សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បំភ្លឺជាថ្មីអំពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ខណៈដែលក្រុមប្រឆាំងញុះញង់មួលបង្កាច់ការពិត ក្នុងបំណងបង្កអោយមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល
ខាងក្រោមជាខ្លឹមសារចម្លង សារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា បំភ្លឺជាថ្មីអំពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ក្នុងខណៈដែលក្រុមប្រឆាំងញុះញង់មួលបង្កាច់ការពិត ក្នុងបំណងបង្កអោយមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល៖
[១] ជូនបងប្អូនកូនចៅទាំងឡាយ ដែលនៅក្នុងគ្រូបនេះ។ ខ្ញុំក៏បានស្ដាប់អស់លោក បងប្អូន (ដោះដូរមតិគ្នា)យូរដែរហើយ។ បងប្អូនកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ ក្នុងហ្នឹង យើងបានស្ដាប់ឮសម្លេងរបស់ ហៃ វណ្ណា ពីក្រៅប្រទេស ដើម្បីឱ្យបងប្អូន(ធ្វើសកម្មភាព)ឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាល តាមផ្លូវកាត់មួយដែលមិនមែនជាដំណើរការប្រជាធិបតេយ្យ។ បងប្អូន ចង់ប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដែស។ ប្រហែលជាបងប្អូនយល់ច្រឡំអំពីសភាពការណ៍កម្ពុជា និងសភាពការណ៍បង់ក្លាដែស។ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់។ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់។ រឿងនេះ វាមិនអាចទៅរួចទេ។
រដ្ឋាភិបាលប្រទេសណាក៏ដូចប្រទេសណា ដោយតម្លៃណាក៏ដោយ ដែលបងប្អូនប៉ុន្មាននាក់មានបំណងបំផ្លាញសន្តិភាព(ជាធរមាន)នៃប្រជាជនរាប់លាននាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ។ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមក(ចូលរួម)បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្ដួលរំលំ។ នៅទីនេះគឺមានបន្ទាត់ក្រហម។ រដ្ឋធម្មនុញ្ញបានចែងអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យើងទទួលយកនូវកង្វល់របស់បងប្អូនស្ដីពីការបាត់បង់ទឹកដី។ យើង(ទទួល)កង្វល់(របស់)បងប្អូន ស្ដីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលសភាពការណ៍ឱ្យច្បាស់ថា តើវាដូចជាអ្វីដែលពួកប្រឆាំងនៅបរទេសញុះញង់ឱ្យបងប្អូនធ្វើនោះទេ។
[២] ម្យ៉ាងទៀត បងប្អូនបានច្បិចយកករណី CLV (មកធ្វើជាមូលហេតុ)។ នៅទីនេះ ខ្ញុំគួរតែបញ្ជាក់ប្រាប់បងប្អូនថា CLV បានកើត ២៥ ឆ្នាំហើយ (ដែល)មានមនុស្សមួយចំនួននៅក្នុងក្រុមនេះ កើតមិនទាន់(ការបង្កើត) CLV ទៀតផង។ តើ CLV នេះបានបំផ្លាញអ្វីដល់បងប្អូន? សូមបងប្អូនគិតទៅ។ កាលពីពេលនោះ ប្រទេសយើងក្រីក្រណាស់។ ការធ្វើដំណើរពីរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ទម្រាំចុះមកដល់ខេត្តក្រចេះ មកដល់កំពង់ចាម និងទម្រាំមកដល់ទីក្រុងភ្នំពេញត្រូវចាយពេលច្រើនណាស់។ ឥឡូវ បងប្អូនទៅទីនោះបានទទួលផលប្រយោជន៍អំពីបញ្ហាសេដ្ឋកិច្ចសង្គម មានការតភ្ជាប់ផ្លូវ បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកនៅតំបន់មួយចំនួនយ៉ាងល្អ។ សូម្បីប្រព័ន្ធទឹកស្អាតនៅតំបន់មួយចំនួនមិនទាន់ទៅដល់ ក៏យើងប្រើប្រាស់អណ្ដូងដើម្បី(ឱ្យប្រជាពលរដ្ឋ)ធ្វើការ(ប្រើប្រាស់)។ ការអភិវឌ្ឍតំបន់ត្រីកោណនេះ មិនមែនជាកាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ។
[៣] សូមបងប្អូនកូនក្មួយ យល់ឱ្យច្បាស់រវាងពាក្យថា “អភិវឌ្ឍន៍រួមនិងសហប្រតិបត្តិការ”។ បងប្អូនយល់ច្រឡំថា (CLV ជា)ការអភិវឌ្ឍរួម។ យើងមិនធ្វើ(ដូចនោះ)ទេ។ រាជរដ្ឋាភិបាលគ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយប្រទេសណាទេ។ យើងគ្មានចេតនានឹងកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម (អោយទៅ)ជាតំបន់ស្វយ័តនោះទេ ឬជាប្រទេសមួយក៏អត់ដែរ។ ប្រទេសកម្ពុជា គ្រប់គ្រងដោយខ្មែរ។ វៀតណាមគ្រប់គ្រង់ដោយវៀតណាម ឡាវគ្រប់គ្រងដោយឡាវ។ ប៉ុន្តែ យើងមានកិច្ចសហប្រតិបត្តិការគ្នានៅទីនោះ ដើម្បីពន្លឿនដល់ការអភិវឌ្ឍ។ ការអភិវឌ្ឍមួយដែលអាចធ្វើទៅបាន ទាមទារឱ្យមានការសហប្រតិបត្តិការ(ជាមួយប្រទេស)នៅជិតខាង។ ហើយ ការសហប្រតិបត្តិការ(ជាមួយប្រទេស)នៅជិតខាងនេះ វាមិនមែនគ្រាន់តែធ្វើជាមួយនឹងតំបន់ត្រីកោណនោះទេ គឺធ្វើនៅទូទាំងព្រំដែនវៀតណាម ធ្វើនៅទូទាំងព្រំដែនថៃ និងធ្វើនៅទូទាំងព្រំដែនជាមួយឡាវ ដែលយើងជាប្រទេសភូមិផងរបងជាមួយគ្នា។ ខ្ញុំលើកជាឧទាហរណ៍អំពីការតភ្ជាប់។ បើសិនជាយើងមិនអាចតភ្ជាប់ផ្លូវជាមួយគ្នាទេ ខាងណោះធ្វើផ្លូវមក គឺចំកន្លែងមួយទៅ។ យើងធ្វើផ្លូវមក ក៏ចំកន្លែងមួយទៀតទៅ។ តើយើងតភ្ជាប់គ្នាការដឹកជញ្ជូនឆ្លងកាត់ទៅមករកគ្នាយ៉ាងម៉េចទៅ? យើងត្រូវការធ្វើពាណិជ្ជកម្ម។ សូមបងប្អូន គិតមើល។ ពីរតនគិរី ពីមណ្ឌលគិរី ស្ទឹងត្រែង (ក្រចេះ) ប្រសិនបើយើងដឹក(ទំនិញ)ចុះមកកាន់ភ្នំពេញ ឬទៅកាន់កំពង់ផែខេត្តព្រះសីហនុ ដើម្បីនាំចេញ តើផលចំណេញរបស់បងប្អូននៅកន្លែងណា?
[៤] ការធ្វើសេដ្ឋកិច្ច គឺត្រូវគិតអំពីផលចំណេញ។ (ពីតំបន់អភិវឌ្ឍត្រីកោណ) យើងអាចដំណើរការដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅសមុទ្រ ហើយនាំចេញទៅកាន់អឺរ៉ុប អាមេរិក ជប៉ុន និងប្រទេសដទៃទៀត។ ចំណុចនេះ បងប្អូនអាចយល់ហើយអំពីអ្វីទៅដែលហៅថាសេដ្ឋកិច្ច អ្វីទៅដែលហៅថាកាត់បន្ថយភាពក្រីក្រ។ បើសិនជាយើងមិនអភិវឌ្ឍ តើយើងត្រូវទុកកន្លែងនោះចោល(ដោយមិនអភិវឌ្ឍ)ឬយ៉ាងណា? ការអភិវឌ្ឍនៅតំបន់នោះទៀតសោធ មិនមែនជាការធ្វើដាច់ដោយឡែករវាងកម្ពុជា ឡាវ និងវៀតណាមនោះទេ។ ដៃគូដំបូងរបស់យើងគឺជប៉ុន។ សូមអ្នកនៅជប៉ុន សួរទៅរដ្ឋាភិបាលជប៉ុនថា តើជប៉ុនបានចំណាយលុយកាក់ប៉ុន្មានទៅសម្រាប់គម្រោងទាំងឡាយនៅឯភូមិភាគឦសានរបស់ប្រទេសកម្ពុជា នៅឯតំបន់របស់វៀតណាម និងនៅឯតំបន់របស់ឡាវ? គេមិនមែនជួយទាំងបីប្រទេសទេ គេជួយប្រទេសមួយៗ ប៉ុន្តែជួយនៅក្នុងតំបន់ដែលមានការតភ្ជាប់គ្នានោះឯង។ យើងទទួលទិញអគ្គិសនីពីវៀតណាម ទិញអគ្គិសនីពីឡាវ ដើម្បីផ្គត់ផ្គង់នៅទីនោះ មុនពេលដែលបណ្ដាញជាតិរបស់អាចរុញភ្លើងពីទីក្រុងភ្នំពេញ ទៅកាន់តំបន់ទាំងនោះ (ដែលវាមានរយៈកាល) ២៥ ឆ្នាំហើយ។ ដូច្នេះ បងប្អូនគួរយល់បញ្ហានេះឱ្យបានច្បាស់ ជាជាងចោទប្រកាន់រដ្ឋាភិបាលនៅពេលនេះថា (បាន)កាត់ដីឱ្យគេ (និង/ឬថា)នឹងឈានទៅបាត់ដីនៅពេលក្រោយ។
[៥] បងប្អូនបានស្នើថា ឱ្យដកគម្រោងនេះចេញពី CLV។ ខ្ញុំចង់សួរបងប្អូនថា របស់ដែលយើងបានដាក់ទៅ សម្រាប់ការអភិវឌ្ឍ វាជារបស់យើង។ តើយើងដកយកចោលទៅឯណា? តើយើងអាចនឹងដកផែនដីនេះ ខេត្ត៤នេះ ទៅដាក់នៅលើមេឃ ឬទៅកន្លែងណា? វាមិនអាចទៅរួចទេ។ យើងត្រូវតែអភិវឌ្ឍទឹកដីរបស់យើង។ យើងដាក់ទុនខ្លួនយើង រកដៃគូអភិវឌ្ឍន៍ខ្លួនយើង។ ខាងវៀតណាម គេដាក់ទុនខ្លួនគេ ឡាវគេដាក់ទុនខ្លួនគេ គេរកដៃគូខ្លួនគេ។ អ្វីដែលយើងត្រូវធ្វើគឺការសហប្រតិបត្តិការទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដឹកជញ្ជូន ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ជាដើម។ នេះជាមូលហេតុដែលរាជរដ្ឋាភិបាលត្រូវតែគិត ដើម្បីធ្វើរឿង(អភិវឌ្ឍ)នេះ។ ក្នុងរយៈពេល ២៥ឆ្នាំ កន្លងទៅនេះ ជាពេលវេលាដែលបានបង្ហាញឲ្យបងប្អូនបានឃើញច្បាស់ពីជីវភាពប្រជាជនថា ពីការធ្វើដំណើររាប់ថ្ងៃ រហូតអ្នកខ្លះទៅដល់ហើយមិនត្រឡប់មកវិញ ដោយសារតែផ្លូវពិបាកពេក មកឥឡូវ (អ្នកអាច)ទៅព្រឹកវិលល្ងាច គឺធ្វើដំណើរបានដោយសារការតភ្ជាប់នានា។
យើងបានធ្វើផ្លូវ៧៦ តភ្ជាប់ពីស្រុកស្នួលឡើងទៅខេត្តមណ្ឌលគិរី តភ្ជាប់ទៅព្រំដែនវៀតណាម និងតភ្ជាប់បង្ហួសទៅខេត្តរតនគិរី តភ្ជាប់ទៅព្រំដែនវៀតណាម និងចុះមកខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៧៨។ យើងធ្វើផ្លូវជាតិលេខ៧ ដោយកសាងស្ពានឆ្លងកាត់ទន្លេសេកុងទៅព្រំដែនឡាវ។ យើងក៏ធ្វើស្ពានឆ្លងទន្លេមេគង្គមួយខ្សែទៀត និងកសាងផ្លូវជាតិលេខ៩ តភ្ជាប់ពីស្ទឹងត្រែងទៅព្រះវិហារដើម្បីអាចចុះមកកំពង់ធំនិងសៀមរាបបានឆាប់រហ័ស។ នោះហើយជាផលប្រយោជន៍នៃការអភិវឌ្ឍដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាក់ទុន។ រដ្ឋាភិបាលបានប្រឹងប្រែងរកដៃគូអភិវឌ្ឍ ដែលមិនមែនមានតែជប៉ុនមួយទេ តែមានធនាគារពិភពលោក មានធនាគារអភិវឌ្ឍន៍អាស៊ី និងមានបណ្ដាប្រទេសដែលមានការពាក់ព័ន្ធមួយចំនួន ចូលរួមផង។ យើងមានសាខាមហាវិទ្យាល័យមួយចំនួននៅតាមបណ្ដាខេត្តទាំងនោះ ដើម្បីកាត់បន្ថយការលំបាករបស់បងប្អូនក្នុងការមករៀននៅទីក្រុងភ្នំពេញ ឬបណ្ដាខេត្តដ៏ទៃ។
[៦] ការអភិវឌ្ឍធនធានមនុស្សក៏យើងមានការពឹងពាក់គ្នា។ សព្វថ្ងៃនេះ និស្សិតកម្ពុជាទៅរៀននៅវៀតណាម ក្នុងនោះនិស្សិតកម្ពុជាមួយចំនួនក៏កំពុងរៀននៅបណ្ដាខេត្តដែលវៀតណាមមានលទ្ធភាពខ្ពស់ជាងយើងផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស ក៏ដូចជាការរៀន(មុខវិជ្ជានានាដែលមាន)កម្រិតខ្ពស់ជាង ដើម្បីបម្រើដល់ការអភិវឌ្ឍ និងក្រុមគ្រួសាររបស់គេ។ យើងក៏បានបញ្ជូននិស្សិតទៅខាងឡាវដែរ ក្នុងពេលដែលឡាវបានបញ្ជូនសិស្សមួយចំនួនមកកាន់ទីក្រុងភ្នំពេញធ្វើការសិក្សា … យើងផ្ដល់អាទិភាពច្រើនទៅតំបន់ឦសានក្នុងការបញ្ជូននិស្សិតទៅកាន់ប្រទេសឡាវ។
[៧] ខ្ញុំយល់ថា បងប្អូនមានការបារម្ភអំពីទឹកដី ដោយសារប្រវត្តិអតីតកាលបានបង្ហាញថា យើងបានបាត់បង់ទឹកដីយ៉ាងច្រើន ដូចជាកម្ពុជាក្រោម។ យើងទទួលស្គាល់ថាយើងបាត់បង់ទៅហើយ ដោយសារការកាត់យក និងបង្ខំដោយបារាំង។ ការនេះ មិនមែនស្ដេចអង្គណាមួយបានកាត់ដីឲ្យគេនោះទេ។ យើងនៅក្រោមការត្រួតត្រារបស់គេ។ ខ្ញុំមិនទាន់បានចាប់កំណើតនៅឡើយទេ នៅពេលដែល កូសាំងស៊ីន ក៏ដូចជា កោះត្រល់ ត្រូវបានបាត់។ សម្ដេចព្រះនរោត្ដម សីហនុ ដែលជាព្រះបិតាជាតិខ្មែរ ដែលគ្មាននរណាស្នេហាជាតិជាងព្រះអង្គ ក៏មិនបានទាមទារយកមកវិញ ហើយព្រះអង្គបានទទួលស្គាល់ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគមបារាំង ទាំងដែនគោកនិងដែនទឹក។ ដូច្នេះ អ្វីដែល(រាជរដ្ឋាភិបាល)បាននិងកំពុងធ្វើ គឺការពារទឹកដីទាំងនេះ។ ខណៈបងប្អូនកំពុងលើកអំពីបញ្ហានៅខាងវៀតណាម តែបងប្អូនមិនដែលបានទាមទារទឹកដីមួយចំនួនដែលកំពុងស្ថិតនៅជាទឹកដីថៃឡើយ។ បងប្អូនដឹងទេ តើយើងបាត់បង់ទៅខាងថៃអស់ប៉ុន្មាន? ថែមជាមួយនោះ តាមប្រវត្តិសាស្រ្តក៏មានការផ្ដល់ឲ្យដោយព្រះមហាក្សត្រឲ្យខាងភាគីឡាវមួយចំនួនផងដែរ។
[៨] យើងទទួលស្គាល់ការបារម្ភរបស់បងប្អូន ស្ដីពីការបាត់បង់ទឹកដីដោយសារមានកត្តាប្រវត្តិសាស្រ្ត ប៉ុន្តែបងប្អូនអាចចោទជាសំណួរបានទេថា ហេតុអ្វីបានជាគេចោទថារដ្ឋាភិបាលបានកាត់ខេត្ត ៤នេះទៅឲ្យប្រទេសវៀតណាម ហើយបន្ទាប់ទៅថា(ពេលនេះនៅ)មិនទាន់កាត់ទេ តែព្រួយបារម្ភខ្លាច ២០ ឬ៣០ឆ្នាំ ឬ១០០ឆ្នាំទៀតនឹងត្រូវបាត់។ ហេតុអ្វីបានជាគេលើករឿងនេះឡើង? ការលើកដោយការស្រមើស្រមៃនេះ គឺច្បាស់ជាឧបាយកលដែល(គេបានរៀបចំនិងដាក់)ចេញ ដើម្បីបង្កើតឲ្យមានការបង្ហូរឈាមមួយ នៅខណៈដែលបងប្អូនឆ្លងផុតបន្ទាត់ក្រហម។ គេអាចចោទសួរ ហើយផ្តល់ជាចម្លើយថា ថ្ងៃនេះអ្នកឯង ក្រុមគ្រួសារអ្នកឯង មិនមានបញ្ហាអ្វីទេ ប៉ុន្តែក្នុង ១០ ឬ២០ឆ្នាំទៀត ក្រុមគ្រួសារអ្នកឯង បើជាប្រុសៗនឹងត្រូវស្លាប់ដោយរន្ទះបាញ់ ដោយខ្សែភ្លើងឆក់ និងដោយឡានបុក ឯស្ដ្រីវិញនឹងក្លាយជាស្រ្តីមេម៉ាយ ឬទៅជាស្រីបនជាដើម។ អញ្ចឹងទេ គេមិនហ៊ាននិយាយពីបច្ចុប្បន្ន តែគេលើកពីការព្រួយបារម្ភក្នុងអនាគត។ បើសិនជាយើងព្រួយបារម្ភពីអនាគត យើងត្រូវតែរួមគ្នាការពារទឹកដី តាមរយៈនូវការពង្រាយប្រជាជន ធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីឲ្យប្រជាជនអាចទៅរស់នៅទីនោះបាន។ បងប្អូនច្បាស់ជាអាចយល់អំពីបញ្ហានេះ។ ខ្ញុំនឹងធ្វើការបកស្រាយបន្តិចទៀត អំពីប្រការដែលបងប្អូនមួយចំនួនស្នើឲ្យមានការធ្វើរបង(ព្រំដែន)។
[៩] បងប្អូនជាទីស្រឡាញ់ (អំពីការស្នើអោយមាន)ការធ្វើរបងនេះ តើបងប្អូនមានបានគិតថា តើយើងធ្វើរបងរបៀបម៉េចឬទេ? (តើយើងធ្វើ)របងតែ(នៅ) ៤ខេត្តនេះ ឬរបងទូទាំងព្រំដែនវៀតណាម ឬរបងទូទាំងព្រំដែនជាមួយថៃ បូកបន្ថែមដោយព្រំដែនជាមួយនឹងឡាវ? លើពិភពលោកនេះ ក្រៅពីជញ្ជាំង ប៊ែរឡាំង ក្រៅពីរបងខ្លះដែលខ័ណ្ឌចែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង និងរបងខ្លះដែលបានកើតឡើងរវាងអាមេរិក ជាមួយ Mexico តើប្រទេសណាខ្លះហើយដែលបានធ្វើរបង(ព្រំដែន)បែបនេះ នៅក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយប្រទេសជិតខាង? នេះមិនមែនជាជម្រើសដែលបងប្អូនគួរលើកឡើងទេ។ បើបងប្អូនចង់និយាយពីព្រំដែនជាមួយវៀតណាម ខ្ញុំក៏សូមឱ្យបងប្អូនបញ្ចេញមតិថា ក្នុងពេលដែលយើងធ្វើ(របង)ព្រំដែនជាមួយវៀតណាម តើយើងត្រូវធ្វើរបងទន្លេមេគង្គ ទន្លេបាសាក់ និងព្រែក បឹង ដទៃទៀតដែលហូរពីកម្ពុជាទៅវៀតណាម ឬពីវៀតណាមមកកម្ពុជា ដែលនៅខាងផ្នែកខាងក្រោម ទឹកហូរពីកម្ពុជាទៅវៀតណាម ប៉ុន្តែនៅភាគខាងលើ ទឹកហូរពីវៀតណាមមកកម្ពុជា ដូចជា ស្រែពក សេសាន ជាដើម។ ដូច្នេះ តើការធ្វើរបងនេះត្រូវបិទទាំងទន្លេ បិទទាំងទំនប់ បិទទាំងលំហូរទឹក ឬយ៉ាងណា? នេះជាបញ្ហាដែលបងប្អូនត្រូវពិចារណាឱ្យបានហ្មត់ចត់។
[១០] ការដែលបងប្អូនកាន់ត្រូវតែពិចារណាឱ្យបានហ្មត់ចត់ទៀតនោះ តើនៅប្រទេសជិតខាងគ្នា ត្រូវធ្វើសង្គ្រាមជាមួយគ្នារហូត ដោយគ្មានគិតពីសន្តិសុខ ការពារជាតិ សុវត្ថិភាពប្រជាជននៅតាមព្រំដែនទេឬអី? ប្រទេសនីមួយៗ មានតម្រូវការផ្លាស់ប្តូរទំនិញ។ សព្វថ្ងៃនេះ រវាងកម្ពុជា និងវៀតណាម ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាន(ឈាន)ទៅដល់ជាង ១០ពាន់លានដុល្លាររួចស្រេចទៅហើយ។ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះទៀតសោធ កាលពីពេលមុន ការនាំចេញនាំចូលរវាងកម្ពុជានិងវៀតណាម មានអតុល្យភាព គឺកម្ពុជានាំចូលពីវៀតណាម ច្រើនជាងនាំចេញពីកម្ពុជាទៅវៀតណាម។ ឥឡូវនេះ ជាបណ្តើរៗ យើងបាននាំចូលទៅវៀតណាមស្មើគ្នា ឬកម្ពុជាលើសបន្តិច នៅពេលដែលយើងបង្កើនការនាំចេញនូវស្វាយចន្ទី ប្រមាណជា ៧០ម៉ឺនតោនទៅប្រទេសវៀតណាម។ យើងមានវត្ថុធាតុដើម។ យើងមិនទាន់មានការកែច្នៃគ្រប់គ្រាន់ទេ។ យើងមានការកែច្នៃខ្លួនឯងមួយចំនួន ប៉ុន្តែមិនទាន់គ្រប់ទេ។ វៀតណាម និងឥណ្ឌា គឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ក៏ប៉ុន្តែទាំងវៀតណាមទាំងឥណ្ឌាសុទ្ធតែទិញវត្ថុធាតុដើមពីអាហ្វ្រិក មកធ្វើការកែច្នៃបម្រើការចែកចាយតាមទីផ្សារអន្តរជាតិនានា។
រហូតមកដល់ពេលនេះ កម្ពុជាជាប្រទេសលេខមួយដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេ គឺច្រើនជាងកូតឌីវ័រ និងប្រទេសមួយចំនួនផ្សេងទៀត ដល់ទៅជាង ១លានតោន។ ក្នុងជាង ១លានតោននេះ យើងបាននាំចេញទៅប្រទេសវៀតណាម ហើយវៀតណាមក៏បានចុះផ្សាយអត្ថបទថា ស្វាយចន្ទីដែលនាំចូលបម្រើឱ្យការកែច្នៃ និងការនាំចេញរបស់វៀតណាម មានរហូតទៅដល់ជាង ៥៥% នៃស្វាយចន្ទី។ បងប្អូនត្រូវគិតថា ទីផ្សារគឺជាបញ្ហាសំខាន់ដើម្បីជំរុញការដាំដុះក្នុងចំណោមប្រជាជនរបស់យើង។ បើសិនជាគ្មានទីផ្សារទេ តើប្រជាជនដាំដុះយកទៅធ្វើអ្វី? … ប្រជាជនខ្មែរមិនអាចទទួលទានអស់ស្វាយចន្ទីជាង ១លានតោននោះទេ។ យើងត្រូវរកទីផ្សារ។ នេះក៏មិនសំដៅតែទៅតែទីផ្សារនៅឆ្ងាយនោះដែរ។ ទីផ្សារនៅជិត ដែលយើងធ្វើជាមួយវៀតណាម ជាមួយថៃ ជាមួយឡាវ ក៏មានទំហំពាណិជ្ជកម្មប្រមាណជិត ២០ពាន់លានដុល្លាររួចទៅហើយ ដែលជាមួយថៃមានប្រមាណជា ១០ពាន់លានដុល្លារ ជាមួយវៀតណាមប្រមាណជា ១០ពាន់លានដុល្លារ និងជាមួយឡាវរាប់រយលានដុល្លារជាការទិញអគ្គិសនីពីឡាវ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឡាវកាន់តែធំឡើងៗ។
[១១] វាមិនសាមញ្ញដូចបងប្អូនគិតទេ។ កម្ពុជាគឺជាប្រទេសឯករាជ្យមួយ។ ខ្ញុំបានលឺ អ្នកនិយាយនៅ(ក្នុងក្រុម)នេះថា កម្ពុជាកំពុងតែត្រូវត្រួតដោយវៀតណាម។ បងប្អូនហាក់ដូចជាបានមើលស្រាលមិនមែនតែចំពោះខ្ញុំ ឬរាជរដ្ឋាភិបាលទេ ក៏ប៉ុន្តែក៏ទាំងក្រុមគ្រួសារខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេស។ បងប្អូនខ្លះអាចឈានទៅដល់ការប្រមាថជាតិសាសន៍ខ្លួនឯងថា យកប្តីវៀតណាមយកប្រពន្ធវៀតណាមជាដើម ដែលរឿងនេះគួរតែត្រូវបានកម្រិត។ យើងមិនទប់ស្កាត់នូវការបញ្ចេញមតិទេ ក៏ប៉ុន្តែបងប្អូនត្រូវបញ្ចេញមតិឱ្យត្រូវជាមួយការពិត វាប្រសើរជាងការមួលបង្កាច់។ បងប្អូនបានចោទថាវៀតណាមបានចូលមកដោយសេរីក្នុងប្រទេសកម្ពុជា។ បងប្អូនត្រូវដឹងថា ប្រទេសនីមួយៗ អនុវត្តច្បាប់រៀងខ្លួនៗ។
[១២] យើងទៅគេ ក៏ត្រូវសុំច្បាប់។ គេមកយើងក៏ត្រូវសុំច្បាប់។ មាន(យន្ត)ការសម្រួលក្នុងក្របខណ្ឌអាស៊ាន ដែលមិនតម្រូវអោយធ្វើទិដ្ឋាការមុនពេលដែលទៅដល់ទេ ប៉ុន្តែបើគ្មានលិខិតឆ្លងដែនក៏មិនអាចទទួលបានទិដ្ឋាការដែរ។ ចំណុចទាំងអស់នេះ ទាមទារឱ្យមានការគ្រប់គ្រងរៀងខ្លួនៗ។ បងប្អូនព្រួយបារម្ភថា ដីសម្បទានដែលកម្ពុជាប្រគល់ឱ្យវៀតណាមក្នុងការវិនិយោគ មានសុទ្ធតែកម្មករវៀតណាមរស់នៅរាប់សិបឆ្នាំ ដោយមិនត្រឡប់ទៅវិញ ដែលទីចុងបំផុត ប្រជាជនវៀតណាមនឹងមានច្រើនជាងប្រជាជនកម្ពុជា នៅក្នុងខេត្តទាំង៤។ ខុសហើយ។ នេះជាមួលបង្កាច់ដ៏អយុត្តិធម៌។ តើបងប្អូនហ៊ានស្បថដាក់ជីវិតដោយសារតែការនិយាយមិនត្រឹមត្រូវរបស់បងប្អូនទេ? វាមិនអាចទៅរួចទេ។ វាមិនអាចទៅរួចដាច់ខាតហើយ។ សូមបងប្អូនចាំឱ្យច្បាស់ថា ខ្មែរគឺខ្មែរ វៀតណាមគឺវៀតណាម ឡាវគឺឡាវ ថៃគឺថៃ។ គ្មានការឡូកឡំគ្នាទេ។
សូម្បីតែយើងចូលអាស៊ាន ក៏យើងមិនបានដាក់ដីយើងនៅក្នុងក្របខណ្ឌអាស៊ាននោះទេ។ យើងធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន ហើយយើងមានកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ មិនមែនត្រឹមតែជាមួយអាស៊ានទេ។ យើងហ៊ានអោយមានដល់ទៅភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលរួមមានអាស៊ាន ១០ បូកជាមួយជប៉ុន កូរ៉េខាងត្បូង ញ៉ូហ្សេលែន អូស្ត្រាលី និងចិន ហើយត្រៀមខ្លួនទទួលយក ឥណ្ឌា បន្តទៀត ក្រោយពេលដែលឥណ្ឌាមិនទាន់អាចចូលបានក្នុងរយៈពេលកន្លងទៅ។ កិច្ចសហប្រតិបត្តិការនៅលើពិភពលោកនេះមានច្រើនណាស់ មិនមែនមានតែកម្ពុជា ឡាវ វៀតណាម នោះទេ។ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បានធ្វើមុនយើង។ ជាមួយនោះមាន(កិច្ចសហប្រតិបត្តិការ)ចតុភាគីជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងព្រុយណេ ថែមទៀត។ នៅមានតំបន់នៃការរួមគ្នាជាមួយ ឡាវ ថៃ មីយ៉ាន់ម៉ា ផងដែរ។
[១៣] សូមបញ្ជាក់ជូនបងប្អូនថា ក្រៅពីគំនិតផ្ដួចផ្ដើមនិងការអនុវត្ដដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅរវាងកម្ពុជា ឡាវ និងវៀតណាម ខ្ញុំក៏បានពិភាក្សាជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងភាគី ឡាវ គ្រោងធ្វើតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា ឡាវ ថៃ ដោយខាងកម្ពុជាមានខេត្តព្រះវិហារ ដែលយើងគ្រោងធ្វើតារាងវាយកូនហ្គោលនៅព្រំដែនរវាងប្រទេសទាំង ៣ គឺ កម្ពុជា ៩ ឡូត៍, ថៃ ៩ ឡូត៍, ឡាវ ៩ ឡូត៍, ទាំងអស់ ២៧ ឡូត៍។ ប៉ុន្ដែ ដោយសាររដ្ឋប្រហារជាបន្ដបន្ទាប់នៅក្នុងប្រទេសថៃ (យើង)មិនអាចអនុវត្ដគំរោងនេះបាន។ យើងចង់មានកិច្ចសហប្រតិបត្ដិការសន្ដិភាពជាមួយប្រទេសជិតខាង ដែលនឹងនាំមកនូវវិសាលភាពខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក្នុងតំបន់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
[១៤] បងប្អូនមួយចំនួនបាននិយាយតាមបែបងាយស្រួលថា ប្រទេសកម្ពុជានឹងអាចធ្វើរបងបាន។ អម្បាញ់មិញ ពីខាងលើ ខ្ញុំបាននិយាយពីបច្ចេកទេសនៃការធ្វើរបង។ ខ្ញុំចង់ដឹងថាបងប្អូនធ្វើ(របងតាម)បច្ចេកទេសរបៀបម៉េច? … តើយើងធ្វើរបងនេះបិទទាំងទន្លេមេគង្គ ទន្លេបាសាក់ បិទទាំងព្រែកទាំងឡាយដែលហូរឆ្លងកាត់ពីវៀតណាមមកកម្ពុជា និងពីកម្ពុជាមកវៀតណាម ឬធ្វើតែខាងលើគោក ឬធ្វើត្រឹមតែ ៤ ខេត្ត? បងប្អូន របងគេអាចលោតផ្លោះបាន អាចលួចឆ្លងបាន អាចបាញ់ផ្ដួលបាន ឬជីកផ្ដួលបាន ក្នុងពេលយើងត្រូវធ្វើរាប់រយរាប់ពាន់គីឡូ។ រាប់ពាន់គីឡូម៉ែត្រ បើយើងគិតកម្ពុជាជាមួយវៀតណាម គិតកម្ពុជាជាមួយឡាវ គិតទាំងកម្ពុជាជាមួយថៃ។ ប្រសិនបើធ្វើត្រូវធ្វើទាំង ៣ប្រទេស ហើយទុកកម្ពុជាឯកាតែម្នាក់ឯងដូច្នេះទៅ។ នេះតាមគំនិតរបស់បងប្អូន។
[១៥] ខ្ញុំក៏សូមបញ្ជាក់ថា ខឿនការពារជាតិរបស់ប្រជាជន មានកំលាំងខ្លាំងជាងរបងបេតុងច្រើនជាន់។ នោះគឺការខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើនៅផ្លូវតាមបន្ទាត់ព្រំដែន។ យើងចែកដីឲ្យប្រជាជន កសាងផ្ទះឲ្យប្រជាជន រៀបចំជាមន្ទីរពេទ្យ សាលារៀន និងជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលប្រជាជនត្រូវការ ដើម្បីឲ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនរស់នៅទីនោះ ដាំដុះ ធ្វើស្រែចំការ ឬធ្វើដំណាំឧស្សាហកម្ម ឬក៏ក្លាយទៅជាអ្នកដែលធ្វើរោងចក្រកែច្នៃ សិប្បកម្មកែច្នៃ បង្កើតឡើងនូវទីផ្សារ តំបន់ទេសចរណ៍នៅទីនោះ។ ប្រជាជនជារបងដ៏រឹងមាំបំផុតក្នុងការការពារជាតិ។ របងគេអាចលោតផ្លោះបាន វាយទម្លុះបានដោយរំសេវផ្ទុះ ឬការជីកផ្ដួល ប៉ុន្ដែប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន គឺយើងត្រូវតែធានាថា ពួកគាត់បានរស់នៅទីនោះដ៏សុខសាន្ដ ជាមួយនឹងការការពារផលប្រយោជន៍របស់ពួកគាត់។ យើងមិនត្រូវមើលស្រាលបញ្ហាទាំងនេះទេ។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតឱ្យបងប្អូនមានការប្រុងប្រយ័ត្នត្រិះរិះឲ្យបានគ្រាប់គ្រាន់។ បងប្អូនអាចចូលមើលឯកសារតាមវែបសាយរបស់ក្រសួងពាណិជ្ជកម្ម តើមានកន្លែងណាដែលនិយាយទាក់ទិននឹងការកាត់ដីទៅឲ្យវៀតណាម? មានកន្លែងណាដែលថាយកដី និងយកធនធានធម្មជាតិរបស់កម្ពុជាទៅដាក់ជាសម្បត្ដិរបស់រួម? គ្មានទេ។
យើងមានតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវា ការតភ្ជាប់ រឿងសេដ្ឋកិច្ច សង្គម ជាដើម។ បងប្អូន! ការញុះញង់ពីខាងក្រៅអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្ដែបងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់នៅពេលដែលខ្លួនកំពុងស្ថិតនៅទីនេះ(ជាក់ស្តែងឡើយ)។ ខ្ញុំសូមអំពាវនាវចំពោះបងប្អូន កុំដើរឆ្លងផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្ដួលរំលំ ដូចដែលពួកឧទា្ទមក្រៅច្បាប់បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃកន្លងទៅនេះ ដែល(ការធ្វើដូចនោះនឹង)ចាប់បង្ខំឲ្យរាជរដ្ឋាភិបាលត្រូវតែយកវិធានការចាំបាច់ទប់ស្កាត់អាណាធិបតេយ្យដែលបង្កចលាចលក្នុងសង្គម។ យើងគ្មានជំរើសទេ។ ជំរើសដែលនៅសេសសល់គឺការពារសន្ដិភាព ស្ថិរភាពនយោបាយ និងជីវិតរបស់ប្រជាជនយើង។ យើងហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាង ទោះដោយតម្លៃណាក៏ដោយ ដើម្បីធានាថាប្រជាជនរស់នៅក្នុងសុខសន្ដិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងទទួលរងផលប៉ះពាល់ពីកត្ដាខាងក្រៅ។
សូមបងប្អូនចាំនិងរំលឹកខ្លួនឯង ហើយអ្នកដែលនៅក្នុងក្រុមនេះ យើងបានស្គាល់មុខសញ្ញារួចហើយ។ សូមកុំភាន់ច្រលំថារាជរដ្ឋាភិបាលមិនដឹង។ សូម្បីតែខ្ញុំ ក៏បានអង្គុយស្ដាប់និងមើលសាររបស់អ្នកទាំងអស់គ្នាដែលបានបញ្ចេញមក។ សារដែលបញ្ជូនពីខាងក្រៅបាននិងកំពុងញុះញង់ឲ្យបងប្អូនខាងក្នុងទទួលយកការវិនាសមួយដែលពិបាកនឹងស្រោចស្រង់។ នេះមិនមែនជាការគំរាមទេ។ ជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិនិងប្រជាជន។ យើងមិនអាចទុកឲ្យមនុស្សប៉ុន្មាននាក់បំផ្លាញសេចក្ដីសុខរបស់ប្រជាជនជាង ១៧លាននាក់ បានឡើយ។
[១៦] មានអ្នកខ្លះឃើញហេតុការនៅបង់ក្លាដែស ក៏តាំងប្រៀបធៀបហេតុការណ៍មកក្នុងប្រទសកម្ពុជា។ សូមសាកល្បងមើល។ ប្រសិនបើអាចចាត់ទុកថាខ្លួនអ្នកជាអ្នកខ្លាំង សូមអញ្ជើញសាកល្បង ហើយអ្នកនៅក្រៅប្រទេសក៏សូមអញ្ជើញមកដឹកនាំចលនា និងបញ្ជាចលនា សំរាប់ការផ្ដួលរំលំមួយនេះ។ តើអ្នកហ៊ានធ្វើកិច្ចការងារនេះទេ ក្រៅតែពីធ្វើបាតុកម្ម? … បាតុកម្មនៅកូរ៉េ នៅជប៉ុន នៅអាមេរិក ឬនៅប្រទេសក្រៅ ជារឿងអ្នកដែលរស់នៅប្រទេសក្រៅ។ មិនមានបញ្ហាទេ។ ក៏ប៉ុន្តែ អ្នកនៅខាងក្នុងគឺជាអ្នកដែលទទួលរងនូវផលវិបាក។ ខ្ញុំមិនមែនគំរាមបងប្អូនទេ។ ប៉ុន្តែ រដ្ឋាភិបាលប្រទេសណាក៏ដោយត្រូវតែមានវិធានការជាចាំបាច់។ ឧទាហរណ៍ ការធ្វើកុបកម្មនៅប្រទេសអង់គ្លេស(ខណៈនេះ) ត្រូវបានទប់ស្កាត់ទៅដោយកម្លាំងប្រដាប់អាវុធរបស់អង់គ្លេស គឺប៉ូលីសដែលមានប្រដាប់អាវុធ។ តើរដ្ឋាភិបាលកម្ពុជាសុខចិត្តឲ្យសភាពការណ៍លែងគ្រប់គ្រងបានឬយ៉ាងណា?
អ្នកខ្លះ ថែមទាំងគំរាមថាជិតដល់ពេលហើយសម្រាប់ ហ៊ុន សែន។ ពាក្យនេះខ្ញុំបានឮតាំងពីទសវត្សរ៍ទី៨០ ជាការគំរាមកំហែងរបស់ខ្មែរក្រហមមកលើខ្ញុំ។ ទសវត្សរ៍ទី៩០ ក៏ឮសម្លេងនេះទៀត ជាបន្តបន្ទាប់ … ប៉ុន្មានថ្ងៃនេះក៏ឮសូរសម្លេងនេះទៀត។ អ្នកត្រូវប្រមើលមើលភាពរឹងមាំ ការឈរជើង និងការគាំទ្ររបស់ប្រជាជនចំពោះទឹកដីដ៏កំសត់ ជាមួយនឹងការដឹកនាំរបស់ខ្ញុំ ក៏ដូចជារបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ហ៊ុន សែន មិនទាន់អស់អំណាចទេ។ ហ៊ុន សែន នៅសល់អំណាចក្នុងនីតិបញ្ញត្តិ ក៏ដូចជាអំណាចរបស់គណបក្សប្រជាជន ដែលត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន ដែលខ្លួនបានសន្យាការពារសន្តិភាព ស្ថិរភាពខាងនយោបាយ និងសេចក្តីសុខជូន។ រាជរដ្ឋាភិបាល នឹងចាត់គ្រប់វិធានការដើម្បីរក្សាឲ្យខានតែបាននូវសុខសន្តិភាព អាយុ ជីវិត របស់ប្រជាជន។
[១៧] ខ្ញុំបាននិយាយច្រើនហើយ។ សង្ឃឹមថាអ្នកទាំងអស់គ្នាស្តាប់ខ្ញុំ ហើយមិនលុប(ឃ្លីបទាំងនេះ)ទេ។ ដើម្បីចៀសវាងការលុបនៅក្នុង group របស់អ្នកទាំងអស់គ្នា ខ្ញុំក៏នឹងផ្សាយតាមប្រព័ន្ធ telegram របស់ខ្ញុំ ដើម្បីកុំឲ្យមានការបន្លំកាត់តសម្លេងរបស់ខ្ញុំបាន។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនអំពាវនាវបងប្អូន ដែលខ្វះការពិចារណាឲ្យពិចារណាឡើងវិញ។
[១៨] សូមបញ្ជាក់បន្ថែមថា នៅទីនេះត្រូវបែងចែងឲ្យច្បាស់រវាងអភិវឌ្ឍរួមនិងសហប្រតិបត្តិការ។ យើងមិនបានដាក់ដី ៤ខេត្តទៅក្នុងការអភិវឌ្ឍរួមទេ ហើយក៏គ្មានអ្នកណាគេធ្វើអញ្ចឹងដែរលើពិភពលោក។ យើងធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការ។ យើងមិនបានយក ៤ខេត្ត របស់យើងទៅដាក់រួមនៅក្នុងតំបន់ត្រីកោណនោះទេ។ ដីយើងៗ អភិវឌ្ឍដោយទឹកប្រាក់របស់យើង។ ដីយើងៗអភិវឌ្ឍដោយរកជំនួយនិងប្រាក់កម្ចីពីបរទេសមកអភិវឌ្ឍលើដីយើង។ ដីវៀតណាមក៏ដូចគ្នា ដីឡាវក៏ដូចគ្នា។ ខាងពួកគាត់រកប្រាក់របស់គាត់យកមកដាក់/អភិវឌ្ឍលើដីរបស់គាត់។ ទៅរកជំនួយនិងប្រាក់កម្ចីពីប្រទេសផ្សេង។ ខាងឡាវក៏ដូចគ្នា។ និយាយរួមគឺគ្មានការចែកផលរួមនៅទីនេះទេ។ ហ្នឹងជាចំណុចទី ១ ដែលសុំបញ្ជាក់ច្បាស់។
ប្រទេសនីមួយៗអនុវត្តនូវច្បាប់រៀងៗខ្លួន មិនអាចមានចលនាប្រជាជនឆ្លងកាត់ទៅមកតាមរបៀបខុសច្បាប់នោះទេ។ យើងមានកិច្ចសហប្រតិបត្តិការខាងឡាវនិងវៀតណាម អាចឆ្លងមកធ្វើទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ យើងអាចឆ្លងទៅទេសចរណ៍នៅប្រទេសវៀតណាម ដោយមានការសម្រួលគ្នាទៅវិញទៅមក ហើយមានបែបបទទៅវិញទៅមក ដោយមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលបងប្អូនអាចចូលទៅមើលបាននៅក្នុងគេហទំព័រក្រសួងពាណិជ្ជកម្ម។ នេះជាអ្វីដែលបងប្អូនអាចនឹងយល់បានពីចំណុចទាំងឡាយដែលត្រូវធ្វើ។
[១៩] បងប្អូនទាមទារឲ្យដកខេត្តទាំង៤ ចេញពីសហប្រតិបត្តិការអភិវឌ្ឍរួម។ ខ្ញុំបានប្រាប់ហើយថា គ្មានការអភិវឌ្ឍរួម ប៉ុន្តែមានកិច្ចសហប្រតិបត្តិការ។ បើមានកិច្ចសហប្រតិបត្តិការ តើយើងត្រូវដាក់កាំភ្លើងបាញ់គ្នារាល់ថ្ងៃរវាងកម្ពុជាវៀតណាម រវាងកម្ពុជាជាមួយឡាវ ឬយ៉ាងណា? យើងត្រូវតែមានមិត្តភាពជិតខាងល្អ ហើយខិតខំបោះបង្គោលតាមព្រំដែនឲ្យបានចប់និងហើយស្រេច ដូចដែលបាននិងកំពុងបោះបន្ត ដោយនៅសល់ ១៦ ភាគរយទៀត។ យើងត្រូវតែធ្វើការអភិវឌ្ឍក្នុងទឹកដីរបស់យើង ដើម្បីឲ្យប្រជាជនយើងមានលទ្ធភាពការពារដីធ្លីរបស់គាត់ ទ្រព្យសម្បត្តិរបស់គាត់តាមព្រំដែន។ នោះហើយជាកម្លាំងពិតប្រាកដនៃកិច្ចការពារព្រំដែនរបស់យើង។
[២០] បងប្អូនទាមទារឲ្យធ្វើរបង។ ខ្ញុំបានបញ្ជាក់ហើយ។ នៅលើពិភពលោក តើមានការធ្វើរបងប៉ុន្មានកន្លែងទៅ? … បើសិនជាមានលុយធ្វើរបង គប្បីយើងត្រូវ(យកលុយនោះទៅ)ធ្វើផ្លូវឲ្យល្អតាមព្រំដែន ទាំងខ្សែក្រវ៉ាត់ព្រំដែននិងផ្លូវពាណិជ្ជកម្ម ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ធ្វើផ្ទះឲ្យបានល្អៗ សម្រាប់ប្រជាជនរស់នៅតាមព្រំដែននោះទើបជាការត្រឹមត្រូវជាង។ បង្កើនកិច្ចសហប្រតិបត្តិការផលិតឲ្យបានច្រើនដើម្បីនាំចេញទៅវៀតណាមដែលមានប្រជាជនជាង ១០០លាននាក់ និងទៅកាន់ប្រទេសឡាវ។ ទោះបីថាឡាវប្រជាជនតិចជាងយើង តែយើងក៏មានទីផ្សារមួយនៅជិតខាងខ្លួន។ យើងផលិតឲ្យបានល្អដើម្បីនាំចេញទៅប្រទេសថៃដែលមានប្រជាជនប្រមាណ ៧០លាននាក់ ហើយក៏ជាទីផ្សារមួយរបស់យើងផងដែរ។ នេះហើយជារបៀបអភិវឌ្ឍ។
យើងត្រូវប្រែក្លាយខ្សែព្រំដែនឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រសើរជាងការវាយគ្នាដូចក្នុងទសវត្សរ៍៦០ និងទសវត្សរ៍៧០ ដែលប្រជាជនមិនអាចរស់នៅតាមព្រំដែនបាន។ ឥឡូវប្រជាជនយើងកំពុងធ្វើស្រែចំការ រហូតទៅដល់មានសេវាកម្មផ្នែកទេសចរណ៍ កាស៊ីណូ នៅតាមតំបន់ព្រំដែន។ តើឲ្យពួកគាត់រត់សាជាថ្មីម្តងទៀត ឬឲ្យពួកគាត់រស់នៅ(ដោយសុខសាន្តនិងអភិវឌ្ឍន៍)? សូម្បីតែបងប្អូនមួយចំនួនដែលចូលរួមបាតុកម្មនៅឯប្រទេសក្រៅ ក៏មានបងប្អូនមួយចំនួនមានសាច់ញាតិបងប្អូននៅក្នុងប្រទេស ហើយនៅកៀកខ្សែព្រំដែន។ តើឲ្យពួកគាត់រត់លូនសាជាថ្មីម្តងទៀត បោះបង់ចោលផ្ទះសំបែង ដីធ្លីសារជាថ្មីម្តងទៀត ដូចសង្រ្គាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ និងពី ១៩៧៥ ដល់ឆ្នាំ ១៩៧៩ (ឬដូចម្តេច)។
[២១] យើងត្រូវប្រឹងប្រែងដោះ/បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន ដែលមានមនុស្ស(រស់នៅ)។ អ្នកខ្លះបាននិយាយភូតកុហកថានៅតំបន់ត្រីក្រោណនេះគ្មានមីន គ្មានគ្រាប់មិនទាន់ផ្ទុះ។ នេះជារឿងឆោតល្ងង់ដែលពិបាកនឹងយល់។ នោះគឺលោកប្អូន James sok តែម្ដង ដែលនិយាយរឿងនេះ។ លោកប្អូនបានដឹងទេថានៅក្នុងរយៈពេលនៃការទម្លាប់គ្រាប់បែករបស់អាមេរិក ដំបូងបំផុតគឺនៅតំបន់ដាក់ដាំ បន្ទាប់ទៅតំបន់ទាំងនោះត្រូវបានទម្លាក់គ្រាប់ណាប៉ាល្ម និងគ្រាប់បែកចង្កោម ពីយន្តហោះ B៥២។ យើងបានធ្វើដោយមានការប្រុងប្រយ័ត្ន។ សូម្បីតែធ្វើផ្លូវសព្វថ្ងៃនេះ ត្រូវធ្វើផ្លូវផងនិងរាវដោះមីន និងគ្រាប់មិនទាន់ផ្ទុះផង។
តាមបណ្ដោយផ្លូវជាតិលេខ៧ ពីព្រំដែនឡាវមកទល់នឹងខេត្តក្រចេះ យើងត្រូវដោះមីននៅតាមក្បែរផ្លូវនិងគម្លាតចេញពីផ្លូវរហូតទៅដល់ ៦០០ម៉ែត្រសងខាង។ យើងរកឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន។ នៅសម័យ ប៉ុល ពត ក៏បានដាក់គ្រាប់បែកយ៉ាងច្រើននៅតាមព្រំដែន។ ដូច្នេះ មិនថាតែនៅតាមព្រំដែនទេ នៅក្នុងទឹកដីខ្មែរ ក៏យើងត្រូវចំណាយដើមទុនក្នុងការដោះមីនដែលនៅសេសសល់។ ការដ្ឋានធ្វើផ្លូវ ស្ពាននីមួយៗ សុទ្ធតែត្រូវរាវមីន។ សូម្បីតែស្ពានអ្នកលឿង នៅពេលដែលជប៉ុនមកធ្វើ យើងមុជទឹកដើម្បីយកគ្រាប់ចេញពីទន្លេមេគង្គមុនពេលដែលជប៉ុនចាប់ផ្ដើម។ ក្នុងពេលដែលជប៉ុនចាប់ផ្ដើម យើងក៏ត្រូវតែក្រុមអ្នកមុជទឹកដើម្បីស្វះស្វែងរកគ្រាប់មីនបន្ត ក្រែងលោមានគ្រោះថ្នាក់ទៅដល់ការដ្ឋាននៃការកសាងស្ពាននេះ។
[២២] បងប្អូននៅក្នុងក្រុម “រួបរួមដើម្បីជាតិ” ទាំងឡាយ! ខ្ញុំសូមអំពាវនាវសាជាថ្មី។ សូមបងប្អូនបោះបង់ចោលគំនិតទទួលយកការញុះញង់ដ៏អាក្រក់ពីពួកដែលចង់ផ្ដួលរំលំ(រាជរដ្ឋាភិបាលស្របច្បាប់)។ ពាក្យដែលថាការផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ វាស្មើនឹងការធ្វើរដ្ឋប្រហារមួយ។ ដូច្នេះ រដ្ឋាភិបាលមិនអាចយោគយល់បានទេ។ យើងត្រូវតែធ្វើសកម្មភាពការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ទង្វើណាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវតែចាត់វិធានការឱ្យស្របទៅតាមច្បាប់របស់ប្រទេស។ អ្នកអាចប្រមាថខ្ញុំ ប្រមាថប្រជាជនជាង ១៧លាននាក់នៅក្នុងប្រទេស ប៉ុន្តែអ្នកមិនត្រូវភ្លេចថាការប្រមាថរបស់នឹងបានក្លាយជាទណ្ឌកម្មសម្រាប់ពួកអ្នកទៅវិញ។ ខ្ញុំមិនបានគំរាមកំហែងទេ។ ខ្ញុំគ្រាន់តែរំលឹកអ្នកទាំងឡាយអោយបញ្ឈប់ផែនការបាតុកម្ម និងការអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធអោយបំបែរកាណុង ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលទៅ។
អ្នកនៅក្នុងគ្រូប “រួបរួមដើម្បីជាតិ” ក្នុងទីនេះ ក៏ល្មមឈប់ផងដែរ។ ប្រសិនបើមានការចាប់ចងឬនាំខ្លួនចូលមកកាត់ទោស សូមទទួលយកទៅតាមយថាកម្មរបស់អ្នកចុះ។ ម៉ោងនេះពេលនេះ ក្រៅពីអ្នកដែលបានចាប់ខ្លួនរួចហើយ អ្នកដែលមិនទាន់បានចាប់ខ្លួន យើងនឹងលើកលែងឱ្យ ប្រសិនបើអ្នកទាំងនោះដកខ្លួនចេញ ហើយឈប់ចូលរួមក្នុងក្រុម “រួបរួមគ្នាដើម្បីជាតិ” … យើងបានថត(សម្លេងទុក)អស់ហើយ មាននៅក្នុងទូរស័ព្ទរបស់ខ្ញុំ។ ខ្ញុំបាន forward ចេញទៅទុកនៅកន្លែងមួយផ្សេង ដែលអ្នកទាំងឡាយមិនអាចលុបចោលទាំងអស់បានទេ។ មិនមែនមានតែខ្ញុំម្នាក់ទេ។ មន្ត្រីមានសមត្ថកិច្ចក៏បាន forward ទៅទុកដែរ។ សម្លេងរបស់អ្នកណា សំណេររបស់អ្នកណា គឺមានស្រេចក្នុងនេះ។
សូមអ្នកទាំងអស់គ្នាចាំថា អ្នកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលក៏មានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជនជាបន្តទៀត។ សូមឱ្យបងប្អូនកូនក្មួយទាំងឡាយទទួលស្ដាប់ការពន្យល់របស់ខ្ញុំ។ ប្រសិនបើបងប្អូននៅតែមិនយល់ បងប្អូនអាចដាក់ចេញជាសំណួរមក ដើម្បីធ្វើការបញ្ជាក់។ ប៉ុន្តែ អ្វីដែលសំខាន់បងប្អូនត្រូវឆែកមើលឯកសារ។ សម័យនេះ មិនមែនជាសម័យដែលបងប្អូន(ត្រូវធ្វើដំណើរ)មកកាន់ក្រសួងពាណិជ្ជកម្ម(ដើម្បីរកឯកសារ)ទេ។ បងប្អូនបើកមើលនៅក្នុងគេហទំព័រនៃក្រសួងពាណិជ្ជកម្ម បងប្អូនអាចឃើញអ្វីៗគ្រប់យ៉ាង សេចក្ដីថ្លែងការណ៍ទាំង១១លើក របស់កិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀងនានា ជំនួយស្មារតីនានា មាននៅទីនោះហើយស្រេច។ បងប្អូនកុំចាញ់បោកអ្នកដែលចង់បានអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ និងក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញ ដែលនឹងទទួលនូវផលវិបាកពិបាកប៉ាន់ស្មានបាន។
[២៣] សូមបន្ថែមថានេះគឺជាសារដែលខ្ញុំផ្ញើជូនអ្នកដែលនៅក្នុងក្រុមតេឡេក្រាម មានឈ្មោះថា “រួបរួមដើម្បីជាតិ” ដែលកាលពីមុននេះគឺមានឈ្មោះផ្សេងៗ និងរហូតដល់ដំណាក់កាលចុងក្រោយនេះ ប្រើឈ្មោះត្រឹម “រួបរួមដើម្បីជាតិ” ដែលមានគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលដោយប្រើកម្លាំង រាប់ទាំងកម្លាំងហិង្សាមហាជន និងកងកម្លាំងប្រដាប់អាវុធ ដែលពួកគេបានញុះញង់ដើម្បីប្រើប្រាស់។ សូមអរគុណសាជាថ្មីម្ដងទៀត៕