Grand News Asia Close

បទវិភាគ៖ កម្ពុជា ឡាវ ត្រូវការចាប់ដៃគ្នា នៅពេល​ប្រទេសថៃ បង្ហាញសាច់ដុំជាបងធំ

ដោយ៖ Morm Sokun ​​ | 19 ម៉ោងមុន ទស្សនៈ-Opinion 1026
បទវិភាគ៖ កម្ពុជា ឡាវ ត្រូវការចាប់ដៃគ្នា នៅពេល​ប្រទេសថៃ បង្ហាញសាច់ដុំជាបងធំ បទវិភាគ៖ កម្ពុជា ឡាវ ត្រូវការចាប់ដៃគ្នា នៅពេល​ប្រទេសថៃ បង្ហាញសាច់ដុំជាបងធំ

#opinion

ក្នុងអំឡុង​ដំណើរទស្សនកិច្ច​របស់​​លោក បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទីក្រុងភ្នំពេញ កាលពីសប្តាហ៍​មុន ប្រទេសកម្ពុជា និងឡាវ បាន​ប្រកាស​យ៉ាងច្បាស់ៗថា ប្រទេសទាំងពីរ​ «ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ»។

ការគូសបញ្ជាក់នេះ ធ្វើឡើង​ក្នុងជំនួប​រវាងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ លោក​ ថងលុន ស៊ីសុលីត។

ការលើកឡើង​នេះ ធ្វើឡើង​ខណៈ​ដែល​កម្ពុជាកំពុង​ប្រឈម​នឹង​ភាព​តានតឹង​ផ្នែក​ព្រំដែន​ជាមួយ​ប្រទេសថៃ។ ហើយប្រទេសថៃ ត្រូវបាន​គេរាយការណ៍ថា បានទន្រ្ទាន​ចូលកាន់កាប់​ទឹកដីអធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​យ៉ាងតិចចំនួន ១៤កន្លែង ក្រោយពីបង្កសង្គ្រាម​យ៉ាងហឹង្សាកាលពីខែធ្នូ ឆ្នាំ ២០២៥។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឡាវ គឺជាសម្ព័ន្ធភា​ពដែលមានឫសគល់យ៉ាងរឹងមាំតាំងពីអតីតកាលមក។

បើតាមលោកបណ្ឌិត យង់ ពៅ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ នៅតែបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យយ៉ាងល្អប្រសើរ ដែលនេះគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ស្ថិរភាពក្នុងតំបន់។

អ្នកឃ្លាំមើលសង្គមបានវាយតម្លៃថា ការរួបរួមកម្លាំងយ៉ាងស្អិតរមួតរវាងកម្ពុជា និងឡាវ បានក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរអាចបន្លឺសំឡេងរួមគ្នាយ៉ាងមានទម្ងន់នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន។

ទាំងកម្ពុជា និងឡាវ សុទ្ធតែមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ហើយប្រជាជាតិទាំងពីរតែងតែជួបប្រទះនូវបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃដូចៗគ្នា។ ប្រវត្តិសាស្ត្របានបង្ហាញថា ភាពមិនច្បាស់លាស់នៃបន្ទាត់ព្រំដែន និងមហិច្ឆតាពង្រីកឥទ្ធិពលរបស់យោធាថៃ គឺជាដើមចមនៃភាពតានតឹងដែលបង្កការរំខានដល់សន្តិភាពក្នុងតំបន់ជាញឹកញាប់។

កាលពីខែ កុម្ភៈ ឆ្នាំ ២០២៥ ក្នុងជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយ​លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសទាំងពីរក៏បាន​គូសបញ្ជាក់ជំហររួម​គ្នាដូចគ្នានេះដែរ។
អ្នកវិភាគ​នយោបាយកម្ពុជា មើលឃើញថា ជំហររួមនេះគឺជាសារនយោបាយយ៉ាងច្បាស់លាស់ផ្ញើទៅកាន់ទីក្រុងបាងកកថា ប្រជាជាតិក្នុងភូមិភាគឥណ្ឌូចិនទាំងនេះ មានឯករាជភាពពេញលេញ និងមិនមែនជាទម្រង់នៃរដ្ឋដែលងាយនឹងឱ្យនរណាម្នាក់មកដាក់សម្ពាធ ត្រួតត្រា ឬបង្គាប់បញ្ជាតាមអំពើចិត្តបាននោះឡើយ។

កម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនសរុបប្រវែងជាង ៥៥០ គីឡូម៉ែត្រ ហើយខេត្តរបស់កម្ពុជាដែលជាប់ព្រំដែនឡាវ រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។ ដោយឡែកសម្រាប់ភាគីឡាវ ខេត្តដែលមានព្រំប្រទល់ជាប់នឹងកម្ពុជា រួមមាន ខេត្តអាតាពឺ និងខេត្តចម្ប៉ាសាក់។

ក្នុងជំនួបក្នុងទីក្រុងភ្នំពេញ កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំកំពូលនៃ​ប្រទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទ្វេភាគីឱ្យកាន់តែកក់ក្តៅ និងជិតស្និទ្ធថែមទៀត ក្នុងបរិបទដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ៕ ដោយ ទួន សុផល

-AMS-

អត្ថបទទាក់ទង