Grand News Asia Close

វិភាគអន្តរជាតិ៖ «ឧត្ដមសេនីយ៍សំណព្វម្នាក់» របស់សហរដ្ឋអាមេរិក ដែលដឹកនាំរដ្ឋប្រហារនៅនីហ្សេ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 263
វិភាគអន្តរជាតិ៖ «ឧត្ដមសេនីយ៍សំណព្វម្នាក់» របស់សហរដ្ឋអាមេរិក ដែលដឹកនាំរដ្ឋប្រហារនៅនីហ្សេ វិភាគអន្តរជាតិ៖ «ឧត្ដមសេនីយ៍សំណព្វម្នាក់» របស់សហរដ្ឋអាមេរិក ដែលដឹកនាំរដ្ឋប្រហារនៅនីហ្សេ

 

FN (ណៃរ៉ូប៊ី)៖ ក្រុមមេបញ្ជាការយោធាអាមេរិកមានការភា្ញក់ផ្អើលជាខ្លាំងកាលពីចុងខែកក្កដាកន្លងទៅ នៅពេលទទួលបានដំណឹងពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករក្នុងតំបន់អាហ្វ្រិកខាងលិច។ តែអ្វី ដែលគួរឱ្យភ្ញាក់ផ្អើលបំផុត នោះគឺវត្តមានបុរសម្នាក់តាមកញ្ចក់ទូរទស្សន៍ត្រូវបានគេឃើញស្ថិតនៅក្នុងចំណោមក្រុមមេរដ្ឋប្រហារ ហើយបុរសម្នាក់នេះគឺ ឧត្ដមសេនីយ៍ត្រី មូសសា សាឡាអ៊ូ បាមូ (Moussa Salaou Barmou)។

លោក បាមូនេះឯងជាបុរសម្នាក់ដែលយោធាអាមេរិកស្រឡាញ់ពេញចិត្តអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ បុរសម្នាក់នេះឯងដែលសហរដ្ឋអាមេរិក បញ្ជូនទៅ National Defense University ជាសាកលវិទ្យាល័យដ៏ល្បីមួយក្នុងទីក្រុងវ៉ាស៊ីនតោន។ បុរសម្នាក់នេះហើយដែលបានអញ្ជើញមន្ត្រីអាមេរិក ទៅផ្ទះរបស់លោកដើម្បីទទួលទានអាហារពេលល្ងាច។ បុរសម្នាក់នេះហើយទទួលបន្ទុកដឹកនាំកងកម្លាំងពិសេសដ៏សំខាន់មួយ ក្នុងប្រតិបត្តិការកម្ចាត់ ក្រុមភេរវករ ដូចជាអាល់កៃដា និង ISIS នៅទូទាំងតំបន់អាហ្រិ្វក។

នារយៈពេលជាង២សប្ដាហ៍មកនេះ ពោលគឺចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធានៅនីហ្សេមក លោក បាមូ ត្រូវបានគេចាត់ទុកថាជាឆាណែលការទូតដ៏ចម្បង រវាងសហរដ្ឋអាមេរិក និងរបបសឹក។ ក្រុមមន្ត្រីយោធា និងការទូតអាមេរិកមានលេខទូរស័ព្ទទំនាក់ទំនងរបស់លោក បាមូ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ហើយគិតថាលោកជាឱកាសមួយដ៏ល្អប្រសើររបស់ពួកគេដើម្បីស្ដារប្រជាធិបតេយ្យ និងការទប់ស្កាត់កុំឱ្យភាពចលាចល ឬសង្រ្គាមផ្ទុះឡើងធ្វើឱ្យតំបន់ អាហ្រ្វិកខាងលិចទាំងមូលដែលជាតំបន់ក្រីក្របំផុតមួយនៅលើពិភពលោកធ្លាក់ចូលកាន់តែជ្រៅទៅក្នុងវិបត្តិ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោក បាមូ បានអង្គុយជជែកពិភាក្សារយៈពេលជាង ២ម៉ោង ជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកស្ដីទី លោកស្រី Victoria Nuland នៅក្នុងរដ្ឋធានី នីញ៉ាម៉េ នៃប្រទេសនីហ្សេ។ ជំនួបនេះមិនបានទទួលលទ្ធផលផ្លែផ្កានោះទេ ប៉ុន្តែលោកស្រី Nuland បានជំរុញឱ្យលោក បាមូ ជួយសម្របសម្រួល កិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យនីហ្សេ និងសម្ព័ន្ធមិត្តលោកខាងលិចត្រឡប់មកប្រយុទ្ធប្រឆាំងនឹងពួកអាល់កៃដា ISIS និងពួកសកម្មប្រយុទ្ធ Boko Haram ព្រមទាំងបញ្ឈប់កុំឱ្យនីហ្សេក្លាយជាមូលដ្ឋានមួយផ្សេងទៀតនៅអាហ្រ្វិកសម្រាប់រុស្ស៉ី និងទាហានរុស្ស៉ីឈ្នួល Wagner។

* យុទ្ធសាស្ត្រតំបន់សាហែល (Sahel)

សាហែល (Sahel) ជាតំបន់មួយស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា (Sahara) ជាដែលពួកភេរវកររាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះដោយធ្វើឱ្យតំបន់នេះក្លាយជាសមរភូមិដ៏ធំមួយនៅក្នុងចំណោមសមរភូមិធំៗរបស់ពិភពលោកប្រឆាំងនឹងពួកភេវករអស់ជាង ២០ឆ្នាំ មកនេះ។ ចំណុចស្នូលនៃយុទ្ធសាស្ត្រយោធាអាមេរិក គឺបញ្ជូនកុម្ម៉ង់ដូរពិសេសអាមេរិកឱ្យជួយបណ្ដុះបណ្ដាលកងកម្លាំងពិសេសក្នុងតំបន់ ដើម្បីដឹកនាំ យុទ្ធនាការប្រឆាំងភេរវកម្ម ហើយកងទ័ពរបស់លោក បាមូ គឺជាគន្លឹះសំខាន់នៃយុទ្ធសាស្ត្រនេះ។

បើតាមឧត្តមសេនីយ៍ទោចូលនិវត្តន៍នៃកងទ័ពអាកាសអាមេរិក លោក Mark Hicks ផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាហ្រ្វិក ខាងលិច នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើសហរដ្ឋអាមេរិកបាត់បង់មូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសនីហ្សេ ដោយសារតែការធ្វើរដ្ឋប្រហារយោធា។ ជាង២ឆ្នាំមកនេះ រដ្ឋប្រហារយោធាបានកើតឡើងជាបន្តបន្ទាប់ដូចជានៅក្នុងប្រទេសម៉ាលី បួរគីណាហ្វាសូ និងសព្វថ្ងៃនៅនីហ្សេ បាន និងកំពុងបង្កឱ្យមាន ការចោទសួរថាតើសហរដ្ឋអាមេរិក អាចនឹងជួយបណ្ដាប្រទេសក្នុងតំបន់សាហែល ការពារខ្លួនឯងប្រឆាំងនឹងពួកភេវរករបានដែរឬក៏យ៉ាងណា ក្នុងបរិបទដែល ទីក្រុងមូស្គូកំពុងសម្លឹងឃើញការទាញយកប្រយោជន៍ពីអស្ថិរភាព។ បណ្ដាប្រទេសក្បែរខាងនីហ្សេ ក្នុងនោះរួមានមហាអំណាចក្នុងតំបន់ដូចជានីហ្សេរីយ៉ា បានគំរាមធ្វើអន្តរាគមន៍យោធា​ដើម្បីរំដោះប្រធានាធិបតី លោក មហំាម៉ាត់ បាហ្សូម (Mohamed Bazoum) ដែលកំពុងជាប់ឃុំនៅក្នុងរដ្ឋធានីនីញ៉ាម៉េ។ ប៉ុន្តែ ក្នុងពេលដំណាលគ្នា របបយោធានៅក្នុងប្រទេសបួរគីណាហ្វាសូ និងម៉ាលី ដែលទទួលឱ្យទាហានស៊ីឈ្នូល Wagner ឈរជើងបានសន្យាផ្ដល់ការគាំទ្រដល់ របបយោធាថ្មីនៅនីហ្សេ ជាហេតុបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះជាសង្រ្គាមនៅក្នុងតំបន់អាហ្រ្វិកខាងលិចទាំងមូល។

លោក បាមូ ធ្លាប់ជាមេបញ្ជាការកងកម្លំាងពិសេសរបស់នីហ្សេ មុននឹងត្រូវរបបសឹកដំឡើងតំណែងជានាយសេនាធិការកងទ័ពនីហ្សេ។ កងទ័ពរបស់លោក បានប្រកៀកស្មាជាមួយកងកុម្ម៉ង់ដូរពិសេសអាមេរិក American Green Berets រហូតទាល់តែមានរដ្ឋប្រហារយោធាទម្លាក់លោកប្រធានាធិបតី បាហ្សូម ចេញពីអំណាចកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ។ ដូចគ្នាទៅនឹងលោក បាមូ លោក បាហ្សូម ក៏ជាសំណព្វចិត្តរបស់សហរដ្ឋអាមេរិកផងដែរ ដូច្នេះទើប រដ្ឋបាលលោក ចូ បៃដិន បានអំពាវនាវឱ្យមានការប្រគល់អំណាចឱ្យលោក បាហ្សូមវិញជាបន្ទាន់។ សហរដ្ឋអាមេរិកបានចំណាយលុយ ៥០០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពនីហ្សេ ក្នុងនោះរួមមានទាំងកញ្ចប់ថវិកា ១១០លានដុល្លារ សម្រាប់ការកសាងមូលដ្ឋានយន្ដហោះដ្រូនអាមេរិកក្នុងទីក្រុង Agadez និងបានដាក់កងទ័ពអាមេរិក ១,១០០នាក់ឈរជើងក្នុងប្រទេសនេះ។ តែក្រោយរដ្ឋប្រហារយោធាផ្ទុះឡើង សហរដ្ឋអាមេរិកបានប្រកាសផ្អាកការ បណ្ដុះបណ្ដាលរបស់ខ្លួនដល់កងទ័ពនីហ្សេ ក៏ដូចជាកាត់បន្ថយជំនួយយោធាមួយចំនួនផងដែរ។ ម្យ៉ាងវិញទៀត ដោយសារតែក្រសួងការបរទេសអាមេរិក ចាត់ទុកថាការបះបោរនៅក្នុងប្រទេសនីហ្សេគឺជាការធ្វើរដ្ឋប្រហារយោធា នោះបើតាមច្បាប់អាមេរិកនឹងតម្រូវឱ្យមានការកាត់បន្ថយជំនួយបន្ថែមទៀត ខណៈ ទីក្រុងវ៉ាស៊ីនតោនសន្យាថានឹងបន្តផ្ដល់ជំនួយជាស្បៀងអាហារ និងមនុស្សធម៌ដល់នីហ្សេ។

លោក បាមូគឺជាមនុស្សម្នាក់ដែលដឹងច្បាស់បំផុតថារដ្ឋប្រហារអាចនឹងធ្វើឱ្យបាត់បង់ការគាំទ្រដ៏សំខាន់ទាំងនេះ។ ប៉ុន្តែនៅក្នុងអត្ថបទមួយចុះផ្សាយដោយ កាសែត The Wall Street Journal នៅប៉ុន្មានថ្ងៃក្រោយរដ្ឋប្រហារ ឧត្ដមសេនីយ៍សំណព្វរបស់សហរដ្ឋអាមេរិករូបនេះបាននិយាយថា «ប្រសិនបើវាគឺជាតម្លៃ តបស្នងដល់អធិបតេយ្យរបស់យើង ចូធ្វើវាចុះ»។ លោក បាមូ មិនបានឆ្លើយតបនឹងសំណួរបញ្ជាក់បន្ថែមពីលើអ្វីដែលលោកបានលើកឡើងនេះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមមន្ត្រីអាមេរិកកំពុងព្យាយាមស្វែងរកឱ្យឃើញថាតើលោក បាមូ បានសម្រេចចិត្តថារូបលោក និងកងទ័ពរបស់លោកគឺជាក្ដីសង្ឃឹមនៃ ស្ថិរភាពរបស់ប្រទេសនីហ្សេ ឬក៏លោកមានឆន្ទៈជួយជ្រោមជ្រែងត្រួសត្រាយផ្លូវឆ្ពោះទៅតុចរចាប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ។ ក្រុមមន្ត្រីសន្តិសុខ នៃបណ្ដាប្រទេសអាហ្រ្វិកខាងលិចដទៃទៀត បាននិយាយថាជោគជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងការធ្វើឱ្យលោកបាមូឈរនៅខាងអាមេរិក គឺជារឿងមួយ ដ៏សំខាន់ដើម្បីបញ្ចៀសកុំឱ្យមានសង្រ្គាមបង្ហូរឈាម។ បើតាមក្រុមមន្ត្រីទាំងនេះ សហរដ្ឋអាមេរិកក៏ត្រូវជ្រើសរើសផងដែរថាចង់បន្តឈរជើងនៅនីហ្សេ ឬក៏ចង់ ទុកកន្លែងឱ្យទាហានស៊ីឈ្នួលរុស្ស៉ី Wagner។

រដ្ឋាភិបាលអាមេរិកធ្លាប់បានបញ្ជូនលោក បាមូ ទៅចូលរួមវគ្គសិក្សាជាច្រើនដូចជាការបណ្ដុះបណ្ដាលពីរបៀបដឹកនាំការវាយប្រហារថ្មើរជើង និងការលោតឆត្រ យោងចេញពីយន្ដហោះជាដើម។ លោក បាមូក៏ធ្លាប់ចូលរួមវគ្គសិក្សានៅឯសាកលវិទ្យាល័យ Joint Special Operations University ដែលចំណុះឱ្យទីស្នាក់ការ នៃបញ្ជាការដ្ឋានកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក (U.S. Special Operations Command) ស្ថិតនៅក្នុងទីក្រុង Tampa នៃរដ្ឋផ្ល័រីដា ផងដែរ។ ដូច្នេះបើ ទោះជាកិច្ចចរចាមានភាពយឺតយ៉ាវរវាងសហរដ្ឋអាមេរិក និងរបបសឹកក៏ពិតមែន ក៏មិត្តភក្តិអាមេរិកកាំងរបស់លោក បាមូ នៅតែជឿថាឧត្តមសេនីយ៍រូបនេះអាច ជួយឱ្យមានកិច្ចពិភាក្សានយោបាយ និងមានទំនោរផ្ទាល់ខ្លួនក្នុងការបញ្ចុះបញ្ចូលឱ្យមានដំណោះស្រាយមួយដែលអាចរក្សានីហ្សេឱ្យឈរនៅខាង សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ អ្វីដែលគេត្រូវរង់ចាំមើលនោះគឺថាតើផលប្រយោជន៍រវាងលោក បាមូ និងសហរដ្ឋអាមេរិក នឹងផ្ដាច់ចេញពីគ្នាដែរ ឬក៏យ៉ាងណា៕

អត្ថបទទាក់ទង