ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត និងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការចរចាការទូតដោយប្រើប្រាស់យន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់មធ្យោបាយច្រើនយ៉ាងនិងសកម្មខ្លាំងក្លា ដើម្បីការពារសិទ្ធិអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈ៖
ទី១. ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅតាមតំបន់ព្រំដែន ដូចដែលភាគីទាំងពីរបានឯកភាពគ្នាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT-KH) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក និងនៅភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពសង្កេតការណ៍របស់ AOT ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែន ដើម្បីបានឃើញស្ថានភាពជាក់ស្តែង។
ទី២. ការជំរុញឱ្យភាគីថៃគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរឡើយ និងបានព្រមព្រៀងប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត ដោយផ្តល់អាទិភាពខ្ពស់ដល់ទីតាំងដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ។ ជាក់ស្តែង គិតមកទល់ពេលនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១២លើកហើយទៅកាន់សមភាគីថៃ ដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការជាក់ស្តែងនៅលើដីបន្តពីការងារដែលធ្លាប់បានធ្វើកាលពីពេលកន្លងមក។ កម្ពុជាកំពុងបន្តជំរុញការងារនេះយ៉ាងសកម្ម។
ទី៣. រាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងសកម្មភាពនានារបស់កងកម្លាំងថៃនៅលើទីតាំងដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ២០២៥។ សកម្មភាពទាំងនោះមានដូចជា ការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវ និងសំណង់ផ្សេងៗទៀតដែលជាសកម្មភាពកែប្រែស្ថានភាពជាក់ស្តែងនៅលើដី(Fait Accomplis)។ ការតវ៉ានេះធ្វើឡើងនៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានធ្វើសកម្មភាពដោយមិនចន្លោះកន្លែងណាមួយឡើយ ដើម្បីជាភស្តុតាងបញ្ជាក់ពីការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ពីការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងទុកជាឯកសារគតិយុត្ត សម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។
ទី៤. រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដោយចាត់ទុកជាអាទិភាពខ្ពស់ បំផុត។ ជាក់ស្តែង តាមរយៈវេទិកា ឬជំនួបជាមួយភ្ញៀវបរទេសនានា មិនថា នៅក្នុងឬក្រៅប្រទេស មិនថាក្នុងក្របខណ្ឌតំបន់ ឬនៅលើឆាកអន្តរជាតិឡើយ សម្តេចប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាតែងតែជំរាបជូនសមភាគី ឬដៃគូសន្ទនាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងឯកសារពាក់ព័ន្ធ ដែលទទួលស្គាល់ជាអន្តរជាតិ។ ភាពជាអ្នករងគ្រោះរបស់កម្ពុជាដែលត្រូវបានប្រទេសថៃរំលោភបំពានលើបូរណភាពទឹកដី និងជំហរការទូតដ៏ត្រឹមត្រូវ និងមានភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា សហគមន៍អន្តរជាតិកំពុងជំរុញឱ្យមានដំណោះស្រាយឱ្យបានឆាប់នូវបញ្ហាព្រំដែនតាមរយៈយន្តការ JBC ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ តាមច្បាប់អន្តរជាតិ ពលរដ្ឋភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅក្រោយជម្លោះប្រដាប់អាវុធ។ ច្បាប់អន្តរជាតិក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើកម្លាំងយោធាចូលកាន់កាប់ទឹកដីប្រទេសមួយទៀតបានដែរ។ ដូច្នេះ ជម្រើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រឹមត្រូវបំផុតក្នុងការការពារសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋផង និងការពារអធិបតេយ្យ បូរណភាពទឹកដីតាមច្បាប់អន្តរជាតិផង៕
សូមអរគុណ!





