(Cambodia PR Team) ទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី ១៖ ហេតុអ្វីបានជាកម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០?
ចម្លើយ៖ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះនេះ មានមូលហេតុមួយចំនួន រួមមាន៖
– កម្ពុជាជាសមាជិកពេញសិទ្ធិ និងមានការប្តេជ្ញាចិត្តយូរអង្វែងចំពោះអង្គការ OIF៖ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តាំងពីឆ្នាំ១៩៩៣ និងបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ឧត្តមគតិ និងតម្លៃរបស់ហ្វ្រង់កូហ្វូនី ជាពិសេស ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាព្រះបិតាស្ថាបនិកមួយព្រះអង្គនៃសហគមន៍ហ្វ្រង់កូហ្វូនី។ ដូច្នេះ ការរៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា គឺជាការផ្សារភ្ជាប់នូវព្រះរាជបេតិកភណ្ឌ ប្រវត្តិសាស្ត្រជាតិ និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅចំពោះមហាគ្រួសារហ្វ្រង់កូហ្វូនី។
– រាជធានីភ្នំពេញមានសក្តានុពលក្នុងការធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំ៖ ភ្នំពេញមានប្រវត្តិសាស្ត្រដែលបង្ហាញពីភាពធន់នៃប្រជាជន និងមានបេតិកភណ្ឌស្ថាបត្យកម្មដែលលាយបញ្ចូលគ្នានូវឥទ្ធិពលអាណានិគម និងខ្មែរ ក៏ដូចជាមានទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះនៅចំណុចប្រសព្វនៃទន្លេមុខបួនផងដែរ។ លក្ខណៈទាំងនេះធ្វើឱ្យភ្នំពេញក្លាយជាទីកន្លែងដែលមានអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។
– ជាឱកាសលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី៖ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១៩ ដែលរៀបចំឡើងនៅប្រទេសបារាំងក្នុងឆ្នាំ២០២៤ កិច្ចប្រជុំកំពូលឆ្នាំ២០២៦ នៅភ្នំពេញ នឹងក្លាយជាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទីពីរដែលរៀបចំឡើងនៅអាស៊ី បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៧។ នេះជាឱកាសសម្រាប់លើកកម្ពស់ភាសាបារាំង វប្បធម៌ និងកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី។
– កម្ពុជាមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ៖ កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិ ដោយមានការគាំទ្រពីលេខាធិការដ្ឋាន និងអនុគណៈកម្មាធិការចំនួនប្រាំមួយ ដែលសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ OIF ដើម្បីធ្វើការងារជាច្រើន ដូចជា ពិធីការការទូត សន្តិសុខ ការទំនាក់ទំនង ភស្តុភារ និងកម្មវិធីអម។ ការត្រៀមរៀបចំនេះបង្ហាញពីសមត្ថភាពរបស់ស្ថាប័ន និងធនធានមនុស្សកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ។
សំណួរទី ២៖ តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ?
ចម្លើយ៖ ការរៀបចំកិច្ចប្រជុំនេះ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច សង្គម និងវប្បធម៌។ អត្ថប្រយោជន៍សំខាន់ៗរួមមាន៖
– លើកកម្ពស់កិត្យានុភាពជាតិ និងពង្រីកតួនាទីកម្ពុជាលើឆាកអន្តរជាតិ៖ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ គឺជាសក្ខីភាពបង្ហាញពីជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។
– ពង្រីកច្រកទ្វារការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ កិច្ចប្រជុំកំពូលនេះផ្តល់ឱកាសឱ្យកម្ពុជាជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងកសាងទំនាក់ទំនងជាមួយប្រទេសសមាជិក និងដៃគូអន្តរជាតិជាច្រើន លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។
– ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ៖ ការមកដល់របស់គណៈប្រតិភូ និងសារព័ត៌មានអន្តរជាតិរាប់ពាន់នាក់ អាចជួយជំរុញសកម្មភាពក្នុងវិស័យសណ្ឋាគារ សេវាកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ជាមួយគ្នានេះ កម្ពុជាក៏អាចប្រើប្រាស់វេទិកានេះដើម្បីផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច ទាក់ទាញវិនិយោគិន និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារហ្វ្រង់កូហ្វូនី។
– លើកកម្ពស់តម្លៃភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌ជាតិ៖ ភាសាបារាំងមិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ផ្សាភ្ជាប់ការទូត ការអប់រំ ការស្រាវជ្រាវ និងវប្បធម៌ផងដែរ។ កិច្ចប្រជុំកំពូលនេះជាឱកាសឱ្យកម្ពុជាបង្ហាញអរិយធម៌ បេតិកភណ្ឌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ព្រមទាំងពង្រឹងការផ្លាស់ប្តូរវប្បធម៌ជាមួយមហាគ្រួសារហ្វ្រង់កូហ្វូនី។
– ផ្តល់ឱកាសដល់យុវជនក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាព៖ តាមរយៈការចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ យុវជនកម្ពុជាអាចទទួលបានបទពិសោធន៍ជាក់ស្តែងលើការងារការទូត ការរៀបចំកម្មវិធី ការទំនាក់ទំនងអន្តរជាតិ និងការសម្របសម្រួលការងារ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
សំណួរទី៣៖ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល តើកម្ពុជាមានជំហរបែបណាចំពោះការការពារសន្តិភាព?
ចម្លើយ៖ ជំហររបស់កម្ពុជាចំពោះការការពារសន្តិភាព គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងយល់ច្បាស់ពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមចំពោះអាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះ កម្ពុជាមិនចង់ឱ្យប្រជាជនជំនាន់បច្ចុប្បន្ន និងអនាគតត្រូវរស់នៅក្រោមស្រមោលនៃសង្គ្រាមឡើយ។
ជាក់ស្តែង កម្ពុជាមិនត្រឹមតែនិយាយអំពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកក្នុងការកសាង និងថែរក្សាសន្តិភាពតាមរយៈការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការចូលរួមក្នុងការងារដោះមីន ដើម្បីប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយតាមរយៈការសន្ទនា ការទូត និងយន្តការដែលបានព្រមព្រៀងគ្នា ដោយមិនទទួលស្គាល់ការផ្លាស់ប្តូរព្រំដែនតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុជាក់ស្តែងដោយឯកតោភាគីឡើយ។
ជាមួយគ្នានេះ កម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការបង្ការជម្លោះជាមុន ការត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមថ្មីៗ និងការកសាងវិបុលភាពរួម ព្រោះសន្តិភាពដែលមាននិរន្តរភាពត្រូវការស្ថាប័នរឹងមាំ ការគោរពច្បាប់ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា៕





