អានសេះ៖ បើថៃជឿថាខ្លួនត្រូវ ហេតុអ្វីមិនទៅតុលាការយុត្តិធម៌អន្តរជាតិ?
ក្នុងវិវាទព្រំដែនរវាងរដ្ឋ និងរដ្ឋ ការពិតមិនត្រូវបានសម្រេចដោយកម្លាំងយោធា ឬការបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នោះទេ។ អ្វីដែលកំណត់ថា អ្នកណាត្រូវ ឬអ្នកណាខុស គឺច្បាប់អន្តរជាតិ ភស្តុតាងប្រវត្តិសាស្ត្រ និងការវិនិច្ឆ័យដោយស្ថាប័នយុត្តិធម៌អន្តរជាតិ។
ការបង្ហាញរបស់លោក ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិព្រំដែនកម្ពុជា បានបង្ហាញភស្តុតាងជាប្រព័ន្ធថា តំបន់អានសេះ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ ភស្តុតាងទាំងនោះមិនមែនជាការអះអាងដោយផ្ទាល់មាត់ទេ ប៉ុន្តែផ្អែកលើផែនទីផ្លូវការមាត្រដ្ឋាន ១/២០០,០០០ ដែលជាលទ្ធផលនៃការខណ្ឌសីមារបស់គណៈកម្មការឥណ្ឌូចិន–សៀម កំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនឆ្នាំ ១៩០៨ និង ១៩១៩ ព្រមទាំងការប្រៀបធៀបជាមួយផែនទី L7017 មាត្រដ្ឋាន ១/៥០,០០០ ដែលភាគីថៃគូសឡើងដោយឯកតោភាគី។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺសូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯង ក៏មិនបានគាំទ្រការអះអាងរបស់ខ្លួនទាំងស្រុងដែរ។ តាមការពន្យល់របស់អ្នកជំនាញកម្ពុជា ទីតាំងរូបសំណាកព្រះវិស្ណុដែលត្រូវបានបំផ្លាញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជាប្រមាណ ៥០០ ម៉ែត្រ ទោះវាស់តាមខ្សែបន្ទាត់ក្នុងផែនទី L7017 របស់ថៃក៏ដោយ។
ប្រសិនបើការវាស់វែងនេះត្រឹមត្រូវ នោះសំណួរមិនមែនស្ថិតនៅត្រង់ថា អ្នកណាសាងសង់អ្វី ឬអ្នកណាចូលទៅតំបន់ណាទៀតទេ។ សំណួរពិតប្រាកដគឺ តើសកម្មភាពឯកតោភាគីអាចបង្កើតអធិបតេយ្យភាពលើទឹកដីបានដែរឬទេ?
ចម្លើយគឺ មិនអាចបានទេ។
ច្បាប់អន្តរជាតិមិនទទួលស្គាល់ការប្រើកម្លាំង ឬការបង្កើត fait accompli ដើម្បីផ្លាស់ប្តូរព្រំដែនរដ្ឋឡើយ។ ការសាងសង់រូបសំណាក ការដាក់ទូរកុងតឺន័រ ឬការគូសផែនទីថ្មីដោយឯកតោភាគី មិនអាចលុបចោលសន្ធិសញ្ញា ផែនទីផ្លូវការ និងឯកសារប្រវត្តិសាស្ត្រដែលមានសុពលភាពបានទេ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រសិនបើការអះអាងរបស់ថៃពិតជាមានមូលដ្ឋានច្បាប់រឹងមាំ ដូចដែលខ្លួនតែងតែអះអាង ហេតុអ្វីបានជាមិនព្រមយកវិវាទនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?
សំណួរនេះមិនមែនកម្ពុជាជាអ្នកបង្កើតឡើងទេ ប៉ុន្តែជាសំណួរដែលសហគមន៍អន្តរជាតិអាចសួរបានដោយសមហេតុផល។
បើជឿថាខ្លួនត្រូវ ហេតុអ្វីត្រូវខ្លាចតុលាការ?
បើជឿថាផែនទីរបស់ខ្លួនត្រឹមត្រូវ ហេតុអ្វីមិនយកទៅឱ្យចៅក្រមអន្តរជាតិពិនិត្យ?
បើជឿថាភស្តុតាងរបស់ខ្លួនរឹងមាំ ហេតុអ្វីមិនអនុញ្ញាតឱ្យច្បាប់ជាអ្នកកាត់សេចក្តី?
ក្នុងនីតិរដ្ឋអន្តរជាតិ គ្មានរដ្ឋណាមួយអាចប្រកាសដោយខ្លួនឯងថា ខ្លួនជាម្ចាស់ទឹកដីនោះទេ។ អ្នកដែលមានសិទ្ធិកាត់សេចក្តី គឺតុលាការយុត្តិធម៌អន្តរជាតិ។ ការបដិសេធមិនយកវិវាទទៅកាន់តុលាការ ខណៈដែលបន្តបង្កើតស្ថានភាពថ្មីនៅលើដី អាចធ្វើឱ្យសាធារណជនអន្តរជាតិចោទជាសំណួរអំពីទំនុកចិត្តលើមូលដ្ឋានច្បាប់របស់ភាគីនោះ។
ផ្ទុយទៅវិញ កម្ពុជាបានបង្ហាញជំហរជាបន្តបន្ទាប់ថា វិវាទត្រូវដោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងតាមយន្តការដែលពិភពលោកទទួលស្គាល់។ នេះគឺជាវិធីដែលអាចធានាបានទាំងយុត្តិធម៌ ស្ថិរភាព និងសន្តិភាពយូរអង្វែង។
នៅក្នុងសម័យដែលព័ត៌មានផ្សព្វផ្សាយទៅដល់ពិភពលោកក្នុងរយៈពេលប៉ុន្មានវិនាទី ការឃោសនា ឬការគូសផែនទីដោយឯកតោភាគី មិនអាចជំនួសភស្តុតាង និងច្បាប់បានឡើយ។ ផែនទីផ្លូវការ កំណត់ហេតុប្រវត្តិសាស្ត្រ និងឯកសារច្បាប់នៅតែជាភាសាដែលតុលាការអន្តរជាតិយល់ និងទទួលស្គាល់។
បើថៃជឿថាខ្លួនត្រូវ មាគ៌ាដែលមានកិត្តិយស និងស្របច្បាប់បំផុត គឺការទៅតុលាការយុត្តិធម៌អន្តរជាតិ។ បើមិនហ៊ានទៅទេ សហគមន៍អន្តរជាតិមានសិទ្ធិសួរថា តើការអះអាងទាំងនោះ ពិតជារឹងមាំតាមផ្លូវច្បាប់ដូចដែលបានអះអាងមែនឬទេ?
នៅទីបញ្ចប់ អធិបតេយ្យភាពមិនអាចសម្រេចដោយកាំភ្លើង ឬការបង្កើត fait accompli បានឡើយ។ វាត្រូវសម្រេចដោយភស្តុតាង ប្រវត្តិសាស្ត្រ និងច្បាប់។ ហើយក្នុងចំណោមអ្នកទាំងអស់ មានតែតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ ដែលមានសិទ្ធិកាត់សេចក្តី។
-ដោយ លោកតា-






