Grand News Asia Close

កម្ពុជាជ្រើសរើសផ្លូវច្បាប់ បដិសេធ «អង្គហេតុថ្មីនៅលើដីជាក់ស្តែង» និងការអូសបន្លាយវិវាទព្រំដែន

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1010
កម្ពុជាជ្រើសរើសផ្លូវច្បាប់ បដិសេធ «អង្គហេតុថ្មីនៅលើដីជាក់ស្តែង» និងការអូសបន្លាយវិវាទព្រំដែន កម្ពុជាជ្រើសរើសផ្លូវច្បាប់ បដិសេធ «អង្គហេតុថ្មីនៅលើដីជាក់ស្តែង» និងការអូសបន្លាយវិវាទព្រំដែន

#opinion

ក្នុងទ្រឹស្តីទំនាក់ទំនងនិងច្បាប់អន្តរជាតិ គន្លឹះដ៏សំខាន់មួយក្នុងការវាយតម្លៃអំពីភាពស្មោះត្រង់​របស់​ប្រ​ទេស​​ណា​មួយក្នុងការដោះស្រាយវិវាទ មិនមែនស្ថិតនៅលើសេចក្តីថ្លែងការណ៍នយោបាយនោះទេ ប៉ុន្តែ​ស្ថិត​នៅ​លើសកម្មភាពជាក់ស្តែងដែលប្រទេសនោះអនុវត្តនៅពេលប្រឈមមុខនឹងវិវាទ។ ប្រទេសដែល​ជឿជាក់លើ​អំណះ​​អំណាងរបស់ខ្លួន តែងតែស្វាគមន៍ការប្រើប្រាស់យន្តការច្បាប់ និងយន្តការដោះ​ស្រាយ​វិវាទដោយ​សន្តិ​វិធី។ ផ្ទុយទៅវិញ ប្រទេសដែលព្យាយាមពន្យារពេល ឬរក្សាស្ថានភាពមិនច្បាស់លាស់​ ជា​រឿយៗត្រូវបានគេមើលឃើញថាកំពុងស្វែងរកឱកាសបង្កើតអត្ថប្រយោជន៍ថ្មីនៅលើដីជាក់ស្តែង មុន​ពេល​ដំ​ណោះស្រាយផ្លូវច្បាប់ត្រូវបានកំណត់ជាផ្លូវការ។

ក្នុងបរិបទនេះ ជំហររបស់កម្ពុជាចំពោះវិវាទព្រំដែនគោក និងដែនសមុទ្រជាមួយប្រទេសថៃកំពុងបង្ហាញ​យ៉ាង​ច្បាស់​នូវជម្រើសយុទ្ធសាស្ត្រមួយដែលផ្អែកលើច្បាប់អន្តរជាតិ ជាជាងការប្រកួតប្រជែង​ដោយអំ​ណាច ឬ​ការបង្កើតសម្ពាធនៅលើដីជាក់ស្តែង។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការជូនដំណឹងទៅអង្គការ​សហ​ប្រ​ជា​ជាតិ និងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខណ្ឌ UNCLOS មិនមែនគ្រាន់តែជាជំហានផ្នែកនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជូនសារ​នយោ​បាយដ៏ច្បាស់​លាស់​មួយទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់ឱ្យវិវាទត្រូវបានសម្រេចដោយអំណាច​នៃ​ច្បាប់ មិន​មែនដោយអំណាចនៃកម្លាំង។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅពេលដែលកម្ពុជាកំពុងជំរុញការដោះស្រាយវិវាទតាមផ្លូវច្បាប់ និង​យន្ត​ការអន្តរជាតិ ភាគីថៃបែរជាបន្តស្នើឱ្យវិលត្រឡប់ទៅរកការចរចាទ្វេភាគី និងពន្យារពេលដំណើរការ​របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ បើពិនិត្យតាមទស្សនៈនយោបាយអន្តរជាតិ សំណួរ​សំខាន់មិនមែនថា «តើការចរចាទ្វេភាគីល្អ ឬមិនល្អ» នោះទេ ប៉ុន្តែគឺ «តើភាគីថៃ​មានឆន្ទៈ​នយោ​បាយ​​គ្រប់គ្រាន់ក្នុងការអនុវត្តលទ្ធផលនៃការចរចាដែរឬទេ»។

ជាក់ស្តែង កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើក ដើម្បីស្នើឱ្យមានកិច្ចប្រជុំពិសេស JBC និងការចុះ​ប្រតិ​បត្តិការរបស់ក្រុមវាស់វែងចម្រុះ (JSTs) នៅលើដីជាក់ស្តែង។ ទោះជាយ៉ាងណា ភាគីថៃបាន​ស្នើ​ពន្យារ​ពេលជាបន្តបន្ទាប់ ដោយយោងទៅលើហេតុផលនយោបាយផ្ទៃក្នុង និងការរៀបចំរដ្ឋាភិបាលថ្មី។ អ្វី​ដែល​កាន់តែគួរឱ្យកត់សម្គាល់ គឺទោះបីជារដ្ឋាភិបាលថ្មីរបស់ថៃត្រូវបានបង្កើតរួចហើយក៏ដោយ ក៏ការតែង​តាំង​សមាសភាពថ្មីរបស់ JBC ភាគីថៃនៅតែមិនទាន់ត្រូវបានបញ្ចប់ជាផ្លូវការ។

ចំពោះទស្សនៈទំនាក់ទំនងអន្តរជាតិ ស្ថានភាពបែបនេះបង្កើតសំណួរមួយដែលមិនអាចរំលងបាន៖ តើ​ការ​ពន្យារពេលនេះគ្រាន់តែជាបញ្ហាបច្ចេកទេស ឬក៏ជាយុទ្ធសាស្ត្រនយោបាយមួយក្នុងការរក្សាស្ថានភាព​បច្ចុប្បន្នឱ្យបន្តអូសបន្លាយទៅមុខបន្ថែមទៀត?

ចំណុចនេះកាន់​តែមានសារៈសំខាន់ នៅពេលដែលរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា អះអាងថា ភាគី​ថៃនៅតែបន្តសកម្មភាពនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ពី​ទស្សនៈ​ច្បាប់អន្តរជាតិ សកម្មភាពបែបនេះអាចត្រូវបានពិនិត្យក្រោមទ្រឹស្តី «Fait Accompli» ឬ «អង្គ​ហេតុ​ថ្មីនៅលើដីជាក់ស្តែង» ដែលសំដៅលើការបង្កើតស្ថានភាពថ្មីមួយជាក់ស្តែង រួចព្យាយាម​ធ្វើឱ្យ​ស្ថាន​ភាពនោះក្លាយជាការពិតដែលមិនអាចត្រឡប់ក្រោយបាន។

នៅក្នុងប្រវត្តិសាស្ត្រអន្តរជាតិ មានប្រទេសខ្លះបានព្យាយាមប្រើប្រាស់វិធីសាស្ត្រនេះ ដោយបង្កើត​ការកាន់កាប់ ឬការផ្លាស់ប្តូរស្ថានភាពនៅលើដីជាក់ស្តែង ហើយបន្ទាប់មកប្រើប្រាស់ស្ថានភាពនោះជាមូល​ដ្ឋានសម្រាប់ការទាមទារផ្នែកនយោបាយ ឬផ្នែកច្បាប់។

ជាគោលការណ៍ «សិទ្ធិមិនអាចកើតចេញពីអំពើខុសច្បាប់បានឡើយ» នេះគឺជាមូលដ្ឋានគ្រឹះនៃរបៀប​សណ្តាប់​ធ្នាប់អន្តរជាតិសម័យទំនើប។ គោលការណ៍នេះមានន័យថា ការកាន់កាប់ទឹកដីដោយខុសច្បាប់ ការ​ប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីដែលផ្ទុយនឹងច្បាប់អន្តរជាតិ មិនអាចបង្កើតសិទ្ធិ​ស្របច្បាប់​ណា​មួយបានឡើយ។ នេះក៏ជាហេតុផលដែលធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងមាត្រា ២(៣) និង ២(៤) បានដាក់កាតព្វកិច្ចឱ្យប្រទេសទាំងអស់ដោះស្រាយវិវាទដោយមធ្យោបាយសន្តិវិធី និងហាមឃាត់​ការគំរាម​ប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់ប្រទេសដទៃ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀត គឺនៅក្នុងជម្លោះអន្តរជាតិ សំណួរសំខាន់មិនមែនត្រឹមតែ «អ្នក​ណា​បាញ់​មុន» នោះទេ ប៉ុន្តែគឺ «អ្នកណាបង្កើតបរិយាកាសដែលធ្វើឱ្យការប្រើប្រាស់កម្លាំងក្លាយជារឿង​អាច​កើតឡើង»។ ដូច្នេះ សកម្មភាព ឬវោហាសាស្ត្រនៃការនិយាយ​ណាមួយ​ដែលអាច​បង្កើត​ការយល់ឃើញ​ថា​ទឹក​ដីជម្លោះ​ត្រូវតែ «យកមកវិញ» អាចបង្កើតការព្រួយបារម្ភថា កំពុងរៀប​ចំមូល​ដ្ឋានផ្នែកនយោបាយ​សម្រាប់​ការបង្កើនសម្ពាធ ឬសកម្មភាពផ្សេងៗនៅពេលក្រោយ។

នៅក្នុងបរិបទនេះ ជំហររបស់កម្ពុជាបានបង្ហាញនូវភាពស៊ីសង្វាក់គ្នារវាងគោលការណ៍ និងការអនុវត្ត​ជាក់​ស្តែង។ មួយផ្នែក កម្ពុជាបន្តគាំទ្រ និងជំរុញឱ្យយន្តការទ្វេភាគី ដូចជា JBC និង JSTs ដំណើរការការងារ​បច្ចេកទេសប្រកបដោយវិជ្ជាជីវៈ ដើម្បីវាស់វែង និងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀង និងឯកសារ​ច្បាប់ដែលភាគីទាំងពីរបានទទួលស្គាល់។ មួយ​ផ្នែក​ទៀត កម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ​ដើម្បី​ធានាថា វិវាទនឹងមិនត្រូវបានសម្រេចតាមរយៈការបង្កើត «អង្គ​​ហេតុ​ថ្មីនៅលើដីជាក់ស្តែង» នោះឡើយ។ នេះគឺ​ជា​យុទ្ធ​សាស្ត្រមួយដែលមានគោលបំណង​មិនត្រឹម​តែ​ការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ការពារភាពស្របច្បាប់របស់​កម្ពុជា​នៅក្នុងក្រប​​ខណ្ឌអន្តរជាតិផងដែរ។

ជារួម បញ្ហាព្រំដែនកម្ពុជា-ថៃ នៅពេលនេះ មិនមែនជាការប្រកួតប្រជែងរវាងកម្លាំងយោធានោះទេ ប៉ុន្តែជា​ការ​ប្រកួតប្រជែងរវាង «អំណាចនៃច្បាប់» និង «អំណាចនៃអង្គហេតុលើដីជាក់ស្តែង»។ ខណៈដែល​ភាគី​មួយ​កំពុងជំរុញយន្តការច្បាប់ និងស្ថាប័នអន្តរជាតិ ភាគីមួយទៀតកំពុងរងការចោទ​សួរថាតើការ​ពន្យារ​ពេល និងសកម្មភាពនៅលើដីជាក់ស្តែង កំពុងបង្កើតលក្ខខណ្ឌសម្រាប់ស្ថានភាពថ្មីដែល​អាចផ្តល់​អត្ថ​ប្រ​យោជន៍ដល់ខ្លួនឬយ៉ាងណា។

ចំពោះកម្ពុជា ការបដិសេធ «Fait Accompli» មិនមែនគ្រាន់តែជាជំហរនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជា​ការ​ការពារគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលថា បូរណភាពទឹកដីមិនអាច​ក្លាយជាកម្ម​វត្ថុនៃ​ការកែប្រែដោយកម្លាំង ឬដោយការបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែងបានឡើយ។ ក្នុងយុគសម័យ​ដែល​ភាពស្របច្បាប់មានតម្លៃមិនចាញ់អំណាច ការជ្រើសរើសផ្លូវច្បាប់ និងការទូតរបស់កម្ពុជា កំពុងក្លាយជា​មូល​ដ្ឋានសំខាន់មួយក្នុងការការពារផលប្រយោជន៍ជាតិ និងស្វែងរកដំណោះស្រាយប្រកបដោយចីរភាព៕

ដោយ៖ ពិន វិជ័យ
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង