Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១ «ការចាប់កំណើត យុវភាព ស្នេហា និងការរំដោះជាតិ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 665
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១ «ការចាប់កំណើត យុវភាព ស្នេហា និងការរំដោះជាតិ» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១ «ការចាប់កំណើត យុវភាព ស្នេហា និងការរំដោះជាតិ»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ១ «ការចាប់កំណើត យុវភាព ស្នេហា និងការរំដោះជាតិ»

រាត្រីថ្ងៃពេញបូណ៌ ខែស្រាពណ៍ ឆ្នាំរោង ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២ ខណៈទឹកកំពុងឡើងខ្លាំងលិចខ្ពប លិចចម្ការ លិចផ្ទះអ្នកភូមិអ្នកស្រុក ក្នុងត្រកូលកសិករ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទារកឈ្មោះ ហ៊ុន បូណាល់ (សម្តេច ហ៊ុន សែន) បានចាប់កំណើតឡើង។ ឯកសារខ្លះបញ្ជាក់ថា បូណាល់ ប្រសូតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១។ ឆ្នាំរោង ជាទូទៅត្រូវគេសម្គាល់ថាជាឆ្ឆ្នាំដែលមានទឹកជំនន់ខ្លាំង តាមគ្រាមភាសាអ្នកភូមិស្រុកហៅថា ទឹកធំ គឺលិចភូមិ លិចស្រុក ស្ទើរទូទាំងប្រទេស។ លើកលែងតែឆ្នាំ២០១២នៃគ.ស. ឆ្នាំរោង ព.ស. ២៥៥៥ ដែលជាឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងចូលទិវង្គត ទឹកទន្លេ បឹងបួ មានទំហំតូចមែនទែន ស្ទើរមិនគួរជឿ។

ដើម្បីរម្លឹកនិងបញ្ចប់ចម្ងល់ និងមន្ទិលនានាជុំវិញសាវតារជាតិនេះ នៅល្ងាចថ្ងៃទី២ ខែមេសាឆ្នាំ២០២០ សម្តេច ហ៊ុន សែន សរសេរបង្ហោះនៅទំព័រហ្វេសប៊ុករបស់សម្តេចថា ឆ្នាំ២០២០ នេះ ជាខួបលើកទី៥០ ដែលសម្តេចប្រើប្រាស់ថ្ងៃទី៤មេសា ជាថ្ងៃកំណើត។ ខណៈនេះ ជាពេលវេលាសមស្របចំពោះការបកស្រាយ ដើម្បីដោះស្រាយចម្ងល់របស់ជនរួមជាតិមួយចំនួនដែលឆ្ងល់ថា ហេតុអីសម្តេចមានថ្ងៃកំណើតពីរ តើថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?

តាមពិតសម្តេចកើតម៉ោង១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស. ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសា ជាថ្ងៃកំណើតទៅវិញ ? សម្តេច ហ៊ុន សែន បញ្ជាក់ថា ៥០ឆ្នាំមុន គឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ សម្តេចចូលព្រៃម៉ាគី តស៊ូតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីប្រឆាំងពួកអ្នកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅ មេដឹកនាំបានឱ្យក្រុម សម្តេច ដែលមានគ្នាប្រហែលជាង៣០០នាក់ ធ្វើប្រវត្តិរូប។ សម្តេចដែលមិនចាំថ្ងៃខែកំណើតច្បាស់ ក៏សម្រេចយកថ្ងៃ ៤ មេសា ជាថ្ងៃដែលចូលតស៊ូ ធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២។ សម្តេចប្រើថ្ងៃខែឆ្នាំនេះ តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ទើបដូរឆ្នាំមកឆ្នាំ១៩៥១វិញ។

ចុះហេតុអ្វីដូរឆ្នាំពី១៩៥២ មក១៩៥១ វិញ?

បន្ទាប់ពីរំដោះកម្ពុជា ចេញពីរបបប៉ុល ពត ថ្ងៃ៧មករា ១៩៧៩ នៅថ្ងៃ៨មករា ១៩៧៩ កម្ពុជាបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង ហើយសម្តេចត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំផង។ ដូច្នេះការដូរពីឆ្នាំ១៩៥២ មក១៩៥១ មានហេតុផលពីរ។ ទី១ អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុរួចទៅហើយ។ ទី២ សម្តេចមិនព្រមកែតម្រូវ ដោយសារអាយុជាង២៦ឆ្នាំ ពិតជាក្មេងពេក បើធៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ។ ក្រោយមកពេលសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចក៏មិនព្រមកែទៀត ដោយសារពេលនោះសម្តេចក៏ទើបមានអាយុជាង៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើសកលលោកនាពេលនោះ។

នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃកំណើតទី៤ ខែមេសា ដែលសម្តេចរក្សាទុកថ្ងៃនេះ ជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលសម្តេចតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិ សម្តេចព្រះនរោត្តម សីហនុ។

តាមជំនឿអ្នកស្រុកតែងតែជឿថា ទារកកើតថ្ងៃអង្គារ គឺមានចរិតរឹងរូស ចចេសមិនចុះចាញ់អ្នកដទៃដោយងាយៗតែចិត្តល្អ។ ការចាប់កំណើតចំថ្ងៃពេញបូណ៌មី ជាពិសេសឆ្នាំរោង គេជឿថាជាមនុស្សមានប្រិយភាព មានបារមីខ្ពស់ មានអំណាច និងមានឥទ្ធិពលខ្លាំងក្លាប្រាជ្ញាវាងវៃ។ រោងតំណាងនាគរាជដ៏មានអំណាច ជាស្តេចសត្វក្នុងចំណោមសត្វពស់ទាំងអស់ ដែលតាមរឿងព្រេងនិទាន ការកកើតទឹកដីនៃប្រទេសជប៉ុន និងប្រទេសចិន គឺកើតឡើងដោយសារនាគរាជ ដូចនៅកម្ពុជាដែរ។ ការចាប់កំណើតរបស់ទារកម្នាក់នេះ គឺនៅមុនប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមមួយឆ្នាំ (កម្ពុជាឯករាជ្យថ្ងៃ៩ ខែវិច្ឆិកា១៩៥៣)។ ឪពុករបស់គេជាមនុស្សម្នាក់ ដែលតស៊ូបណ្តេញបារាំងចេញពីកម្ពុជា ដូចខ្មែរដទៃទៀតដែរ។ បារាំងចូលមកដាក់អាណាព្យាបាលនៅកម្ពុជា ថ្ងៃ១១សីហា ឆ្នាំ១៨៦៣ ក្នុងរជ្ជកាលព្រះបាទនរោត្តម គឺមុនការចាប់កំណើតរបស់ទារកនេះជាងមួយសតវត្សរ៍ (១១ សីហា ១៨៦៣-៥ សីហា ១៩៥២) គឺស្ថិតក្នុងខែសីហាដូចគ្នា ខុសតែសតវត្សរ៍ប៉ុណ្ណោះ។ ក្រោយមកនៅអំឡុងឆ្នាំ១៨៨៤ ដោយយល់ថាការមកជួយកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាងមិនទទួលផលអ្វី ឬធ្វើឱ្យបារាំងខាតបង់នោះ នៅខែសីហា បារាំងបានកែប្រែវិធីគ្រប់គ្រងពីទម្រង់អាណាព្យាបាល មកជាអាណានិគម ដោយដកហូតយកអំណាចសំខាន់ៗមួយចំនួនពីព្រះរាជា គឺព្រះបាទនរោត្តម។ បារាំងបានដាក់គំនាបបង្ខំទារពន្ធលើប្រជារាស្រ្ត និងពន្ធលើដីធ្លី។ ចំណែកឯជីតាទួតរបស់គាត់ គឺលោកតាទួត ហ៊ុន គឺជាមន្រ្តីជាន់ខ្ពស់បម្រើការងារនៅក្នុងព្រះបរមរាជវាំង ដែលមានងារដ៏ខ្ពង់ខ្ពស់មួយរូប។

ការចាប់កំណើតរបស់ទារកក៏មានអព្ភូតហេតុកើតឡើងដែរ ហើយដោយសារទារកថ្លោសខ្លាំង ជីដូនជីតា ឪពុកម្តាយ ក៏ដាក់ឈ្មោះឱ្យថា “ណាល់” ដែលមកពីគ្រាមភាសាខ្មែរមានន័យថា ធាត់ឡើងកាណាល់ គួរឱ្យស្រលាញ់ គួរឱ្យគ្រឺតខ្នាញ់។ ក្រោយមកពេលសិក្សាក៏មាននាមថា ហ៊ុន បូណាល់ មិនមែន ហ៊ុន កាណាល់ ទេ។ ពេលស្ថិតក្នុងកុមារភាព បូណាល់ ចុះឈ្មោះចូលរៀននៅសាលាបំពេញវិជ្ជាស្រុកស្ទឹងត្រង់។ ស្រុកកំណើតរបស់ បូណាល់ ស្ថិតនៅលើជម្រាលដីខ្ពបប្របមាត់ទន្លេមេគង្គផ្នែកខាងលើប្រឈមគ្នា ឬប្រឆាកគ្នាបន្តិចនឹងស្រុកក្រូចឆ្មារ ដែលជាទីកំណើតរបស់អតីតយុវតីល្បីល្បាញផ្នែកកីឡាបាល់បោះប្រចាំសាលា ឈ្មោះ ប៊ុន រ៉ានី (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន)។ ភូមិនោះក៏ស្ថិតនៅលើដីខ្ពប ទាបជាងខ្នងភ្នំជិត១០០ម៉ែត្រ ហើយដីតែងតែហូរបាក់ដោយសារទឹកហូរជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នហូរបាក់ព្រះវិហារវត្ត ធ្វើឱ្យភូមិនេះកាន់តូចទៅៗ។ ភូមិនេះនៅសណ្តូកបណ្តោយវែងស្របមាត់ទន្លេ ដែលគេអាចធ្វើដំណើរទៅដល់ខេត្តក្រចេះបាន។ ភូមិនេះតូចណាស់ ប្រៀបបាននឹងខ្នងទំនប់មួយវែង ត្រង់ភ្លឹង ដែលគេលើកធ្វើជាភ្លឺស្រែ តែនៅរដូវទឹកឡើងភូមិនេះត្រូវទឹកជន់លិច ដែលឆ្នាំខ្លះលិចត្រឹមភ្លៅ ឆ្នាំខ្លះលិចត្រឹមទ្រូងមនុស្សចាស់។ ផ្ទះអ្នកភូមិសង់នៅអមសងខាងផ្លូវក្រាលកៅស៊ូតូចល្មម ដែលរថយន្តសឹងតែមិនអាចចៀសគ្នាបាន ហើយប្រសិនបើមានប្រារព្ធពិធីបុណ្យ ឬមង្គលការ រថយន្ត ឬយានយន្តឆ្លងកាត់ប្រាកដជាមិនអាចទៅរួច។ តាំងពីដើមរៀងមកអ្នកស្រុកភូមិនេះ ប្រកបរបរតែនេសាទត្រី ដាំពោត សណ្ដែកដី អំពៅ និងថ្នាំជក់។ ដំណាំល្បីល្បាញជាងគេគឺថ្នាំជក់ និងពោតក្រហម តែបច្ចុប្បន្ននេះរបរដាំដំណាំផ្សេងៗកាន់តែថយទៅៗ ស្ទើរលែងមានអ្នកដាំ ដោយសារដីខ្ពបបាក់ច្រាំងអស់ និងមិនសូវមានទីផ្សារកសិផល។

បច្ចុប្បន្ន អ្នកភូមិពាមកោះស្នា ប្រកបរបរធ្វើស្រែជំនួសឱ្យការធ្វើចម្ការច្រើនជាង។ ផ្ទះដែលជាទីផ្តល់កំណើតដល់ បូណាល់ ត្រូវរុះរើជាញឹកញាប់ ឬយ៉ាងតិចបីដងដែរ ដើម្បីគេចចេញពីការបាក់ច្រាំងទន្លេនៅរដូវវស្សា ហើយបច្ចុប្បន្ន ផ្ទះនេះក៏កំពុងប្រឈមនឹងការរអិលធ្លាក់ទៅក្នុងទឹកដែលហូរយ៉ាងខ្លាំងនៅរដូវទឹកឡើងដែរ។ កាលពីខែកក្កដា និងសីហា ឆ្នាំ២០១៩កន្លងទៅ កម្លាំងទឹកហូរបានខួងយកបាតក្រោមនៃច្រាំងទន្លេ ធ្វើឱ្យគេហដ្ឋាននៃទីផ្តល់កំណើតរបស់ បូណាល់ កាន់តែប្រឈម ប៉ុន្ដែបានអាជ្ញាធរឃុំ ស្រុក និងខេត្ត អន្តរាគមន៍យកបាវខ្សាច់មកទប់ ទើបអាចកាត់បន្ថយការហូរច្រោះច្រាំងទន្លេទីនោះបាន និងអាចរក្សាគេហដ្ឋាននេះឱ្យនៅដដែល។

នៅមុនឆ្នាំ១៩៩០ ឬ២០០០ (ទសវត្សរ៍១៩៥០ ដល់ទសវត្សរ៍១៩៩០) នៅភូមិនេះ ហាក់ជាភូមិឃុំមួយដាច់សង្វែង រស់នៅឆ្ងាយពីទីរួមស្រុកស្ទឹងត្រង់ជាង២០គីឡូម៉ែត្រ បើធ្វើដំណើរពី ទីរួមស្រុកទៅ គឺត្រូវឆ្លងកាត់អគ្គនាកយដ្ឋានចម្ការកៅស៊ូបឹងកេត រួចបត់ចុះតាមខ្លោងទ្វារ ឬអាចចុះតាមច្រកខាងមុខផ្សេងមួយទៀតដែលមានច្រាំងចំណោតខ្លាំង និងវាងវង់បត់បែនច្រើនកន្លែង។ភូមិនេះគ្មានគមនាគមន៍ដើម្បីធ្វើដំណើរស្រួលទេ ហើយដើម្បីធ្វើដំណើរមកកាន់រាជធានី គឺត្រូវជិះរទេះគោ មកកាន់ទីរួមស្រុក ឬទីរួមខេត្តកំពង់ចាម ឬជិះកាណូត ឬកប៉ាល់ធំៗធ្វើពីឈើ ដែលត្រូវចំណាយពេលយ៉ាងតិចមួយថ្ងៃពេញឬបើយឺត ឬកប៉ាល់ខូច ត្រូវដេកយប់ទើបមកដល់រាជធានី។ កប៉ាល់ត្រូវរត់ទៅមកៗទាំងយប់ទាំងថ្ងៃដោយមានអាហារសម្រន់ ដែលម្ចាស់កប៉ាល់ផ្តល់ឱ្យអ្នកដំណើរគ្រប់រូប។ ម៉ាស៊ីនកប៉ាល់ គឺដើរដោយចំហាយទឹកដុតឧស មិនប្រើប្រេងដូចសព្វថ្ងៃទេ។ កប៉ាល់ខ្លះត្រូវចូលចតនៅកំពង់ចាមទើបបន្តដំណើរទៅមុខទៀត កប៉ាល់ខ្លះទៅភ្នំពេញតែម្តង។ ការដុតធ្យូង ឬឧស យកចំហាយទឹកដើម្បីប្រើប្រាស់ជាចំហេះម៉ាស៊ីន ធ្វើឱ្យនឹកឃើញទៅដល់កប៉ាល់ទេសចរណ៍ដ៏ល្បីល្បាញ ដែលត្រូវបំផ្លាញដោយផ្ទាំងទឹកកក គឺកប៉ាល់ទីតានិក (Titanic)។

“… កប៉ាល់ខ្លះ ត្រូវម្ចាស់ក្រុមហ៊ុនរៀបចំឱ្យមានកន្ទេល ខ្នើយ អង្រឹង ចំពោះអ្នកដំណើរមានកូនខ្ចីបំបៅដោះកូន។ អ្នកដំណើរអាចសម្រាន្តលើកាណូត ឬកប៉ាល់បានយ៉ាងស្ងប់សុខ គ្មានការរំខានពីអ្នកណាម្នាក់ឡើយ…” (បុរសវ័យជាង៧០ឆ្នាំម្នាក់និទានប្រាប់)។

នៅពេល បូណាល់ ធ្វើដំណើរមកបន្តការសិក្សានៅភ្នំពេញ ក៏គេជិះកាណូតធំៗទាំងនេះមកដែរ។ មិនថាពីកុមារភាព ឬបច្ចុប្បន្នទេ បូណាល់ គឺជាមនុស្សមានខួរក្បាលល្អ ពូកែចាំ។ អ្វីដែលបូណាល់ បានឆ្លងកាត់ គឺចងចាំជានិច្ច។

“… គាត់ពូកែចាំណាស់។ ខ្ញុំបានចេញពីភូមិតាំងពីសម័យរត់ចូលព្រៃ ហើយត្រូវខ្មែរក្រហមកៀរយកទៅនៅជំរំជាច្រើនឆ្នាំទៀត រហូតដល់ឆ្នាំ១៩៩១ ក្រោយកិច្ចព្រមព្រៀងប៉ារីស និងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរមកស្រុកវិញ ខ្ញុំបានជួបគាត់ម្តងនៅលើកប៉ាល់ (កាលនោះពីពាមកោះស្នា មកភ្នំពេញនៅជិះកប៉ាល់ ឬកាណូតនៅឡើយ) គាត់នៅចាំមុខខ្ញុំថាជាជីដូនមួយជាមួយគាត់។ គាត់បានអនុញ្ញាតឱ្យខ្ញុំ និងគ្រួសារជិះកាណូតមកភ្នំពេញជាមួយ និងផ្តល់ថវិកាឱ្យកូនប្រុសខ្ញុំ ម្នាក់៤ពាន់រៀល (ស្រ្តីវ័យ៦០ឆ្នាំម្នាក់ បញ្ជាក់ប្រាប់យើង ខណៈយើងបានមកដល់ឃុំពាមកោះស្នា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩)។ គាត់ពូកែចាំណាស់ អក្សរដែលសរសេរហើយ គាត់អានតែមួយត្រួស គឺគាត់ចាំហើយ មិនចាំបាច់អានច្រើនដងដូចគេទេ” (បុរសម្នាក់ទៀតបន្ថែម)។

ក្រោយពេលអាយុគ្រប់ចូលសិក្សា បូណាល់ (ឯកសារខ្លះសរសេរ ប៊ុនណាល់ តែសំណេររបស់ស្តេចនៅលើហ្វេសប៊ុកសរសេរ បូណាល់) ត្រូវគ្រួសារយកទៅចុះឈ្មោះសិក្សានឹងគេដែរ។ ការចូលរៀននាសម័យកាលនោះ នៅតំបន់ខ្លះគេមិនផ្តោតលើអាយុប៉ុន្មានទេ គឺគេយកលទ្ធផលនៃការវាស់ត្រចៀកផងដែរ។ បើដៃស្តាំវាស់រំលងពីលើក្បាលដល់ត្រចៀកឆ្វេង គឺអាចចូលរៀនបានហើយ។ បូណាល់ សិក្សានៅសាលាបំពេញវិជ្ជាស្រុកស្ទឹងត្រង់រយ:ពេល៦ឆ្នាំ មុននឹងទៅបន្តការសិក្សានៅភ្នំពេញ នៅវិទ្យាល័យឥន្រ្ទទេវី នាឆ្នាំ១៩៦៤ (ឯកសារខ្លះថា ឆ្នាំ១៩៦៥)។ ដើម្បីបន្តការសិក្សា បូណាល់ ត្រូវស្នាក់ក្នុងវត្តនាគវ័ន ដែលមានចៅអធិការវត្តព្រះនាមច្រែង គង់នៅ។ លោកតា ច្រែង ត្រូវពួកខ្មែរក្រហមបង្ខំឱ្យសឹកជាគ្រហស្ថ អំឡុងពេលពួកគេឡើងកាន់អំណាចពីឆ្នាំ១៩៧៥ ដល់១៩៧៩ និងជម្លៀសទៅធ្វើការឆ្ងាយពីវត្ត តែក្រោយពីកម្ពុជារំដោះ លោកតាក៏ត្រឡប់ទៅធ្វើជាគណៈកម្មការវត្ត នៅវត្តបុស្សលាវ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះវិញ ដោយលោកតាមិនបួសជាបព្វជិតវិញទៀតទេ។ រូបសំណាកលោកតា ច្រែង និងបូណាល់ ត្រូវគេឆ្លាក់ពីថ្មស៊ីម៉ងត៍ ជាប់គល់ស្ពាន ជាប់មាត់ស្ទឹងពាមទេ ឬពាមតេ ដោយមានបុស្បុកពីលើផង។ រូបសំណាកនោះ បូណាល់ ជាអ្នកកាន់ចានស្រាក់យួរដើរពីក្រោយលោកតា ច្រែង ដើម្បីបិណ្ឌបាត្រតាមភូមិ។ បូណាល់ តែងតែទៅបិណ្ឌបាត្រជាមួយលោកតាច្រែង ដែលត្រូវជាឪពុកធម៌ជារៀងរាល់ព្រឹក មុនពេលទៅសាលារៀននៅពេលរសៀល។

កុមារភាពរបស់ បូណាល់ មិនសូវជាជួបការលំបាកប៉ុន្មានទេ តែក៏មិនសូវសម្បូរសប្បាយដែរ ព្រោះជីវភាពគ្រួសារមិនសូវល្អ។ គ្រួសាររបស់ បូណាល់ ប្រឈមនឹងការលំបាកម្តងៗ ដែរ ដោយសារធ្វើកសិកម្មមិនសូវទទួលផល។ ម្យ៉ាងលោកឪពុករបស់ បូណាល់ ជាអ្នកចេញមុខដោយចំហ ចូលរួមជាមួយចលនាខ្មែរឥស្សរៈ ដើម្បីប្រឆាំង និងទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។ នៅក្នុងសម័យអាណានិគមនិយមបារាំង ការសិក្សារៀនសូត្រពុំទាន់រីកចម្រើនខ្លាំងនៅឡើយទេ។ នៅតាមទីជនបទ កុមារាភាគច្រើនត្រូវទៅរៀននៅសាលាវត្ត គឺរៀនពីព្រះសង្ឃ ហើយចំពោះក្មេងស្រី ទទួលបានការសិក្សាតិចតួចបំផុត ព្រោះទំនៀមទម្លាប់ហាមឃាត់ស្រ្តី ឬកុមារីមិនឱ្យរៀនចេះដឹងជ្រៅជ្រះ ម្យ៉ាងរៀននៅវត្តលោក ខ្លាចក្រែងខុសវិន័យសង្ឃ និងការធ្វើដំណើរឆ្ងាយ អាចគ្រោះថ្នាក់ដល់ក្មេងស្រី។ ចំពោះ បូណាល់ ក៏អាចចាត់ទុកថាមានសំណាងដែរ ដែលបានមកបន្តការសិក្សានៅភ្នំពេញ ចំណែកបងៗ ឬប្អូនៗ របស់ បូណាល់ មិនបានរៀបរាប់ឱ្យដឹងថាបានបន្តការសិក្សានៅទីណា ត្រឹមកម្រិតណានោះទេ។

តាំងពីកុមារភាព បូណាល់ គឺជាក្មេងឆ្លាតជាងគេក្នុងចំណោមបងប្អូនបង្កើត និងអ្នកនៅក្នុងភូមិ ឃុំ ទាំងអស់។ ទោះបីជារាងស្គមស្តើង ខ្ពស់ដំបង បូណាល់ មានចរិតលក្ខណៈខុសពីក្មេងដទៃបន្តិច គឺខិលឬរពឹស ចូលចិត្តញ៉េះញ៉ោះ ម៉េះម៉ោះ លេងសើចបន្តិច តែមិនមែនក្នុងបំណងអាក្រក់ទេ ដែលជាទូទៅបង្ហាញពីមនុស្សឆ្លាតវាងវៃ។ កាលពីតូច បូណាល់ មានដំណើររាងឃ្លោងបន្តិច រហ័សរហួន និងពូកែទ្រឹស្តី ដែលរាល់ការនិយាយអ្វីមួយគ្មានអ្នកណានិយាយឈ្នះ និងពេលនិយាយចូលចិត្តឆ្ការដៃឆ្ការជើង និងប្រើសំឡេង ឮៗខ្លាំង ដែលបង្ហាញពីភាពជាអ្នកដឹកនាំ។ លោកតាច្រែង លាន់មាត់ក្រោយពីបានឃើញដំណើរ និងកាយវិការបូណាល់ ថាក្មេងនេះ មនុស្សនេះ ធំឡើងមិនឥតប្រយោជន៍ទេ មិនមែនជាមនុស្សធម្មតាទេ ជាមនុស្សកាន់កិច្ចប្រទេសជាតិ (បុរសចំណាស់ម្នាក់ ដែលបានជួបសំណេះសំណាល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានពោលបញ្ជាក់)។

បន្ទាប់ពីចាកចេញពីស្រុកកំណើត នៅឆ្នាំ១៩៦៤ យុវជន ហ៊ុន បូណាល់ ទៅស្នាក់នៅជាមួយព្រះគ្រូចៅអធិការវត្តនាគវ័ន ព្រះនាមថាលោកតាច្រែង ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្រ្ទទេវី។ ទោះបីការស្ថិតនៅក្នុងវត្តមិនសូវលំបាកប៉ុន្មានក្នុងការស្វែងរកថវិកា និងម្ហូបអាហារ តែដើម្បីបំពេញតម្រូវការក្នុងវត្ត និងខ្លួនឯង បូណាល់ តែងតែដើរបិណ្ឌបាត្រជាមួយឪពុកធម៌ គឺលោកតា ច្រែង ជារៀងរាល់ព្រឹក មុននឹងទៅសាលារៀនដែលនៅមិនឆ្ងាយពីវត្តប៉ុន្មាន។

រយៈពេល៤ឆ្នាំ នៃការសិក្សារបស់ បូណាល់ នៅសាលាមធ្យមសិក្សា ឬវិទ្យាល័យឥន្រ្ទទេវី គេរកពុំឃើញឬពុំមានឯកសារណាមួយបញ្ជាក់ពីនិទ្ទេសនៃកម្រិតសិក្សារបស់គេនាសម័យនេះ ឡើយ។ សាលឥន្រ្ទទេវី និង វត្តនាគវ័ន នៅឆ្ងាយពីគ្នាបង្គួរ ហើយត្រូវធ្វើដំណើរដោយថ្មើរជើងចំណាយពេលយ៉ាងតិចពីជាង១០ ទៅ២០នាទី ទើបទៅដល់។ ឥន្រ្ទទេវី ជាឈ្មោះវិទ្យាល័យ ដែលបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទំនងជាដើម្បីឧទ្ទិសដល់ស្នាព្រះហស្តរបស់ព្រះនាង ឥន្រ្ទទេវី ដែលជាព្រះមហេសីដ៏ល្បីល្បាញនៃព្រះបាទជយវរធន ឬជយវរ្ម័នទី៧ ដ៏មានឥទ្ធិពលនៃសម័យកាលមហានគរ។ ឯកសារក្រសួងអប់រំបង្ហាញដោយសង្ខេបថា ព្រះនាងឥន្ទ្រទេវី គឺជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជវិហារ (ប្រាសាទតាព្រហ្ម) ដែលជាសាកលវិទ្យាល័យ បង្រៀនអំពីទ្រឹស្តីព្រះពុទ្ធសាសនា។ ព្រះនាងជាកវីឯក ខាងភាសាសំស្រ្កឹតដែលកម្ររកបាននៅសម័យនោះ (សិលាចារឹកភិមានអាកាស) (សូម្បីតែជនជាតិឥណ្ឌាបច្ចុប្បន្ន ក៏សរសើរព្រះនាងថា សរសេរជើងកាព្យល្អដែលកម្ររកបាន នៅពេលឃើញសិលាចារឹកដែលជាស្នាព្រះហស្តរបស់ព្រះនាង)។ ព្រះនាងណែនាំប្អូនស្រីឱ្យធ្វើតបធម៌ នៅពេលស្វាមី (ជយវរ្ម័នទី៧) ទៅធ្វើសង្គ្រាមនៅចម្ប៉ា។ ព្រះនាងបានជួយក្នុងកិច្ចការសង្គមជាច្រើន និងជួយណែនាំព្រះស្វាមីអំពីព្រះពុទ្ធសាសនា។ ដោយឡែក យុវភាពរបស់បូណាល់ មិនសូវជាស្រស់បំព្រងប៉ុន្មានទេ ព្រោះនយោបាយប្រទេសជាតិ ហាក់ចាប់ផ្តើមប្រែប្រួលពីសុខសន្តិភាព ទៅរកការបង្កហិង្សា និងការផ្ទុះសង្រ្គាម។ ៥ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៩ បូណាល់ បានបញ្ចប់ការសិក្សាមុនកាលកំណត់ ដោយសារសាច់ញាតិរបស់ បូណាល់ ម្នាក់ត្រូវរាជការចាប់ខ្លួនពីបទចូលដៃជើង ឬគប់គិតជាមួយចលនាខ្មែរក្រហម ហើយក្រោយមកនៅដើមរដូវរំហើយ ឬរដូវស្លឹកជ្រុះ (តាមវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧ បញ្ជាក់ថា នៅកម្ពុជា មានរដូវ២ធំៗ គឺរដូវប្រាំង និងរដូវវស្សា ហើយនៅក្នុងរដូវធំទាំងពីរ មានកូនរដូវតូចៗចំនួន៤ទៀតគឺ៖

១. វសន្តរដូវ ជារដូវស្លឹកឈើជ្រុះ ស្លឹកឈើលាស់ ឬចេញផ្កា។ រដូវនេះមាន៥៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោចខែផល្គុន ដល់ថ្ងៃ១៥កើតខែពិសាខ។

២. ហិមន្តរដូវ រដូវត្រជាក់ រដូវធ្លាក់ទឹកសន្សើម រដូវរងា តាមទំនៀមទម្លាប់ចាស់ៗហៅថា រងាផ្កាគ ឬរងាផ្កាស្វាយ គឺអាចចាប់ពីខែកុម្ភៈដល់ខែមីនា។

៣. និទាឃ រដូវ គឺរដូវក្តៅ (រដូវប្រាំង) ដែលមានរយៈពេល៩២ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី២១ ខែមិថុនា។

៤. សិសិររដូវ គឺរដូវរងា (រដូវត្រជាក់ខ្លាំង) តាមចន្ទគតិ គឺខែកត្តិកឬមិគសិរ ជាឈ្មោះទី៤ នៃរដូវតូចធំទាំង៦ ជារដូវទី៤ នៃរដូវតូចៗទាំង៤)

ជាក់ស្ដែងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ភាពរំជើបរំជួលដ៏កក្រើកកើតឡើងនៅទូទាំងប្រទេស គឺការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ រដ្ឋប្រហារ បានឆក់យកយុវភាពដ៏ក្មេងខ្ចី ស្រស់បំព្រងរបស់យុវជន បូណាល់ និងយុវជនខ្មែរទូទាំងប្រទេសដទៃទៀតឱ្យក្រៀម ស្រពោន។ យុវភាពរបស់ បូណាល់ ត្រូវញាំញី និងទន្រ្ទានដោយសង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងបរទេស និង រវាងខ្មែរនិងខ្មែរ។ ចម្ការដំណាំរាប់ម៉ឺនហិកតា ផ្ទះសម្បែង សាលារៀន វត្តអារ៉ាម រាប់ម៉ឺន គមនាគមន៍រាប់សិបខ្សែ ស្ពាន ថ្នល់រាប់សិបកន្លែង ត្រូវបំផ្លាញ។ រដ្ឋប្រហារ បានរុញប្រទេសកម្ពុជាដែលស្ថិតនៅមាត់ជ្រោះផងនោះ ឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដ៏បង្ហូរឈាម។ តួលេខបឋមដែលក្រសួងការពារជាតិរបបសាធារណរដ្ឋខ្មែរ បង្ហាញក្នុងរយៈពេល៤ឆ្នាំ ថាសង្រ្គាមបានសម្លាប់ជីវិតមនុស្សទាំងជនស៊ីវិល និងទាហានប្រមាណជាង៨សែននាក់ ហើយបើតាមរបាយការណ៍ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងនៅ ឆ្នាំ២០១៧ ថា រយៈពេលជាង៥ឆ្នាំ នៃសង្រ្គាមស៊ីវិលនៅកម្ពុជា អាម៉េរិកបានទម្លាក់គ្រាប់បែកប្រមាណជា២លានតោនមកលើទឹកដីកម្ពុជា។

“…ខ្ញុំនៅតូចៗ នៅស្ទើរដែរ តែឱ្យតែឮសំឡេងយន្តហោះ ឬអាកន្ទុំរុយ (ឧទ្ធម្ភាគ-ចក្រ) មក ខ្ញុំ និងមនុស្សក្មេងចាស់ផ្សេងទៀតនាំគ្នារត់ចូលត្រង់សេ (រណ្តៅសុវត្ថិភាព ដែលគេជីកជ្រៅទៅក្រោម និងដាក់កំណល់ឈើ ឬថ្ម បន្ទាប់មកចាក់ដីពីលើ ដើម្បីការពារគ្រាប់ផ្លោង ឬការទម្លាក់គ្រាប់ពីអាម៉េរិក) អស់ហើយ។ ពួកយើងគ្មានបានចូលរៀនសូត្រអ្វី សូម្បីស្រែចម្ការក៏មិនបានជួយធ្វើឪពុកម្តាយដែរ។ ផ្ទះរបស់ខ្ញុំធ្លុះធ្លាយដំបូលរហូតដល់សព្វថ្ងៃ មិនទាន់បានជួសជុលទេ…” (ស្រ្តីចំណាស់ម្នាក់នៅក្បែរវត្តបុស្បលាវ ស្រុកឆ្លូង ខេត្តក្រចេះ បានពោល)។

“… ឱ្យតែវាឃើញមនុស្សដើរ ឬជិះកង់ ឬបររទេះ គឺវាដឹងតែបាញ់ ឬទម្លាក់គ្រាប់បែកហើយ។ មានថ្ងៃមួយនោះ បុរសពីរនាក់ប្តីប្រពន្ធ កំពុងបររទេះទៅចម្ការ ត្រូវវា (យន្តហោះអាម៉េរិក) បាញ់រះពីលើមក ងាប់ទាំងគោ ខ្ទេចទាំងរទេះ ហើយមនុស្សពីរនាក់ប្តីប្រពន្ធនោះ ខ្ទាតសាច់ប៉ើង ទីងណាត់ទីងណែង ផ្នែកខ្លះទើរលើចុងឈើក៏មាន…” (ស្រ្តីម្នាក់ទៀតមានប្រសាសន៍)។

“… នៅតំបន់ខ្ញុំវាមិនសូវទម្លាក់គ្រាប់ទេ តែវាបាញ់កាំភ្លើងយន្ត។ និយាយពីណ្ហើយ គ្រាប់វាបាញ់ចេញមកស្រោចដូចម្រាមដៃ ដូចទឹកភ្លៀង។ បើនិយាយពីយប់វិញ វាបាញ់គ្រាប់ហោះឡើងភ្លឺចិញ្ចាច ដូចថ្ងៃអ៊ីចឹង…” (ស្រ្តីវ័យកណ្តាលម្នាក់ នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពីមុនខេត្តកំពង់ចាម ដំណាលប្រាប់)។

“… ពេលយប់ ដោយសារវាខ្លាចទាហានខ្មែរក្រហម ឬទ័ពរំដោះចូលភូមិ វាបាញ់ ឬទម្លាក់គ្រាប់បែកភ្លើង ឬគ្រាប់បែកសំណាញ់រៀងរាល់មួយម៉ោង ឬមួយម៉ោងកន្លះម្តង។ គ្រាប់បែកភ្លើង គឺភ្លឺខ្លាំងណាស់ គ្មានអ្នកណាអាចគេច ឬពួនបានទេ។ ពេលវាបាញ់ឡើងលើ គ្រាប់ធ្លាក់មកវិញ មានរាងដូចឆត្រអ៊ីចឹង វានៅភ្លឺរាប់ម៉ោងទើបបាត់ ហើយនៅពេលពន្លឺភ្លើងគ្រាប់បែកជិតរលត់ វាបាញ់មួយគ្រាប់ទៀត។ វាបាញ់រហូតដល់ភ្លឺថ្ងៃរះទើបឈប់…” (អ្នកស្រុកនៅក្បែរមន្ទីរពេទ្យស្រុកក្រូចឆ្មារ និទានឡើង) ។

“មិនមែនជារឿងនិទានទេ តែជាការពិត។ នៅត្រង់ចំណុចទ្រូងផ្លូវ និងមុខផ្ទះខ្ញុំ សព្វថ្ងៃនេះ គឺជារណ្តៅគ្រាប់ដ៏ធំ ដែលគេទម្លាក់សម័យសង្រ្គាម ហើយនៅក្រោយផ្ទះខ្ញុំ នៅបឹងខាងក្រោយទៀត ក៏មានរណ្តៅគ្រាប់បែក បេ៥២ ជាច្រើនគ្រាប់ដែរ។ រណ្តៅគ្រាប់នេះ កាលដំបូងជ្រៅៗណាស់ ដែលរណ្តៅខ្លះ ជម្រៅជាង៣ម៉ែត្រ ទំហំជាង១០ម៉ែត្រ ខ្លះទៀត ជម្រៅជាង៥ម៉ែត្រ ទំហំជាង ២០ ទៅ៣០ម៉ែត្រក៏មាន” (អ្នកស្រុកនៅឃុំថ្មគរ ស្រុកល្វាឯម និទានប្រាប់កាលពីឆ្នាំ២០១៦)”។

“… នៅពេលគេចង់ទម្លាក់គ្រាប់បែកនៅត្រង់ណាមួយ គឺមានយន្តហោះស៊ើបយកការណ៍មួយហោះមកសិន។បើយន្តហោះនេះឱ្យសញ្ញាថា កន្លែងណាសង្ស័យថាមានទាហានខ្មែរក្រហម ឬទ័ពរំដោះ គេនឹងបាញ់ឱ្យសញ្ញាមួយគ្រាប់ទៅលើមេឃ មួយសម្ទុះក្រោយមក ប្រហែល៥នាទី ឬ១០នាទី យន្តហោះទម្លាក់គ្រាប់បែកនឹងមកដល់ ហើយ ទម្លាក់។ ជួនកាលទម្លាក់ត្រូវ ជួនកាលទម្លាក់ខុស ព្រោះអ្នកបាញ់ឱ្យសញ្ញា ពេលខ្លះយល់ ឬស្គាល់ភូមិសាស្រ្តមិនបានច្បាស់… ” (អតីតទាហាន លន់ នល់ នៅឃុំថ្មគរ ស្រុកល្វាឯម ឧទានឡើង)។

ការទម្លាក់គ្រាប់បែកធ្វើឡើងយ៉ាងទូលំទូលាយ នៅព្រះរាជាណាចក្រកម្ពុជា នៅអំឡុងចុងឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០។ ការទម្លាក់គ្រាប់បែកប្រភេទបេ៥២ នៅអំឡុងឆ្នាំ១៩៦៧ បណ្តាលឱ្យស្រែចម្ការ គោក្របី ផ្ទះសម្បែងអ្នកស្រុកឆេះខ្ទេចខ្ទី មនុស្សបាត់បង់ជីវិត និងរបួសក្លាយជាវិកលចរិតជាច្រើនផងដែរ។ តែជាទូទៅ នៅពេលគេលើកឡើងអំពីសង្រ្គាមនៅកម្ពុជា គេតែងតែលើកឡើងអំពី ឫសគល់ និងសាវតារនៃសង្រ្គាមនៅកម្ពុជាផងដែរ។ ប្រសិនបើអ្នកណាម្នាក់និយាយអំពីការទម្លាក់គ្រាប់របស់សហរដ្ឋអាម៉េរិកលើទឹកដីកម្ពុជា ឬរបបលន់ នល់ ឬរបបដ៏ឃោរឃៅអមនុស្សធម៌របស់ ប៉ុល ពត គេតោងតែលើកឡើងអំពីសំណួរថា ហេតុអ្វីសង្រ្គាមនោះកើតឡើង? អ្នកសាធារណរដ្ឋនិយម មិនដែលទទួលស្គាល់ថារបបនោះគ្មានកំហុសនោះទេ ពួកគេនិយាយរិះគន់របបសង្គមរាស្រ្តនិយម និងរិះគន់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរបបព្រះរាជាណាចក្រកម្ពុជាទី២ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

អ្នកសង្គមរាស្រ្តនិយម និយាយរិះគន់របបលន់ នល់ និងរបបខ្មែរក្រហម និងម្តងម្កាលមាន រិះគន់របបព្រះរាជាណាចក្រកម្ពុជាទី២។ អ្នកដែលរិះគន់ ឬវាយប្រហាររបបរាជានិយម មិនខុសគ្នាពីអ្នកវាយប្រហាររបបដែលដឹកនាំដោយសម្តេច ហ៊ុន សែន ទេ ពួកគេភាគច្រើនគឺអ្នកសាធារណរដ្ឋ ឬអាម៉េរិកនិយម។ អ្នកទាំងនេះរិះគន់គ្មានសំចៃមាត់លើរបបដែលខ្លួនមិនគាំទ្រ ឬអ្នកដែលមិនយល់ស្របតាមគំនិតរបស់ខ្លួន ហើយតាមការសង្កេតក្នុងសង្គមបច្ចុប្បន្ន គេស្ទើរតែលើកតម្កើងរបបខ្មែរក្រហម ប៉ុល ពត ដ៏ឃោរឃៅសម្លាប់មនុស្សអស់រាប់លាន សែននាក់ និងធ្វើឱ្យសង្គមជាតិក្លាយជាសង្គមដ៏វិនាសកម្មលើលោក ថាជារបបដ៏ត្រឹមត្រូ វស្នេ ហា ជា តិ ផ ង ដែរ។ បុគ្គលខ្លះនៅតែលើកឡើងថា សង្រ្គាមនៅកម្ពុជា មិនមែនកើតឡើ ងដោយសារ រដ្ឋ ប្រ ហាររបស់លោកសេនាប្រមុខ លន់ នល់ និងបក្សពួកនោះទេ តែកើតឡើងដោយសា រការមិន ចុះសម្រុងគ្នារវាងអ្នកនយោបាយខ្មែរដែលនិយមលទ្ធិដឹកនាំប្រទេសផ្សេងៗគ្នា។ អ្នកខ្លះយ ល់ ឃើញថា រដ្ឋប្រហារថ្ងៃ១៨មីនា ១៩៧០ ជាការបើកដៃឱ្យធ្វើដោយសម្ដេចព្រះបាទនរោត្តម សី ហនុ ព្រោះព្រះអង្គទ័លព្រះតម្រិះ ក្នុងការបណ្តេញពួកទ័ពកុម្មុយនីស្តវៀតណាម ចេញពីទឹកដី កម្ពុជា។ តែការលើឡើងនេះ ក៏ត្រូវប្រតិកម្មខ្លាំងៗពីអង្គសម្តេចម៉ែ សម្តេច យាយ យាយទួត នរោត្តម មុនីនាថ សីហនុ ផងដែរ ថានឹងប្តឹងទៅតុលាការ ប្រសិនបើបុគ្គល នយោបាយ ដែល លើកឡើងនោះមិនសុំទោសព្រះអង្គ។

ទាក់ទងនឹងរដ្ឋប្រហារដ៏រសើបនេះ លោកបណ្ឌិត រស់ ចន្រ្តាបុត្រ រៀបរាប់ក្នុងសៀវភៅ សាធា រ ណរដ្ឋខ្មែរ របស់លោកថា នៅចុងថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ ប្រហែលពាក់កណ្តាលអធ្រាត្រ គេនៅមិនទាន់សម្រេចថាយ៉ាងម៉េចទាំងអស់។ លន់ ណុន បានស្នើឱ្យព្រះអង្គម្ចាស់សិរិមតៈ ប្រកាន់យកការសម្រេចព្រះទ័យ ផ្តើមធ្វើសកម្មភាពក្នុងការដកហូតតំណែងពីសម្តេចសីហនុ។ ប៉ុន្តែព្រះអង្គម្ចាស់សិរិមតៈ មិនចង់ទទួលខុសត្រូវក្នុងរឿងនេះតែមួយអង្គឯងទេ។ ព្រះអង្គ រង់ ចាំឱ្យលោកឧត្តមសេនីយ៍ លន់ នល់ ធ្វើមុន ដែលទន្ទឹមនឹងនោះ លន់ នល់ ក៏រង់ចាំឱ្យព្រះ អង្គ ម្ចាស់សិរិមតៈចូល ប្រលូកមុនដែរ…។ លន់ ណុន បំពេញមុខងារជាភ្នាក់ងារទាក់ទងរ វាងមិ ត្តភក្តិទាំង២ រូបនេះ។ នៅប្រហែលម៉ោង៣ភ្លឺ លន់ ណុន បានធ្វើដំណើរទៅគេហ ដ្ឋានរ បស់ លន់ នល់ ដោយមានលោក ហង្ស ធុនហាក់, ឆន សុខុម និង គង់ អ៊ន អមទៅជាមួយផង។ នៅពេលនោះ លន់ នល់ កំពុងដេកនៅក្នុងអង្រឹង។ គ្មានអ្នកណាម្នាក់ហ៊ានដាស់គាត់ ឡើយ ។ ពួកគេនៅរង់ចាំរហូតដល់ភ្លឺស្រាងៗ។ ពេលនោះ ពេលវេលាហាក់ដូចជាធ្ងន់ពាប់ និងវែងអន្លា យដែលប្រហែលជាធ្វើឱ្យពួកគេខកខានក្នុងការសម្រេចនូវអ្វីៗដែលរៀបចំ រួចហើយ ផងក៏ មិនដឹង។ លន់ ណុន សម្រេចចិត្តដាស់បងរបស់គាត់ ដោយហៅថា (លោកបង) គាត់ និយា យប្រាប់ លន់ នល់ ថា ព្រះអង្គម្ចាស់ សិរិមតៈ បានយល់ព្រម និងសម្រេចព្រះទ័យទម្លាក់ សម្តេចសីហនុ ពីតំណែង។ ព្រះអង្គរង់ចាំតែការយល់ព្រមពីលោកបងប៉ុណ្ណោះ។ នៅពេល នោះ លន់ នល់ ឆ្លើយតបថា បើ មតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេច ធ្វើអ៊ី ចឹង ទាំងអស់គ្នា!។

តាមការពិតព្រះអង្គម្ចាស់សិរិមតៈ នៅមិនទាន់ផ្តល់នូវការយល់ព្រម របស់ព្រះអង្គនៅឡើ យទេ។ ព្រះអង្គនៅញញើតញញើម និងភ័យខ្លាចជានិច្ច។ លន់ ណុន ត្រូវតែបន្លំ និងភូតកុហក លន់ នល់ ដើម្បីឱ្យបងរបស់គាត់សម្រេចចិត្ត។ លោក លន់ ណុន បញ្ជាក់ប្រាប់លោក រស់ ចន្រ្តាបុត្រ ដែរថា ផែនការមួយត្រូវរៀបចំពេលវេលានៃការធ្វើប្រតិបត្តិការ បានចាប់ផ្តើមរួចជាស្រេចទៅហើយ ហើយគេពុំអាចថយក្រោយវិញបាន។ លោក ចន្រ្តាបុត្រ បានសួរត្រលប់ទៅ លន់ ណុន វិញថា នៅពេលនោះបើសិនជាលោកឧត្តមសេនីយ៍ លន់ នល់ បដិសេធមិនផ្តល់ភ្លើងបៃតង ឱ្យលោក តើលោកគិតធ្វើយ៉ាងម៉េចទៅវិញ? លន់ ណុន ឆ្លើយតបវិញដោយមានន័យមិនច្បាស់ថា គាត់គ្រោងទុកជាស្រេចដើម្បីចាប់ខ្លួន លន់ នល់ និងរក្សាគាត់ទុកមួយរយៈ ដោយរង់ចាំឱ្យផែនការបានប្រតិបត្តិ។ចំណែកទ្រង់ស៊ីសុវត្ថិសិរិមតៈ ដោយគ្រាន់តែដឹងថារូប លន់ ណុន និងដោយទតឃើញពួកយោធាមកដល់ សិរិមតៈ ឡើងញ័រចំប្រប់ដោយការភ័យខ្លាច។ ព្រះអង្គបែកញើសឡើងត្រជាក់ព្រះកាយ ហើយបានយកភួយមួយមកឃ្លុំជិត។ ទោះបីព្រឹត្តិការណ៍ដែលមើលទៅគឺលោក លន់ ណុន ប្អូនប្រុសលោកលន់ នល់ ជាអ្នករៀបចំ តែក្រោយមកលោកសេនាប្រ មុខលន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ បានថ្កោលទោសអតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ ពេញៗមាត់ និងផ្តល់សិទ្ធិឱ្យតុលាការកាត់ទោស សម្តេចព្រះនរោត្តម សីហនុ ពីទោសក្បត់ជាតិផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកលន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានសេចក្តីថា បន្ទាប់ពីមានវិបត្តិដែលបង្កើតឡើងដោយសម្តេចសីហនុ នៅរយៈពេលប៉ុន្មានខែមកនោះ រដ្ឋសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រដែលរួបរួមគ្នា ស្របតាម រដ្ឋធម្មនុញ្ញបានយល់ព្រមរួមមតិគ្នា ដកសេចក្តីទុកចិត្តពីសម្តេច សីហនុ ពីព្រះប្រមុខរដ្ឋ។ ដូច្នេះ ចាប់តាំងពីថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ វេលាម៉ោង១.០០ ថ្ងៃត្រង់ទៅ សម្តេចនរោត្តម សីហនុ អស់មានតំណែងជាប្រមុខរដ្ឋនៃព្រះរាជណាចក្រកម្ពុជាទៀតហើយ។ ឯកឧត្តមចេង ហេង ជាប្រធានរដ្ឋសភាជាតិ ត្រូវទទួលខុសត្រូវជាប្រមុខរដ្ឋបណ្តោះអាសន្ន រហូតដល់ពេលរៀបចំបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋថ្មី ឱ្យស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេស។

នុត ឈឿម អ្នកហែហមព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ពីដើមរហូតដល់ចប់នោះ បានរៀបរាប់ក្នុងសៀវភៅរបស់លោកថា មុនថ្ងៃរដ្ឋប្រហារកើតឡើង លោកសេនាប្រមុខ លន់ នល់ ដឹងយ៉ាងច្បាស់អំពីអវត្តមានរបស់ព្រះប្រមុខរដ្ឋ ដែលយាងទៅកាន់ប្រទេសបារាំង និងសូវៀត ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយលោកប្រកាសថា លោកត្រូវតែធ្វើរដ្ឋប្រហារ ទោះមានការហាមឃាត់ពីហោរារបស់លោកថា ឱ្យរង់ចាំដល់ការយាងត្រលប់របស់សម្តេចព្រះប្រមុខរដ្ឋក្តី។ លោក នុត ឈឿម ក៏បានលើកយកអត្ថបទខ្លីមួយរបស់ទ្រង់សិរិមតៈ ផ្ញើទៅកាន់លោកលន់ នល់ ដែលដកស្រង់ពីកាសែតបារាំងថា៖ “នែ៎សម្លាញ់! សូមសម្លាញ់ចុះហត្ថលេខាលើសេចក្តីជូនដំណឹងនេះភ្លាម បើឯងហ៊ានប្រកែក យើងនឹងសម្លាប់ឯង”។

ទោះជាយ៉ាងនេះក្តី នុត ឈឿម បញ្ជាក់អះអាងថា ការធ្វើរដ្ឋប្រហារនេះ លោក លន់ នល់ គ្មានចេតនានឹងធ្វើទេ ព្រោះភរិយារបស់លោកផ្តាំថា ទោះក្នុងការលៈទេសៈណាក៏ដោយកុំធ្វើអ្វីប៉ះពាល់ដល់អង្គសម្តេចឪ ព្រោះព្រះអង្គជាអ្នកមានគុណចំពោះគ្រួសារលោក និងប្រទេសជាតិ។ នុត ឈឿម សរសេរថា៖ “លោកលន់ នល់ បានចុះហត្ថលេខាលើលិខិតនេះទាំងទឹកភ្នែក”។

ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលរបស់លោកសេនាប្រមុខ លន់ នល់ មានភាពចម្រូងចម្រាសជាច្រើន រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ ទើបរដ្ឋាភិបាលថ្មីបង្កើតឡើង ដោយដូរឈ្មោះប្រទេសពីព្រះរាជាណាចក្រកម្ពុជា ទៅជាសាធារណរដ្ឋខ្មែរ ដែលមានលោក លន់ នល់ ជាប្រធានាធិបតី។ ដោយឡែកចំពោះសម្តេចព្រះបាទនរោត្តមសីហនុ វិញ ក្រោយពីរដ្ឋប្រហារ ក្រោមជំនួយជ្រោមជ្រែងទាំងថវិកា និងនយោបាយពី ជូ អេងឡាយ របស់ប្រទេសចិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ដោយមានការចូលរួមពីសំណាក់លោក ឃិន សារិនឆាក អ្នកនិពន្ធសៀវភៅថ្វាយព្រះអង្គ បណ្ឌិត ជួន ម៉ុម្ម សម្តេច ប៉ែន នុត ព្រះអង្គបានបង្កើតរណសិរ្សនៅក្រៅប្រទេសមួយ ឈ្មោះថា រណសិរ្សរួបរួមជាតិ (FUNC)។ បន្ទាប់មកទៀត ព្រះអង្គប្រកាសបង្កើតរដ្ឋាភិបាលរួបរួមជាតិកម្ពុជា និងកងទ័ពសីហនុនិយម (ANS) ផងដែរ។ ការបង្កើតរដ្ឋាភិបាលរួបរួមជាតិនៅក្រៅប្រទេស ធ្វើឱ្យសម្តេចព្រះនរោត្តម សីហនុ ថ្នាំងថ្នាក់ អាក់អន់ស្រពន់ព្រះទ័យជាមួយសម្តេចប៉ែន នុត ផងដែរ ដោយសារសម្តេច ប៉ែន នុត បានបញ្ចូលលោកហួត សម្បត្តិ ចូលក្នុងសមាសភាពគណរដ្ឋមន្រ្តីស្រមោលនេះ។ សម្តេចព្រះនរោត្តម សីហនុ មិនពេញព្រះទ័យចំពោះវត្តមានលោក ហួត សម្បត្តិ ទេ តែដោយមានការសម្របសម្រួលពីលោកសារិនឆាក និងបណ្ឌិត ជួន ម៉ុម្ម ទើបធ្វើឱ្យដំណើរការនៃការបង្កើតរដ្ឋាភិបាលនិរទេសប្រព្រឹត្តទៅបានដោយរលូន។ តាមរយៈអ្វីដែលគេហៅថា រណសិរ្សរួបរួមជាតិ ឬរដ្ឋាភិបាលរួបរួមជាតិកម្ពុជា និងកងទ័ពសីហនុនិយម នេះ ទើបសម្ដេចព្រះនរោត្ត សីហនុ អំពាវនាវឱ្យអ្នកស្នេហ៍ជាតិរត់ចូលព្រៃម៉ាគី ដើម្បីរំដោះជាតិពីរបប លន់ នល់។

អ្វីទៅជាព្រៃម៉ាគី ឬម៉ាគីស៍ (Maguis) តាមការបកប្រែក្រៅផ្លូវការពីភាសាបារាំង មានន័យថា ព្រៃរបោះ ឬព្រៃស្រោង ឬគុម្ពោតព្រៃ។ ដូច្នេះការអំពាវនាវរបស់អង្គសម្តេចឪ ឱ្យកូនចៅរត់ចូលព្រៃម៉ាគី ដើម្បីតស៊ូ គឺរត់ចូលព្រៃស្រោងឬព្រៃរបោះ។តាមអត្ថន័យរបស់អ្នកស្រុកដែលធ្លាប់ឆ្លងកាត់សម័យកាលនោះ ភាគច្រើនពុំយល់អត្ថន័យនៃពាក្យថា ព្រៃម៉ាគី ឬម៉ាគីស នេះទេ គឺពួកគេដឹងត្រឹមតែរត់ចូលព្រៃតាមសម្តេចឪប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះអ្នកស្រុកក្រូចឆ្មារ មួយចំនួនដែលធ្លាប់ឆ្លងកាត់សម័យសង្រ្គាមពន្យល់ថា ព្រៃម៉ាគី គឺព្រៃខាងក្រោយភូមិដែលមានចម្ងាយឆ្ងាយ។ ពួកគាត់និយាយដោយលើកដៃចង្អុលបង្ហាញទៅឆ្ងាយដាច់កន្ទុយភ្នែក។ អ្នកភូមិខ្លះពន្យល់ថា ព្រៃម៉ាគី គឺព្រៃងងុយ ឬព្រៃក្របីក្រៀក ដែលនៅឆ្ងាយពីភូមិអ្នកស្រុក រាប់គីឡូម៉ែត្រ។ អ្នកភូមិ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ប្របមាត់ទន្លេមេគង្គផ្នែកខាងលើរៀបរាប់ថា ឃុំរកាខ្នុរ ជាឃុំដែលអាម៉េរិកទម្លាក់គ្រាប់ច្រើនជាងគេ ព្រោះផ្លូវនៅក្នុងឃុំ ជាផ្លូវដែលកងទ័ពវៀតណាមកុម្មុយនីស្តដឹកស្បៀងឆ្លងកាត់។ ឯព្រៃម៉ាគី គឺព្រៃងងុយ និងព្រៃក្របីក្រៀក ខាងក្រោយភូមិនោះហើយ តែរថយន្តឬម៉ូតូពិបាកធ្វើដំណើរទៅ ដល់។ ឃុំរកាខ្នុរ ជាឃុំនៃស្រុកកំណើតរបស់យុវតី ប៊ុន រ៉ានី (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន) ផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវមិត្តភក្តិបបួលអូសទាញឱ្យចូលព្រៃម៉ាគី តាមការអំពាវនាវរបស់អតីតអង្គព្រះមហាក្សត្រ សម្តេចឪ ដើម្បីតស៊ូរំដោះជាតិ។ ចំណែកយុវជន ហ៊ុន បូណាល់ ក៏ត្រូវបងប្រុស ជីដូនមួយណែនាំឱ្យរត់ចូលព្រៃ ខកខានមិនបានបន្តការសិក្សាថែមទៀត។ បូណាល់ ទំនងជារត់ចូលព្រៃតាមបងប្រុសនៅអំឡុងចុងខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីចូលក្នុងព្រៃក្រុមគ្រួសាររបស់បូណាល់ ត្រូវទទួលរងនូវការគំរាមកំហែងពីសំណាក់អាជ្ញាធរនរដ្ឋការលោកសេនាប្រមុខ លន់ នល់ ព្រោះគេដឹងថាសមាសភាពគ្រួសារណាបាត់សមាជិក ប្រាកដជារត់ចូលព្រៃ។ ការរត់ចូលព្រៃរបស់បូណាល់ នៅគ្រានោះ មិនមែនដើម្បីទៅចូលរួមជាមួយចលនារបស់ខ្មែរក្រហម ឬចលនារបស់ ប៉ុល ពត ទេ គឺចូលរួមក្នុងចលនាកងទ័ពរំដោះជាតិ សីហនុនិយម របស់សម្ដេចព្រះនរោត្តម សីហនុ។ ពាក្យថា កងទ័ពរំដោះ ពុំមែនជាកងទ័ពខ្មែរក្រហមឡើយ។ តាមការសម្គាល់ កងទ័ពរំដោះជាតិ សីហនុ និយម មានសម្លៀកបំពាក់ពណ៌ក្រមៅ និងមានពាក់ព្រះសង្ហា ជាព្រះឆាយាលក្ខណ៍ព្រះករុណានរោត្តម សីហនុ ផង។ ចលនានេះ ទទួលការឧបត្ថម្ភពីប្រទេសចិន ទាំងអាវុធ និងបច្ចេកទេស។

នៅក្នុងវីដេអូមួយដែលផ្តល់សម្ភាសឱ្យអ្នកកាសែតបរទេស លោក ខៀវ សំផន បានចោទប្រកាន់ថា នេះជាកងទ័ពដែលបង្កើតឡើងដោយវៀតណាម តែលោកទទួលស្គាល់ថា កងទ័ពនេះ ជាកងទ័ពសីហនុនិយម មិនមែនជាកងទ័ពនៃចលនាខ្មែរក្រហមទេ។ ការរត់ចូលព្រៃម៉ាគី ធ្វើឱ្យគ្រួសារយុវជនមួយចំនួនជួបការលំបាក ព្រោះគ្រួសារដែលមានកូនពេញវ័យច្រើននាក់ ពិបាកនឹងឃុំគ្រង ដោយសារតែកូនខ្លះត្រូវគេបង្ខំ ឬកៀរជាកំណែនទ័ពសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់។ កូនខ្លះទៀតដោយក្តីស្រលាញ់ បានរត់ចូលព្រៃតស៊ូជាមួយកងទ័ពខ្មែរក្រហម ឬកងទ័ពរំដោះប្រឆាំងរបបលោកលន់ នល់ ជួនច្បាំង ឬប្រយុទ្ធគ្នា នៅសមរភូមិជាមួយបងប្អូនប្រុសខ្លួនឯង។

“… ខ្ញុំហ្នឹងហើយ អ្នកណាទៀត ? បងប្រុសរបស់ខ្ញុំរត់ចូលព្រៃម៉ាគី ពីរនាក់ ខ្ញុំត្រូវគេចាប់ឱ្យធ្វើទាហានលន់ នល់ ។ ពេលខ្លះយើងច្បាំងគ្នារវាងបងប្អូនឯង នៅសមរភូមិតែមួយជាមួយគ្នា។ ខ្ញុំឃើញទាំងទាហាន លន់ នល់ ឆារសាច់មនុស្សស៊ី និងយកប្រមាត់លាយស្រាផឹកទៀតផង ពេលចាប់ទាហានកងទ័ពរំដោះបាន (បុរសវ័យជាង៥០ឆ្នាំម្នាក់ នៅឃុំរកាខ្នុរ និយាយដោយភាពជឿជាក់)”។ “… ពេលគេចាប់ទាហានព្រៃ (ទាហានខ្មែរក្រហម ឬទ័ពរំដោះជាតិសីហនុនិយម) បាន គេចងស្លាបសេកទាញដៃទាំងពីរទៅក្រោយ ហើយរុញផ្ញាច់ឱ្យដេកផ្កាប់មុខ រួចគេយកជើងជាន់លើខ្នង ទាញដៃមកលើពេញទំហឹង និងយកចែងពូថៅមកពុះឆ្អឹងខ្នង រូងយកថ្លើមនិងប្រមាត់។ ហើយ និយាយទៅគួរឱ្យព្រឺសម្បុរ និងស្ញើបណាស់កាលនោះ ”។

រណៈ យឹម ស៊ុត ដែលមានស្រុកកំណើតនៅខេត្តសៀមរាប បានរៀបរាប់ក្នុងសៀវភៅ ដំណើរស្វែងរកសេរីភាព របស់លោកថា នៅអំឡុងពីឆ្នាំ១៩៧០ដល់១៩៧៣ គេ (រដ្ឋាភិបាល លន់ នល់) បាន ចាប់បង្ខំយុវជនក្មេងៗ ដែលកំពុងសិក្សារៀនសូត្រនៅឡើយឱ្យចូលបម្រើកងទ័ព។ កងទ័ពខ្លះស្ពាយកាំភ្លើងមិនទាន់ផុតពីដីផង ហើយនៅពេលពួកគេសម្លាប់សត្រូវបាន (អាចជាទាហានខ្មែរក្រហម ឬទាហានកងទ័ពរំដោះសីហនុនិយម) គេតែងតែងកាត់ក្បាលយួរដើរដើម្បីសម្ញែងគេឯង ឬមេកើយរបស់គេដើម្បីទទួលបានរង្វាន់។ ការរត់ចូលព្រៃម៉ាគី ធ្វើឡើងដោយការស្ម័គ្រចិត្តផង ដោយការឃោសនាផង (ឃោសនាដោយប្រយោល និងឃោសនាផ្ទាល់)។យុវជនខ្លះត្រូវណែនាំ ឬអូសទាញឱ្យរត់ចូលព្រៃដើម្បីតស៊ូ យុវជនខ្លះគ្មានការណែនាំនោះទេ តែពេលឃើញទាហានខ្មែរក្រហម ឬទាហានទ័ពរំដោះក្នុងសម្លៀកបំពាក់ឯកសណ្ឋានខ្មៅ ឬពណ៌ឈាមជ្រូកក្រមៅ មានស្ពាយអាវុធ (កាំភ្លើងអាកាផលិតនៅប្រទេសចិន) បង់កក្រមា និងពាក់មួកកាតឹបរបស់ម៉ៅ ក៏ទាក់ចិត្តឱ្យពួកគេចង់ចូលក្នុងចលនានេះដែរ។

“… កាលនោះ ទាំងគេទាំងខ្ញុំ គ្រាន់តែឃើញឯកសណ្ឋានគេ គឺចង់ចូលតែម្តង។ល្ងាចៗឡើង ម៉ោងប្រហែល៥ ឬ៥កន្លះ ពេលស្ងាត់ ទាហានលន់ នល់, ពួកទាហានខ្មែរក្រហម តែងដើរជាជួរម្តង ៥នាក់ ម្តង៥នាក់ កាត់ភូមិដើម្បីបង្អួតយើងជាយុវជនឱ្យចាប់អារម្មណ៍។ យើងឃើញឯកសណ្ឋានគេ យើងពិតជាស្រលាញ់ណាស់ ស្បែកជើងកង់ឡាន បង់កក្រមា និងស្ពាយកាំភ្លើងអាកាថ្មីច្រឺង អ្នកណាទ្រាំបាន។ ខ្ញុំបានចូលក្នុងចលនានេះដែរ តែខ្ញុំរត់ចោលជួរកងទ័ពក្រោយថ្ងៃជ័យជម្នះ ១៧មេសា ១៩៧៥។ ខ្ញុំជាអ្នកចូលអូសយករថយន្តស្តេចពីក្នុងវាំងមកជិះលេង ហើយបើឡានណាជាប់សោ ពួកយើងយកស្វាយកាំភ្លើងបុកទម្លុះ… ” (បុរសវ័យជាង៥០ឆ្នាំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និទានប្រាប់)។

ចំណែកយុវជនបូណាល់ ក្រោយពីរត់ចូលព្រៃម៉ាគីមិនយូរប៉ុន្មាន ក៏ត្រូវអង្គភាពបញ្ជូនឱ្យទៅរៀនបច្ចេកទេសផ្នែកយោធា មានបច្ចេកទេសគូរផែនទី បច្ចេកទេសយុទ្ធសាស្រ្តប្រយុទ្ធ និងដឹកនាំកងទ័ពសេនាធិការ នៅថ្នាក់តំបន់ (សម័យនេះ គេពុំសូវហៅថាស្រុកឬខេត្តទេ គេហៅតំបន់ និងភូមិភាគ ដោយភូមិភាគខ្លះមាន៣តំបន់ ភូមិភាគខ្លះមាន៥តំបន់ ឬ៧តំបន់)។ បន្ទាប់ពីសិក្សាបានចប់សព្វគ្រប់ បូណាល់ ត្រូវអង្គភាពផ្តល់ឱកាសឱ្យជួយបណ្តុះបណ្តាលកងទ័ពដទៃទៀត នៅសមរភូមិក្រោយ។ បូណាល់ បានបង្រៀនយុទ្ធមិត្តពីរបៀបសរសេរអក្សរសារសម្ងាត់ និងរបៀបមើលផែនទីផងដែរ។ បូណាល់ បានឡើងឋានៈជាបន្តបន្ទាប់ពីពលទាហាន ទៅជានាយទាហាន ក្រោយមកជាប្រធានកងអនុសេនាធំ ដែលអាចគ្រប់គ្រងកងទ័ពប្រមាណ៥០០នាក់។ ចាប់ពីពេលឡើងកាន់តំណែងថ្មី បូណាល់ តែងតែដឹកនាំកងទ័ពប្រយុទ្ធនៅសមរភូមិទន្លេបិទ ហើយតែងតែទទួលជ័យជម្នះស្ទើរតែរាល់លើកនៅសមរភូមិ រហូតរដ្ឋការរបបសាធារណរដ្ឋខ្មែរប្រកាសចាប់ខ្លួន។ តាំងពីចូលព្រៃម៉ាគីស នៅឆ្នាំ១៩៧០ មក បូណាល់ ធ្លាប់ចូលប្រឡូកក្នុងសមរភូមិចំនួន១០៥លើក និងរបួសចំនួន៥លើក រួមទាំងការរងរបួស រហូតពិការភ្នែកឆ្វេងដ៏គួរឱ្យសោកស្តាយ។ យុវជន បូណាល់ រងរបួសភ្នែកឆ្វេងនៅសមរភូមិទន្លេបិទ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺមុនថ្ងៃទទួលជ័យជម្នះលើទាហានលន់ នល់ មួយថ្ងៃ។ តាមសៀវភៅ មាស ក្រោយសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា អ្នកនិពន្ធ ហួត សម្បត្តិ សរសេរថា សមរភូមិលើកទី១ របស់ បូណាល់ គឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧០ (រដ្ឋប្រហារ ថ្ងៃទី១៨មីនា ឆ្នាំ១៩៧០) ពោលក្រោយពីចូលរួមតស៊ូក្នុងព្រៃ និងទទួលការហ្វឹកហ្វឺនផ្នែកយុទ្ធវិធី និងបច្ចេកទេសបានប្រមាណ១៤ថ្ងៃ។

បូណាល់ ហៅក្រៅថា សែន ត្រូវមេបញ្ជាការបញ្ជូនឱ្យទៅកាន់ស្រុកស្នួល ខេត្តក្រចេះដើម្បី បណ្តេញកងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧០ កងទ័ពរំដោះរបស់យុវជនបូណាល់ បានឡោមព័ទ្ធបន្ទាយកងទ័ពសាធារណរដ្ឋខ្មែរ (លន់ នល់) និងបានបញ្ចុះបញ្ចូលទាហានលន់ នល់ ចុះចូលជាមួយចលនាកងទ័ពរំដោះសីហនុនិយមផងដែរ។ សមរភូមិទី២ កើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០ នៅទីរួមខេត្តក្រចេះ។ បូណាល់ ត្រូវបញ្ជាឱ្យដឹកនាំកងទ័ពទៅវាយដណ្តើមទីរួមខេត្តក្រចេះ។ ប៉ុន្តែមិនទាន់ទៅដល់ផង ឬទើបតែទៅជិតដល់ នៅថ្ងៃទី២៦ មេសា ទាហានលន់ នល់ ក៏ចុះចូលជាមួយចលនាកងទ័ពរំដោះបន្ថែមទៀត។ ចាប់ពីពេលនោះមក តំបន់ជាយព្រំដែនលាវ កម្ពុជា និងផ្លូវជាតិលេខ៧ ត្រូវកងទ័ពរំដោះកាន់កាប់ទាំងស្រុង ហើយក៏ចាត់ទុក និងហៅតំបន់នោះថា តំបន់រំដោះ។

បន្ទាប់ពីកាន់កាប់តំបន់ទាំងនោះបាន៥ថ្ងៃ គឺពីថ្ងៃទី២៦មេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ កងទ័ព បូណាល់ ជួបការប្រយុទ្ធដ៏ធំលើកដំបូងរបស់ខ្លួន គឺការលុកលុយដ៏ធំសម្បើមដំបូងបង្អស់មិនដែលមានរបស់កងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង ប្រើទាំងទ័ពអាកាស ថ្មើរជើង និងកងរថក្រោះ ចូលទឹកដីកម្ពុជា នៅពញាក្រែក ខេត្តកំពង់ចាម។ នេះជាសមរភូមិទី៣ ដែលបូណាល់ ត្រូវរ៉ាប់រង និងប្រឈមមុខ។ នៅទីនោះការប្រយុទ្ធគ្នាមួយថ្ងៃពេញ គឺចាប់ពីម៉ោង៨ព្រឹក រហូតម៉ោង៥ល្ងាច ខ្សែត្រៀមជួរមុខរបស់បូណាល់ ត្រូវកងរថក្រោះ កងទ័ពអាម៉េរិកកាត់ផ្តាច់។ កងទ័ពបូណាល់ ដែលមានគ្នាតែ៣៦នាក់ ត្រូវបាក់ទ័ព ក្នុងនោះ ២០នាក់ស្លាប់ និងចាប់ខ្លួនជាឈ្លើយសង្រ្គាម និង១៦នាក់ទៀត រួមទាំងបូណាល់ រត់យករួចខ្លួនរៀងៗខ្លួន។ការរត់នេះ គឺគ្មានគោលដៅច្បាស់លាស់ឡើយ ដោយធ្វើយ៉ាងណាទៅឱ្យឆ្ងាយពីសមរភូមិ ហើយចាប់ពីពេលនោះមក បូណាល់ ចាប់ផ្តើមទទួលស្គាល់ខ្លួនឯងថា គឺជាទាហានពិតប្រាកដមួយរូប ហើយសកម្មភាពដែលពួកគេធ្វើ ឬការលុកលុយរបស់កងទ័ពអាម៉េរិក មកលើកកងទ័ពបូណាល់ ប្រៀបបាននឹងការយកអាវុធធុនធ្ងន់ដើម្បីបាញ់រថក្រោះ ឬបាញ់យន្តហោះ មកបាញ់សត្វកង្កែប ឬកូនមាន់សម្គមដ៏តូចមួយ។

“…ថ្ងៃនោះហើយ ដែលខ្ញុំបានស្គាល់សមរភូមិក្តៅ ហើយខ្ញុំទទួលស្គាល់ខ្លួនឯងថា ខ្ញុំជាទាហានមួយរូបយ៉ាងពិតប្រាកដ …”។

ក្រោយពីបាក់ទ័ព បូណាល់ ព្យាយាមស្វែងរកកូនទាហាន នៃកងអនុសេនាតូចរបស់ខ្លួនទាំង១៥នាក់ ដើម្បីទៅចាប់ដៃសហការជាមួយអង្គភាពដទៃផ្សេងទៀតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ រហូតដល់ចុងខែកក្កដា ឆ្នាំ១៩៧០ មេដឹកនាំចលនាកងទ័ពរំដោះប្រចាំខេត្តក្រចេះ ប្រកាសឱ្យកងទ័ពដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ត្រលប់ទៅកំពង់ចាមវិញ។ ចាប់ពីពេលនោះមក បូណាល់ ត្រលប់មកធ្វើជាប្រធានកងអនុសេនាតូច នៅកំពង់ចាមវិញ ហើយជាបន្តបន្ទាប់ បូណាល់ បានចូលសិក្សាវគ្គហ្វឹកហ្វឺនជាច្រើនលើក ទាំងកងអនុសេនាតូច កងអនុសេនាធំ និងការងារសេនាធិការ ហើយក្រោយមកទៀត បូណាល់ បន្តចូលហ្វឹកហ្វឺនវគ្គកុម្ម៉ង់ដូ នៅថ្នាក់តំបន់ពេញមួយឆ្នាំបន្ថែមទៀត។ ក្រៅពីនេះ បូណាល់ ក៏បន្តសិក្សាផ្នែកអក្សរសាស្រ្ត គណិតសាស្រ្ត ជាច្រើនបន្ថែមទៀត។ ក្រោយបញ្ចប់វគ្គសិក្សា បូណាល់ បានក្លាយជាគ្រូបង្រៀនផ្នែកគូរផែនទី ផ្នែកកែវយឹត ត្រីវិស័យ ចារកម្ម និងផ្នែកសង្រ្គាមចិត្តសាស្រ្ត។ ដោយសារចំណេះ ជំនាញច្បាស់លាស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ទើបនៅឆ្នាំ១៩៧២ បូណាល់ ត្រូវមេបញ្ជាការតែងតាំងជាប្រធានកងអនុសេនាធំ ទ័ពពិសេស ដែលមានទាហាន១៣០នាក់។ ក្រោយមកទៀតនៅឆ្នាំ១៩៧៤ បូណាល់ ត្រូវតែងតាំងជាមេបញ្ជាការកងវរសេនាតូចថ្មើរជើងដែលមានកងទ័ពជាង៥០០នាក់។ ចាប់ពីពេលនោះមក បូណាល់ ត្រូវឱ្យឡើងទៅប្រយុទ្ធ ប្រៀបនឹងការសាកល្បងបទពិសោធ និងចំណេះដឹងនៅសមរភូមិជាមួយទាហាន លន់ នល់ ជាញឹកញាប់ ថែមទាំងរងរបួសផង។ បន្ទាប់មកទៀត ដោយសារចំណេះដឹង ភាពអត់ធ្មត់ ភាពជាអ្នកដឹកនាំ ជាអ្នកយុទ្ធសាស្រ្ត និងចិត្តសាស្រ្តពិតប្រាកដ បូណាល់ បានតែងតាំងជាមេបញ្ជាការកងវរសេនាធំ ដែលមានកូនទាហានប្រមាណ២ពាន់នាក់។ ប៉ុន្ដែទោះបីជាយ៉ាងនេះក្តី ក៏ បូណាល់ មិនទាន់ក្លាយជាបុគ្គលល្បីល្បាញនៅលើឆាកនយោបាយ ចំពោះអ្នកនយោបាយជើងចាស់ចាប់អារម្មណ៍នោះដែរ។

នៅដើមឆ្នាំ១៩៧៣ អង្គភាពរបស់ បូណាល់ ត្រូវបញ្ជូនចេញពីស្រុកមេមត់ទៅកាន់ស្រុកត្បូងឃ្មុំ តាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំថ្មពេជ្រ ឃុំស្រែសៀម ។ល។ បន្ទាប់ពីបានប្រយុទ្ធនៅលើសមរភូមិជាច្រើន តាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួល ខេត្តក្រចេះ មកស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តកំពង់ចាម ។ ការប្រយុទ្ធយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៣ គឺជាលើកដំបូងហើយ ដែលបូណាល់ វាយជាមួយនឹងកងទ័ពខ្មែរគ្នាឯង តាមនយោបាយខ្មែរូបនីយកម្មសង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាម៉េរិក និងវៀតណាមខាងត្បូងដកកងទ័ពថ្មើរជើងចេញពីកម្ពុជា ប៉ុន្ដែនៅតែបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ការប្រយុទ្ធជាច្រើនសមរភូមិមុនៗ គឺវាយជាមួយកងទ័ពឈ្លានពានអាម៉េរិក ពិសេសគឺកងទ័ពវៀតណាមខាងត្បូង ដែលបោះទ័ពតាមផ្លូវជាតិលេខ៧ ម្ដុំ ស្អំ អំពុក ក្រែក។ល។

ពេលវេលា និងសមរភូមិក្តៅជាងគេបំផុត ដែលបូណាល់ ត្រូវទ្រទម្ងន់គាបសង្កត់ផ្នែកយោធា និងប្រឈមមុខ គឺនៅតំបន់ទន្លេបិទ និងចាប់ផ្តើមពីដើមឆ្នាំ១៩៧៥ ព្រោះកម្លាំងកងទ័ពរំដោះរបស់ចលនារំដោះជាតិសីហនុនិយម កាន់តែមានប្រៀបលើកម្លាំងលោកសេនាប្រមុខ លន់ នល់។ ការមានប្រៀបលើកម្លាំងទ័ពសាធារណរដ្ឋខ្មែរ នៅសមរភូមិទន្លេបិទ ជំរុញឱ្យកិត្តិនាមបូណាល់ ល្បីរន្ទឺខ្លាំងឡើង និងធ្វើឱ្យទាំងចៅហ្វាយខេត្តកំពង់ចាម ប្រកាសស្វែងរកចាប់ខ្លួន និងអាជ្ញាធរមូលដ្ឋានក៏តាមដាន និងគាបសង្កត់ផ្លូវចិត្តក្រុមគ្រួសារ បូណាល់ ផងដែរ។ ដើម្បីបង្វែងដាន និងគេចផុតពីការតាមប្រមាញ់ដ៏កញ្រ្ជោកកញ្ជ្រោលរបស់អាជ្ញាធរនេះ បូណាល់ សម្រេច ដូរឈ្មោះពី ហ៊ុន បូណាល់ មកជា ហ៊ុន សំរេច វិញ។ ឆ្នាំ១៩៧៤-១៩៧៥ សំរេច ទើបមានអាយុ២២-២៣ឆ្នាំនៅឡើយ ហើយឆ្នាំ១៩៧៥ គឺជាឆ្នាំដែល សំរេច ចាប់ផ្តើមមានជំងឺស្នេហាជាមួយយុវគិលានុបដ្ឋាយិកា ប៊ុន រ៉ានី ដ៏មានសម្ផស្ស និងសន្តានចិត្តល្អ ដែលធ្វើការនៅមន្ទីរពេទ្យព១ បច្ចុប្បន្នជាមន្ទីរពេទ្យស្រុកក្រូចឆ្មារ។ ក្រោយឆ្នាំ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គ គឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស២០៣ តំបន់ដែល សំរេច រស់នៅគឺតំបន់២១ នៅខាងជើងផ្លូវជាតិលេខ៧។ ឯខាងត្បូងផ្លូវជាតិលេខ៧ គឺជាតំបន់២០។ ខេត្តកំពង់ចាមត្រើយខាងលិច ជាភូមិភាគ ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ ២០៣ និង៣០៤។ ចំពោះតំបន់២១ បានបង្កើតស្រុក២បន្ថែម គឺស្រុកទឹកជ្រៅ និងស្រុកពាមជីលាំង ក្នុងឆ្នាំ១៩៧៣។ ក្រោយមកទៀត បង្កើតស្រុកមួយទៀតមានឈ្មោះថា ស្រុកទ្រមូង៕

អត្ថបទទាក់ទង