កម្ពុជា-ថៃ ឯកភាពលើវិធានការកសាងទំនុកចិត្តក្រោម UNCLOS ខណៈមានការលើកឡើងខុសគ្នាអំពីសេចក្តីថ្លែងការណ៍ជាសាធារណៈ
Foreign minister Prak Sokhonn, acting as Cambodia's Agent, is leading a delegation to the Hague to attend the second UNCLOS conciliation meeting. Foreign ministry
ភ្នំពេញ៖ កម្ពុជា និងថៃបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដោយរួមទាំងការទទួលស្គាល់សិទ្ធិរបស់ភាគីទាំងពីរក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ខណៈភាគីថៃបានសង្កត់ធ្ងន់លើការចៀសវាងការចោទប្រកាន់គ្នានៅលើវេទិកាអន្តរជាតិ ដែលអាចប៉ះពាល់ដល់ដំណើរការផ្សះផ្សាដែលកំពុងបន្ត។
ការឯកភាពនេះសម្រេចបានក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១៨ ខែតុលា។
ក្រសួងបានឱ្យដឹងថា វិធានការទាំងនេះមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរ និងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។
ក្រសួងបានបញ្ជាក់ថា៖ «ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថាពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់»។
ការឯកភាពនេះធ្វើឡើងខណៈកម្ពុជា និងថៃកំពុងបន្តការពារគោលជំហររៀងៗខ្លួនពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ ប៉ុន្តែនៅតែមានការលើកឡើងខុសគ្នាអំពីរបៀបដែលប្រទេសទាំងពីរគួរបង្ហាញការទាមទារ និងការខ្វែងគំនិតរបស់ខ្លួននៅលើវេទិកាអន្តរជាតិ។
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការដែលទើបឯកភាពគ្នានេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយចាត់ទុកថា វិធានការទាំងនេះមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។
ទន្ទឹមនឹងនេះ គណៈកម្មការក៏បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពគ្នាពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។
ក្រសួងបានបញ្ជាក់ថា៖ «គណៈកម្មការ បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា»។
ដោយឡែក លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដែលបានតំណាងឱ្យប្រទេសថៃចូលរួមកិច្ចប្រជុំនេះ បានលើកឡើងថា ដំណើរការផ្សះផ្សាគួរផ្តោតតែលើការកំណត់ព្រំដែនសមុទ្រក្រោម UNCLOS ប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅថ្ងៃទី១៨ ខែតុលា លោក ស៊ីហាសាក់ បានថ្លែងថា កិច្ចពិភាក្សារយៈពេល៥ថ្ងៃបានផ្តោតលើបញ្ហាផ្លូវច្បាប់ និងបច្ចេកទេស រួមទាំងគោលការណ៍ និងភស្តុតាងដែលគាំទ្រការទាមទាររបស់ប្រទេសនីមួយៗ ពាក់ព័ន្ធនឹងខ្ពង់រាបបាតសមុទ្រ និងព្រំដែនសមុទ្រដែនដី។
លោកបានឱ្យដឹងថា គណៈកម្មការផ្សះផ្សាបានស្នើឱ្យភាគីទាំងពីរពន្យល់ពីមូលដ្ឋានច្បាប់នៃគោលជំហររៀងៗខ្លួន ដើម្បីជួយដល់ការពិចារណារបស់គណៈកម្មការលើវិវាទនេះ។
លោក ស៊ីហាសាក់ បានបន្តអះអាងថា ដំណើរការផ្សះផ្សាគួរដោះស្រាយតែបញ្ហាព្រំដែនសមុទ្រ ជាជាងបញ្ហាខ្វែងគំនិតទូលំទូលាយផ្សេងទៀតរវាងប្រទេសទាំងពីរ។
ក្រៅពីកិច្ចពិភាក្សាផ្នែកបច្ចេកទេស គណៈកម្មការក៏បានពិចារណាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើង និងទប់ស្កាត់ភាពតានតឹងបន្ថែមទៀត។
យោងតាមរដ្ឋមន្ត្រីការបរទេសថៃ វិធានការដែលត្រូវបានស្នើឡើងរួមមាន ការចៀសវាងការចោទប្រកាន់ ឬការធ្វើសេចក្តីថ្លែងការណ៍នៅលើវេទិកាអន្តរជាតិ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការផ្សះផ្សា ព្រមទាំងការចៀសវាងសកម្មភាពដែលអាចបង្កឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ។
លោកបានអះអាងថា ប្រទេសថៃគាំទ្រវិធានការទាំងនេះ ហើយថៃក៏បានអនុវត្តតាមវិធីសាស្ត្របែបនេះរួចមកហើយ។
នៅពេលត្រូវបានសាកសួរអំពីការរិះគន់របស់កម្ពុជាចំពោះថៃនៅលើវេទិកាអន្តរជាតិ រួមទាំងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មការផ្សះផ្សា លោក ស៊ីហាសាក់ បានលើកឡើងថា បរិយាកាសសម្រាប់ការចរចាអាស្រ័យលើឆន្ទៈរបស់កម្ពុជាក្នុងការគោរពតាមអ្វីដែលបានពិភាក្សាគ្នា។
លោកបានបន្ថែមថា ភាគីទាំងពីរបានពិភាក្សាជាច្រើនលើកអំពីសារៈសំខាន់នៃការចៀសវាងការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក។
ទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ជាពិសេសអំពីការទទួលស្គាល់សិទ្ធិរបស់ភាគីទាំងពីរ ក្នុងការការពារសិទ្ធិស្របច្បាប់របស់ខ្លួន និងកែតម្រូវព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ តាមរយៈការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ។
ទោះបីការបកស្រាយរបស់ភាគីទាំងពីរបានផ្តល់ការសង្កត់ធ្ងន់ខុសគ្នាលើការប្រាស្រ័យទាក់ទងជាសាធារណៈក៏ដោយ ក៏គ្មានភាគីណាមួយបញ្ជាក់ថា វិធានការដែលបានឯកភាពគ្នានោះហាមឃាត់ប្រទេសណាមួយមិនឱ្យធ្វើសេចក្តីថ្លែងការណ៍ដែលចាំបាច់សម្រាប់ការពារសិទ្ធិស្របច្បាប់របស់ខ្លួនឡើយ។
ខ្លឹមសារពេញលេញនៃវិធានការកសាងទំនុកចិត្តទាំងនេះ មិនត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កម្ពុជា ឬការចុះផ្សាយរបស់សារព័ត៌មានថៃនោះទេ។
លោក ស៊ីហាសាក់ ក៏បានឱ្យដឹងដែរថា ថៃគ្រោងនឹងបញ្ជូនតំណាងថ្នាក់នាយកម្នាក់មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ទោះបីថៃមានឋានៈត្រឹមជាប្រទេសសង្កេតការណ៍នៅក្នុងអង្គការនេះក៏ដោយ។
ពាក់ព័ន្ធនឹងនីតិវិធីផ្លូវច្បាប់ លោក ស៊ីហាសាក់ បានបញ្ជាក់ថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដែលជួយសម្របសម្រួលដំណើរការផ្សះផ្សានេះ គឺជាស្ថាប័នដាច់ដោយឡែកពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទោះបីស្ថាប័នទាំងពីរមានទីតាំងនៅវិមានសន្តិភាព ក្នុងទីក្រុងឡាអេដូចគ្នាក៏ដោយ។
លោកបានពន្យល់ថា ដំណើរការផ្សះផ្សានេះមិនមែនជានីតិវិធីជំនុំជម្រះរបស់តុលាការដែលមានសេចក្តីសម្រេចចងកាតព្វកិច្ចនោះទេ ប៉ុន្តែមានគោលបំណងជួយភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសមហេតុផល និងស្របតាមច្បាប់អន្តរជាតិ។
ក្រោម UNCLOS ការផ្សះផ្សាគឺជាយន្តការដោះស្រាយវិវាទមួយ ដែលគណៈកម្មការឯករាជ្យធ្វើការពិនិត្យបញ្ហា និងជួយភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយដែលអាចឯកភាពគ្នាបាន។
ខុសពីការជំនុំជម្រះក្តី ឬមជ្ឈត្តកម្មដែលមានសេចក្តីសម្រេចចងកាតព្វកិច្ច អនុសាសន៍របស់គណៈកម្មការផ្សះផ្សាមិនមែនជាសេចក្តីសម្រេចរបស់តុលាការដែលបង្ខំឱ្យភាគីទាំងពីរត្រូវតែអនុវត្តតាមនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការផ្សះផ្សាក្រោម UNCLOS ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាខ្វែងគំនិតអំពីព្រំដែនសមុទ្រជាមួយថៃ តាមរយៈយន្តការច្បាប់អន្តរជាតិ។
កម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សានេះនៅខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលជាភាគីនៃ UNCLOS នៅខែមីនា ដើម្បីជំរុញការដោះស្រាយវិវាទព្រំដែនសមុទ្រតាមនីតិវិធីដែលមានចែងក្នុងអនុសញ្ញានេះ។
ដំណើរការផ្សះផ្សាពាក់ព័ន្ធនឹងព្រំដែនសមុទ្រនេះ គឺដាច់ដោយឡែកពីយន្តការទ្វេភាគីនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលទទួលបន្ទុកការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងថៃ។
រាជរដ្ឋាភិបាលកម្ពុជាបានរក្សាគោលជំហរថា បញ្ហាព្រំដែនគោកគួរត្រូវបានដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ខណៈវិវាទព្រំដែនសមុទ្រគួរត្រូវបានដោះស្រាយតាមនីតិវិធីពាក់ព័ន្ធក្រោម UNCLOS។
ទោះបីមានការលើកឡើងខុសគ្នានៅក្នុងការបកស្រាយជាសាធារណៈរបស់ប្រទេសទាំងពីរ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី២ ក៏ដោយ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈបន្តចូលរួមក្នុងដំណើរការផ្សះផ្សានេះ។
ក្រសួងការបរទេសកម្ពុជាបានសម្តែងការកោតសរសើរចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ចំពោះការសម្របសម្រួលកិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការជួយឱ្យប្រទេសទាំងពីរឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត។
ក្រសួងបានបញ្ជាក់ថា៖ «គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគាត់ ក្នុងការសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ»។
គណៈកម្មការផ្សះផ្សាគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយភាគីកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រសួងការបរទេសកម្ពុជាបានបន្ថែមថា គណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ នៅក្នុងពេលវេលាសមស្រប៕





