Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៣

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ អាស៊ាន | ASEAN 340
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៣ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៣

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហា​ប​វ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​-អង្គការ​សហប្រ​ជាជាតិលើកទី១៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣នេះ ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូ​នេស៊ី និងជាប្រធានអាស៊ាន និងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិន​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាង​កើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេត​ការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

សូមបញ្ជាក់ថា ទំនាក់ទំនងរបស់អាស៊ាន (ASEAN) ជាមួយអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ តាមរយៈកិច្ចសហប្រតិបត្តិការដំបូង ជាមួយកម្មវិធី​អភិ​វឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP)។ កម្មវិធីអនុតំបន់ ASEAN-UNDP ត្រូវបានចាប់​ផ្តើម​នៅឆ្នាំ១៩៧៧ ក្នុងគោលបំណងជួយអាស៊ាន ឱ្យកាន់តែប្រសើរឡើងជាមួយ​នឹងកិច្ចសហ​ប្រតិបត្តិការក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងសមាហរណកម្មរបស់ខ្លួន។ ប៉ុន្មានឆ្នាំមកនេះ អាស៊ាន បានបង្កើតទំនាក់ទំនងការងារជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗលើ​វិស័យ និងបញ្ហាដទៃទៀត។

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ត្រូវបានប្រារព្ធធ្វើឡើងដំបូងនៅទីក្រុងបាងកក នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០០០ នៅក្រៅសម័យប្រជុំលើកទី១០ នៃសន្និសីទអង្គការសហ​ប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ កិច្ចប្រជុំកំពូលអាស៊ាន​-អង្គការ​សហប្រជាជាតិលើកទី២ ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៥ នៅទីក្រុង​ញូវយ៉ក បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ ចំពោះគោលដៅ​របស់​អាស៊ានក្នុងការសម្រេចបានសហគមន៍អាស៊ាន ក៏ដូចជាការសម្រេចចិត្តរបស់ខ្លួនក្នុង​ការបង្កើត​ធម្មនុញ្ញអាស៊ាន។ អង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ចំពោះលទ្ធភាព ដែលអាស៊ានស្វែង​រកឋានៈជាអ្នកសង្កេតការណ៍ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។

អាស៊ានត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅ UNGA តាមរយៈការអនុម័តដំណោះ​ស្រាយ (A/RES/61/44) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៦។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ នៅទីក្រុងញូវយ៉ក បានបង្កើតភាពជាដៃគូ ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ត្រូវបានជំរុញបន្ថែមទៀត តាមរយៈការអនុម័តសេចក្តីប្រកាសរួមអាស៊ាន-អង្គការសហប្រជាជាតិ ស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ( Comprehensive Partnership) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៤ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី។ ផែនការសកម្មភាពរយៈពេល ៥ឆ្នាំដំបូង សម្រាប់រយៈពេល ២០១៦-២០២០ ត្រូវបានអនុម័តនៅក្នុងខែកញ្ញា ឆ្នាំ២០១៦។

UNGA បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការរំលឹកខួបលើកទី៥០ នៃអាស៊ាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក ដែលជាដំណោះស្រាយរំលឹកខួបលើកទី១ ដោយអង្គការក្នុងតំបន់ នៅចំពោះមុខ UNGA ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណោះស្រាយរយៈពេល ២ឆ្នាំស្តីពី «កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន» ត្រូវបានអនុម័តដោយឯកច្ឆន្ទដោយ UNGA ជាមួយនឹងដៃគូគាំទ្រ (co-sponsors) ចំនួន១២០ រួមទាំងប្រទេសមកពីសមាជិកអាស៊ានផងដែរ៕

អត្ថបទទាក់ទង