ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តឈ្លានពាន និងការបង្កហេតុជាឯកតោភាគីរបស់ថៃ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តឈ្លានពាន និងការបង្កហេតុជាឯកតោភាគីរបស់ថៃ
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦
សំណួរទី ១៖ តើកម្ពុជាឆ្លើយតបយ៉ាងដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលតែងតែថា ថៃបានគោរពច្បាប់អន្តរជាតិ និងមិនបានបង្កើនភាពតានតឹង?
ចម្លើយ៖ ការអះអាងរបស់ភាគីថៃថា ខ្លួនគោរពច្បាប់អន្តរជាតិ និងមិនបង្កើនភាពតានតឹង គឺមិនស្របទៅនឹង សកម្មភាពជាក់ស្តែងដែលបានកើតឡើងនៅតាមបណ្តោយព្រំដែននោះឡើយ ពោលគឺថៃនិយាយផ្សេង ធ្វើផ្សេងដែលផ្ទុយគ្នាស្រឡះ។ ជាក់ស្តែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពឯកតោភាគីជាច្រើន ដូចជា ការបែងចែកដីដែលកំពុងមានវិវាទឱ្យប្រជាពលរដ្ឋថៃ ការដាក់ទូរកុងទីន័រ ការរាយបន្លាលួស ការកាន់កាប់ទឹកដីដោយខុសច្បាប់ ការគំរាមកំហែងដល់ជនស៊ីវិល ការឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ ក៏ដូចជាការលើកទង់ជាតិ និងសាងសង់រូបសំណាក នៅក្នុងតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
សកម្មភាពទាំងនេះបានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់ ដែលជាការបំពានទាំងស្រុងលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងដើម្បីបន្ធូរភាពតានតឹង ក៏ដូចជាស្មារតីនៃការរក្សាស្ថិរភាព និងការជៀសវាងការប្រឈមមុខដាក់គ្នា។ ដូច្នេះ បើយោងតាមសកម្មភាពជាក់ស្តែង អ្វីដែលភាគីថៃបាននិងកំពុងធ្វើគឺមិនមែនជាការអនុវត្តតាមគោលការណ៍ការពារខ្លួន ឬការមិនបង្កើនភាពតានតឹងនោះឡើយ។ ផ្ទុយទៅវិញ សកម្មភាពទាំងនេះជាការបង្ហាញពីការប៉ុនប៉ងបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ដោយឯកតោភាគី ដែលផ្ទុយពីច្បាប់អន្តរជាតិ និងមិនមែនជាសកម្មភាពការពារខ្លួននោះឡើយ។
សំណួរទី ២៖ ភាគីថៃតែងតែអះអាងថា បញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការទ្វេភាគី និងមិនគួរមានការបកស្រាយជាឯកតោភាគី។ តើកម្ពុជាឆ្លើយតបដូចម្តេចចំពោះការអះអាងនេះ?
ចម្លើយ៖ កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវការដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគី ដូចជា JBC, GBC និង RBC ដែលភាគីទាំងពីរបានឯកភាពគ្នា ហើយកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងយន្តការទាំងនេះជាបន្តបន្ទាប់។ ប៉ុន្តែ ការអនុវត្តសកម្មភាពជាក់ស្តែងដោយឯកតោភាគីនៅលើដីដោយភាគីថៃ ដូចជាការកាន់កាប់ ការសាងសង់សំណង់អចិន្ត្រៃយ៍ ឬការផ្លាស់ប្តូរស្ថានភាពដើមនៅតំបន់មានវិវាទ ច្បាស់ណាស់ គឺផ្ទុយនឹងស្មារតី និងគោលការណ៍នៃយន្តការទ្វេភាគីទាំងនេះ។
តាមអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និងគោលការណ៍ច្បាប់អន្តរជាតិ ភាគីទាំងពីរត្រូវរក្សាស្ថានភាពដើម (status quo) រហូតដល់មានការឯកភាពគ្នាជាផ្លូវការ។ ដូច្នេះ សកម្មភាពណាមួយដែលបង្កការផ្លាស់ប្តូរស្ថានភាពនេះ មិនអាចយកមកអះអាងថាជាការអនុវត្តក្នុងក្របខ័ណ្ឌទ្វេភាគីបានឡើយ។ ក្នុងន័យនេះ កម្ពុជាសង្កត់ធ្ងន់ថា ការគោរពយន្តការទ្វេភាគី ត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែងនៅលើដី និងការអនុវត្តដោយស្មោះត្រង់ មិនមែននិយាយតែមាត់ប៉ុណ្ណោះទេ។
សំណួរទី ៣៖ តើកម្ពុជាឆ្លើយតបយ៉ាងដូចម្តេច ចំពោះការអំពាវនាវរបស់ភាគីថៃឱ្យជៀសវាងការផ្សព្វផ្សាយ ព័ត៌មានឯកតោភាគី និងរក្សាទំនុកចិត្តគ្នាទៅវិញទៅមក?
ចម្លើយ៖ កម្ពុជាយល់ស្របថា ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ហើយជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ពិតជាមានភាពចាំបាច់នៅក្នុងស្ថានភាពដ៏រសើបនេះ។ ទោះយ៉ាងណា ទំនុកចិត្តមិនអាចកើតមានឡើងបានតាមរយៈការអំពាវនាវតែមាត់ប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវផ្អែកលើការអនុវត្តជាក់ស្តែងដែលស្របតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។
នៅក្នុងបរិបទបច្ចុប្បន្ន ការបន្តសកម្មភាពឯកតោភាគីនៅតាមបណ្តោយព្រំដែន ខណៈដែលមានការអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត អាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តរវាងភាគីទាំងពីរ។ ដូច្នេះ ការពង្រឹងទំនុកចិត្តគួរចាប់ផ្តើមចេញពីការគោរពឱ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងដែលមានស្រាប់ ការបញ្ឈប់សកម្មភាពដែលអាចបង្កភាពតានតឹង និងការបង្កើនភាពថ្លៃថ្នូរនៃការសហការគ្នា។ កម្ពុជាបន្តប្តេជ្ញាចិត្ត ដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ហើយជំហរការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដី មិនអាចធ្វើសម្បទានបានឡើយ៕






