Grand News Asia Close

ដល់​ពេល​ត្រូវ​គោរព​តាម​កិច្ច​ព្រមព្រៀង៖ អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង មួយឆ្នាំ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ​

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1015
ដល់​ពេល​ត្រូវ​គោរព​តាម​កិច្ច​ព្រមព្រៀង៖ អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង មួយឆ្នាំ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ​ ដល់​ពេល​ត្រូវ​គោរព​តាម​កិច្ច​ព្រមព្រៀង៖ អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង មួយឆ្នាំ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ​

សេចក្តី​សង្ខេប​៖ អ្នកវិភាគ​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការសម្របសម្រួល​របស់​សហរដ្ឋអាមេរិក បន្ទាប់ពី​ការ​ប៉ះទង្គិច​តាម​ព្រំដែន​កម្ពុជា-ថៃ​កាលពី​ឆ្នាំមុន ដោយ​បង្ហាញ​ពី​ភាព​តានតឹង​ដែល​នៅតែ​បន្ត និង​ឧបសគ្គ​ដែល​នៅ​សេសសល់​ចំពោះ​សន្តិភាព​។

មួយឆ្នាំ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ បន្ទាប់ពី​ការ​ប៉ះទង្គិច​តាម​ព្រំដែន​ក្នុង​ឆ្នាំ​២០២៥ អ្នក​ជំនាញ​នៅ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​ជំរុញ​ឱ្យ​ភាគី​ថៃ​គោរព និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​។

បទ​ឈប់​បាញ់​លើកដំបូង​ត្រូវ​បាន​សម្រេច​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​ជាច្រើន​ថ្ងៃ​នៅ​តាម​ព្រំដែន​។ កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​សម្របសម្រួល​ដោយ​ម៉ាឡេស៊ី ដោយ​មានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​បញ្ចប់​អរិភាព និង​ស្ដារ​ស្ថិរភាព​ឡើងវិញ​។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Marco Rubio បាន​ស្វាគមន៍​បទ​ឈប់​បាញ់​នេះ ដោយ​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​បញ្ចប់​អំពើ​ហិង្សា និង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការសម្របសម្រួល​របស់​ម៉ាឡេស៊ី​។

ប៉ុន្តែ ភាព​តានតឹង​បាន​ផ្ទុះឡើង​វិញ​នៅ​ចុងឆ្នាំ​២០២៥ ដែល​នាំ​ឱ្យ​មានការ​ប៉ះទង្គិច​ជា​ថ្មី​។ នៅ​ថ្ងៃទី​២១ ខែ​ធ្នូ សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​អរិភាព ដកអាវុធធុនធ្ងន់ និង​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ​។ បទ​ឈប់​បាញ់​លើក​ទី​២ ត្រូវ​បាន​សម្រេច​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ​។

នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ សហរដ្ឋអាមេរិក​បាន​សាទរ​ចំពោះ​ការអនុវត្ត​កិច្ច​ព្រមព្រៀង និង​ការ​ដោះលែង​ទាហាន​កម្ពុជា​ចំនួន​១៨​នាក់ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ភាគី​ថៃ​អំឡុងពេល​ជម្លោះ​។

ស្ថានទូត​សហរដ្ឋអាមេរិក​បាន​លើកឡើង​កាលពី​ម្សិល​មិញ ដោយ​រំលេច​ពី​តួនាទី​របស់​ទីក្រុង​វ៉ាស៊ីន​តោន ជាពិសេស​ការសម្របសម្រួល​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការសម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ ដែល «បាន​បង្កើត​មធ្យោបាយ​ការទូត​សម្រាប់​បញ្ចប់​ការ​ប្រយុទ្ធ និង​គ្រប់គ្រង​បញ្ហា​ព្រំដែន​ដែល​មាន​ជា​យូរ​មក​ហើយ»។

ស្ថានទូត​បាន​បញ្ជាក់​ថា «ខណៈ​ដែល​ការងារ​នៅ​មិនទាន់​ត្រូវ​បាន​បញ្ចប់ កិច្ច​ព្រមព្រៀង​នេះ​នៅតែ​ផ្តល់​ឱ្យ​កម្ពុជា និង​ថៃ​នូវ​យន្តការ​ជាក់ស្តែង​សម្រាប់​កាត់បន្ថយ​ភាព​តាន​តឹង និង​ទប់ស្កាត់​ការវិលត្រឡប់​ទៅ​រក​ជម្លោះ ហើយ​សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សន្តិភាព​យូរអង្វែង»។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា កាលពី​ថ្ងៃទី​២៩ ខែកក្កដា បាន​រំលឹក​ឡើងវិញ​អំពី «ការ​ចាប់ដៃ​ដ៏​គ្រោះថ្នាក់​បំផុត» ដែល​បាន​កើតឡើង​ត្រឹមប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បទ​ឈប់​បាញ់​កាលពី​ខែកក្កដា​។

នៅ​ព្រឹក​ថ្ងៃដដែល​ខាងលើ មាន​សេចក្តី​រាយការណ៍​ថា ទាហាន​ថៃ​បាន​ចូល​ទៅ​ជិត​កងទ័ព​កម្ពុជា និង​ស្នើ​ឱ្យ​ចាប់ដៃគ្នា ដើម្បី​បង្ហាញ​ពី​ការ​ផ្សះ​ផ្សា និង​ការ​បញ្ចប់​អរិភាព​។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន កង​កម្លាំង​ថៃ​ត្រូវ​បាន​ចោទ​ថា បាន​ឡោមព័ទ្ធ និង​ចាប់ខ្លួន​ទាហាន​កម្ពុជា​ទាំងនោះ​។

ក្នុងចំណោម​ទាហាន​កម្ពុជា​ចំនួន​២០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន មាន​១៨​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ម្នាក់​ត្រូវ​បាន​សម្លាប់ និង​ម្នាក់​ទៀត​អាច​រត់គេច​ខ្លួន​បាន​។ ទាហាន​ទាំង​១៨​នាក់ ត្រូវ​បាន​ឃុំ​ទុកជា​ឈ្លើយ​សង្គ្រាម រហូតដល់​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ តាមរយៈ​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​។

លោក នេត្រ ភក្ត្រា បាន​លើកឡើង​ក្នុង​សារបង្ហោះ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី​២៩ ខែកក្កដា ថា «ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ចម្ងល់​យ៉ាង​ខ្លាំង​។ ប្រសិនបើ​បទ​ឈប់​បាញ់​បាន​ចូលជាធរ​មាន​រួចហើយ ហើយ​ការ​ប្រយុទ្ធ​បាន​បញ្ចប់ តើ​ការ​ឃុំខ្លួន​ទាហាន​ដែល​ស្ថិត​នៅក្នុង​តំបន់​ដែល​កម្ពុជា​ចាត់ទុក​ថា​ជា​ផ្នែក​នៃ​អធិបតេយ្យភាព​របស់​ខ្លួន អាច​ចាត់ទុក​ដោយ​ស្របច្បាប់​ថា​ជា​ការ​ចាប់​ឈ្លើយ​សង្គ្រាម​បាន​ដែរ​ឬទេ? »

លោក​បាន​បន្ត​ថា «តាម​ទស្សនៈ​របស់​កម្ពុជា នេះ​មិនមែន​ជា​ការ​ចាប់ខ្លួន​នៅ​លើ​សមរភូមិ​ក្នុង​ពេល​កំពុង​ប្រយុទ្ធ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ វា​គឺជា​ការ​ប្រើប្រាស់​ទំនុកចិត្ត​ដែល​កើតមាន​ក្រោម​បទ​ឈប់​បាញ់ ដើម្បី​ឈាន​ទៅ​ឃុំ​ខ្លួន​ទាហាន​កម្ពុជា​។ ការ​ឃុំខ្លួន​អស់រយៈពេល​ជាង​ប្រាំ​ខែ បាន​បង្ក​ឱ្យ​មានការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដល់​ទាហាន​ទាំងនោះ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ និង​សង្គម​កម្ពុជា​ទាំងមូល»។

លោក​បាន​បន្ថែម​ថា ការ​ចាប់ដៃគ្នា​គួរតែ​ជា​និមិត្ត​រូប​នៃ​សន្តិភាព ការ​ផ្សះ​ផ្សា និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ប៉ុន្តែ​នៅពេល​វា​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​បោក​បញ្ឆោត​ដើម្បី​ឃុំខ្លួន​ទាហាន វា​បាន​ក្លាយជា​និមិត្ត​រូប​នៃ​ការក្បត់ និង​ការបាត់បង់​ទំនុកចិត្ត​។

លោក​បាន​បន្ត​ថា «ទង្វើ​បែប​នេះ​អាច​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចខិត​ខំ​កសាង​សន្តិភាព​នាពេល​អនាគត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ភាគី​ទាំងពី​រ»។

លោក​បាន​បន្ថែម​ថា «ដូច្នេះ ហេតុការណ៍​នេះ​ទាមទារ​ឱ្យ​មានការ​បំភ្លឺ​ប្រកបដោយ​តម្លាភាព ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ការ​ទទួលខុស​ត្រូវ​។ ទាំងនេះ​គឺ​ជា​កត្តា​ចាំបាច់ ដើម្បី​ធានា​ថា​ការ​ប្តេជ្ញា​ក្រោម​បទ​ឈប់​បាញ់​ត្រូវ​បាន​គោរព ថា​បុគ្គលិក​យោធា​ទទួល​បានការ​ការពារ​ស្របតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ដើម្បី​ធានា​ថា​ហេតុការណ៍​បែបនេះ​នឹង​មិន​កើត​ឡើង​ម្តងទៀត​ទេ»។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​សន្តិភាព​នៅក្នុង​តំបន់​។

លោក​បាន​បន្ត​ថា «សហរដ្ឋអាមេរិក​ប្តេជ្ញាចិត្ត​ចង់​ឃើញ​សន្តិភាព​នៅក្នុង​តំបន់ ហើយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ខ្ញុំ​គិតថា​ប្រហែល​គ្មាន​រដ្ឋបាល​អាមេរិក​ណាមួយ​ដែល​ប្តេជ្ញា​ចិត្ត​គាំទ្រ​ផលប្រយោជន៍​របស់​បណ្តា​ប្រទេស​លើ​បញ្ហា​ព្រំដែន​របស់​ពួកគេ ដូច​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ នោះ​ទេ»។

លោក​បាន​បន្ថែម​ថា កម្ពុជា​គួរ​បន្ត​ស្វែងរក​សន្តិភាព ព្រម​ទាំង​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​។

លោក​បាន​លើកឡើង​ទៀត​ថា «កម្ពុជា​គួរតែ​បន្ត​អាទិភាព​ទាំងពីរ​នេះ គឺ​សន្តិភាព និង​សន្តិសុខ​ព្រំដែន ហើយ​ក៏​គួរតែ​បន្ត​ជំរុញ​ឱ្យ​ប្រទេស​ថៃ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក» ដោយ​លោក​បាន​អះអាង​ថា យោធា​ថៃ​នៅតែ​បន្ត​រំលោភ​កិច្ច​ព្រមព្រៀង តាមរយៈ​វត្តមាន​របស់​ខ្លួន​នៅក្នុង​ទឹកដី​កម្ពុជា​។

លោក គិន ភា អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ បាន​មានប្រសាសន៍​ថា ជម្លោះ​នេះ​មាន​ឫសគល់​មក​ពី​ភាព​តានតឹង​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​បណ្តាល​ឱ្យ​មានការ​ផ្ទុះ​អាវុធ​ធំពីរ​លើក​ក្នុង​ឆ្នាំ​២០២៥​។

លោក​បាន​លើកឡើង​ទៀត​ថា «យើង​ឃើញ​ថា ក្នុង​រយៈពេល​មួយឆ្នាំ​នេះ ជម្លោះ​ព្រំដែន​មាន​ប្រភព​ចេញពី​មហិច្ឆតា​ជា​ប្រវត្តិសាស្ត្រ​របស់​ថៃ ដែល​មាន​ជា​យូរ​មក​ហើយ ក្នុង​ការ​ឈ្លានពាន​ប្រទេស​របស់​យើង»។

លោក​បាន​កត់សម្គាល់​ថា មាន​កិច្ចខិត​ខំ​ប្រឹងប្រែង​តាម​ផ្លូវការ​ទូត ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ ប៉ុន្តែ​នៅតែ​មាន​ឧបសគ្គ​ជាច្រើន​។

លោក​បាន​បន្ថែម​ថា «បញ្ហា​ចម្បង​គឺ​ភាគី​ថៃ​ខ្វះភាព​ស្មោះ​ត្រង់ ខ្វះ​ឆន្ទៈ និង​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងកស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ផ្អែក​លើ​យន្តការ​ការទូត និង​ច្បាប់​អន្តរជាតិ»។

លោក​បាន​បន្ត​ថា ភាព​តានតឹង​នៅតែ​បន្តមាន​នៅ​តាម​ព្រំដែន ដោយ​សារ​សកម្មភាព​បង្ក​ហេតុ ដែល​រារាំង​ការ​ដោះស្រាយ​ជម្លោះ ទោះបី​មាន​កិច្ចខិត​ខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ជា​បន្ត​បន្ទាប់ក៏​ដោយ​។

លោក​បាន​សង្កត់ធ្ងន់​ថា «សម្រាប់​កម្ពុជា យើង​តែងតែ​ប្រកាន់​ខ្ជាប់​យ៉ាងម៉ឺង​ម៉ាត់​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ យើង​ទទូច​ឱ្យ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​យន្តការ​ការទូត និង​ច្បាប់​អន្តរជាតិ»។

ចាប់តាំងពី​បទ​ឈប់​បាញ់ សហរដ្ឋអាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ចខិត​ខំ​ស្តារ​ឡើង​វិញ រួមមាន​ថវិកា​ចំនួន ១៥​លាន​ដុល្លារ​សម្រាប់​សហគមន៍​ដែល​បាន​ផ្លាស់ទី​លំនៅ និង ១០​លាន​ដុល្លារ​សម្រាប់​សកម្មភាព​ដោះមីន​។

ទោះបីជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ស្ថាន​ភាព​តាម​ព្រំដែន​វិល​មក​រកភាព​ប្រក្រតី​ឡើងវិញ​បាន​បន្ត​ពេញ​មួយ​ឆ្នាំ​២០២៦​ក៏​ដោយ សហគមន៍​មួយចំនួន​ដែល​បាន​ភៀសខ្លួន​នៅ​មិនទាន់​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ខ្លួន​វិញ​នៅឡើយ ខណៈ​ការពិភាក្សា​ផ្នែក​ការទូត​រវាង​ភាគី​ពាក់ព័ន្ធ​ក៏​នៅតែ​បន្ត​។

-Khmer Times-

អត្ថបទទាក់ទង