Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីស្រាអែលតាមសម្លាប់មេដឹកនាំហាម៉ាស ក្នុងប្រទេសកាតា?

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1095
វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីស្រាអែលតាមសម្លាប់មេដឹកនាំហាម៉ាស ក្នុងប្រទេសកាតា? វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីស្រាអែលតាមសម្លាប់មេដឹកនាំហាម៉ាស ក្នុងប្រទេសកាតា?

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី៩ ខែកញ្ញា កងកម្លាំងការពារអ៉ីស្រាអែល (IDF) បាននិយាយថាកងទ័ពអាកាសអ៉ីស្រាអែលបានបើកការវាយប្រហារមួយដើម្បីសម្លាប់មេដឹកនាំហាម៉ាស ក្នុងទីក្រុងដូហា ប្រទេសកាតា។ ក្រុមអ្នកចរចារបស់ហាម៉ាសត្រូវបានគេរាយការណ៍ថាបានបើកកិច្ចប្រជុំមួយក្នុងទីក្រុងដូហា ដើម្បីពិភាក្សាពីសំណើបទឈប់បាញ់ចុងក្រោយបំផុតមួយ សម្រាប់តំបន់ហ្កាហ្សារបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមមន្ត្រីហាម៉ាសបានឱ្យដឹងថាមេដឹកនាំរបស់ខ្លួនបានគេចផុតពីការធ្វើឃាតរបស់ អ៉ីស្រាអែល តែសមាជិករបស់ខ្លួន៥នាក់ ក្នុងនោះរួមមានទាំងកូនប្រុសរបស់មេដឹកនាំហាម៉ាស លោក Khalil al-Hayya​ ត្រូវបានសម្លាប់។ ការវាយប្រហារនេះកើតមានឡើង ក្រោយអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់លើបណ្ដាទីក្រុងជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាក្នុងពេលប៉ុន្មានខែថ្មីៗនេះដូចជាទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ បេរូត ប្រទេសលីបង់ ដាម៉ាស ប្រទេសស៊ីរី និងទីក្រុងសាណារបស់យ៉េមែន។

* ហេតុអ្វីអ៉ីស្រាអែលវាយប្រហារលើទីក្រុងដូហាក្នុងពេលនេះ?
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលដោយកំណត់គោលដៅលើមេដឹកនាំហាម៉ាស នៅក្នុងទីក្រុងដូហា (Doha) គឺជាការសងសឹកទៅនឹងការបាញ់រះមួយក្នុងទីក្រុងហ្ស៊េរុយសាឡិមកាលពីថ្ងៃទី៨ ខែកញ្ញា។ ក្រុមហាម៉ាសបានចេញមុខទទួលខុសត្រូវលើការបាញរះនេះ ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ៦នាក់ និងជាច្រើននាក់រងរបួស។ តែតាមពិតទៅ អ៉ីស្រាអែលបានឱ្យសញ្ញាថាខ្លួនមានបំណងបង្កើនជម្លោះប្រឆាំងនឹងក្រុមហាម៉ាស តាំងតែពីមុន ការបាញ់រះនេះបានកើតឡើងម្ល៉េះ។ កាលពីសប្ដាហ៍មុន នាយសេនាធិការ IDF បាននិយាយថាអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ «យើងកំពុងធ្វើប្រតិបត្តិការ ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល…ហាម៉ាសនឹងមិនមានកន្លែងលាក់ខ្លួនពីពួកយើងឡើយ»។ នេះជាការគូសបញ្ជាក់របស់នាយសេនាធិការ IDF។

រដ្ឋាភិបាលអ៉ីស្រាអែលកំពុងផ្តោតជាអាទិភាពលើការយកជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស ជាជាងកិច្ចព្រមព្រៀងបទឈប់បាញ់។ រដ្ឋបាលលោក ត្រាំបានដាក់សំណើថ្មីមួយសម្រាប់ បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះ ហើយក្រុមអ្នកចរចារបស់ហាម៉ាសត្រូវបានគេរាយការណ៍ថាបានបើកកិច្ចប្រជុំក្នុងទីក្រុងដូហា ដើម្បពិភាក្សាពីសំណើនេះនៅពេលដែល ការវាយប្រហាររបស់អ៉ីស្រាអែលកើតឡើង។ ការវាយប្រហាររបស់អ៉ីស្រាអែលទំនងជាបានបិទបញ្ចប់កិច្ចប្រជុំនោះ។ បច្ចុប្បន្ន រដ្ឋាភិបាលអ៉ីស្រាអែលកំពុងបង្កើនការដាក់សម្ពាធបង្ខំឱ្យ ហាម៉ាសទម្លាក់អាវុធចុះចាញ់ បើទោះជាកំពុងរងសម្ពាធពីអន្តរជាតិក៏ដោយ។ មហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំប្រចាំឆ្នាំនៅក្នុងខែកញ្ញានេះនៅឯទីក្រុងញូវយ៉ក ជាទីដែលសម្ព័ន្ធមិត្តជាច្រើនរបស់អ៉ីស្រាអែលត្រូវបានរំពឹងថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ តែដោយមិនញញើត អ៉ីស្រាអេលបានចាប់ផ្ដើមប្រតិបត្តិការវាយលុករបស់ខ្លួនដើម្បី កាន់កាប់ទីក្រុងហ្កាហ្សា។ ការវាយប្រហារលើទីក្រុងដូហាជាសមាសធាតុផ្សំមួយទៀតនៃយុទ្ធនាការបង្កើនការដាក់សម្ពាធឱ្យក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់ ហើយវាក៏បញ្ជាក់ដែរថា រដ្ឋាភិបាលអ៉ីស្រាអែលមានអារម្មណ៍ថាពួកគេមានលទ្ធភាពទប់ទល់នឹងសម្ពាធអន្តរជាតិ។

*​ តើការវាយប្រហារលើទីក្រុងដូហា មានន័យយ៉ាងណាចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលក្នុងតំបន់មជ្ឈិមបូព៌ា?
រដ្ឋាភិបាលកាតាបានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលថាជាទង្វើដ៏កំសាកថោកទាប និងបំពានច្បាប់អន្តរជាតិទាំងស្រុង។ ក្រៅពីកាតា បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសផ្សេងទៀតក៏បានថ្កោលទោសអ៉ីស្រាអែលផងដែរ។ ភ្លាមៗ កាតាបានប្រកាសផ្អាកកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់ខ្លួនរវាងអ៉ីស្រាអែល និងហាម៉ាសជាការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៉ីស្រាអែល។ នៅត្រង់នេះខុសពីការសម្រេចចិត្តផ្អាកកិច្ចប្រឹងប្រែងសម្រុះសម្រួលកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ការសម្រេចចិត្តផ្អាកនៅពេលនេះរបស់កាតា គឺជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខផ្ទាល់ខ្លួន ក្រោយសមាជិកម្នាក់នៃកងកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ម្លោះហើយ មើលទៅ កាតាទំនងជានឹងមិនដំណើរការតួនាទីសម្រុះសម្រួលរបស់ខ្លួនឡើងវិញ នៅក្នុងកាលៈទេសៈបច្ចុប្បន្ននោះទេដែលនេះនឹងកាត់បន្ថយក្ដីសង្ឃឹមថាអាចនឹងមានបទឈប់បាញ់សម្រាប់ តំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។ លើសពីនេះ ការវាយប្រហាររបស់អ៉ីស្រាអែលក៏អាចជាសញ្ញាមួយនៃការបិទបញ្ចប់តួនាទីជាអន្តរការីរបស់កាតាជាមួយហាម៉ាសជំនួសឱ្យ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលផងដែរ។ ទាំងអាមេរិក និងអ៉ីស្រាអែលក៏កន្លងមកបានគាំទ្រតួនាទីរបស់កាតាក្នុងការកិច្ចការសម្រុះសម្រួលជម្លោះ ហើយមានពេលខ្លះថែមទាំងស្នើជាពិសេស ឱ្យកាតាជួយទៀតផង។

* តើមានន័យយ៉ាងណាចំពោះយុទ្ធសាស្ត្រមជ្ឈិមបូព៌ារបស់រដ្ឋបាលលោក ត្រាំ?
ការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា អាចធ្វើឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូក្នុងតំបន់មជ្ឈិមបូព៌ាបាត់បង់ជំនឿលើសហរដ្ឋអាមេរិកក្នុងនាមជាអ្នកការពារសន្តិភាព និងស្ថិរភាព។ បណ្ដាប្រទេសអារ៉ាប់ទំនងជានឹងសង្ស័យលើសមត្ថភាព និងឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការរារាំងអ៉ីស្រាអែល ហើយថាតើការអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ពួកគេ ពិតជាការពារពួកគេពីការវាយប្រហារពីខាងក្រៅបាន ឬក៏យ៉ាងណា? ធ្ងន់ធ្ងរជាងនេះ ការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហាអាចនឹងធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសអារ៉ាប់ដូចជាអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល។ សេតវិមានហាក់ដូចជាបានទទួលស្គាល់ចំណុចនេះដោយព្យាយាមដកខ្លួន មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៉ីស្រាអែលដោយនិយាយថា «ការវាយប្រហារដោយឯកតោភាគីលើទឹកដីកាតា…មិនបម្រើដល់គោលដៅអាមេរិក ឬអ៉ីស្រាអែលឡើយ»។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងដូហា កើតមានឡើងចំពេលដែលគេមើលឃើញពីនិទណ្ឌភាព និងការធ្វើអន្តរាគមន៍យោធារបស់អ៉ីស្រាអែលនៅទូទាំងតំបន់ ក្នុងនោះរួមមានការវាយប្រហារលើទីក្រុងបេរូត ដាម៉ាស សាណា ហើយឥលូវគឺទីក្រុងដូហា ព្រមទាំងសង្រ្គាម១២ថ្ងៃជាមួយអ៉ីរ៉ង់។ ដូច្នេះខណៈកិច្ចព្រមព្រៀង Abraham Accords ជាមួយប្រទេសអារ៉ាប់មួយចំនួនទំនងជានឹងមិនរង្គោះរង្គើរ បណ្ដាប្រទេសអារ៉ាប់អាចនឹងមើលឃើញថាសកម្មភាពបង្កហេតុរបស់អ៉ីស្រាអែលជាការគំរាមកំហែងដោយផ្ទាល់ចំពោះក្ដីប្រាថ្នា របស់ពួកគេលើការបន្ធូរបន្ថយជម្លោះក្នុងតំបន់ និងផ្ដោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។ ការព្រួយបារម្ភទាំងនេះអាចនឹងជំរុញឱ្យប្រទេសអារ៉ាប់រួបរួមគ្នាក្នុងជំហរប្រឆាំងអ៉ីស្រាអែល ក៏ថាបាន៕
-Fresh News-

អត្ថបទទាក់ទង