(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី១៖ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញអស់រយៈពេល ២៦ឆ្នាំ តើសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កបញ្ហាប្រឈមអ្វីខ្លះចំពោះសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ?
ចម្លើយ៖ សន្តិភាពរយៈពេល ២៦ឆ្នាំបានផ្តល់ឱកាសឱ្យប្រជាជនកម្ពុជារស់នៅដោយសុខសាន្ត និងចូលរួមអភិវឌ្ឍប្រទេសជាតិ បន្ទាប់ពីប្រទេសបានឆ្លងកាត់សង្គ្រាម និងការបែកបាក់អស់រយៈពេលជាច្រើនទសវត្សរ៍។ ប៉ុន្តែការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ទាំងការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងការបង្ខំឱ្យប្រជាពលរដ្ឋជាង ៦៤ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន។
ស្ថានភាពនេះបង្ហាញថា សន្តិភាពមិនមែនគ្រាន់តែជាការបញ្ឈប់ការប្រយុទ្ធគ្នាប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុវត្ថិភាព និងទទួលបានសិទ្ធិរស់នៅក្នុងលំនៅឋានរបស់ខ្លួនដោយគ្មានការភ័យខ្លាច។ ដូច្នេះហើយទើប កម្ពុជាប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាទាមទារឱ្យភាគីថៃអនុវត្តគ្រប់ចំណុចនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងផ្តល់អាទិភាពដល់ការងាររបស់គណៈកម្មាការ JBC?
ចម្លើយ៖ កម្ពុជាទាមទារឱ្យភាគីថៃអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គ្រប់ចំណុច ព្រោះការរក្សាបទឈប់បាញ់ និងការកាត់បន្ថយភាពតានតឹង ត្រូវដើរទន្ទឹមគ្នាជាមួយការអនុវត្តយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ការមិនអនុវត្តចំណុចណាមួយអាចធ្វើឱ្យការកសាងទំនុកចិត្ត និងការដោះស្រាយបញ្ហាព្រំដែនមិនអាចដំណើរការទៅមុខបាន។
ជាក់ស្តែង ចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតចំនួន ១២លើក ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស JBC និងចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ឱ្យបន្តការងារវាស់វែងនៅលើដីជាក់ស្តែង។ សំណើនេះធ្វើឡើងស្របតាមកំណត់ហេតុកិច្ចប្រជុំពិសេស JBC ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងចំណុចទី៣ នៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សារៈសំខាន់នៃការជំរុញការងារ JBC គឺមិនត្រឹមតែដើម្បីដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ។ បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរារាំងរបស់យោធាថៃ ដោយពួកគេដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងបំផ្លិចផ្លាញផ្ទះសម្បែង។ ហេតុនេះ ការអនុវត្តសេចក្តីប្រកាសរួមឱ្យបានពេញលេញ និងការចាប់ផ្តើមការងាររបស់ JBC ឱ្យបានឆាប់រហ័ស គឺជាជំហានចាំបាច់ដើម្បីបង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕





