ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ ហេតុអ្វីបានជាកម្ពុជាតែងតែជំរុញភាគីថៃឱ្យបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)?
ចម្លើយ៖ កម្ពុជាតែងតែជំរុញឱ្យភាគីថៃបន្តការងារ JB
C ព្រោះ JBC គឺជាយន្តការទ្វេភាគីដែលមានស្រាប់ និងមានសារៈសំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមផ្លូវបច្ចេកទេស និងផ្លូវច្បាប់ ដោយសន្តិវិធី។ ការបន្តការងាររបស់ JBC នឹងអនុញ្ញាតឱ្យភាគីទាំងពីរពិនិត្យ និងដោះស្រាយបញ្ហាជាក់ស្តែងនៅតាមព្រំដែន ដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់។ ជាពិសេស ការចាប់ផ្តើមការងារវាស់វែងខណ្ឌសីមាឱ្យបានឆាប់ នឹងជួយបង្កើតលក្ខខណ្ឌសម្រាប់ដោះស្រាយស្ថានភាពនៅតំបន់ព្រំដែន និងអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ។
សំណួរទី ២៖ ហេតុអ្វីបានជាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)?
ចម្លើយ៖ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រោះកម្ពុជាជាជនរងគ្រោះដោយអំពើឈ្លានពាន និងចង់ឱ្យមានភាគីទី៣ ជាអ្នកសង្កេតការណ៍ដោយឯករាជ្យដើម្បីពិនិត្យមើលជាក់ស្តែងពីភាពស្មោះត្រង់ របស់ភាគីទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាពិសេសក្នុងការធានាឱ្យមានការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នារវាងភាគីទាំងពីរ។ ការពង្រឹងតួនាទី និងអាណត្តិរបស់ AOT អាចជួយបង្កើនតម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលជាគន្លឹះសម្រាប់ការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ កម្ពុជាក៏ស្វាគមន៍ការចូលរួមពីបណ្តាប្រទេសជាមិត្ត ដើម្បីគាំទ្រការងារនេះបន្ថែមទៀត ដោយមានគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង។
សំណួរទី៣៖ តើការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីអន្តរជាតិផ្សេងៗនៅតំបន់ព្រំដែន អាចជួយឱ្យសហគមន៍អន្តរជាតិយល់ដឹងអ្វីខ្លះអំពីស្ថានការណ៍នៅកម្ពុជា?
ចម្លើយ៖ ការចុះពិនិត្យដោយផ្ទាល់របស់ AOT អ្នកការទូត តំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស អាចឱ្យពួកគេបានឃើញស្ថានភាពពិតនៅតាមតំបន់ព្រំដែន ជាពិសេសផលប៉ះពាល់ដែលកើតឡើងចំពោះប្រជាពលរដ្ឋ និងការរារាំងជនភៀសសឹកមួយចំនួនមិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន។ ការចុះសង្កេត និងផ្ទៀងផ្ទាត់នៅនឹងកន្លែង ក៏អាចជួយឱ្យសហគមន៍អន្តរជាតិទទួលបានព័ត៌មានពីស្ថានភាពជាក់ស្តែង មិនមែនផ្អែកតែលើព័ត៌មានពីភាគីណាមួយប៉ុណ្ណោះទេ។ ទន្ទឹមនឹងនេះ ការអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចុះពិនិត្យតំបន់ព្រំដែន ក៏បង្ហាញពីការប្តេជ្ញារបស់កម្ពុជាក្នុងការសហការ និងប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិ ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕





