Grand News Asia Close

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ក្រុ​មកម្មករ-កម្មការិនីប្រមូលសំរាម និងសម្អាត​ទីក្រុងចំនួនជាង២០០០នាក់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 349
ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ក្រុ​មកម្មករ-កម្មការិនីប្រមូលសំរាម និងសម្អាត​ទីក្រុងចំនួនជាង២០០០នាក់ ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ក្រុ​មកម្មករ-កម្មការិនីប្រមូលសំរាម និងសម្អាត​ទីក្រុងចំនួនជាង២០០០នាក់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ ​សម្ដេច ព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ​រាជពិធី​សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុម កម្មករកម្មការិនីប្រមូល​សំរាម​ និងសម្អាត​ទីក្រុងជាង២០០០នាក់ អបអរ​សារទរ​ទិវាជាតិ ទីក្រុង​ស្អាត។

ព្រះ​រាជពិធី​ បានប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព្រះមហាក្សត្រ ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកម្ពស់ជីវីភាពរស់នៅ របស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំគតិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគារ ដ៏ល្អប្រពៃនិងមរតក នយោបាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដឹកនាំសង្គមជាតិយើងទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចំរើន លូតលាស់លើគ្រប់វិស័យ។

អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរសោភណ្ឌភាព និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ព្រះអង្គ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិ ទាំងអស់ សូមចូលរួមឲ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានឲ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យកម្ពុជា ក្លាយជាគោលដៅ ទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសការបំពេញទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។

នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ថ្វាយព្រះករុណា ពីរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សា អនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើ កំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញ ជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិករថ្មីទាំង៣ បានចាប់ដំណើរការផ្តល់សេវា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ថាការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។
តាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យម ត្រឹមតែចំនួន ២,៧០០ តោនក្នុងមួយថ្ងៃ ប៉ុន្តែក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង គិតជាមធ្យមប្រមាណ ៣,៧០០ តោនក្នុងមួយថ្ងៃ ជាហេតុធ្វើឲ្យរាជធានីភ្នំពេញ មានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។

លើសពីនេះ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប្រតិបត្តិករទាំង៣ បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងកម្មវិធីធំ១ សំខាន់របស់រាជរដ្ឋាភិបាល ដូចជាកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។

គួរបញ្ជាក់ថា ព្រះរាជទានព្រះរាជ​អំណោយ ដែល​ត្រូវផ្តល់ជូនដល់កម្មករ ដែលបំរើការងារនៅក្នុងក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាមទាំង៣នេះ ក្នុងនោះរួមមាន៖

* ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ចំនួន៦០៤នាក់
* ក្រុមហ៊ុន 800 SUPER/GAEA ចំនួន៧៣៧នាក់
* ក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន៧១៤នាក់។ សរុប២០៥៥នាក់ ដោយ ក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ ដែលមាន ៖ ភួយ មុង កន្ទេល ត្រីខ មី អាវរងារ និងព្រះរាជទ្រព្យមួយចំនួនទៀត៕

អត្ថបទទាក់ទង