រះអង្គម្ចាស់ជយវម៌្មទី៤ក៏ជាប់សែរាជវង្សខ្មែរតាំងពីដើមមកដែរ ដូច្នេះព្រះអង្គមិនមែនជាក្សត្រជ្រែករាជ្យនោះឡើយ។

លោក កែវ ដួង ក៏យល់ស្របបែបនេះដែរ និងបានបន្ថែមថា រជ្ជកាលរបស់ព្រះបាទជយវម៌្មទី៤ គឺចាប់ផ្ដើមនៅឆ្នាំ៩២៨ ប៉ុន្តែការណ៍ដែលព្រះអង្គមិនបានយាងទៅសោយរាជ្យនៅក្រុងយសោធរបុរៈ ក៏ព្រោះព្រះអង្គក៏ធ្លាប់ត្រួតត្រារក្សាក្រុងនៅឆោកគគ៌្យរនោះស្រាប់ ម្យ៉ាងតំបន់នេះសម្បូរថ្មធម្មជាតិដែលអំណោយផលក្នុងការសាងសង់សំណង់ស្ថាបត្យកម្ម រចនាសម្ពន្ធរាជធានីយ៉ាងងាយស្រួល ព្រះអង្គក៏បានចំណាយកម្លាំងក្នុងការកសាងទីក្រុងនេះតាំងពីមុនមកច្រើនមកហើយដែរ។

ជាការពិតណាស់ ថ្វីដ្បិតព្រះបាទជយវម៌្មទី៤មកតាំងមូលដ្ឋាននៅឆោកគគ៌្យរតាំងពីឆ្នាំ៩២១ក៏ពិតមែន ប៉ុន្តែប្រាសាទរាជ្យរបស់ព្រះអង្គ គឺប្រាសាទប្រាង្គ ឬប្រាសាទធំ ទើបតែស្ថាបនាឡើងនៅឆ្នាំ៩៣១នោះទេ (ចន្លោះពេល១០ឆ្នាំ) នេះក៏ជាសម្មតិកម្មមួយទៀតដែលជួយបញ្ជាក់ថា ព្រះអង្គមិនមែនជាក្សត្រជ្រែករាជ្យនោះឡើយ។

ការរៀបចំរាជធានីរបស់ព្រះបាទជយវម៌្មទី៤ ប្រៀបដូចជាមហាទេវស្ថានដ៏ពិសិដ្ឋ សមនឹងព្រះមហា​ឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងនាមជាស្ដេចចក្រវាទិន ឬស្ដេចចក្រពត្តិ (King of kings) ត្រួតត្រាលើចក្រភពខ្មែរដ៏ធំ បន្ទាប់ពីព្រះបាទឦសានវម៌្មទី២សោយទិវង្គតនៅឆ្នាំ៩២៥។ ព្រះបាទជយវម៌្មទី៤ បានសោយរាជ្យនៅរាជធានីលិង្គបុរៈរហូតដល់សោយទិវង្គតក្នុងឆ្នាំ៩៤១។ ក្រោយពេលសោយទិវង្គត ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទហស៌វម៌្មទី២ បានសោយរាជ្យនៅរាជធានីលិង្គបុរៈចាប់ពីឆ្នាំ៩៤១-៩៤៤។ បន្ទាប់មក រាជ្យបល្ល័ង្កក៏បានទៅលើព្រះបាទរាជេន្ទ្រវម៌្មទី២ ដែលជាព្រះញាតិវង្សរបស់ព្រះបាទហស៌វម៌្មទី២៕

អត្ថបទទាក់ទង