Grand News Asia Close

អ្នកវិភាគសេដ្ឋកិច្ច៖ ទោះបីជាប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរកើន ៤ដុល្លារ ប៉ុន្តែមានតម្លៃធំធេង ខណៈបច្ចុប្បន្ននេះទាំងកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានសេដ្ឋកិច្ច 448
អ្នកវិភាគសេដ្ឋកិច្ច៖ ទោះបីជាប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរកើន ៤ដុល្លារ ប៉ុន្តែមានតម្លៃធំធេង ខណៈបច្ចុប្បន្ននេះទាំងកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច អ្នកវិភាគសេដ្ឋកិច្ច៖ ទោះបីជាប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរកើន ៤ដុល្លារ ប៉ុន្តែមានតម្លៃធំធេង ខណៈបច្ចុប្បន្ននេះទាំងកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច

(ភ្នំពេញ)៖ អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា ទោះបីជាប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរកើន ៤ដុល្លារ ដែលមើលទៅមានចំនួនតិចក៏ដោយ ប៉ុន្តែមានតម្លៃធំធេងដោយសារបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជា ពិភពលោកកំពុងបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយក្រុមនិយោជកក៏កំពុងរកផលប៉ះពាល់ ដោយសារការនាំចេញធ្លាក់ចុះ។

ប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប​ សម្រាប់ឆ្នាំ២០២៤ បានសម្រេចហើយ គឺ២០៤ដុល្លារ ដោយក្នុងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបោះឆ្នោតសម្រច ២០២ដុល្លារ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ​ឧបត្ថម្ភ ២ដុល្លារបន្ថែម ដែលធ្វើ​ឱ្យប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ កើនឡើង៤ដុល្លារ បើធៀបជាមួយឆ្នាំ២០២៣ ដែលមានត្រឹម ២០០ដុល្លារ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត​ ដល់២០៤ដុល្លារ សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ គឺជាដំណាក់កាលពិសេសមួយ​ ​ព្រោះ​ស្ថានភាពសង្គមកម្ពុជា​​ ប្រទេសនៅក្នុងតំបន់អាស៊ាន​ ក៏ដូចជានៅក្នុងសកលលោក​​ កំពុងតែរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ដែលមិនទាន់ចប់ផង និងការជះឥទ្ធិពលពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសផ្សេងៗរកផលប៉ះពាល់។ ទន្ទឹមគ្នានិយោជកដែលជាម្ចាស់រោងចក្រក៏រងផលប៉ះពាល់ ដោយសារការបញ្ជាទិញថយចុះ និងការនាំចេញធ្លាក់ចុះផងដែរ។

​លោកថា បើទោះបីជាប្រាក់ឈ្នួលនេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការ របស់និយោជិត​ និងតំណាងសហជីព ក៏ដូចជា ស្ថានភាពតម្លៃទំនិញនៅលើទីផ្សារបច្ចុប្បន្នក៏ដោយ ប៉ុន្តែ​ក្នុងកាលទេសដ៏លំបាក ​កម្ពុជាអាចជជែកគ្នាឈានដល់ការដំឡើងប្រាក់ឈ្នួល គឺជាលទ្ធផលល្អ និងទទួលយកបានទាំងអស់គ្នា។

លោកយល់នេះថា នេះគឺជាប្រាក់ខែគោលមួយ ដែលសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្ន ព្រោះបើបូកសរុបជាមួយប្រាក់កម្រៃ ដែលកម្មករ និយោជិតធ្វើការបន្ថែមម៉ោង នឹងអាចទទួលបានកាន់តែច្រើន​ជាងនេះ​។ ហើយជាមួយគ្នានេះ ការដំឡើងប្រាក់ឈ្នួលកម្រិតនេះ នឹងធ្វើឱ្យនិយោជកទទួលយកបាន និងអាចបន្តធ្វើការជាមួយគ្នា ប្រកបដោយសុខុដុមនីយកម្ម ខណៈពួកគេកំពុងតែរងផលប៉ះពាល់ ដោយសារការថយចុះនៃការបញ្ជាទិញ។

លោកកត់សម្គាល់ថា បើធៀបជាមួយប្រទេសជិតខាងកម្ពុជា​ ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា បង់ក្លាដេសជាដើម ឃើញថាប្រាក់ឈ្នួលរបស់កម្ពុជា មានអត្រាខ្ពស់ជាងគេ។ ប្រសិនស្ថានភាពសេដ្ឋកិច្ច ប្រែប្រួលកាន់តែល្អប្រសើរ ជាងនេះ ប្រាក់ឈ្នួលនៅកម្ពុជានឹងកាន់តែកើនឡើងថែមទៀត។

លោកលើកឡើងទៀតថា ការចរចាដំឡើងប្រាក់ឈ្នួលក្នុងកាលៈទេសៈនេះ ក៏អាចនឹងធ្វើឱ្យអ្នកបញ្ជាទិញ នៅក្រៅប្រទេសពេញចិត្តផងដែរ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់កម្មករនិយោជិត។

សូមជម្រាបថា ការចរចាដំឡើងប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា បានចរចាចំនួន២០លើកមកហើយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយឈរលើគោលការណ៍ប្រជាធិបតេ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង