Grand News Asia Close

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងនឿយណាយនឹងសង្រ្គាមអ៊ុយក្រែន ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 548
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងនឿយណាយនឹងសង្រ្គាមអ៊ុយក្រែន ឬ? វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងនឿយណាយនឹងសង្រ្គាមអ៊ុយក្រែន ឬ?

(វ៉ាស៊ីនតោន)៖ អនាគតនៃជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីសភាទាំង២ របស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នមួយ ដើម្បីបញ្ចៀស ​«Shutdown​ ឬ វិបត្តិកញ្ចប់ថវិកាសហព័ន្ធ» បើទោះជាលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមធានា ឡើងវិញថាទីក្រុងកៀវ នឹងបន្តទទួលបានអ្វីដែលពួកគេត្រូវការដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី ក៏ដោយ។

ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងខាងលើ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានឈានដល់ការសម្រុះសម្រួលគ្នាមួយ ដោយសុខចិត្តដកចេញ នូវកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១ ខែតុលា ពោលគឺតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បំពេញទស្សនកិច្ចជាលើកទី២ ក្នុងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ក្នុងគោលបំណងស្នើសុំជំនួយយោធា បន្ថែម។

លោក ចូ បៃដិន និងគណបក្សប្រជាធិបតេយ្យបាននិយាយថាសហរដ្ឋអាមេរិក មានកាតព្វកិច្ចជួយអ៊ុយក្រែន តស៊ូប្រឆាំងនឹងសង្រ្គាមឈ្លានពានដ៏ឃោរឃៅបង្កឡើង ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អមជាមួយការព្រមានថាបរាជ័យ ក្នុងការជួយដល់អ៊ុយក្រែន អាចនឹងក្លាយជាការលើកទឹកចិត្តដល់ប្រទេសផ្ដាច់ការដទៃ នៅពេលអនាគត។ ក៏ប៉ុន្តែ ការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន បានក្លាយជាឧបករណ៍នយោបាយមួយទៅហើយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយកំពុងគំរាមកំហែងដល់ អនាគតនៃជំនួយយោធាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ទីក្រុងកៀវ ដែលបាន និងកំពុងដឹកនាំប្រតិបត្តិការវាយបកដ៏លំបាកមួយ ដើម្បីដណ្ដើមទឹកដីរបស់ខ្លួន មកវិញ។

ថ្លែងក្នុងសុន្ទរកថាមួយចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យ ទី១ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន បានជំរុញឱ្យប្រធានសភាតំណាងរាស្ត្រអាមេរិក មកពី គណបក្សសាធាណរដ្ឋ លោក Kevin McCarthy បញ្ឈប់ការលេងហ្គេមពាក់ព័ន្ធនឹងកញ្ចប់ថវិកា ហើយបាននិយាយដែរថាលោកផ្ទាល់រំពឹងយ៉ាងមុតមាំថាលោក McCarthy អាចនឹងជួយសម្រេចបាននូវការអនុម័តកញ្ចប់ថវិកាដាច់ដោយឡែកថ្មីមួយទៀត សម្រាប់ផ្ដល់ជំនួយដល់អ៊ុយក្រែន ក្នុងពេលឆាប់ៗ។ «ខ្ញុំចង់ធានាចំពោះ សម្ព័ន្ធមិត្តរបស់យើង ប្រជាជនអាមេរិក និងប្រជាជនក្នុងប្រទេសអ៊ុយក្រែន​ ថាអ្នកទាំងអស់គ្នាអាចនឹងពឹងផ្អែកលើការគំាទ្ររបស់យើង។ យើងនឹងមិនចាកចេញ ទៅណានោះទេ»។ នេះជាការបញ្ជាក់របស់លោក បៃដិន ក្នុងសុន្ទរកថាមួយនៅឯសេតវិមាន ខណៈអ៊ុយក្រែនក៏បានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ដែរ ដោយ និយាយថាខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីធានាឱ្យបាននូវកញ្ចប់ជំនួយយោធាថ្មី។

* មូស្គូ អាចកំពុងសើចបិទមាត់មិនជិត
លោក Brett Bruen ជាអ្នកវិភាគម្នាក់មកពីក្រុមហ៊ុន Global Situation Room និងជាអតីតមន្ត្រីការទូតអាមេរិកម្នាក់ បាននិយាយថាអ្វីដែលជាការកត់សម្គាល់ពី កិច្ចព្រមព្រៀងបញ្ចៀស Shutdown នោះគឺមិនមែនមានតែអ្នកសាធារណដ្ឋប៉ុណ្ណោះទេដែលលះបង់អ៊ុយក្រែនដើម្បីនយោបាយ តែលើកនេះក៏មានអ្នកប្រជាធិបតេយ្យ នៅក្នុងនោះដែរ។ ​លោក Brett Bruen បានគូសបញ្ជាក់ប្រាប់ AFP ដូច្នេះថា «អ្វីដែលកំពុងកើតឡើងនឹងបង្កការព្រួយបារម្ភដល់មេដឹកនាំក្នុងទីក្រុងកៀវ ហើយខ្ញុំគិត ថាក្នុងទីក្រុងមូស្គូ ពួកគេកំពុងជប់លៀងអបអរសាទរចំពោះការដែលការគាំទ្ររបស់យើង (សម្រាប់អ៊ុយក្រែន) ប្រហែលជាអាចនឹងថយចុះ»។

តាមពិតទៅ អ៊ុយក្រែនមានការព្រួយបារម្ភរួចជាស្រេចទៅហើយ ពីលទ្ធភាពនៃការត្រឡប់មកកាន់សេតវិមានវិញរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ គឺជាមនុស្សម្នាក់ដែលប្រឆាំងនឹងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ហើយម្ដងម្កាល លោកថែមទាំងសរសើរលោក ពូទីន ទៀតផង។ ក្រុមអ្នកតំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា បានកត់សម្គាល់ថា ពួកគេរំពឹងលើលោក McCarthy អាចនឹងជួយសម្រួលដល់ការអនុម័តកញ្ចប់ថវិកាដាច់ដោយឡែកមួយ ដើម្បីផ្ដល់ជំនួយយោធាបន្ថែម សម្រាប់ធ្វើការបោះឆ្នោតមួយ នៅក្នុងសប្ដាហ៍នេះ បើទោះជាមិនមានភាពប្រាកដប្រជាថាតើកញ្ចប់ថវិកានេះគឺជាកញ្ចប់ថវិកា ២៤ពាន់លានដុល្លារស្នើឡើងដោយលោក ចូ បៃដិន ឬក៏យ៉ាងក៏ដោយ។

ក៏ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលឡើយ ហើយហេតុផលចម្បងមួយ នោះគឺលោក McCarthy ខ្លួនឯងកំពុងប្រឈមមុខនឹងការរបូតកៅអីជាប្រធានសភាតំណាងរាស្ត្រ បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ លោក Matt Gaetz ដែលស្ថិតក្នុងចំណោមក្រុមតំណាងរាស្ត្រជំទាស់នឹងការផ្ដល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ប្រកាសពីផែនការទម្លាក់លោក McCarthy ចេញពីតំណែង ដោយសារតែខឹងសម្បារនឹងរូបលោកយល់ព្រមសម្រុះសម្រួលជាមួយគណបក្សប្រជាធិបតេយ្យ។

ដូច្នេះប្រសិនបើអាចរួចខ្លួន លោក McCarthy បានបញ្ជាក់ជាមុនកាលពីថ្ងៃអាទិត្យថា លោកនឹងបន្តទាមទារមូលនិធិដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងដែនមកពីប្រទេសម៉ិកស៉ិក ដែលជាតម្រូវការចាំបាច់មួយរបស់គណបក្សសាធារណរដ្ឋ។ «ខ្ញុំសូមបញ្ជាក់ថាអាវុធនឹងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែន ប៉ុន្តែមិនមែនជាកញ្ចប់ ជំនួយយោធាធំៗនោះទេ ប្រសិនបើព្រំដែនមិនមានសុវតិ្ថភាពទេនោះ»។ នេះជាការបញ្ជាក់របស់លោក McCarthy ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Face the Nation នៃទូរទស្សន៍ CBS។

* តើសហរដ្ឋអាមេរិក កំពុងនឿយណានឹងសង្រ្គាមអ៊ុយក្រែន ឬ?
បើទោះជាលោក McCarthy ឯកភាពលើការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន អាចនៅក្រោមកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីរក្សាកៅអីប្រធាន សភាតំណាងរាស្ត្រ ក៏បញ្ហាធំមួយដែលកំពុងព្រួយបារម្ភ នោះគឺ «ការនឿយណាយនឹងសង្រ្គាមអ៊ុយក្រែន» ខណៈការសង្ស័យបែបនេះបានឆ្លងរាលដាលចេញពី ក្រុមអ្នកតំណាងរាស្ត្រសាធារណរដ្ឋប្រកាន់ជំហររឹងរូស រហូតដល់ក្រុមអ្នកតំណាងរាស្ត្រមាននិន្នាការកណ្ដាលដែលនិយាយថាពួកគេនឹងមិនចេញសែកឱ្យអ៊ុយក្រែន ទៀតនោះទេ។

កាន់តែព្រួយបារម្ភជាងនេះទៅទៀត សម្រាប់លោក បៃដិន និងទីក្រុងកៀវ នោះគឺ «បញ្ហាអតិផរណា» ដែលកំពុងធ្វើឱ្យអ្នកបោះឆ្នោតអាមេរិក មានការបារម្ភស្រដៀងគ្នា ទៅនឹងអ្នកនយោបាយទាំងនោះដែរ។ តួយ៉ាង ការស្ទង់មតិមួយធ្វើឡើងដោយ ABC និង Washington Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅបានរកឃើញ ថា ៤២ភាគរយនៃអ្នកប្រជាជនអាមេរិកដែលបានចូលរួមសម្ភាសន៍បាននិយាយថា សហរដ្ឋអាមេរិក កំពុងជួយអ៊ុយក្រែនច្រើនជ្រុលពេក ដែលការយល់ឃើញដូច្នេះមាន ការកើនឡើងបើធៀបទៅនឹងកាលពីខែកុម្ភៈ មាន ៣៣ភាគរយ និងកាលពីខែមេសា ឆ្នាំ២០២២ មានតែ១៤ភាគរយប៉ុណ្ណោះ។

បញ្ហាដ៏ឈឺក្បាលមួយទៀត នោះគឺលោក ចូ បៃដិន ខ្លួនឯងកំពុងប្រឈមមុខនឹងការស៊ើបអង្កេតមួយដោយក្រុមអ្នកសាធារណរដ្ឋ ដើម្បីអាចបើកនីតិវិធីទម្លាក់លោក បៃដិន ចេញពីតំណែង ពាក់ព័ន្ធនឹងមុខជំនួញរកស៊ីកូនប្រុសរបស់លោកឈ្មោះ Hunter Biden នៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែងតែលើកឡើងជារឿយៗថាប្រសិនបើរុស្ស៉ីមិនត្រូវបានបញ្ឈប់នៅអ៊ុយក្រែនទេ នោះពិភពលោក ទាំងមូលអាចនឹងត្រូវជួបគ្រោះថ្នាក់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានជំរុញដែរឱ្យសភាសហរដ្ឋអាមេរិក គាំទ្រដល់ការប្ដេជ្ញាចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្ដល់ជំនួយចាំបាច់នានាដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ខណៈពួកគេកំពុងប្រយុទ្ធការពារទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។

ការបញ្ចៀស Shutdown ដោយសភាសហរដ្ឋអាមេរិកមានរយៈពេលត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ ឬរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ជាកាលបរិច្ឆេទកំណត់ដើម្បីអនុម័ត កញ្ចប់ថវិកាមួយផ្សេងទៀត ដើម្បីបញ្ចៀស Shutdown។ តែគេមិនដឹងថាតើសហរដ្ឋអាមេរិក អាចបញ្ចៀសវិបត្តិនេះបានសាជាថ្មី ឬក៏យ៉ាងណានោះទេ៕ ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង