Grand News Asia Close

ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង»

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1007
ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង» ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង»

នៅក្នុងបេសកកម្មការងាររបស់ខ្ញុំលើការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គមនិងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជននិងមន្ត្រីស្ថាប័នជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំតែងតែ​ឮការត្អូញត្អែរអំពីរបាំងផ្នត់គំនិតនិងការប្រតិបត្តិ​ដ៏គ្រោះថ្នាក់មួយដែលកំពុង​តែរារាំងនិង​បង្អាក់ដំណើរវិវត្តន៍នៃមូលធន​មនុស្សនៅក្នុងសង្គមជាតិរបស់យើង។ របាំងនោះគឺជាអ្វីដែល​សង្គម​យើង​ស្គាល់​ជាទូទៅ​ថា «វប្បធម៌ក្តិចត្រួយ»។

នៅក្នុងយុគសម័យដែលពិភពលោកកំពុងតែផ្លាស់ប្តូរទៅមុខយ៉ាងលឿនស្លេវដោយបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ការរក្សាទុកនូវផ្នត់គំនិតជាន់ពន្លិច ឬការកាត់ផ្តាច់ឱកាសរបស់យុវជន​និងបុគ្គល​ដែលមានសមត្ថភាព មិនត្រឹមតែជាការខាតបង់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជា «ការបាត់បង់ធនធានមនុស្សដែល​មានសមត្ថភាពដោយ​ចាកចេញទៅនៅក្រៅប្រទេស» (Brain Drain) និងជាការបិទខ្ទប់ទ្វារនវានុវត្តន៍ ក្នុងការកសាងស្ថាប័ន ក៏ដូចជាការអភិវឌ្ឍសង្គមជាតិទាំងមូល។

តើការក្តិចត្រួយជាអ្វី?

ក្នុងន័យចំ «ការក្តិចត្រួយ» សំដៅលើរូបភាពដែលយើងឃើញកសិករក្តិចដាច់នូវត្រួយខ្ចីនៃរុក្ខជាតិ ដើម្បី​កុំឱ្យវាលូតលាស់ខ្ពស់ទៅមុខ ឬដើម្បីបង្ខំឱ្យវាបែកមែកធាងនៅត្រឹមហ្នឹង។ នៅក្នុងន័យទំនាក់ទំនង​សង្គម ស្ថាប័ន និងការដឹកនាំ ការក្តិចត្រួយគឺជាសកម្មភាពបង្អាក់ បំបាក់ទឹកចិត្ត ឬការបិទបាំងឱកាស​របស់​យុវជន​ឬបុគ្គលដែលមានសមត្ថភាព ភាពលេចធ្លោ ឬមានគំនិតច្នៃប្រឌិតថ្មីៗ។ ជាញឹកញាប់ ជនរងគ្រោះនៃ​វប្បធម៌​ការក្តិចត្រួយនេះគឺយុវជនជំនាន់ក្រោយឬអ្នកអាជីពជំនាន់ថ្មី (Young Professionals) ដែលពេញ ដោយថាមពលនិងក្តីស្រមៃ ចំណែកឯសកម្មភាពនៃការក្តិចត្រួយនេះ ជារឿយៗកើតចេញពីផ្នត់គំនិត គ្រប់គ្រងបែបបុរាណ ឬភាពស្ទាក់ស្ទើររបស់អ្នកជំនាន់មុនក្នុងការទទួលយកការផ្លាស់ប្តូរ ដែលបង្កើតជា មនោសញ្ចេតនាមិនសុវត្ថិភាពចំពោះឥទ្ធិពលនិងតួនាទីរបស់ខ្លួន។

តើអ្វីខ្លះជាឫសគល់នៃផ្នត់គំនិតគ្រប់គ្រងបែបការក្តិចត្រួយ?

យោងតាមទស្សនវិស័យផ្នែកចិត្តសាស្ត្រសង្គម និងវិទ្យាសាស្ត្រភាពជាអ្នកដឹកនាំ ឫសគល់ចម្ពងនៃ​ការក្តិចត្រួយ​​​កើតចេញពី «ភាពភ័យខ្លាចនិងសេចក្តីច្រណែន»។ អ្នកដឹកនាំ ឬអ្នកជំនាន់មុនមួយចំនួន តែងមានអារម្មណ៍មិនសុវត្ថិភាពចំពោះតំណែងនិងឥទ្ធិពលរបស់ខ្លួន នៅពេលឃើញអ្នកចំណូលថ្មី​មានសមត្ថភាពខ្ពស់ជាង រហ័សរហួនជាង ឬចេះដឹងរឿងបច្ចេកវិទ្យានិងការវិភាគជ្រៅជ្រះជាងខ្លួន។

ជំនួសឱ្យការមានមោទនភាពនិងការបើកផ្លូវឱ្យ​អ្នកចំណូលថ្មី ពួកគេបែរជារកវិធីបង្កើតឧបសគ្គ រើសអើង ឬបង្កើតវប្បធម៌ការងារមួយដែលឱ្យតម្លៃលើ «ការស្តាប់បង្គាប់បែបងងឹតងងិល» និង «វប្បធម៌អែប​អប» ជាជាងសមត្ថភាពពិតប្រាកដ។ ប្រព័ន្ធគ្រប់គ្រងបែបចៅហ្វាយនិយម (Boss Culture) នេះបាន​បង្កើត​​ជាបរិយាកាសទប់ស្កាត់ភាពច្នៃប្រឌិត និងកាត់បន្ថយសេរីភាពនៃការគិត ដែលជាកត្តាចាំបាច់សម្រាប់​បង្កើត​នវានុវត្តន៍ក្នុងយុគសម័យថ្មី។ កាលណាគំនិតច្នៃប្រឌិតត្រូវបានចងជើង សេរីភាពនៃការគិតត្រូវបានបិទខ្ទប់ នោះស្ថាប័ន ឬសង្គមជាតិទាំងមូល ក៏មិនអាចហោះហើរទៅមុខបានឆ្ងាយដែរ។

ផលវិបាកនៃការគ្រប់គ្រងនិងការដឹកនាំបែបការក្តិចត្រួយ

នៅពេលដែលមនុស្សពូកែ ឬយុវជនដែលមានសក្តានុពលត្រូវបានគេ «ក្តិចត្រួយ» ឬមិនផ្តល់ឱកាស ពួកគេនឹងអាចជ្រើសរើសផ្លូវពីរគឺ៖

១) ព្រមចុះចាញ់ អស់សង្ឃឹម​រួចបន្សាំខ្លួនទៅជាមនុស្សអសកម្ម​ដែល​លែងហ៊ានគិត លែងហ៊ាននិយាយ លែងហ៊ានសាកល្បងអ្វីដែលថ្មី ដោយបោះបង់ចោល​នូវ​ក្តីសុបិន​និង​សក្តានុពល​ដ៏អស្ចារ្យរបស់ខ្លួន។
២) ពួកគេនឹងចាកចេញទៅស្វែងរកឱកាសនៅក្នុងប្រព័ន្ធ ឬបរិយាកាសផ្សេងដែលគេឱ្យតម្លៃលើស្នាដៃ​របស់ពួកគេ (ដូចជាក្រុមហ៊ុនបរទេសឬការធ្វើចំណាកស្រុកទៅក្រៅប្រទេស)។

ទោះក្នុងករណីណាក៏ដោយ ស្ថាប័ននិងសង្គមជាតិគឺជាអ្នកខាតបង់ពិតប្រាកដ ពីព្រោះយើងបានបាត់បង់​ឱកាស​ក្នុងការទទួលយកខួរក្បាល​ដៃជើង និងបេះដូងថ្មីដែល​អាច​បង្កើតដំណោះស្រាយថ្មីៗ​សម្រាប់​ដោះស្រាយបញ្ហាសង្គម។ វាជាការខាតបង់ដ៏ធំធេង នៅពេលដែលសរសរទ្រូងនៃអនាគតជាតិ ត្រូវបាន​ក្រិន​និង​​បាក់បែកមុនពេលពួកគេមានឱកាសបានបង្ហាញភាពរឹងមាំរបស់ខ្លួន។

ការប្តូរពី «ការក្តិចត្រួយ» ទៅ «ការជ្រោមជ្រែង

ដើម្បីរំដោះសង្គមខ្មែរចេញពីឥទ្ធិពលអវិជ្ជមាននេះ យើងចាំបាច់ត្រូវរួមគ្នាបង្កើតរបត់នៃការគិតថ្មីមួយ គឺការផ្លាស់ប្តូរពី «វប្បធម៌ក្តិចត្រួយ» មកជា «វប្បធម៌ជ្រោមជ្រែង»។​ ក្នុងនាមជាគ្រូបណ្តុះបណ្តាល​ភាពជាអ្នកដឹកនាំ ខ្ញុំតែងតែសង្កត់ធ្ងន់ថា នៅក្នុងរចនាសម្ព័ន្ធដឹកនាំទំនើប អ្នកដឹកនាំលែងដើរតួជា​អ្នក​ត្រួតត្រាឬចៅហ្វាយទៀតហើយ ប៉ុន្តែត្រូវវិវត្តខ្លួនទៅជាអ្នកដឹកនាំបែបគ្រូបង្វឹកឬអ្នកផ្តល់ការប្រឹក្សា(Leader-Coach)។ តួនាទីរបស់អ្នកជំនាន់មុននិងអ្នកមានតំណែងខ្ពស់ មិនមែនជាអ្នកចាំកាត់ត្រួយ ឬ​ស្លាបយុវជ​នឬអ្នកចំណូលថ្មីនោះទេ ប៉ុន្តែជាអ្នកជួយតម្រង់ទិស ផ្តល់ថាមពល បង្កើតបរិយាកាស​សុវត្ថិភាពក្នុងការបញ្ចេញមតិ ការផ្តួចផ្តើម ការអនុវត្តការងារ និងការប្រឹក្សាណែនាំ (Mentorship) ឱ្យពួក​គេបានលូតលាស់ពេញសក្តានុពលរបស់ខ្លួន។

«វប្បធម៌ជ្រោមជ្រែង» មិនមែនមានន័យថាជាការបោះបង់ចោលរៀមច្បងនោះទេ ប៉ុន្តែវាគឺជា​សហពល (Synergy) ដែលរួមបញ្ចូលគ្នារវាង «បទពិសោធន៍ដ៏ជ្រៅជ្រះ និងភាពចាស់ទុំរបស់អ្នក​ជំនាន់មុន» ជាមួយ «ថាមពល ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗរបស់យុវជនឬអ្នកជំនាន់ក្រោយ»។ យើងត្រូវ​រួម​គ្នាបង្កើត​ផ្នត់គំនិតថ្មីមួយដែលយល់ឃើញថា៖ «ភាពជោគជ័យ និងការលេចធ្លោរបស់យុវជនឬ​អ្នកជំនាន់​ក្រោយ មិនមែនជាការគំរាមកំហែងដល់តំណែងរបស់យើងជាអ្នកជំនាន់ចាស់នោះទេ ប៉ុន្តែវាគឺជាសមិទ្ធផល​ដ៏ឧត្តុង្គឧត្តមនិងជាកេរដំណែលដ៏អស្ចារ្យបំផុតរបស់អ្នកដឹកនាំជំនាន់មុន»។ តើមានមោទនភាពណា​ធំធេង​ជាងការបានឃើញសិស្សឬយុវជនជំនាន់ក្រោយដែលខ្លួនបានបណ្តុះបណ្តាល អាចដើរបានឆ្ងាយនិងរឹងមាំ​ជាងខ្លួននោះ?

សរុបមកការលុបបំបាត់វប្បធម៌ក្តិចត្រួយ មិនអាចធ្វើឡើងបានតាមរយៈការទាមទារតែមាត់នោះទេ ប៉ុន្តែវា​ទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ការបង្កើតប្រព័ន្ធការងារដែលផ្អែកលើគុណាធិបតេយ្យ​(Meritocracy) ពិតប្រាកដ និងការបើកលំហសុវត្ថិភាពសម្រាប់នវានុវត្តន៍ (Innovation Safe Spaces) តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបែបទំនើបដែលប្រកបដោយគុណតម្លៃ ព្រហ្មវិហារធម៌ និងការបើកចិត្តទូលាយ។

សង្គមខ្មែរនឹងលែងក្រិននិងអាចដើរទាន់ពិភពលោកឬសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាធិបតេយ្យនិងភាពសុខុដមរមនាពិតប្រាកដបាន ប្រសិនបើយើងនៅតែបញ្ឈប់វប្បធម៌​ក្តិចត្រួយខ្ចី​របស់ខ្លួនឯង។ ដល់​ពេលហើយដែលយើងត្រូវប្តូរពីការកាន់កន្ត្រៃចាំក្តិចត្រួយ មកជ្រោមជ្រែង ស្រោចទឹក ពូនដី ដាក់ជី និងមើលថែទាំការលូតលាស់នៃពន្លកថ្មីៗទាំងនោះ ដោយក្តីមោទនភាពនិងក្តីសង្ឃឹម។ សូមឱ្យរៀមច្បងជំនាន់មុនធ្វើខ្លួន​ជាអ្នកជ្រោមជ្រែង ស្រោចទឹក និងរបាំងការពារយុវជនឬអ្នកជំនាន់ក្រោយ ឱ្យលូតលាស់ពេញលេញតាមសក្តានុពលរបស់ខ្លួន​ដើម្បីអភិវឌ្ឍសង្គមជាតិឆ្ពោះទៅកាន់អនាគតដ៏រុងរឿង ថ្កុំថ្កើង និងប្រកបដោយមោទនភាពសម្រាប់ទាំងអស់គ្នា៕

ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) និងអ្នកជំនាញអភិវឌ្ឍន៍ភាព​ជាអ្នកដឹកនាំ

-Post Khmer-

អត្ថបទទាក់ទង