Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងការប្រើ​កម្លាំង​បាយប្រឆាំងរដ្ឋអធិបតេយ្យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ អាស៊ាន | ASEAN 120
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងការប្រើ​កម្លាំង​បាយប្រឆាំងរដ្ឋអធិបតេយ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងការប្រើ​កម្លាំង​បាយប្រឆាំងរដ្ឋអធិបតេយ្យ

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈ​ជា​ប្រមុខរាជរដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ាន បានលើកឡើងថា អាស៊ាន និងសហ​គម​ន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងចំពោះការប្រើកម្លាំង ដើម្បីប្រឆាំងនឹងរដ្ឋអធិបតេយ្យណាមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះតាមរយៈសុន្ទរកថាគន្លឹះពេលអញ្ជើញចូល​រួម​ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ២០២៣នេះ។ ក្នុងវេទិកាដ៏មានសារៈសំខាន់នោះ សម្តេចនាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះជាភាសាអង់គ្លេស។

ទន្ទឹមនឹងការកត់សម្គាល់ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម វិនិយោគ និងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និង​លើពិភពលោកហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញបញ្ហាប្រឈម ដ៏គួរ​ឱ្យព្រួយបារម្ភរបស់ពិភពលោកលើការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងឥទ្ធិពលរបស់ប្រទេស​មហាអំណាច។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាទាំងនោះ កំពុងជះផលវិបាកលើគ្រប់​បណ្តា​ប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ប្រឈមបញ្ហាទាំងអស់នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា រាល់បញ្ហា ត្រូវតែប្រើកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីអាចដោះស្រាយបាន។

សម្តេចបានបញ្ជាក់បែបនេះ «​យើងជឿជាក់យ៉ាងមុតមាំថាសង្គ្រាម​មិនអាចបញ្ចប់ដោយ​សង្គ្រាម​នោះទេ។ សន្តិភាពពិតប្រាកដ និងភាពរុងរឿង គឺមានប្រភពតែមួយគត់មកពីការបញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី តាមរយៈ​កិច្ច​សន្ទនា និងការពិគ្រោះយោបល់ឈរលើមូលដ្ឋានយុទ្ធសាស្ត្រឈ្នះៗ ព្រមទាំងការចូលរួម និង​ការ​ឯកភាព​ពីគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងស្មារតីយោគយល់គ្នា​ទៅវិញ​ទៅ​មក ជាមួយការតម្កល់​ទុកសុខ​មាល​ភាព​ប្រជាជនជាអាទិភាពខ្ពស់»។

ក្នុងបរិបទពិភពលោកដែលកំពុងផុយស្រួយដោយការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវតែ​អនុ​វត្តភាពជាមេដឹកនាំ ដោយប្រឆាំងការប្រើប្រាស់ ឬការសម្លុតគំរាមប្រើកម្លាំងបាយ​ប្រឆាំងរដ្ឋ​អធិប​តេយ្យមួយ ហើយត្រូវ​ប្រមូលផ្ដុំកិច្ចខិតប្រឹងប្រែងរួមគ្នា គឺជារឿងសំខាន់ក្នុងការដោះស្រាយបញ្ហាដោយមិនអាចខ្វះបាននោះឡើយ។

បន្ថែមពីលើនេះប្រទេសជា​សមាជិកអាស៊ានទាំងអស់ និងជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ខ្ជាប់ស្មារតី​ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី សមភាព និងមិនជ្រៀ​​ត​ជ្រែកកិច្ចការផ្ទៃក្នុង​អ្នក​ដទៃ ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងUN៕

អត្ថបទទាក់ទង