ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះផលប៉ះពាល់លើប្រជាពលរដ្ឋ និង ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះផលប៉ះពាល់លើប្រជាពលរដ្ឋ និង ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះផលប៉ះពាល់លើប្រជាពលរដ្ឋ និង ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើសកម្មភាពឈ្លានពានរបស់ភាគីថៃបានបង្កផលប៉ះពាល់ដល់សិទ្ធិ និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដូចម្តេចខ្លះ?
ចម្លើយ៖ សកម្មភាពរបស់ភាគីថៃ ដូចជា ការកាន់កាប់ទឹកដី ការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងទីតាំងសាសនា ការលួចទ្រព្យសម្បត្តិ និងការរារាំងមិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋាន បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅ និងបាត់បង់លទ្ធភាពរក្សាលំនឹងជីវភាព និងប្រកបរបរនៅក្នុងតំបន់របស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេស ស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាជនងាយរងគ្រោះស្រាប់ទៅហើយនោះ ត្រូវប្រឈមនឹងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
សំណួរទី២៖ តើរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិរបស់ប្រជាពលរដ្ឋ?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់មធ្យោបាយការទូត និងយន្តការអន្តរជាតិ ដោយធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិប្រជាពលរដ្ឋ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតតវ៉ាទៅស្ថាប័នសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីជូនដំណឹង និងស្នើឱ្យមានការតាមដានស្ថានការណ៍។ ជាមួយគ្នានេះ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដោយមិនបោះបង់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនឡើយ។
សំណួរទី៣៖ តើសហគមន៍អន្តរជាតិបានបង្ហាញការយកចិត្តទុកដាក់យ៉ាងដូចម្តេច ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា?
ចម្លើយ៖ ជុំវិញបញ្ហានេះ សហគមន៍អន្តរជាតិមិនបាននៅស្ងៀមនោះទេ ប៉ុន្តែបានបន្តតាមដាន និងបង្ហាញការយកចិត្តទុកដាក់តាមរយៈស្ថាប័ន និងតួអង្គអន្តរជាតិមួយចំនួន។ ជាក់ស្តែង អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភានៃបណ្តាប្រទេសនិយាយភាសាបារាំង (APF) សារព័ត៌មានអន្តរជាតិ និងតួអង្គមានឥទ្ធិពលលើបណ្តាញសង្គម បានបន្តលើកឡើងពីស្ថានភាពនៅតាមព្រំដែន និងផលប៉ះពាល់ដែលកើតមានចំពោះប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ពួកគេក៏បានជំរុញឱ្យមានការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ចំណែកការផ្សះផ្សាដោយបង្ខំក្រោមយន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកំពុងដំណើរការ ក៏ជាឧទាហរណ៍មួយនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះដំណោះស្រាយដោយសន្តិវិធីតាមយន្តការអន្តរជាតិដែលផ្តួចផ្តើមឡើងដោយកម្ពុជាផងដែរ៕





