វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ត្រូវការថៅកែទាហានស៊ីឈ្នួលរុស្ស៉ី?
(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) នៅថ្ងៃចន្ទ ទី៥ ខែមិថុនា បានចេញមុខរិះគន់ យោធារុស្ស៉ីសាជាថ្មី ជុំវិញការធ្វើឱ្យបាត់បង់ភូមិមួយស្ថិតនៅក្បែរទីក្រុងបាកមូត ទៅឱ្យទាហានអ៊ុយក្រែន ហើយថាយុទ្ធសាស្ត្របច្ចុប្បន្នដែលទាហានរុស្ស៉ីកំពុងប្រើ នឹងនាំ ទៅរកបរាជ័យកាន់តែច្រើនក្នុងពេល ២សប្ដាហ៍ខាងមុខ។
លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន ធ្វើការកត់សម្គាល់ខាងលើ ខណៈមន្ត្រីរុស្ស៉ីម្នាក់ក្នុងតំបន់ដូណេត បានឱ្យដឹងថាស្ថានការណ៍ នៅជុំវិញទីក្រុងបាកមូត មានភាពលំបាក ជាខ្លាំង។ ទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានប្រកាសពីការវាយដណ្ដើមបានទីក្រុងបាកមូតទាំងស្រុងកាលពីខែឧសភា ក្រោយការវាយប្រយុទ្ធយ៉ាងបង្ហូរឈាម អស់រយៈពេលជាច្រើនខែ។ ចាប់តាំងពីពេលនោះមកដែរ អ៊ុយក្រែននៅតែបន្តបើកការវាយប្រហារនៅតាមទីតាំងស្ថិតនៅភាគខាងជើង និងខាងត្បូង នៃទីក្រុងស្ថិតនៅ ភាគខាងកើតប្រទេសមួយនេះ។
នៅក្នុងសារសំឡេងមួយត្រូវបានចេញផ្សាយដោយសេវាព័ត៌មាននៃក្រុមហ៊ុន Wagner លោក ព្រីហ្គោហ្ស៉ីន បានគូសបញ្ជាក់ដូច្នេះថា «ឥលូវ ភូមិ បឺខៀវកា (Berkhivka) បានបាត់បង់ទៅហើយ រីឯកងទ័ពបានរត់ចោលសមរភូមិស្ងាត់ៗ។ នេះជារឿងគួរឱ្យអាម៉ាស់»។ ភូមិ បឺខៀវកា (Berkhivka) ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រ ពីពាយព្យនៃទីក្រុងបាកមូត ហើយក្រុមហ៊ុន Wagner បានអះអាងពីការកាន់កាប់ភូមិមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។
នេះមិនមែនជាលើកទី១ នោះទេដែលលោក ព្រីហ្គោហ្ស៉ីន រិះគន់យោធារុស្ស៉ី។ កាលពីខែឧសភាកន្លងទៅ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលម្នាក់នេះថែមទាំងហ៊ានឈ្លោះ ប្រកែកត្រង់ៗជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ និងនាយអគ្គសេនាធិការកងទ័ពរុស្ស៉ី លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) ទៀតផង ថាថ្នាក់ដឹកនាំយោធាទាំង២រូបនេះ ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់នៃទាហានរបស់លោកក្នុងសមរភូមិទីក្រុងបាកមូត ដោយសារតែការយឺតយ៉ាវក្នុងការផ្គត់ផ្គង់ គ្រាប់រំសេវ។ តាមរយៈការដំឡើងសសៃកដាក់មន្ត្រីយោធាកំពូលក្នុងក្រសួងការពារជាតិរុស្ស៉ី វាបង្កឱ្យមានការចោទសួរថាតើលោក ព្រីហ្គោហ្ស៉ីន មានអំណាចធំប៉ុនណា ទៅ? ខណៈសូម្បីតែលោក ពូទីន ក៏ហាក់ដូចជាមិនអើពើពីអាកប្បកិរិយារបស់ថៅកែទាហានស៊ីឈ្នួលរូបនេះដែរ? ចំពោះសំណួរនេះមានការគិតផ្សេងៗពីគ្នា នៅក្នុង ចំណោមក្រុមអ្នកជំនាញ។
លោក Andrei Soldatov និងលោកស្រី Irina Borogan មកពីមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប (Center for European Policy Analysis) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជឿជាក់ថាលោក ពូទីន ចង់រក្សាទុកលោក ព្រីហ្គោហ្ស៉ីន និងទាហានស៊ីឈ្នួលរបស់លោកជាឧបករណ៍ទប់ទល់ទៅ នឹងអ្វីដែលលោក ពូទីន មានការព្រួយបារម្ភខ្លាំងជាងទាហានស៊ីឈ្នួលទៅទៀត នោះគឺកងទ័ពរុស្ស៉ីតែម្ដង។ អ្នកជំនាញទាំង២រូបនេះពន្យល់ទៀតថាលោក ពូទីន ដឹងយ៉ាងច្បាស់ថាដរាបណា សង្រ្គាមរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែនបន្តអូសបន្លាយ នោះហានិភ័យនៃការបះបោរនៅក្នុងជួរកងទ័ព ក៏នៅតែបន្តជាស្រមោល អន្ទោលតាមប្រាណដូចគ្នាដែរ។ ដូច្នេះវាជាការល្អសម្រាប់លោក ពូទីន ក្នុងការទុកលោក ព្រីហ្គោហ្ស៉ីន នៅក្បែរខ្លួន ដើម្បីកុំឱ្យកងទ័ពមានអំណាចលើសលប់ពេក។
ក៏ប៉ុន្តែ លោក Andras Racz ជាអ្នកវិភាគម្នាក់មកពីក្រុមប្រឹក្សាអាល្លឺម៉ង់ស្ដីពីទំនាក់ទំនងការបរទេស មានមូលដ្ឋានក្នុងទីក្រុងបែរឡាំង យល់ផ្សេងពីនេះ។ ដំបូងគេគឺ លោក ពូទីន មិនមានការព្រួយបារម្ភពីភក្ដីភាពនៃកងទ័ពរបស់លោក ដូចដែលលោក Soldatov និងលោកស្រី Borogan បានលើកឡើងនោះទេ។ ម្លោះហើយ លោក ពូទីន មិនចាំបាច់ត្រូវការប្រើលោក ព្រីហ្គោហ្ស៉ីន និងទាហានស៊ីឈ្នួលរុស្ស៉ី Wegner ជាឧបករណ៍ទប់ទល់នឹងកងទ័ពរុស្ស៉ីនោះដែរ។ មួយវិញទៀត លោក ពូទីន ផ្ទាល់ក៏ មិនបានភ័យខ្លាចចំពោះលោក ព្រីហ្គោហ្ស៉ីនថាអាចនឹងមកប្រជែងអំណាចជាមួយលោកនោះដែរ ដ្បិតថៅកែរូបនេះមិនទទួលបានការគាំទ្រពីឥស្សរជនជាន់ខ្ពស់ ក្នុងជួរ កងទ័ពរុស្ស៉ីឡើយ។ ផ្ទុយទៅវិញអ្វីដែលលោក ពូទីន ត្រូវការ នោះគឺឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់លោក ព្រីហ្គោហ្ស៉ីន ក្នុងការជ្រើសរើស «អ្នកទោស» ឱ្យធ្វើជា ទាហានស៊ីឈ្នួល ដែលនេះទើបជាប្រយោជន៍សម្រាប់ប្រមុខវិមានក្រឹមឡាំង។
កាលពីឆ្នាំ២០២២ លោក ព្រីហ្គោហ្ស៉ីន ដែលធ្លាប់ជាអ្នកទោសកាលនៅជាយុវជន បានធ្វើដំណើរទៅកាន់ពន្ធនាគារនៅទូទាំងប្រទេសរុស្ស៉ី ហើយបានជ្រើសរើស អ្នកទោសជាង ៥០,០០០នាក់ ដើម្បីទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសគឺសមរភូមិនៅទីក្រុងបាកមូត។ ការប្រើប្រាស់ទាហានស៊ីឈ្នួលនេះឯង វាបានជួយ សន្សំសំច្ចៃធនធានយោធារុស្ស៉ី ពីព្រោះថាបើឱ្យជ្រើសរើសរវាងការលះបង់ទាហានរុស្ស៉ី និងអ្នកទោសដែលក្លាយជាទាហានស៊ីឈ្នួល លោក ពូទីន ច្បាស់ណាស់ពិតជា ពេញចិត្តនឹងការលះបង់ទាហានស៊ីឈ្នួល។
ចំណែក ហេតុផលមួយទៀត ដែលលោក ពូទីន មិនព្រួយបារម្ភពីលោក ព្រីហ្គោហ្ស៉ីន គឺចេតនារបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wegner។ លោក ព្រីហ្គោហ្ស៉ីន មិនមាន បំណងចង់រក្សាទាហានរបស់លោកនៅអ៊ុយក្រែននោះទេ ដោយលោកសម្លឹងឃើញតំបន់ដទៃដែលមានប្រយោជន៍ច្រើនជាងនេះ គឺនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកជាទីដែល ក្រុមហ៊ុនរបស់លោកអាចទទួលបានកិច្ចសន្យាពីភាគីជម្លោះក្នុងតំបន់ ជាថ្នូរត្រឡប់មកវិញជាមួយការទទួលបានសិទ្ធិធ្វើអាជីវកម្មធនធានធម្មជាតិ ដូចជាប្រេងក្នុង ប្រទេសស៊ីរី ពេជ្រ ឬមាស និងរ៉ែកម្រៗក្នុងតំបន់អាហ្វ្រិកជាដើម។
គួរបញ្ជាក់ថា សម្រាប់លោក ពូទីន ការផ្ដល់ភារកិច្ចសង្រ្គាមទៅឱ្យក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wegner មិនត្រឹមតែជួយលោកសន្សំសំច្ចៃធនធាន យោធាប៉ុណ្ណោះទេ តែវាក៏ទុកផ្លូវឱ្យលោកអាចបដិសេធការទទួលខុសត្រូវណាមួយចំពោះបរាជ័យនៅលើសមរភូមិផងដែរ ដោយទម្លាក់ការទទួលខុសទៅឱ្យក្រុមហ៊ុន ទាហានស៊ីឈ្នួលដែលទទួលបានកិច្ចសន្យាដេញថ្លៃពីរដ្ឋ។ ក្រៅពីរុស្ស៉ី សហរដ្ឋអាមេរិកក៏មានក្រុមហ៊ុនយោធាឯកជនផងដែរ មានឈ្មោះថា Blackwater ដែលដើរតួនាទីយ៉ាងសកម្មនៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន៕ Fresh News