Grand News Asia Close

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើសហរដ្ឋអាមេរិកឈប់ជួយអ៊ុយក្រែន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 412
វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើសហរដ្ឋអាមេរិកឈប់ជួយអ៊ុយក្រែន? វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើសហរដ្ឋអាមេរិកឈប់ជួយអ៊ុយក្រែន?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី៤ ខែតុលានេះ បានទទួលស្គាល់ថាលោកពិតជាមានការព្រួយបារម្ភថាវិបត្តិនយោបាយរបស់ សហរដ្ឋអាមេរិក អាចនឹងជះផលអាក្រក់ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ ខណៈសហរដ្ឋអាមេរិកកំពុងជួបវិបត្តិនយោបាយក្នុងស្រុក អ៊ុយក្រែន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបឯណោះវិញ ក៏កំពុងខ្វាយខ្វល់ដូចគ្នាដែរ នោះគឺខ្លាចថាសហរដ្ឋអាមេរិក មិនមានលទ្ធភាព ឬមិនមានឆន្ទៈផ្ដល់ ជំនួយបន្ថែមសម្រាប់អ៊ុយក្រែននៅពេលអនាគត។

ក្នុងពេលបច្ចុប្បន្ន ការភ័យខ្លាចនេះអាចស្ថិតនៅត្រឹមជាការស្រមៃមួយតែប៉ុណ្ណោះ ដ្បិតអ្នកនយោបាយភាគច្រើនមកពីគណបក្សធំៗទាំង ២របស់សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រអ៊ុយក្រែននៅឡើយ។ ក៏ប៉ុន្តែ គេក៏មិនអាចបដិសេធចោលទាំងស្រុងបាននោះដែរថាការស្រមៃនេះនឹងមិនអាចក្លាយជាការពិត ជាពិសេសបន្ទាប់ពី គេបានឃើញថាសភាអាមេរិកទាំង២ អាចរក្សាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ចៀសផុតពី Shutdown បាន នោះក៏ដោយសារតែការផ្អាកការផ្ដល់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែនដែរ។

ឆន្ទៈនយោបាយក្នុងការជួយអ៊ុយក្រែន ហាក់កាន់តែមានភាពលំបាកទៅៗ ក្នុងបរិបទដែលអ្នកនយោបាយសាធារណរដ្ឋកាន់តែច្រើនឡើងហាក់ដូចជាចង់កែប្រែ ចិត្តគំនិត រីឯអ្នកសាធារណរដ្ឋស្ដាំនិយមជ្រុលមួយចំនួន បោះឆ្នោតទម្លាក់ប្រធានសភាតំណាងរាស្ត្រគ្នាឯងចេញពីតំណែង ហើយបេក្ខជននាំមុខគេសម្រាប់តំណែង ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បង្ហាញគោលជំហរកាន់តែច្បាស់ចំពោះកាត់បន្ថយការបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន ឬអាចអាក្រក់ ជាងនេះក៏ថាបាន។ ចុះបើដូច្នេះ ប្រសិនបើរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ត្រូវជាប់គាំងដោយសារតែបញ្ហាកញ្ចប់ថវិកា រហូតដល់ការបោះឆ្នោត នៅឆ្នាំក្រោយ តើនឹងមានអ្វីកើតឡើង?

ជាការពិតណាស់ រឿងមួយដែលអាចនឹងកើតឡើងមុនគេ នោះគឺតុល្យភាពនៅលើសមរភូមិក្នុងសង្រ្គាមអ៊ុយក្រែននឹងផ្លាស់ប្ដូរមួយទំហឹង។ អ៊ុយក្រែន នឹងមិនចុះចាញ់ដោយងាយៗនោះទេ ពីព្រោះអ្វីដែលពួកគេកំពុងធ្វើនោះគឺជា «ការប្រយុទ្ធដើម្បីអាយុជីវិតរបស់ជាតិ»។ តែដោយសារអ៊ុយក្រែន ពឹងផ្អែកយ៉ាងខ្លាំង លើកញ្ចប់ជំនួយយោធាពីមន្ទីរបញ្ចកោណ ចង់ ឬមិនចង់ វានឹងធ្វើឱ្យអ៊ុយក្រែនធ្លាក់ចូលក្នុងស្ថានការណ៍មួយដ៏លំបាក។

ក្នុងសេណារីយ៉ូនេះ កុំរំពឹងថានឹងមានប្រតិបត្តិការវាយបកទ្រង់ទ្រាយធំមួយក្នុងឆ្នាំ២០២៤ ហើយអ៊ុយក្រែនអាចនឹងត្រូវកំណត់ការប្រយុទ្ធរបស់ខ្លួន មកនៅត្រឹមតែ ជាការការពារអ្វីដែលខ្លួនកំពុងមានប៉ុណ្ណោះ។ ចំណែក ការការពារខ្លួនឯងវិញក៏នឹងកាន់តែលំបាកដែរ ដោយអ៊ុយក្រែនអាចនឹងខ្វះខាតប្រព័ន្ធការពារដែនអាកាស នៅរដូវរងាខាងមុខ ស្របពេលរុស្ស៉ីកំពុងបង្កើន «យុទ្ធនាការបង្កក» ប្រជាជនអ៊ុយក្រែនតាមរយៈការទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល។ ម្យ៉ាងវិញទៀត ក្នុងសង្រ្គាមមួយដូចជាសង្រ្គាមអ៊ុយក្រែនដែលកាំភ្លើងធំ និងគ្រាប់កំាភ្លើងធំមានសារៈសំខាន់បំផុត ការខ្វះខាតណាមួយអាចនឹងជះឥទ្ធិពលអាក្រក់ យ៉ាងខ្លាំងលើសមរភូមិ ដូចដែលធ្លាប់បានកើតឡើងនៅពេលកងទ័ពអ៊ុយក្រែនខ្វះខាតអាវុធ និងគ្រាប់រំសេវ ដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពរុស្ស៉ី ក្នុងតំបន់ភាគខាងកើត កាលពីនិទាឃរដូវកន្លងទៅនេះ និងកាលពីដើមរដូវក្ដៅឆ្នាំ២០២២។

កាន់តែបារម្ភជាងនេះទៅទៀតសម្រាប់អ៊ុយក្រែន នោះគឺប្រសិនបើជំនួយយោធាពីសហរដ្ឋអាមេរិកមានបញ្ហា ជំនួយពីបណ្ដាប្រទេសលោកខាងលិច ដទៃក៏អាចមាន បញ្ហាដូចគ្នាដែរ។ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងបណ្ដាប្រទេសអឺរ៉ុបជាច្រើន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ជំនួយយោធាដល់ទីក្រុងកៀវ។ ប៉ុន្តែ បើទោះជាប្រទេសទាំងនេះ អាចនៅតែបន្តផ្ដល់ជំនួយជាលុយដល់អ៊ុយក្រែនក៏ដោយ ក៏ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ អាចផ្គត់ផ្គង់អាវុធដែលអ៊ុយក្រែនត្រូវការ ជាចាំបាច់ ដើម្បីបន្តការប្រយុទ្ធរយៈពេលយូរ ឬចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៥នោះទេ។ ម្លោះហើយ ការដកខ្លួន ឬការបរាជ័យណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ជំនួយយោធា នោះអ៊ុយក្រែននឹងត្រូវធ្លាក់ក្នុងភាពជាប់គាំងដ៏ឃោរឃៅមួយនៅលើទឹកដីរបស់ខ្លួនឯង។ កាន់តែអាក្រក់ទៅទៀត ស្ថានភាពបែបនេះ ប្រសិនបើកើតឡើងមែន វាអាចនឹងបង្ខំបន្តិចម្ដងៗឱ្យអ៊ុយក្រែនត្រូវធ្វើការសម្រេចចិត្តរើសយក «សន្តិភាពមួយ» នៅក្រោមលក្ខខណ្ឌដែលខ្លួនមិនចង់បាន ឬក៏ត្រូវ បន្តប្រយុទ្ធទាំងដែលស្ថានការណ៍នៅលើសមរភូមិផ្អៀងទៅខាងរុស្ស៉ី។

ក្រៅតែពីអ៊ុយក្រែន សណ្ដាប់ធ្នាប់ពិភពលោកមួយដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងការពារ ក៏អាចនឹងរងការខូចខាតផងដែរ។ ពោលគឺវាអាចនឹងបន្សល់ទុកនូវ គំរូមួយ នៅពេលអនាគត នោះគឺ «ប្រទេសបង្កសង្រ្គាម គឺជាអ្នកស្វែងរកសន្តិភាព» ហើយបើលោក ពូទីន ធ្វើការសន្និដ្ឋានមួយថាលោកប្រឈមមុខនឹងការថយចុះនៃ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន នោះវានឹងក្លាយជា «ជ័យជម្នះមួយ»​ នៅក្នុងទ្រឹស្តីរបស់លោកដែលថាលោកតែងអះអាងថាលោកអាចបំបាក់ អ៊ុយក្រែនបាន ដោយគ្រាន់តែធ្វើយ៉ាងណាទ្រំាឱ្យបានយូរជាងបណ្ដាប្រទេសដែលជាអ្នកគាំទ្រអ៊ុយក្រែន។ ក្នុងន័យនេះ លោក ពូទីននឹងមិនធ្វើសម្បទានធំដុំសម្រាប់ សន្តិភាពល្អគ្រប់គ្រាន់មួយនោះឡើយ។

បើតាមក្រុមអ្នកជំនាញលោកខាងលិច សង្រ្គាមនៅអ៊ុយក្រែន ​មិនមែនត្រឹមតែរឿងរបស់អ៊ុយក្រែន និងរុស្ស៉ីប៉ុណ្ណោះទេ តាំងតែពីសង្រ្គាមនេះផ្ទុះឡើងនៅថ្ងៃដំបូង មកម្ល៉េះ។ សង្រ្គាមនេះជាការធ្វើតេស្តកម្លាំងមួយរវាងអ្នកដែលចង់ការពារ និងអ្នកដែលចង់កែប្រែសណ្ដាប់ធ្នាប់ពិភពលោកដែលមានស្រាប់។ ដូច្នេះ ការថយចុះ ឬក៏ការបញ្ឈប់ការផ្ដល់ជំនួយពីសំណាក់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន វានឹងបង្កភាពស្មុគស្មាញជាសកលដល់សហរដ្ឋអាមេរិក។ ជាក់ស្ដែង បណ្ដាប្រទេស ឬសម្ព័ន្ធមិត្តដែលសង្ឃឹមថាសហរដ្ឋអាមេរិកនឹងប្រយុទ្ធ ដើម្បីការពារពួកគេទប់ទល់ជាមួយចិន អាចនឹងពិចារណាឡើងវិញពីការពិតមួយថាទីក្រុងវ៉ាស៊ីនតោន មិនអាច សូម្បីតែការពារប្រទេសមួយពីការឈ្លានពានរបស់រុស្ស៉ីដែលមើលទៅខ្សោយជាងចិនបានផង តើអាមេរិកអាចការពារពួកគេបានយ៉ាងម៉េចនឹងកើតទៅ?

ក្រោមទឹស្ត្រីមួយនេះ ចិន និងរុស្ស៉ីអាចនឹងយកទៅប្រើ ក្នុងនយោបាយការទូតរបស់ខ្លួនចំពោះបណ្ដាប្រទេសប្រកាន់ជំហរអព្យាក្រឹត និងសម្ព័ន្ធមិត្តរបស់អាមេរិក ដោយ បញ្ជូនសារមួយថា «សហរដ្ឋអាមេរិកនឹងលើកទឹកចិត្តឱ្យពួកអ្នកតស៊ូ រហូតដល់នៅសល់ប្រជាជនអ៊ុយក្រែន ឬអាហ្វហ្កានីស្ថានចុងក្រោយ តែនៅទីបំផុត អាមេរិកនឹង ទុកឱ្យពួកអ្នកស្ថិតនៅក្នុងភាពស្រពេចស្រពិល»។

គួរបញ្ជាក់ថា នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក មានអ្នកខ្លះនិយាយថាការបញ្ឈប់ការគាំទ្ររបស់វ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន គឺជារឿងមួយល្អ ពីព្រោះវាទុកធនធាន និងពេលវេលាគ្រប់គ្រាន់ឱ្យវ៉ាស៊ីនតោនផ្ដោតទៅលើការប្រជែងនឹងឥទ្ធិពលចិន នៅអាស៊ី និងការគំរាមកំហែង របស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់។ ក៏ប៉ុន្តែ សម្រាប់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអាមេរិក ដូចជាលោក Hal Brands មកពីវិទ្យាស្ថាន American Enterprise Institute ការយកឈ្នះរុស្ស៉ី ឬរារាំងកុំឱ្យរុស្ស៉ីឈ្នះ គឺជាមធ្យោបាយមួយដ៏ល្អដើម្បីការពារតៃវ៉ាន់៕ ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង