Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់ និងអ៉ីស្រាអែល ជាសត្រូវនឹងគ្នា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1276
វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់ និងអ៉ីស្រាអែល ជាសត្រូវនឹងគ្នា? វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់ និងអ៉ីស្រាអែល ជាសត្រូវនឹងគ្នា?

​(វ៉ាស៊ីនតោន)៖ ខណៈអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា កំពុងធ្វើសង្រ្គាមនឹងគ្នា ការព្រួយបារម្ភពីហានិភ័យ នៃការផ្ទុះទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ហើយមូលហេតុចម្បងមួយនៅពីក្រោយ ការបារម្ភនេះ នោះគឺតួនាទី ឬការលូកដៃរបស់សត្រូវអ៉ីស្រាអែល គឺអ៉ីរ៉ង់។ អ៉ីរ៉ង់បានផ្ដល់ទាំងហិរញ្ញវត្ថុ និងអាវុធឱ្យក្រុមហាម៉ាស រួមទាំងក្រុម ហេសប៊ូលឡានៅក្នុងប្រទេសលីបង់ ដែលតែងតែប៉ះទង្គិចគ្នាស្ទើរជាប្រចាំជាមួយអ៉ីស្រាអែល។

អីស្រាអែល និងអ៉ីរ៉ង់ បានស្ថិតនៅក្រោម «ស្រមោលសង្រ្គាម» អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគូសត្រូវទាំង២នេះបានលួចវាយប្រហារ ដាក់គ្នាទៅវិញទៅមក ទាំងតាមជើងគោក អាកាស ខណៈអ៉ីរ៉ង់ខ្ចីដៃចលនាប្រដាប់អាវុធដែលខ្លួនគាំទ្រក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីវាយប្រហារប្រឆាំង អ៉ីស្រាអែល។ ទាំងអ៉ីស្រាអែល និងអ៉ីរ៉ង់តែងតែព្យាយាមបញ្ចៀសជម្លោះដោយបើកចំហដែលអាចនឹងងាយផ្ទុះទៅជាសង្រ្គាមក្នុងតំបន់ ប៉ុន្តែសព្វថ្ងៃ សង្រ្គាមអ៉ីស្រាអែល និងហាម៉ាស បាននិងកំពុងធ្វើឱ្យស្ថានការណ៍កាន់តែមានគ្រោះថ្នាក់។

* តើអ៉ីរ៉ង់បញ្ចេញប្រតិកម្មបែបណា ចំពោះសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស?

អ៉ីរ៉ង់ បានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលនោះទេ ហើយក្រុមមន្ត្រីអាមេរិក និងអ៉ីស្រាអែល វិញក៏បានបញ្ជាក់ដែរថាពួកគេមិនមានភស្តុតាងអះអាងពីការចូលរួមយ៉ាងសកម្មរបស់អ៉ីរ៉ង់ នៅក្នុងផែនការវាយប្រហាររបស់ក្រុមហាម៉ាសនោះទេ។ ថ្វីបើ បដិសេធការពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែ ក្រុមមន្ត្រីអ៉ីរ៉ង់បានសម្ដែងការអបអរសាទរដល់ការវាយប្រហាររបស់ហាម៉ាសលើអ៉ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់ និងជាង២០០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។

លើសពីនេះទៅទៀត មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei បានលើកឡើងថាលោកផ្ទាល់ចង់តែថើបដៃអ្នកដែលបានរៀបចំផែនការវាយប្រហារ លើអ៉ីស្រាអែល។ អ៉ីរ៉ង់ ថែមទាំងក៏បានព្រលយដែរថាការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា សម្លាប់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់ នឹងទទួលរងការសងសឹកពីសម្ព័ន្ធចលនាតស៊ូរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងចលនាប្រឆាំងអ៉ីស្រាអែល និងលោកខាងលិចនៅក្នុង ប្រទេសលីបង់ ស៊ីរី អ៉ីរ៉ាក់ អាហ្វហ្កានីស្ថាន និងយេម៉ែន។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានកាលពីថ្ងៃទី១៦ ខែតុលា ថាការពង្រីកសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ទៅជាសង្រ្គាមច្រើនសមរភូមិ កំពុងខិតទៅរកដំណាក់កាលចៀសមិនរួច និងបានអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មបិទខ្ទប់ប្រេងលើអ៉ីស្រាអែល។

* ហេតុអ្វីអ៉ីរ៉ង់ និងអ៉ីស្រាអែល ជាសត្រូវនឹងគ្នា?

តាមពិតទៅ អ៉ីរ៉ង់ និងអ៉ីស្រាអែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នានៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ក្នុងរាជ្យរបស់ព្រះមហាក្សត្រចុងក្រោយរបស់អ៉ីរ៉ង់ Shah Mohammad Reza Pahlavi។ ប៉ុន្តែ ទំនាក់ទំនងមិត្តភាពនេះបានរលាយបាត់ភ្លាមៗ ក្រោយផ្ទុះបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមអ៉ីរ៉ង់ ក្នុងឆ្នាំ១៩៧៩។ ចាប់តាំងពីពេលនោះមក មេដឹកនាំថ្មីនៅអ៉ីរ៉ង់បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែល និងបានប្រកាន់យកជំហរប្រឆាំងរដ្ឋជ្វីហ្វ ឬអ៉ីស្រាអែល ដោយ ចាត់ទុកថាជាពួកចក្រពត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា និងគាំទ្រចលនាប្រដាប់អាវុធទាំងឡាយ ក្នុងតំបន់មជ្ឈិមបូព៌ាមាននិន្នាការប្រឆាំងនឹងអ៉ីស្រាអែល។

អ៉ីស្រាអែលវិញ បានចាត់ទុកកម្មវិធីអាវុធនុយក្លេអ៊ែរអ៉ីរ៉ង់ គឺជាការគំរាមកំហែងដល់អាយុជីវិតជាតិរបស់ខ្លួន និងត្រូវបានគេជឿជាក់ថាបានដឹកនាំការធ្វើ «សកម្មភាពវិទ្ធង្សនា» ប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដូចជាការធ្វើឃាតអ្នកវិទ្យាសាស្ត្រអ៉ីរ៉ងជាដើម។ មេដឹកនាំអ៉ីរ៉ង់បានអះអាងថាតេហេរ៉ង់ មិនមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ មេដឹកនាំអ៉ីស្រាអែលតួយ៉ាងដូចជាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកឡើង នៅឯវេទិកាអន្តរជាតិធំៗ ដូចជានៅ UN ក្នុងនោះរួមមានទាំងការបង្ហាញរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកម្មអ៉ីស្រាអែលថាអ៉ីរ៉ង់ មាន មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីអ៉ីស្រាអែល បានព្រមានម្ដងហើយម្ដងទៀតថាប្រសិនបើអ៉ីរ៉ង់ឈានដល់ដំណាក់កាលផលិតអាវុធនុយក្លេអ៊ែរ នោះអ៉ីស្រាអែលនឹងបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរនៅលើទឹកដីអ៉ីរ៉ង់ ដោយប្រើប្រាស់អំណាចដែនអាកាស ដូចដែលខ្លួនបានទម្លាក់គ្រាប់បែកកម្ទេចរ៉េអាក់ទ័រនុយក្លេអ៊ែរ ក្នុងប្រទេសអ៉ីរ៉ាក់ ក្នុងឆ្នាំ១៩៨១ និងនៅស៊ីរី ក្នុងឆ្នាំ២០០៧។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍អ៉ីរ៉ង់ម្នាក់ បាននិយាយថាអ៉ីស្រាអែលទំនងជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យាដែលធ្វើឱ្យ គាំងស្ថានីយផ្គត់ផ្គង់ឧស្ម័ននៅទូទាំងប្រទេសអ៉ីរ៉ង់។ នៅខែមករា ដើមឆ្នាំ២០២៣កន្លងទៅនេះ បន្ទាប់ពីឃ្លាំងអាវុធអ៉ីរ៉ង់មួយស្ថិតនៅក្បែរទីក្រុង Isfahan រងការវាយប្រហារដោយយន្ដហោះដ្រូន កាសែតធំៗ២របស់សហរដ្ឋអាមេរិកបានរាយការណ៍ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕ ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង