“ឥស្លាម និង ពុទ្ធសាសនា” គឺជាជម្រើសប្រធានបទដ៏ស័ក្តិសមបំផុត សម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “ឥស្លាម និង ពុទ្ធសាសនា” ដែលជាជម្រើសប្រធានបទដ៏ស័ក្តិសមបំផុតសម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា, សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្តារដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) និង ប្រទេសនានា លើសាកលលោក សុទ្ធតែបានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួមទាំងបងប្អូនសាសនិកឥស្លាម។
ជាមួយគ្នានេះ, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា ក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, សហគមន៍ខ្មែរឥស្លាមមានការរីកចម្រើន និងមានសេរីភាពជំនឿសាសនាយ៉ាងពេញលេញ, ជាពិសេសរាជរដ្ឋាភិបាលបានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លទ្ធិជ្រុលនិយម គឺជាសត្រូវនៃភាពសុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គមជាតិ ។ ជាក់ស្តែង, គ្មានសង្គមណាមួយ ដែលមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយសង្គមដែលទាមទារភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមកនូវសោកនាដកម្ម, ការធ្វើទុក្ខបុកម្នេញ, ការសងសឹកគ្មានទីបញ្ចប់ ហើយដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរកសកម្មភាពបោសសម្អាតជាតិសាសន៍។ តាមពិត, ពិភពលោកយើងពិតជាមានមេរៀនច្រើនរាប់មិនអស់ ពីសោកនាដកម្ម ដែលមានឫសគល់ចេញពីលទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែលកម្ពុជា បានឆ្លងកាត់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាក់ស្តែង, ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាពប្រវត្តិសាស្ត្រ និង គុណតម្លៃមិនអាចកាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការជំរុញសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ត្រូវមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួមសហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយគ្មានរើសអើង ដោយគ្មានលទ្ធិជ្រុលនិយម គឺជាកត្តាគាំទ្រដ៏សំខាន់ សម្រាប់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលធានាភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរបស់សង្គមដែលមានភាពចម្រុះ ។




