Grand News Asia Close

កម្ពុជាបកទៅថៃ៖ មុន «ផ្ទៀងផ្ទាត់ការពិត» រឿង​ឆបោកអនឡាញ​ ត្រូវផ្ទៀងផ្ទាត់ថា អូរស្មាច់ជាទឹកដីអ្នកណា

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1011
កម្ពុជាបកទៅថៃ៖ មុន «ផ្ទៀងផ្ទាត់ការពិត» រឿង​ឆបោកអនឡាញ​ ត្រូវផ្ទៀងផ្ទាត់ថា អូរស្មាច់ជាទឹកដីអ្នកណា ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធាននៃប្រទេសហ្វីលីពីនបានចុះទៅត្រួតពិនិត្យតំបន់អូរស្មាច់ ជាទីតាំងអគារដែលត្រូវបានយោធាថៃកំពុងតែគ្រប់គ្រង។ រូបថត សហការី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានចោទសួរភាគីថៃថា មុននឹងអះអាងពី «ការផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ» លើទីតាំងដែលថៃហៅថា ជាមជ្ឈមណ្ឌលអនឡាញស្កេមនៅអូរស្មាច់ ត្រូវបញ្ជាក់ជាមុនថា អគារទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា និងកងកម្លាំងថៃបានចូលគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា។

ការឆ្លើយតបនេះធ្វើឡើងក្រោយមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) បាននាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន អ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែននៅថ្ងៃទី៧ ខែកញ្ញា រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្នុងខេត្តឧត្តរមានជ័យ ក្រោមហេតុផលផ្តល់ឱកាសឱ្យពួកគេមើលឃើញស្ថានការណ៍ដោយផ្ទាល់ និងផ្ទៀងផ្ទាត់ការពិតដោយខ្លួនឯង។

លោក នេត្រ ភក្ត្រា បានលើកឡើងនៅថ្ងៃទី៧ ខែកញ្ញាថា មុននឹងពិនិត្យមើលអគារ ឯកសារ កុំព្យូទ័រ ឬសម្ភារៈដែលថៃអះអាងថា ពាក់ព័ន្ធនឹងបទល្មើសអនឡាញស្កេម មានការពិតជាមូលដ្ឋានមួយដែលត្រូវផ្ទៀងផ្ទាត់ជាមុន នោះគឺទីតាំងភូមិសាស្ត្រ និងអធិបតេយ្យភាពលើតំបន់ដែលដំណើរទស្សនកិច្ចនេះបានធ្វើឡើង។

លោកថ្លែងថា៖ «មុននឹងនិយាយពីការផ្ទៀងផ្ទាត់ការពិត ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ Online Scams ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា»។

លោកបានបន្តថា សំណួរបន្ទាប់ដែលមានសារៈសំខាន់មិនចាញ់គ្នា គឺតើកងកម្លាំងថៃបានចូលទៅគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា ព្រោះបញ្ហាទាំងនេះមិនអាចបង្វែរបានដោយការរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ឬការបង្ហាញសម្ភារៈណាមួយឡើយ។

កងទ័ពថៃបានដំឡើងលួសបន្លា និងដំឡើងលូប្រអប់ដែលមានអង្កត់ផ្ចិតធំប្រវែង ៤២០ ម៉ែត្រនៅក្នុងទឹកដីកម្ពុជា ជិតបង្គោលព្រំដែនលេខ ១៥ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥។ រូបថត ហុង រស្មី

យោងតាមសារព័ត៌មាន Khaosod English លោកឧត្តមសេនីយ៍អាកាស Praphat Sonchaidee ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ និងជានាយក JIC បានដឹកនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានមកពីហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិចុះពិនិត្យតំបន់ព្រំដែននៅថ្ងៃទី៧ ខែកញ្ញា។

ភាគីថៃបានប្រើពាក្យ «តម្លាភាព» «ការផ្ទៀងផ្ទាត់» «ការពិត» និង «ការសន្ទនា» ដើម្បីពណ៌នាអំពីដំណើរទស្សនកិច្ចនេះ ដោយអះអាងថា អ្នកសារព័ត៌មានត្រូវបានផ្តល់លទ្ធភាពចូលទៅកាន់ទីតាំងនានាតាមដែលស្ថានភាពសន្តិសុខអនុញ្ញាត។

លោក Praphat បានថ្លែងថា ថៃមិនបានស្នើឱ្យនរណាម្នាក់ជ្រើសរើសឈរនៅខាងភាគីណាមួយទេ ប៉ុន្តែចង់ឱ្យពួកគេពិនិត្យការពិតឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកថា៖ «យើងមិនស្នើឱ្យនរណាម្នាក់ជ្រើសរើសភាគីទេ ប៉ុន្តែស្នើឱ្យពួកគេពិចារណាការពិតឱ្យបានគ្រប់ជ្រុងជ្រោយ»។

ប្រធាន JIC ក៏បានអះអាងថា ថៃនៅតែគោរពសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ ការកាត់បន្ថយភាពតានតឹង និងការដោះស្រាយបញ្ហាតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។

ទោះយ៉ាងណា លោក នេត្រ ភក្ត្រា បានលើកឡើងថា ការផ្ទៀងផ្ទាត់ដែលអាចជឿទុកចិត្តបាន មិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ស្ថានភាពមុនការប្រយុទ្ធ និងមូលដ្ឋានផ្លូវច្បាប់នៃវត្តមានកងកម្លាំងថៃនៅទីនោះ។

ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) ឈរ​មើល​ទិដ្ឋភាពអគារ​ខ្មែរ​ដែលត្រូវ​យោធាថៃ​ព័ទ្ធ​បន្លាលួស​យកនៅតំបន់​អូរស្មាច់​​។ រូបថត សហការី

លោកបញ្ជាក់ថា កម្ពុជាបានប្រកាសជាផ្លូវការជាបន្តបន្ទាប់ថា ទីតាំងនៅអូរស្មាច់ដែលកងកម្លាំងថៃចូលទៅគ្រប់គ្រង ស្ថិតនៅក្នុងទឹកដីកម្ពុជា។ កម្ពុជាក៏បានតវ៉ាចំពោះការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស អ្នកអនុវត្តច្បាប់ និងអ្នកសារព័ត៌មានចូលទៅតំបន់ទាំងនោះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា។

រដ្ឋមន្ត្រីព័ត៌មានបានគូសបញ្ជាក់ថា លទ្ធភាពរបស់កងកម្លាំងថៃក្នុងការចូលទៅកាន់ទីតាំង គ្រប់គ្រងទីតាំង ឬនាំភាគីទីបីចូលទៅមើល មិនអាចធ្វើឱ្យតំបន់នោះក្លាយជាទឹកដីថៃបានទេ។

លោកថ្លែងថា៖ «វត្តមានយោធាមិនមែនជាបង្គោលព្រំដែន។ ការដោតទង់ជាតិមិនមែនជាឯកសារកំណត់អធិបតេយ្យភាព។ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំងក៏មិនអាចជំនួសផែនទី សន្ធិសញ្ញា ឯកសារព្រំដែន និងមូលដ្ឋានផ្លូវច្បាប់ដែលកំណត់ទឹកដីរបស់រដ្ឋបានដែរ»។

លោកបានទទួលស្គាល់ថា បទល្មើសអនឡាញស្កេមត្រូវតែស៊ើបអង្កេត និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ហើយអ្នកប្រព្រឹត្តត្រូវប្រឈមមុខនឹងច្បាប់។ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងបទល្មើស និងអធិបតេយ្យភាពរបស់រដ្ឋ ជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។

លោកថា កម្ពុជាមិនការពារអនឡាញស្កេមទេ ហើយបានអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូអន្តរជាតិ និងប្រទេសពាក់ព័ន្ធ។

ប្រសិនបើមានបទល្មើសនៅក្នុងប្រទេសណាមួយ លោកថា បញ្ហានោះត្រូវដោះស្រាយតាមរយៈការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការប៉ូលិស ការចែករំលែកព័ត៌មានស៊ើបការណ៍ ជំនួយផ្លូវច្បាប់ទៅវិញទៅមក ការចាប់ខ្លួន ការបញ្ជូនជនសង្ស័យ និងយន្តការអន្តរជាតិដែលមានស្រាប់។

លោកបន្តថា ការសង្ស័យថាមានឧក្រិដ្ឋកម្មនៅក្នុងទឹកដីរបស់រដ្ឋមួយ មិនផ្តល់សិទ្ធិឱ្យកងកម្លាំងនៃរដ្ឋមួយទៀតចូលទៅកាន់ កាន់កាប់ ឬអនុវត្តអំណាចលើទឹកដីនោះដោយឯកតោភាគីឡើយ។

លោកក៏បានចោទជាសំណួរថា តើវត្តមានយោធាថៃនៅទីតាំងទាំងនេះកើតឡើងដោយសារប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងអនឡាញស្កេម ឬក៏បញ្ហាស្កេមកំពុងត្រូវបានយកមកប្រើនៅពេលក្រោយ ដើម្បីពន្យល់ និងផ្តល់ភាពស្របច្បាប់ដល់វត្តមានយោធាថៃលើទឹកដីកម្ពុជា ដែលបានកើតឡើងរួចទៅហើយ។

លោកបានលើកឡើងថា ប្រសិនបើការគ្រប់គ្រងទីតាំងកើតឡើងជាលទ្ធផលនៃសកម្មភាពយោធា ការយកអនឡាញស្កេមមកពន្យល់នៅពេលក្រោយ មិនអាចបម្លែងប្រភពនៃការគ្រប់គ្រងនោះឱ្យក្លាយជាសកម្មភាពស្របច្បាប់បានទេ។

លោកបន្ថែមថា ការផ្ទៀងផ្ទាត់ការពិតប្រកបដោយវិជ្ជាជីវៈមិនអាចមានន័យថា អ្នកសារព័ត៌មានត្រូវបាននាំទៅមើលតែទីតាំង សម្ភារៈ ឬព័ត៌មានដែលភាគីម្ខាងបានរៀបចំឱ្យមើល ហើយឈានទៅរកការសន្និដ្ឋានដោយមិនពិនិត្យបរិបទពាក់ព័ន្ធនោះទេ។

កាលពីថ្ងៃទី២ ខែកុម្ភៈ កម្ពុជាបានតវ៉ាយ៉ាងខ្លាំងចំពោះការដែលភាគីថៃនាំអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ទៅកាន់សណ្ឋាគារពីរកន្លែងនៅអូរស្មាច់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា ទីតាំងទាំងនោះស្ថិតនៅចម្ងាយប្រមាណ ៣៩៧ ម៉ែត្រពីច្រកទ្វារអន្តរជាតិអូរស្មាច់ ក្បែរបង្គោលព្រំដែនលេខ១៥ ហើយត្រូវបានកងកម្លាំងថៃចូលគ្រប់គ្រងដោយកម្លាំងក្នុងអំឡុងការប្រយុទ្ធកាលពីខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាបានតវ៉ាបន្តបន្ទាប់ចំពោះការដាក់កុងតឺន័ររារាំងផ្លូវ ការសាងសង់ផ្លូវ ការដាក់លួសបន្លា ការជីកទំនប់ដី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ការដោតទង់ជាតិថៃ និងការនាំអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ទីតាំងនានានៅតំបន់អូរស្មាច់ដោយគ្មានការអនុញ្ញាតពីកម្ពុជា។

កាលពីថ្ងៃទី៣០ ខែមិថុនា ក្រសួងព័ត៌មានក៏បានប្រកាសថា ការដែលភាគីថៃនាំអ្នកសារព័ត៌មានបរទេសចូលទៅកាន់តំបន់អូរស្មាច់ មិនអាចផ្តល់សិទ្ធិអំណាច ឬអធិបតេយ្យភាពដល់ថៃលើទីតាំងនោះបានឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ជាថ្មីថា មុននឹងផ្ទៀងផ្ទាត់ថាមានអ្វីនៅក្នុងអគារ ត្រូវផ្ទៀងផ្ទាត់ជាមុនថា អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា។

លោកថា៖ «ការនាំអ្នកសារព័ត៌មានទៅមើលទីតាំងមួយ មិនអាចបង្កើតអធិបតេយ្យភាពបានទេ។ ការគ្រប់គ្រងដោយកម្លាំងមិនអាចគូសខ្សែព្រំដែនថ្មីបានទេ ហើយ Online Scams មិនអាចក្លាយជាលេសក្រោយហេតុការណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ទឹកដីខុសច្បាប់ដោយកម្លាំងបានឡើយ»៕

-Post Khmer-

អត្ថបទទាក់ទង