ហាមសិស្សនិងយុវជននិយាយរឿងនយោបាយនិងឈឺឆ្អាលបញ្ហាសង្គម៖ តើយើងកំពុងបណ្តុះស្មារតី«ពលរដ្ឋសកម្ម» ឬ «ពលរដ្ឋអសកម្ម»?
រូបភាព៖ មន្ត្រីនគរបាលដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកដោយសារហាមសិស្សមិនឲ្យចែករំលែករឿងនយោបាយ។ FB
ថ្មីៗនេះ វីដេអូឃ្លីបមួយដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានដាស់ឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកអំពីព្រំដែននៃសេរីភាព និងតួនាទីរបស់យុវជនក្នុងសង្គម។ នៅក្នុងវីដេអូនោះ គេឃើញក្រុមសមត្ថកិច្ចនគរបាលបានចុះទៅណែនាំ និងហាមឃាត់យុវជន ក៏ដូចជាសិស្សសាលាមិនឱ្យចែករំលែក ឬនិយាយពីរឿងនយោបាយតាមបណ្តាញសង្គម ដោយទូន្មានពួកគេឱ្យ «ខិតខំរៀនដើម្បីធ្វើការទៅបានហើយ រឿងបញ្ហាថ្នាក់ដឹកនាំទុកឱ្យថ្នាក់ដឹកនាំដោះស្រាយ»។
ក្នុងនាមជាអ្នកធ្វើការលើកកម្ពស់ប្រជាធិបតេយ្យ, ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ, ខ្ញុំមើលឃើញថាសកម្មភាពនិងទស្សនៈបែបនេះ មិនត្រឹមតែបង្កើតជាក្តីបារម្ភចំពោះការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីចំណុចខ្វះខាតដ៏ធំមួយនៅក្នុងការយល់ដឹងអំពីសិទ្ធិពលរដ្ឋ, ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងយុគសម័យឌីជីថល និងភាពចាំបាច់នៃការចូលរួមរបស់ពលរដ្ឋជាពិសេសយុវជននៅក្នុងសង្គម។
រដ្ឋធម្មនុញ្ញ និងស្មារតីនៃ «ជីវភាពនយោបាយ»
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងយ៉ាងច្បាស់នៅក្នុង មាត្រា ៣៥ ថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។
ពាក្យថា «ជីវភាពនយោបាយ» មិនមែនមានន័យត្រឹមតែការទៅបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង ឬការធ្វើជាសមាជិកបក្សនយោបាយណាមួយនោះទេ។ នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ជីវភាពនយោបាយរួមបញ្ចូលទាំងការតាមដាន, សាកសួរ, ជជែកវែកញែក, និងការបញ្ចេញមតិយោបល់ប្រកបដោយការស្ថាបនាលើការដឹកនាំនិងការអភិវឌ្ឍជាតិ។ ដូច្នេះ ការហាមឃាត់សិស្ស ឬយុវជនមិនឱ្យជជែកឬចែករំលែកព័ត៌មានទាក់ទងនឹងបញ្ហានយោបាយនិងសង្គម គឺជាការបកស្រាយច្បាប់ដែលដើរផ្ទុយទាំងស្រុងពីស្មារតីនៃរដ្ឋធម្មនុញ្ញ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិដែលត្រូវបានធានាដោយ មាត្រា ៤១ ផងដែរ។
ផ្នត់គំនិត “វប្បធម៌មេនិយម” និងវដ្តនៃការផាត់ពលរដ្ឋចេញពីនយោបាយ
ការលើកឡើងរបស់មន្ត្រីសមត្ថកិច្ចថា «រឿងបញ្ហាថ្នាក់ដឹកនាំទុកឱ្យថ្នាក់ដឹកនាំដោះស្រាយ» ឆ្លុះបញ្ចាំងពីផ្នត់គំនិតបែបបុរាណនិយម ឬ វប្បធម៌មេនិយមដែលបែងចែកសង្គមដាច់ស្រឡះរវាង «អ្នកបញ្ជា» និង «អ្នកស្តាប់បង្គាប់»។ គំនិតនេះយល់ថា កិច្ចការនយោបាយនិងការដឹកនាំជាតិគឺជាឯកសិទ្ធិផ្តាច់មុខរបស់បុគ្គលកាន់អំណាច។
នៅក្នុងសង្គមយើង ផ្នត់គំនិតចង្អៀតចង្អល់បែបនេះបានបង្កើតជា «វដ្តនៃការដោះសារ» មួយដ៏គួរឱ្យស្ដាយ ដែលតែងតែរុញប្រជាពលរដ្ឋចេញពីកិច្ចការសង្គម និងនយោបាយគ្រប់ដំណាក់កាលនៃជីវិត៖
– ពេលនៅក្មេង៖ គេប្រាប់ថា «អាប្អូននៅក្មេងណាស់ កុំទាន់គិតរឿងនយោបាយ»។
– ពេលធំដឹងក្តី៖ គេបន្តប្រាប់ថា «ខំតែរៀនទៅ គិតស្អីរឿងនយោបាយ»។
– ពេលរៀនចប់៖ គេរំលឹកថា «មិនគិតខំរកស៊ីទេ គិតរឿងនយោបាយធ្វើអី»។
– ពេលរកស៊ីមានបាន៖ គេព្រមានថា «មានលុយហើយ តិចគិតរឿងនយោបាយ ងាប់ខានចាយលុយ»។
– លុះដល់វ័យជរា៖ គេសន្និដ្ឋានថា «ចាស់ហើយនៅគិតនយោបាយស្អីទៀត គិតទៅវត្តវ៉ាទៅ»។
ប្រសិនបើយើងបណ្តោយឱ្យផ្នត់គំនិតទាំងនេះបន្តគ្របដណ្តប់ នោះមានន័យថា ពលរដ្ឋខ្មែរម្នាក់ៗនឹងមិនដែលស្គាល់ ឬមាន «ពេលវេលាសមស្រប» ណាមួយដើម្បីបំពេញកាតព្វកិច្ចជាម្ចាស់ប្រទេសនោះឡើយ។
យោងតាមគោលការណ៍អភិបាលកិច្ចល្អ (Good Governance) និងរដ្ឋធម្មនុញ្ញកម្ពុជាផ្ទាល់ «អំណាចគ្រប់យ៉ាងគឺជារបស់ប្រជាពលរដ្ឋ» (មាត្រា ៥១)។ ថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈ គឺជាតំណាង និងជាអ្នកបម្រើរាស្ត្រ ដែលត្រូវបានផ្តល់អាណត្តិឱ្យមកដោះស្រាយបញ្ហាជាតិជួសពលរដ្ឋ។ ប្រសិនបើពលរដ្ឋ ដែលជាម្ចាស់អំណាចពិតប្រាកដ ត្រូវបានកាត់ផ្តាច់ និងហាមឃាត់មិនឱ្យដឹងឮ ឬនិយាយពីកិច្ចការរបស់អ្នកតំណាងខ្លួនតាមរយៈវដ្តនៃផ្នត់គំនិតអសកម្មទាំងនេះ នោះប្រព័ន្ធគណនេយ្យភាព (Accountability) នៅក្នុងសង្គមនឹងត្រូវចុះខ្សោយ និងរលាយរលត់ជាមិនខាន។
ហានិភ័យនៃការបង្កើត «ពលរដ្ឋអសកម្ម» ក្នុងយុគសម័យឌីជីថល
ការប្រាប់យុវជនឱ្យ «រៀនដើម្បីធ្វើការទៅបានហើយ» គឺជាការបណ្តុះគំនិតឱ្យពួកគេក្លាយជាមនុស្សមនុស្សយន្តក្នុងសង្គម (Social Robots) ដែលខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែព្រងើយកន្តើយនឹងវាសនារបស់សមូហភាព។ ការបង្កើនវប្បធម៌នៃការភ័យខ្លាច (Culture of fear) ក្នុងការបញ្ចេញមតិ នឹងធ្វើឱ្យយុវជនបាត់បង់នូវ «ការគិតត្រិះរិះពិចារណានិងការរិះគន់ស្ថាបនា» (Critical Thinking and constructive critique) ដែលជាជំនាញសតវត្សរ៍ទី២១ ដ៏សំខាន់បំផុត។
ជាងនេះទៅទៀត នៅក្នុងយុគសម័យឌីជីថល ការយល់ដឹងពីប្រព័ន្ធឌីជីថល ឬអក្ខរកម្មឌីជីថល (Digital Literacy) មិនមែនមានន័យត្រឹមតែចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាទាមទារឱ្យមាន «សិទ្ធិពលរដ្ឋឌីជីថល» (Digital Citizenship) ផងដែរ។ យុវជនត្រូវរៀនសូត្រពីរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ដើម្បីជជែកដេញដោល ស្វែងរកការពិត និងចូលរួមចំណែកក្នុងសង្គមដោយការទទួលខុសត្រូវ។ ប្រសិនបើយើងបិទផ្លូវមិនឱ្យពួកគេជជែករឿងសង្គម និងនយោបាយ តើយើងអាចរំពឹងឱ្យពួកគេក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនៅថ្ងៃអនាគតដោយរបៀបណា?
ដំណោះស្រាយ៖ ការដើរទន្ទឹមគ្នារវាងការអប់រំ និងការអនុវត្តច្បាប់
ទង្វើរបស់មន្ត្រីនគរបាលក្នុងករណីនេះ អាចមិនមែនកើតចេញពីចេតនាអាក្រក់ទាំងស្រុងនោះទេ ប៉ុន្តែវាអាចជាលទ្ធផលនៃកង្វះការយល់ដឹងស៊ីជម្រៅអំពីច្បាប់រដ្ឋធម្មនុញ្ញ និងព្រំដែននៃតួនាទីភារកិច្ចរបស់ខ្លួន (Overstepping Authority)។ ក្នុងនាមជាអ្នកអនុវត្តច្បាប់ សមត្ថកិច្ចគួរតែជាអ្នកការពារសិទ្ធិ និងសុវត្ថិភាពរបស់ពលរដ្ឋ មិនមែនជាអ្នកដាក់សម្ពាធ ឬរឹតត្បិតសិទ្ធិសេរីភាពនោះឡើយ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់លើការងារអាទិភាពចំនួនពីរ៖
១. ការពង្រឹងការអប់រំសិទ្ធិពលរដ្ឋ និងសីលធម៌ (Moral and Civic Education)៖ លើកកម្ពស់ការបង្រៀននិងរៀនមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាឱ្យបានស៊ីជម្រៅនៅតាមសាលារៀន ដើម្បីឱ្យយុវជនយល់ដឹងពីសិទ្ធិ កាតព្វកិច្ច និងរបៀបនៃការចូលរួមក្នុងសង្គមដោយសន្តិវិធី និងការទទួលខុសត្រូវ។
២. ការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់៖ មន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គប្បីទទួលបានការអប់រំជាប្រចាំអំពីសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំសាធារណៈ និងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីធានាថាការបំពេញភារកិច្ចរបស់ពួកគេ គឺដើម្បីបម្រើ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមទិសដៅអភិវឌ្ឍន៍សង្គមប្រជាធិបតេយ្យនិងទំនើបកម្ម។
ជារួមមក យុវជនមិនមែនគ្រាន់តែជាអ្នករង់ចាំទទួលផលពីសង្គមនោះទេ ប៉ុន្តែពួកគេគឺជាកម្លាំងចលករ និងជាអ្នកសហការបង្កើត (Co-creators) នូវអនាគតរបស់ប្រទេសជាតិ។ ការបើកឱកាសឱ្យពួកគេបានរៀនសូត្រ ជជែក និងចូលរួមក្នុងជីវភាពនយោបាយដោយសេរី និងមានការទទួលខុសត្រូវ គឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតសម្រាប់ស្ថិរភាព និងការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា៕
លោក ប៉ា ចន្ទរឿន គឺជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។
-Phnom Penh Post-





