ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ
លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរបស់ថៃនៅតំបន់បង្គោលព្រំដែនលេខ២៦?
ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានកាប់ឆ្ការព្រៃ រាយបន្លាលួស និងបន្តរុលចូលមកក្នុងទឹកដីកម្ពុជានៅតំបន់បង្គោលព្រំដែនលេខ២៦ ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា ជាសកម្មភាពឯកតោភាគីដែលរំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជាយល់ថា សកម្មភាពទាំងនេះមិនរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង ហើយផ្ទុយនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការរួមទៀតផង។ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
សំណួរទី២៖ តើសកម្មភាពទាំងនេះរបស់ថៃបានរំលោភលើកិច្ចព្រមព្រៀងអ្វីខ្លះ?
ចម្លើយ៖ កម្ពុជាយល់ថា សកម្មភាពខាងលើបានរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ព្រមទាំងផ្ទុយនឹងចំណុចទី១ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពឱ្យការវាស់វែង និងបោះបង្គោលព្រំដែន ត្រូវអនុវត្តតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងយន្តការរួមរវាងប្រទេសទាំងពីរ មិនមែនតាមរយៈសកម្មភាពឯកតោភាគីឡើយ។





