Grand News Asia Close

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាច​អូស​ទាញ​វៀត​ណាម បាន​យ៉ាង​ដូច​ម្ដេច​?​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 177
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាច​អូស​ទាញ​វៀត​ណាម បាន​យ៉ាង​ដូច​ម្ដេច​?​ វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាច​អូស​ទាញ​វៀត​ណាម បាន​យ៉ាង​ដូច​ម្ដេច​?​

ប្រធានាធិបតីអាមេរិក បានបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាម នៅក្នុងសប្ដាហ៍នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកទៅលើចិន។

សហរដ្ឋអាមេរិក និងវៀតណាម ដែលជា «អតីតគូសត្រូវស៊ូពូជនឹងគ្នា» កាលពីអតីតកាល បានឈានដល់ការធ្វើបច្ចុប្បន្នភាពជាផ្លូវការ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ»។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងវៀតណាមខិតកាន់តែជិតគ្នា ពីព្រោះថាមកទល់នឹងបច្ចុប្បន្ន វៀតណាម បានចុះកិច្ចព្រមព្រៀងបែបនេះជាមួយ រុស្ស៉ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងស្វែងរកសម្ព័ន្ធមិត្តដូចជាវៀតណាម ដើម្បីទប់ស្កាត់ផលប៉ះពាល់បង្កឡើងពីភាពតានតឹងនយោបាយ ជាមួយចិន ក៏ដូចជាលើកកម្ពស់មហិច្ឆតារបស់ខ្លួនលើបច្ចេកវិទ្យាសំខាន់ៗ តួយ៉ាងដូចជា ការផលិតបន្ទះឈីបជាដើម។ រីឯវៀតណាមវិញកាន់តែមានការព្រួយបារម្ភខ្លាំងឡើងពី សកម្មភាព និងការទាមទារអធិបតេយ្យរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ក្រោយទីក្រុងប៉េកាំងបញ្ចេញផែនទីទឹកដីថ្មីមួយរបស់ខ្លួននាពេលថ្មីៗនេះ។

បណ្ដាក្រុមហ៊ុនអាមេរិកធំៗ រាប់ចាប់ពីក្រុមហ៊ុន Apple និង Intel បាន និងកំពុងបង្កើនការបោះទុនវិនិយោគកាន់ខ្លាំងនៅក្នុងប្រទេសវៀតណាម រួចទៅហើយ សំដៅ ធ្វើពិពិធកម្ម «ខ្សែចង្វាក់ផ្គត់ផ្គង់» របស់ខ្លួន ដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចវៀតណាម។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ ទីក្រុងហាណូយ ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌា ហើយនេះក៏ជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់ប្រធានាធិបតីអាមេរិកម្នាក់ ក្នុងប្រទេសវៀតណាមដែរ ចាប់តាំងដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩។

បើតាមសេតវិមាន ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក បៃដិន បានជួបជាមួយមេដឹកនាំកំពូលវៀតណាម ក្នុងនោះមានទាំងអគ្គលេខាធិការបក្សកម្មុយនិស្ដ វៀតណាម លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចវៀតណាម ដោយផ្ដោតលើវិស័យបច្ចេកវិទ្យា និងពិភាក្សាគ្នាពីមធ្យោបាយធ្វើឱ្យ ប្រសើរឡើងនូវស្ថិរភាពក្នុងតំបន់។

ប៉ុន្តែ តើរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន​ អាចបញ្ចុះបញ្ចូលវៀតណាម ឱ្យធ្វើបច្ចុប្បន្នភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានយ៉ាងដូចម្ដេច? ខណៈវៀតណាម ត្រូវបានគេមើលឃើញថាតែងតែមានការប្រុងប្រយ័ត្នជានិច្ច ដោយមិនចង់ឱ្យអ្នកផ្សេងជាពិសេសគឺចិនមើលឃើញថាខ្លួនមានទំនាក់ទំនងផ្អែមល្ហែមជាមួយសហរដ្ឋអាមេរិក នោះទេ។ លោក Ted Osius ជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-​អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមប្រាប់ CNN ថាកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងពាណិជ្ជកម្ម រវាងអាមេរិក និងវៀតណាមបានកើនឡើងរួចស្រេចទៅហើយ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូដែលមានស្រាប់ ក្នុងឆ្នាំ២០១៣ ដូច្នេះការលើកកម្ពស់ទំនាក់ទំនងនៅពេលនេះ គ្រាន់តែជាការបញ្ជាក់ពីការពិតដែលមានស្រាប់រួចទៅហើយប៉ុណ្ណោះ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក សហរដ្ឋអាមេរិកបាននាំចូលទំនិញទំហំ ១២៧.៥ពាន់លានដុល្លារពីវៀតណាម ក្នុងឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០២១ មានទំហំ១០១.៩ពាន់លានដុល្លារ និង៧៩.៦ពាន់លានដុល្លារកាលពីឆ្នាំ២០២០។

* ការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម កាន់តែស្អិតល្មួតនឹងគ្នា ដូចដែលក្រុមមន្ត្រីអាមេរិក ជាពិសេសគឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ធ្លាប់បានលើកឡើងពីសារៈសំខាន់នៃការងាកទៅរកសម្ព័ន្ធមិត្ត ជាការអនុវត្តមួយចង់សំដៅទៅលើខ្សែចង្វាក់ផ្គត់ផ្គង់ពីសម្ព័ន្ធមិត្ត ដើម្បីធ្វើជាខែលការពារពាណិជ្ជកម្មពីការប្រេះឆា នយោបាយ។ ក្នុងសុន្ទករថាមួយកាលពីឆ្នាំ២០២២ នៅឯវិទ្យាស្ថាន Atlantic Council លោកស្រី Janet Yellen បានបញ្ជាក់ដូច្នេះថា «ប្រសើរជាងការពឹងផ្អែកខ្លាំងពេកទៅលើ ប្រទេសដែលមានភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយពួកយើង ហើយមិនអាចបន្តពឹងផ្អែក និងផ្គត់ផ្គង់គួរឱ្យទុកចិត្តបាន យើងចាំបាច់ត្រូវតែធ្វើពិពិធកម្មក្រុមអ្នកផ្គត់ផ្គង់ សម្រាប់ពួកយើង»។

បញ្ហាដែលលោកស្រី Yellen ចង់សំដៅទៅលើការប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន បាននិងកំពុងដាក់សម្ពាធដល់បណ្ដាក្រុមហ៊ុន ក្នុងនោះមានដូចជាការឡើង ថ្លៃនៃកម្លាំងពលកម្ម និងភាពមិនច្បាស់លាល់នៃបរិយាកាសធ្វើអាជីវកម្ម ដែលបានជំរុញរួចជាស្រេចឱ្យបណ្ដាក្រុមហ៊ុនអាមេរិកគិតគូរពីអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសចិន ដែលសព្វថ្ងៃនៅតែត្រូវបានគេចាត់ទុកថាជា «រោងចក្រពិភពលោកនៅឡើយ»។ នៅអំឡុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនមួយចំនួន បានចាប់ផ្ដើមផ្ទេររោងចក្ររបស់ខ្លួនទៅកាន់ទីផ្សារកំពុងងើបមុខឡើងដូចជាវៀតណាម និងឥណ្ឌា ដោយសារតែបញ្ហាដំឡើងពន្ធលើទំនិញនាំចូល។ ក្រោយមកទៀត ពោលគឺ បន្ទាប់ពីកូវីដ១៩ ផ្ទុះឡើង ក្រុមហ៊ុនជាច្រើនត្រូវបង្ខំចិត្តពិចារណាលើយុទ្ធសាស្ត្រ «China plus one» ដែលសំដៅលើការពង្រីករោងចក្រផលិតជាមធ្យោបាយកាត់បន្ថយការពឹង ផ្អែកតែទៅលើមូលដ្ឋានតែមួយនៃរោងចក្រផលិតដូចជានៅចិន។

ការសម្រេចចិត្តរើរោងចក្ររបស់ក្រុមហ៊ុនទាំងនោះ បានបង្កការខាតបង់មិនតិចនោះទេដល់ចិន។ នៅក្នុងរបាយការណ៍មួយនៅឆ្នាំ២០២២ ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Rabobank បានវាយតម្លៃថាការងារចំនួន ២៨លានកន្លែងនៅក្នុងប្រទេសចិន គឺពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់បណ្ដាប្រទេសលោកខាងលិច ហើយការងារទាំងនេះអាចនឹងហូរ ចេញទៅក្រៅប្រទេសជាពិសេសគឺប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែង របាយការណ៍នេះដដែលបានរកឃើញថាការងារជាង ៣០០,០០០កន្លែង ត្រូវបាន រំពឹងថានឹងហូរចេញពីចិន ចូលទៅក្នុងប្រទេសវៀតណាម។

* បច្ចេកវិទ្យាសំខាន់ៗ

ភ្លាមៗនៅបន្ទាប់ពីលោក បៃដិន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា សេតវិមានបានប្រកាសពី «ភាពជាដៃគូលើវិស័យសឺមីកុងឌុចទ័រ ឬបន្ទះឈីបថ្មីមួយ»។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានលើកឡើងថា «សហរដ្ឋអាមេរិកទទួលស្គាល់ពីសក្តានុពលរបស់វៀតណាម ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់…»។ ឧស្សាហកម្មសឺមីកុងឌុចទ័រនេះឯងជាប្រភពនៃភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ ទាំងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែកំពុងបង្កើនអំណាចរបស់ពួកគេនៅក្នុងវិស័យនេះដោយបានដាក់ចេញវិធានការរឹតត្បិតលើការនាំចេញ ក្នុងគោលបំណងរឹតត្បិតលើសមត្ថភាពគ្នា នៃភាគីម្ខាងៗ។ ដូច្នេះហើយ សហរដ្ឋអាមេរិកត្រូវការដៃគូគួរឱ្យទុកចិត្តមួយសម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ហើយវៀតណាមគឺស័ក្តិសមបំផុត។ នេះបើតាមលោក Osius។

ក្រុមហ៊ុន Intel ក៏មើលឃើញគ្នានេះដែរ។ ក្រុមហ៊ុនផលិតបន្ទះឈីបមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រមួយនេះ បានបោះទុនវិនិយោគជាង ១.៥ពាន់លានដុល្លារ ដើម្បីសង់រោងចក្រដ៏ សម្បើមមួយស្ថិតនៅក្រៅទីក្រុងហូជីមិញ (Ho Chi Minh) ដែល Intel និយាយថានឹងក្លាយជារោងចក្រដំឡើង និងធ្វើតេស្ដដ៏ធំបំផុតមួយរបស់ខ្លួននៅលើពិភពលោក។ លោក Osius បានសន្និដ្ឋានថាការវិនិយោគបន្ថែមនឹងហូរចូលទៅក្នុងប្រទេសវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិកលើកកម្ពស់ទំនាក់ទំនងជាមួយទីក្រុងហាណូយ។

*​ កំណើនសេដ្ឋកិច្ចលឿនរហ័ស

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​​ បានព្យាករថាសេដ្ឋកិច្ចវៀតណាមនឹងមានកំណើនយឺត ៥.៨ភាគរយ ក្នុងឆ្នាំ២០២៣នេះ បើធៀបទៅនឹង ៨ភាគរយកាលពីឆ្នាំ២០២២ ស្របពេលរដ្ឋាភិបាលទីក្រុងហាណូយកំពុងដោះស្រាយការធ្លាក់ចុះនៃតម្រូវការនៅក្រៅស្រុកសម្រាប់ការនាំចេញរបស់ខ្លួន។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចនេះត្រូវបានគេមើលឃើញថា មានភាពលឿនរហ័ស បើធៀបទៅនឹងកំណើនសេដ្ឋកិច្ចសកលដែលត្រូវបានព្យាករថាមាន ៣ភាគរយ និងលឿនជាងបណ្ដាប្រទេសជឿនលឿនធំៗដូចជាសហរដ្ឋអាមេរិក ចិន និងបណ្ដាប្រទេសក្នុងតំបន់ចាយលុយអឺរ៉ូ។

នៅក្នុងការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ ធនាគារវិនិយោគ Natixis ក៏បានព្យាករដែរថាខណៈបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ី ជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ វៀតណាមឯណោះវិញនឹងនៅតែជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចលឿនរហ័ស។ ការព្យាករបែបនេះត្រូវកត់សម្គាល់កាលពីខែមីនា នៅពេលដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-​អាស៊ាន បានដឹកនាំបេសកកម្មធុរកិច្ចដ៏ធំមួយមិនធ្លាប់មានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ តែទោះជាបែបនេះក្ដី លោក Osius បាននិយាយថាបណ្ដាប្រទេសជាច្រើននៅតែ មានការសង្ស័យ និងព្រួយបារម្ភពីច្បាប់បច្ចេកវិទ្យារបស់វៀតណាមដែលពួកគេយល់ថាតម្រូវខ្លាំងពេកឱ្យមានការធ្វើ «មូលដ្ឋាននីយកម្មទិន្នន័យ» ដែលអាចនឹងដាក់កំហិតលើការផ្ទេរ ទិន្នន័យឆ្លងដែន។ ម្យ៉ាងវិញទៀត ក្នុងករណីខ្លះ ក្រុមហ៊ុនក៏នៅតែមើលឃើញដែរថាហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមនៅតែមានភាពទន់ខ្សោយ បើធៀបទៅនឹងចិន។ ជាឧទាហរណ៍ កំពង់ផែវៀតណាមមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំចេញទំនិញមួយចំនួន ឱ្យបានលឿនដូចដែលបណ្ដាក្រុមហ៊ុននានាចង់បាននោះទេ»។ នេះជាការបញ្ជាក់របស់លោក Osius។

បើនិយាយពីនយោបាយវិញ វៀតណាមមានរបបដឹកនាំដោយគណបក្សកម្មុយនិស្ដដូចគ្នាទៅនឹងចិនដែរ ដែលគ្មានការលើកលែងឡើយចំពោះអ្នកប្រឆាំង ឬហ៊ានរិះគន់ប្រឆាំងនឹង ខ្លួន។ ប៉ុន្តែអ្វីដែលក្រុមហ៊ុននានាត្រូវការ នោះគឺមធ្យោបាយ និងភាពងាយស្រួលក្នុងការស្វែងរកផលចំណេញ និងការពារអាជីវកម្មរបស់ពួកគេប៉ុណ្ណោះ។ នៅត្រង់នេះអ្នកជំនាញ យល់ថា វៀតណាមគឺជាជម្រើសមួយដ៏ប្រសើរ ពីព្រោះតម្លៃពលកម្មនៅវៀតណាមមានតម្លៃថោកជាងនៅប្រទេសចិន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនរបស់បណ្ដាប្រទេសលោកខាងលិច កាន់តែច្រើនបានផ្ទេរទៅកាន់វៀតណាម ដោយសារសង្រ្គាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធលើទំនិញមួយចំនួននាំចូលពីចិន ហើយរដ្ឋបាលលោក ចូ បៃដិន ក៏ទំនងជានឹងបន្ត ជំរុញឱ្យទិសដៅមួយនេះ ហើយវាបានបង្ហាញយ៉ាងច្បាស់តាមរយៈការចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម៕

អត្ថបទទាក់ទង