Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីគ្រូពេទ្យកម្មសិក្សានៅកូរ៉េខាងត្បូង នាំគ្នាឈប់ធ្វើការ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 283
វិភាគអន្តរជាតិ៖ ហេតុអ្វីគ្រូពេទ្យកម្មសិក្សានៅកូរ៉េខាងត្បូង នាំគ្នាឈប់ធ្វើការ? វិភាគអន្តរជាតិ៖ ហេតុអ្វីគ្រូពេទ្យកម្មសិក្សានៅកូរ៉េខាងត្បូង នាំគ្នាឈប់ធ្វើការ?

(សេអ៊ូល)៖ ការវះកាត់ត្រូវបានលើកពេល ការណាត់ជួបគ្រូពេទ្យត្រូវបានលុបចោល រីឯអ្នកជំងឺត្រូវបានយកចេញពីបន្ទប់សង្រ្គោះបន្ទាន់។ ទាំងនេះគឺជាស្ថានការណ៍ដែល កំពុងកើតឡើងអស់រយៈពេលលើសមួយសប្ដាហ៍មកហើយ នៅតាមមន្ទីរពេទ្យធំៗក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារក្រុមគ្រូពេទ្យកម្មសិក្សារាប់ពាន់នាក់បាននាំគ្នាឈប់ ធ្វើការ។ ការពន្យារពេលចូលធ្វើការវិញរបស់ក្រុមគ្រូពេទ្យទាំងនេះត្រូវបានព្រមានថាអាចនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ជម្លោះបានកើតឡើងតាំងតែពីដើមខែកុម្ភៈមកម្លេះ បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានដាក់ចេញផែនការបង្កើនចំនួនសិស្សប្រឡង ចូលសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យនៅក្នុងប្រទេស។ ប៉ុន្តែ ក្រុមគ្រូពេទ្យកម្មសិក្សាបាននិយាយថាការខ្វះខាតគ្រូពេទ្យមិនមានលក្ខណៈទូទាំងប្រទេសនោះទេ តែផ្ទុយទៅវិញកូរ៉េខាងត្បូង កំពុងខ្វះខាតគ្រូពេទ្យឯកទេសមួយចំនួនដូចជាគ្រូពេទ្យឯកទេសបេះដូងជាដើម។ ពួកគេយល់ថាផែនការរបស់រដ្ឋាភិបាលនឹងមិនអាចដោះស្រាយ បញ្ហាបានឡើយ ហើយពួកគេទៅវិញទេដែលជាជនរងគ្រោះនៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃដែលមានលក្ខខណ្ឌការងារដ៏លំបាក និងទទួលបានប្រាក់ខែទាប។

ជាការបង្ហាញការជំទាស់ទៅនឹងផែនការបង្កើនចំនួននិស្សិតពេទ្យ ក្រុមគ្រូពេទ្យទាំងនេះបាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ា និងព្រមានថាពួកគេនឹងធ្វើកូដកម្មមិនចូលធ្វើការ ឬក៏អាច ដាក់ពាក្យលាឈប់តែម្ដង ខណៈក្រុមគ្រូពេទ្យចាស់មួយចំនួនក៏បានបង្ហាញការគាំទ្រចំពោះការទាមទាររបស់ក្រុមគ្រូពេទ្យកម្មសិក្សាផងដែរ។ ប៉ុន្តែ ដោយការស្ទង់មតិបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនគាំទ្រចំពោះផែនការរបស់ខ្លួន រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញគោលជំហរមិនព្រមដកថយនោះទេ ស្របពេលអ្នកខ្លះទៀតយល់ថាការតវ៉ា របស់គ្រូពេទ្យកម្មសិក្សាគឺបង្កប់ចេតចង់ឡើងប្រាក់ខែប៉ុណ្ណោះ។ គ្រូពេទ្យកម្មសិក្សាដែលបានដើរតួនាទីយ៉ាងសំខាន់នៅតាមមន្ទីពេទ្យ ក្នុងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមដាក់ ពាក្យលាឈប់ពីការងាររបស់ពួកគេ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ហើយគិតត្រឹមកាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ មានគ្រូពេទ្យកម្មសិក្សាជិត ១០ ០០០នាក់ ឬស្មើនឹងជាង១០ភាគរយ នៃគ្រូពេទ្យទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យលាឈប់។ នេះបើតាមទិន្នន័យផ្ដល់ដោយរដ្ឋាភិបាល។ តែភាគច្រើននៃពាក្យលាឈប់ទាំងនោះមិនត្រូវបានខាង មន្ទីរពេទ្យទទួលយកនោះទេ។ «វាមិនអាចទៅរួចឡើយ ក្នុងការយកការធ្វើសកម្មភាពរួមគ្នា មកបញ្ជាក់ថាវាជារឿងត្រឹមត្រូវ តែផ្ទុយទៅវិញជាការយកសុខភាពប្រជាជន ធ្វើជា ចំណាប់ខ្មាំង និងគំរាមកំហែងដល់អាវុធជីវិត និងសុវត្ថិភាពរបស់ប្រជាជន»។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតី យូន ស៊ុកយុល ប្រាប់សារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ។

រដ្ឋាភិបាលរបស់លោក យូន បានដាក់ឱសានវាទឱ្យក្រុមគ្រូពេទ្យដែលធ្វើកូដកម្មត្រឡប់ចូលធ្វើការវិញ នៅត្រឹមថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ បើពុំដូចច្នោះទេពួកគេអាចនឹង ប្រឈមមុខនឹងបណ្ដឹងតាមផ្លូវច្បាប់ ឬក៏អាចបាត់បង់អាជ្ញាបណ្ណគ្រូពេទ្យ និងប្រឈមមុខនឹងការពិន័យជាប្រាក់ ៣០លានវ៉ុន ឬស្មើនឹង ២២,០០០ដុល្លារ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ប្រឆាំងក្រុមពេទ្យមួយចំនួនដែរ ដោយចោទប្រកាន់ពួកគេថាបានបំពានច្បាប់វិជ្ជាជីវៈជាគ្រូពេទ្យ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ មានគ្រូពេទ្យ ៣០០ប៉ុណ្ណោះបានត្រឡប់ទៅធ្វើការវិញ។ តែគ្រូពេទ្យកម្មសិក្សាភាគច្រើននៅតែមិនព្រមត្រឡប់ទៅធ្វើការវិញទេ ហើយ ជម្លោះក៏ហាក់មិនមានសញ្ញានៃដំណោះស្រាយនោះដែរ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីដើមចមនៃជម្លោះរវាងគ្រូពេទ្យកម្មសិក្សា និងរដ្ឋាភិបាលកូរ៉េខាងត្បូង៖

* តើអ្វីទៅជាស្ថានការណ៍ក្នុងមន្ទីរពេទ្យ នាពេលបច្ចុប្បន្ន?
ការវះកាត់ជាច្រើនត្រូវបានលើកពេល ហើយអ្នកជំងឺត្រូវបានគេប្រាប់នៅនាទីចុងក្រោយថាការណាត់ជួបរបស់ពួកគេជាមួយគ្រូពេទ្យត្រូវបានលើកពេលដោយគ្មានកាលកំណត់។ ការណ៍នេះបានបង្ខំឱ្យអ្នកជំងឺជាច្រើនត្រូវបង្វែរទិសដៅទៅកាន់គ្លីនិកតូចៗវិញ។ ចំណែក ខាងរដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យក្រុមគិលានុបដ្ឋាក បំពេញការងារជំនួស គ្រូពេទ្យជាបណ្ដោះអាសន្ន ក្នុងករណីចាំបាច់។ តែទោះជាបែបនេះក្ដី មន្ទីរពេទ្យជាច្រើននៅតែខ្វះខាតគ្រូពេទ្យ រីឯប្រជាជនបានត្អូញត្អែរកាន់តែខ្លាំងពីផលលំបាក។ ទន្ទឹមគ្នានោះដែរ មានករណីមួយបានកើតឡើងក្នុងសប្ដាហ៍នេះ និងត្រូវបានប្រើប្រាស់ដោយភាគីទាំង២ ជាទឡ្ហីករណ៍រៀងៗខ្លួន។ មានលោកយាយម្នាក់អាយុ ៨០ឆ្នាំ ដែលមានបញ្ហាបេះដូង មិនអាច ស្វែងរកសេវាព្យាបាល និងសង្រ្គោះបាននោះទេ ដោយមន្ទីរពេទ្យជាច្រើនមិនទទួល ដោយអះអាងថាមន្ទីរពេទ្យរបស់ពួកគេមិនអាចទទួលអ្នកជំងឺបន្ថែម។ ចុងក្រោយ នៅពេលរក បានមន្ទីរពេទ្យដែលទទួលព្យាបាលស្ត្រីចំណាស់រូបនេះ វាយឺតពេលបាត់ទៅហើយដោយលោកយាយបានទទួលមរណភាព នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យនោះ។

សម្រាប់រដ្ឋាភិបាល និងអ្នកគាំទ្ររបស់ខ្លួន ករណីស្ត្រីចំណាស់រូបនេះបានបង្ហាញយ៉ាងច្បាស់ថាការខ្វះខាតគ្រូពេទ្យគឺជាគ្រោះថ្នាក់សម្រាប់អ្នកជំងឺ បើទោះជាការស៊ើបអង្កេតមួយរបស់ រដ្ឋាភិបាលបញ្ជាក់ថាករណីនេះមិនមានជាប់ពាក់ព័ន្ធនឹងការធ្វើកូដកម្មរបស់ក្រុមគ្រូពេទ្យកម្មសិក្សាក៏ដោយ។ សម្រាប់ក្រុមគ្រូពេទ្យកម្មសិក្សាវិញ ករណីនេះបានបង្ហាញយ៉ាងច្បាស់ពី បញ្ហាប្រព័ន្ធសុខាភិបាលដែលបង្កផលលំបាកដល់បន្ទប់សង្រ្គោះបន្ទាន់។ តាមគ្រូពេទ្យទាំងនេះប្រព័ន្ធសុខាភិបាលរបស់កូរ៉េខាងត្បូងសព្វថ្ងៃ បានអនុញ្ញាតឱ្យអ្នកជំងឺឈឺស្រាលៗ ឬរងរបួសស្រាល អាចនឹងស្វែងរកសេវាសង្រ្គោះបន្ទាន់ ទាំងដែលការពិតសេវាមួយនេះគួរតែផ្ដល់ឱ្យអ្នកជំងឺឈឺធ្ងន់ ឬស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។

* អ្វីទៅជាផែនការរបស់រដ្ឋាភិបាល?
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថាតម្រូវការគ្រូពេទ្យនៅក្នុងប្រទេស គឺមានភាពចាំបាច់បំផុត ជាពិសេសក្នុងបរិបទដែលចំនួនប្រជាជនវ័យចំណាស់កាន់តែកើនឡើង ពីមួយឆ្នាំទៅ មួយឆ្នាំ។ តាមរដ្ឋាភិបាលសេអ៊ូល សព្វថ្ងៃ គ្រូពេទ្យជាមធ្យម ២.៦នាក់ត្រូវព្យាបាលអ្នកជំងឺ ១០០០នាក់ ធៀបទៅនឹងមធ្យមភាគ នៅតាមបណ្ដាប្រទេសនៅក្នុងអង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍដែលគ្រូពេទ្យជាមធ្យម ៣.៧នាក់ ត្រូវព្យាបាលអ្នកជំងឺ ១០០០នាក់។ ម្លោះហើយ កាលពីដើមខែកុម្ភៈកន្លងទៅ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានស្នើឱ្យបង្កើនចំនួននិស្សិតពេទ្យពី៣០០០នាក់ ក្នុងពេលបច្ចុប្បន្ន ដល់ ៥០០០នាក់ក្នុងមួយឆ្នាំ ហើយផែនការនេះនឹងចាប់ផ្ដើមអនុវត្ត នៅឆ្នាំ២០២៥។ នេះនឹងក្លាយជាការបង្កើនចំនួននិស្សិតពេទ្យលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០០៦ ហើយរដ្ឋាភិបាលមានគម្រោងបង្កើនចំនួនគ្រូពេទ្យបន្ថែម ១០ ០០០នាក់ ក្នុងរយៈពេល ១០ឆ្នាំ។ រដ្ឋាភិបាលក៏បានសន្យាដែរថានឹងចំណាយថវិកា ១០ទ្រីលានវ៉ុនដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ។

ប៉ុន្តែ ក្រុមគ្រូពេទ្យបានអះអាងថាការបង្កើនចំនួននិស្សិតពេទ្យមិនមែនជាដំណោះស្រាយសម្រាប់បញ្ហាសព្វថ្ងៃនោះទេ។ កាលពីឆ្នាំ២០២០ ផែនការបង្កើនចំនួននិស្សិតពេទ្យរបស់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ក៏ធ្លាប់បានជំរុញគ្រូពេទ្យធ្វើកូដកម្មមិនចូលធ្វើការដែរ ហើយនៅទីបញ្ចប់រដ្ឋាភិបាលរបស់លោក មូន បានបោះចោលផែនការនេះ។

* អ្វីទៅជាការចង់បានរបស់ក្រុមគ្រូពេទ្យកម្មសិក្សា?
ក្រុមគ្រូពេទ្យកម្មសិក្សាបានអះអាងថាពួកគេបានរងភាពអយុត្តិធម៌ជាយូរណាស់មកហើយ។ ពោលគឺខណៈក្រុមគ្រូពេទ្យមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូងទទួលបានប្រាក់ខែខ្ពស់ ក្រុមគ្រូពេទ្យកម្មសិក្សាបានត្អូញត្អែរថាពួកគេទទួលបានប្រាក់ខែទាប តែត្រូវធ្វើការងារច្រើនម៉ោង។ គ្រូពេទ្យកម្មសិក្សាទទួលបានប្រាក់ខែ ៣០០០ដុល្លារក្នុងមួយខែ និងត្រូវធ្វើការ ៨០ម៉ោងក្នុងមួយសប្ដាហ៍។ នេះបើតាមសមាគមគ្រូពេទ្យកូរ៉េខាងត្បូង។ ក្រុមគ្រូពេទ្យក្មេងៗតែងតែត្រូវធ្វើការថែមម៉ោងជានិច្ចនៅតាមមន្ទីរធំៗ និងស្ថិតនៅជួរមុខក្នុងការថែទាំ អ្នកជំងឺ។ ក្រុមគ្រូពេទ្យកម្មសិក្សាបាននិយាយថារដ្ឋាភិបាលមិនបានអើពើចំពោះការដោះស្រាយបញ្ហាខ្វះខាតគ្រូពេទ្យជំនាញឯកទេសខាងកុមារ សង្គ្រោះបន្ទាន់ ឬគ្រូពេទ្យឯកទេស បេះដូងទេ ខណៈនិស្សិតភាគច្រើនកំពុងសម្រុករៀនផ្នែកឯកទេសកែសម្ផស្ស និងសើស្បែក។ សមាគមគ្រូពេទ្យកូរ៉េខាងត្បូង និងសមាគមគ្រូពេទ្យកម្មសិក្សាដែលជាសមាគមគ្រូពេទ្យ ធំជាងគេក្នុងប្រទេសកូរ៉េខាងត្បូង បានស្នើសុំលក្ខខណ្ឌការងារល្អប្រសើរសម្រាប់គ្រូពេទ្យវ័យក្មេងនៅក្នុងសេវាសំខាន់ៗ និងទទួលបានប្រាក់ខែសមរម្យ ព្រមទាំងទាមទារឱ្យ រដ្ឋាភិបាលបោះបង់ចោលផែនការបង្កើនចំនួននិស្សិតចូលសាលាពេទ្យ។

* តើមានធាតុផ្សំនយោបាយក្នុងជម្លោះនេះដែរឬទេ?
តាមពិតទៅ ផែនការដើម្បីបង្កើនចំនួននិស្សិតពេទ្យទទួលបានការគាំទ្រភាគច្រើន នៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង។ តួយ៉ាងការស្ទង់មតិមួយបង្ហាញថា ៧៦ភាគរយ នៃអ្នកដែល ត្រូវបានសម្ភាសន៍បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះផែនការរបស់រដ្ឋាភិបាល។ សំណើបង្កើនចំនួននិស្សិតចូលសាលាពេទ្យគឺជាផ្នែកមួយនៃគោលនយោបាយសុខាភិបាលមួយ ត្រូវបានប្រកាសដោយលោកប្រធានាធិបតី យូន ស៊ុកយុលតែប៉ុន្មានខែប៉ុណ្ណោះ មុននឹងកូរ៉េខាងត្បូងត្រូវរៀបចំការបោះឆ្នោតសភានៅក្នុងខែមេសាខាងមុខ។

អត្រាគាំទ្ររបស់លោក យូន មានកំណើនយឺតយ៉ាវ ខណៈលោកប្រកាន់ជំហរប្រឆាំងនឹងក្រុមគ្រូពេទ្យដែលធ្វើកូដកម្មមិនចូលធ្វើការ។ អស់រយៈពេលជាង២ឆ្នាំនៃអាណត្តិរបស់លោក កន្លងមកនេះ អត្រាគំាទ្ររបស់លោក យូន មានកម្រិតទាប ចំពោះមុខការឡើងថ្លៃទំនិញ រឿងអាស្រូវពាក់ព័ន្ធនឹងប្រពន្ធរបស់លោក គោលនយោបាយ និងការដោះស្រាយ គ្រោះមហន្តរាយរបស់លោក។ ដូច្នេះតាមរយៈការជំរុញឱ្យមានការផ្លាស់ប្ដូរដែលប្រធានាធិបតីកូរ៉េខាងត្បូងមុនរូបលោកធ្លាប់ព្យាយាម តែទទួលបរាជ័យ ប្រឈមមុខនឹងការជំទាស់ពី ក្រុមគ្រូពេទ្យ លោក យូន សង្ឃឹមថាលោកអាចនឹងស្ដារប្រជាប្រិយភាពរបស់លោកនៅក្នុងការបោះឆ្នោតនៅខែមេសាខាងមុខ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង