Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ

(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូន សម្តេចធិបតី អំពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួលបានជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone) ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានកត់សម្គាល់ផងដែរ អំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និងមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ៕

 

អត្ថបទទាក់ទង