Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1069
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី១៖ តើការអះអាងរបស់ភាគីថៃថា ប្រតិបត្តិការយោធាថៃនាពេលកន្លងមក ធ្វើឡើងស្របតាមសិទ្ធិការពារខ្លួន គឺជារឿងសមហេតុផលដែរឬទេ?

ចម្លើយ៖ កម្ពុជាយល់ថា ការអះអាងរបស់ថៃអំពីសិទ្ធិការពារខ្លួន គ្រាន់តែជាលេសដោះសារចំពោះសកម្មភាពយោធាដែលបានកើតឡើងប៉ុណ្ណោះ។ ជាក់ស្តែង កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារជ្រៅចូលមកក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន រួមមានស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទីតាំងស៊ីវិលផ្សេងៗទៀត។ កម្ពុជាយល់ថា ការវាយប្រហារលើគោលដៅស៊ីវិលបែបនេះ មិនអាចចាត់ទុកថាជាការអនុវត្តសិទ្ធិការពារខ្លួនដោយស្របច្បាប់បានឡើយ ហើយផ្ទុយទៅវិញ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ការពារជនស៊ីវិលក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ម្យ៉ាងទៀត បើភាគីថៃអះអាងថា ខ្លួនមិនបានឈ្លានពាន​និង​កាន់កាប់ទឹកដីកម្ពុជាទេនោះ ម្តេចក៏ភាគីថៃតែងតែព្យាយាមគេចវេសពីការវាស់វែងខណ្ឌ័សីមាព្រំដែនឱ្យបាន​​ឆាប់ដូចដែលកម្ពុជាបានស្នើ? កម្ពុជាសង្ឃឹមថា គ្មានអ្វីអាចបិទបាំងការពិតបានឡើយ។
 
សំណួរទី២៖ តើការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់ស្ពានថ្មដាជាគោលដៅយោធា គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការលើកឡើងបែបនេះគ្រាន់តែជាការបង្កើតលេសក្នុងចេតនាបង្ហាញភាពស្របច្បាប់ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា។ ស្ពានថ្មដាជាសម្បត្តិស៊ីវិលដែលបម្រើដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនមែនជាគោលដៅយោធាដូចការអះអាងរបស់ថៃនោះទេ។
ការវាយប្រហារលើស្ពានថ្មដា គឺជាផ្នែកមួយនៃសកម្មភាពដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទឹកដីកម្ពុជា។ ការវាយប្រហារនេះ មិនត្រឹមតែប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ការរស់នៅ សុវត្ថិភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋស៊ីវិលផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិលមិនដូចគ្នាទេ។ អ្នកណាក៏អាចបែងចែករឿងនេះបានដែរ ដូច្នេះ ការលើកឡើងបែបនេះជារឿងគួរឱ្យខ្មាសអៀន។

 
សំណួរទី៣៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការប្រកាសជំហរអំពាវនាវរកសន្តិភាពរបស់ថៃ?

ចម្លើយ៖ កម្ពុជាតែងតែគាំទ្រសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្វាគមន៍ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី។ ទោះជាយ៉ាងណា ការអំពាវនាវរកសន្តិភាពគួរតែត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែជាការប្រកាសជាពាក្យសម្តីនៅចំពោះមុខសារព័ត៌មាន ឬសហគមន៍អន្តរជាតិប៉ុណ្ណោះទេ។ ប្រសិនបើថៃពិតជាចង់បានសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនមែន ភាគីថៃគួរតែបញ្ឈប់សកម្មភាពដែលអាចចាត់ទុកថាជាការឈ្លានពាន ឬបង្កើនភាពតានតឹង ត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចដែលមានចែងក្នុងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេស​ការចាត់បញ្ជូនក្រុមបច្ចេកទេសចម្រុះវាស់វែងខណ្ឌ័សីមាព្រំដែនឱ្យបានឆាប់បំផុត​តាមសំណើរបស់គណៈកម្មការ JBC កម្ពុជា៕

អត្ថបទទាក់ទង