Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនគាំទ្របទឈប់បាញ់ នៅហ្កាហ្សា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 229
វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនគាំទ្របទឈប់បាញ់ នៅហ្កាហ្សា? វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនគាំទ្របទឈប់បាញ់ នៅហ្កាហ្សា?

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងប្រឈមមុខនឹងការដាក់សម្ពាធកាន់តែខ្លាំងឡើង ដើម្បីជួយសម្រេចឱ្យ បាននូវបទឈប់បាញ់មួយដែលនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ អង្គការសហប្រជាជាតិបានព្រមានថា ស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សាកាន់តែដុនដាបទៅៗ ខណៈមន្ទីរពេទ្យជាច្រើនស្ទើរតែលែងអាចដំណើរការប្រតិបត្តិការរបស់ខ្លួន តទៅ ទៀត។ តែទោះប្រឈមនឹងសម្ពាធ និងការអំពាវនាវឱ្យជួយស្វែងរកបទឈប់បាញ់ក៏ដោយ ក៏សេតវិមាននៅតែបង្ហាញជំហរជំទាស់ទៅនឹងបទឈប់បាញ់ ពេញលេញមួយ ក្នុងនោះមានទាំងការបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយ UN ដែលទាមទារឱ្យមានបទឈប់បាញ់ទៀតផង។ តើនេះមកពី ហេតុអ្វីទៅ?

ជាការពិតណាស់ នៅពេលក្រុមមន្ត្រីអាមេរិកពន្យល់ពី «គោលដៅ» របស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមអ៉ីស្រាអែល-​ហាម៉ាស ពួកគេ បានលើកឡើងពីចំណុចសំខាន់ចំនួន ៤ នោះគឺការប្រកាន់ជំហរម៉ឺងម៉ាត់គាំទ្រអ៉ីស្រាអែល ទប់ស្កាត់កុំឱ្យសង្រ្គាមធ្លាយចេញពីតំបន់ហ្កាហ្សា រំដោះចំណាប់ខ្មាំងច្រើនជាង ២០០នាក់ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស និងជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ តែការបញ្ឈប់ សង្រ្គាមមិនមាននៅក្នុងបញ្ជីគោលដៅទាំងនេះឡើយ ហើយមូលហេតុចម្បង គឺសហរដ្ឋអាមេរិកយល់ស្របជាមួយគោលដៅរបស់អ៉ីស្រាអែល ក្នុងការកម្ទេចក្រុមហាម៉ាស។ ជាក់ស្ដែង នៅពេលត្រូវបានសាកសួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News កាលពី ខែតុលាកន្លងទៅថាតើលោកជឿជាក់ថាក្រុមហាម៉ាសគួរតែត្រូវបានកម្ទេចចោលទាំងស្រុងដែរឬទេ? លោក ចូ បៃដិន បានឆ្លើយថា «ពិតណាស់ក្រុមហាម៉ាសគួរតែត្រូវបានកម្ទេចចោលទាំងស្រុង»។

ក្នុងពេលបច្ចុប្បន្ន អ្វីដែលរដ្ឋបាលលោក បៃដិន កំពុងព្យាយាមធ្វើ គឺជំរុញឱ្យអ៉ីស្រាអែលជួយសម្រួលដល់លំហូរនៃជំនួយមនុស្សធម៌ សម្រាប់ ប្រជាជនស៊ីវិលហ្កាហ្សា និងប្រឹងប្រែងកាត់បន្ថយការស្លាប់របស់ជនស៊ីវិល។ ប៉ុន្តែ មិនបានគាំទ្រឱ្យមានបទឈប់បាញ់ពេញលេញមួយ នោះទេ។ «យើងនៅតែមិនជឿនោះទេថាឥលូវនេះជាពេលវេលាត្រឹមត្រូវសម្រាប់បទឈប់បាញ់ពេញលេញមួយ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បា្រប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ។ លោក John Kirby បន្ថែមថា «នៅពេលយើងនិយាយពីបទឈប់បាញ់ គឺចង់សំដៅទៅលើបទឈប់បាញ់ពេញលេញមួយដែលបិទបញ្ចប់ការប្រយុទ្ធគ្នា ទាំងស្រុងក្នុងតំបន់ហ្កាហ្សា តែការធ្វើបែបនេះក្នុងកាលៈទេសៈបច្ចុប្បន្ន នឹងផ្ដល់ចំណេញដល់ក្រុមហាម៉ាស»។

អ្វីដែលសហរដ្ឋអាមេរិកមិនបាននិយាយជាសាធារណៈ នោះគឺ «ការកម្ទេច ឬក៏បំបាក់សមត្ថភាពក្រុមហាម៉ាស» ក៏ជាផលប្រយោជន៍ធំសម្រាប់ សហរដ្ឋអាមេរិក។ និយាយជារួម កម្ទេចហាម៉ាស ក៏ជាគោលដៅរបស់សហរដ្ឋអាមេរិកដែរ ពីព្រោះថាហាម៉ាសត្រូវបានគេចាត់ទុកថាជាបក្ខពួក របស់អ៉ីរ៉ង់ ដែលជាសត្រូវធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះការកម្ទេច ឬក៏បំបាក់សមត្ថភាពក្រុមហាម៉ាស អាចនឹង កាត់បន្ថយឥទ្ធិពលរបស់អ៉ីរ៉ង់ក្នុងតំបន់។ កាន់តែសំខាន់ទៅទៀត ហាម៉ាសជាបន្លារពាំងផ្លូវដែលសហរដ្ឋអាមេរិកចង់ដកចោលជាយូរហើយ ដោយសារតែហាម៉ាសមិនទទួលស្គាល់អ៉ីស្រាអែល ដែលនេះបង្កជាឧបសគ្គធំរារាំងដល់ដំណោះស្រាយស្វែងរកសន្តិភាព និងគំនិតផ្ដួចផ្ដើមរបស់ សហរដ្ឋអាមេរិកដែលចង់នាំអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលផ្សះផ្សាភ្ជាប់ទំនាក់ទំនងទូតជាផ្លូវការនឹងគ្នា។

ម្យ៉ាងវិញទៀត ទោះជាសហរដ្ឋអាមេរិកចង់បញ្ឈប់សង្រ្គាមក៏ដោយ ក៏អ៉ីស្រាអែលមិនប្រាកដថានឹងធ្វើតាមនោះដែរ។ មែនទែនទៅ សហរដ្ឋអាមេរិក មានមធ្យោបាយជាច្រើនដើម្បីដាក់សម្ពាធឱ្យអ៉ីស្រាអែល ក្នុងនោះរួមមានការគំរាមកាត់បន្ថយជំនួយយោធា ឬបញ្ឈប់ការគាំទ្រដល់អ៉ីស្រាអែលនៅ UN ឬក៏បោះបង់ចោលកិច្ចប្រឹងប្រែងជួយឱ្យអ៉ីស្រាអែលភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអារ៉ាប់។ ប៉ុន្តែ ពាក្យប៉ុន្មានម៉ាត់ដែលគេអាចនិយាយបាន គឺសហរដ្ឋអាមេរិក «មិនចង់ធ្វើដូច្នេះទេ»។

អ៉ីស្រាអែល កន្លងមកក៏ធ្លាប់មិនស្ដាប់សហរដ្ឋអាមេរិកដែរ។ ជាឧទាហរណ៍ ក្រុមមន្ត្រីអាមេរិកបានអំពាវនាវ និងជំរុញជារឿយៗឱ្យអ៉ីស្រាអែលបញ្ឈប់ ការសង់លំនៅដ្ឋានខុសច្បាប់ក្នុងតំបន់ West Bank របស់ប៉ាឡេស្ទីន។ តែគ្មានបានផលអ្វីទេ ហើយអ៉ីស្រាអែលមិនត្រឹមតែមិនស្តាប់នោះទេ ថែមទាំង ផ្គើនលើសដើម ដោយប្រកាសពីការសង់លំនៅដ្ឋានខុសច្បាប់បន្ថែមក្នុងតំបន់ West Bank នៅដែលលោក បៃដិន បំពេញទស្សនកិច្ចនៅអ៉ីស្រាអែល កាលលោកកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក។ ការប្រកាន់ជំហរណាមួយបង្ហាញពីការបែកបាក់គ្នាជាសាធារណៈ វាអាចនឹងបំផ្លាញដល់ ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអ៉ីស្រាអែល ដែលជាដៃគូមួយដ៏សំខាន់មិនអាចខ្វះបានលើវិស័យជាច្រើន ក្នុងនោះរួមមានទាំងស៊ើបការណ៍ សម្ងាត់ផងដែរ។

គួរបញ្ជាក់ថា តាមក្រុមមន្ត្រីប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១១,២០០នាក់ ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ចាប់តាំងពីជនជាតិអ៉ីស្រាអែល ១២០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក៕

អត្ថបទទាក់ទង