ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការអះអាងរបស់ថៃអំពីមូលហេតុដែលនាំឱ្យ ផ្អាកការចរចានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការអះអាងរបស់ថៃអំពីមូលហេតុដែលនាំឱ្យ ផ្អាកការចរចានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី ១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការអះអាងរបស់ថៃដែលថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រធ្វើឱ្យការចរចាព្រំដែនគោកត្រូវបានផ្អាក?
ចម្លើយ៖ កម្ពុជាបដិសេធចំពោះការអះអាងនេះ និងសូមបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺពាក់ព័ន្ធតែបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះ។ ដូច្នេះ មិនអាចយកហេតុផលនេះមកធ្វើជាលេសដើម្បីពន្យារពេល ឬផ្អាកការងារវាស់វែង និងបោះបង្គោលព្រំដែនគោក ដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយនោះទេ។ កម្ពុជាយល់ថា បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ដោយឡែកដែលមានយន្តការដោះស្រាយផ្សេងគ្នា។
សំណួរទី ២៖ ហេតុអ្វីបានជាកម្ពុជាសម្រេចប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ហើយតើយន្តការនេះមានគោលបំណងអ្វី?
ចម្លើយ៖ កម្ពុជាបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ព្រោះភាគីថៃបានលុបចោលអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ ដែលជាយន្តការទ្វេភាគីតែមួយគត់ សម្រាប់ការចរចាដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងជាយន្តការដែលភាគីទាំងពីរបានប្រើប្រាស់អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ ម្យ៉ាងទៀត ការប្រើប្រាស់យន្តការ UNCLOS គឺស្របតាមច្បាប់អន្តរជាតិ និងជាមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី ដែលទទួលស្គាល់ជាសកល។
យន្តការនេះមានគោលបំណងដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី ពង្រឹងទំនុកចិត្ត និងសន្តិសុខក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹង មិនមែនជាមូលហេតុនាំឱ្យប៉ះពាល់ដល់យន្តការចរចាព្រំដែនគោក ឬទំនាក់ទំនងទ្វេភាគីឡើយ។
សំណួរទី ៣៖ តើកម្ពុជាអំពាវនាវអ្វីខ្លះទៅកាន់ភាគីថៃ ពាក់ព័ន្ធនឹងការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)?
ចម្លើយ៖ កម្ពុជាអំពាវនាវឱ្យភាគីថៃបន្តគោរពយន្តការទ្វេភាគីដែលមានស្រាប់ និងកុំយកដំណើរការក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) មកធ្វើជាហេតុផលពន្យារពេលការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ កម្ពុជាក៏បានកត់សម្គាល់ផងដែរថា កន្លងមកភាគីថៃបានពន្យារពេលកិច្ចប្រជុំ JBC ជាច្រើនលើកច្រើនសារដោយលើកហេតុផលផ្សេងៗ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់បានតែងតាំងប្រធាន និងសមាជិក JBC ថ្មី ស្របតាមការប្តេជ្ញាដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅឡើយទេ។ កម្ពុជាសូមបញ្ជាក់ថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការបន្តការចរចា និងការងារវាស់វែង បោះបង្គោលព្រំដែនគោក តាមការព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា៕






