បិទច្រកកាន់តែល្អ! ខ្មែរមិនខ្លាចទេ ខណៈពាណិជ្ជករថៃ និងផលិតផលថៃកំពុងចាកចេញពីទីផ្សារកម្ពុជា
ដោយ៖ លោកតា
សារព័ត៌មានខ្លះចូលចិត្តប្រើពាក្យធំៗ ដើម្បីបង្កើតអារម្មណ៍ថាកម្ពុជា “រងសម្ពាធ” ពីការបិទច្រកព្រំដែន ប៉ុន្តែបើនិយាយតាមការពិត កម្ពុជាមិនបានភ័យខ្លាចឡើយ ផ្ទុយទៅវិញ ប្រជាជនខ្មែរជាច្រើនសប្បាយចិត្តផង បើថៃសម្រេចបិទច្រក និងកាត់បន្ថយសេដ្ឋកិច្ចជាមួយកម្ពុជាជារៀងរហូត ព្រោះវាជាឱកាសឲ្យខ្មែរងាកមកពង្រឹងសមត្ថភាពខ្លួនឯង។
កុំតែនិយាយតាប៉ែដដែលៗថា “កម្ពុជាពឹងថៃ” ឬ “ខ្មែរខាតបង់”។
សម័យនេះមិនដូចមុនទៀតទេ កម្ពុជាមានទីផ្សារជាច្រើន មានដៃគូសេដ្ឋកិច្ចជាច្រើន ហើយក៏អាចនាំចូល
នាំចេញតាមប្រទេសផ្សេងបានដែរ ប្រសិនបើថៃបិទច្រក មិនមែនមានន័យថាកម្ពុជាដួលរលំនោះទេ តែវាអាចធ្វើឲ្យប្រជាជនខ្មែរ និងអ្នកវិនិយោគក្នុងស្រុកកាន់តែភ្ញាក់ខ្លួន ផលិតដោយខ្លួនឯង ប្រើប្រាស់ផលិតផលក្នុងស្រុក និងស្វែងរកទីផ្សារថ្មីៗ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺរាល់ពេលមានបញ្ហាព្រំដែន ឬនយោបាយ សារព័ត៌មានខ្លះតែងតែព្យាយាមបង្ហាញថាកម្ពុជា “ត្រូវការថៃជាងថៃត្រូវការកម្ពុជា” តែបើមើលជាក់ស្តែង ការជួញដូរគឺមានផលប្រយោជន៍ទាំងសងខាង មិនមែនខ្មែរខាតតែម្នាក់ឯងឡើយ អ្នករកស៊ីថៃជាច្រើនក៏រកប្រាក់ពីទីផ្សារកម្ពុជាដូចគ្នា។
ជាក់ស្តែង សព្វថ្ងៃពាណិជ្ជករថៃមួយចំនួនកំពុងចាកចេញពីទីផ្សារកម្ពុជា ផលិតផលថៃខ្លះក៏លក់មិនសូវដាច់ ហាង និងផ្សារមួយចំនួនក៏ស្ងាត់ជាងមុន ប៉ុណ្ណឹងហើយ នៅតែមានអ្នកចេញមកអួតអាងដាក់កម្ពុជា ដូចជាខ្លួនឯងមិនទទួលផលប៉ះពាល់អ្វីសោះ ការពិតគឺ បើសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្អាក វាប៉ះពាល់ទាំងសងខាង មិនមែនតែខ្មែរម្នាក់ឯងឡើយ។
ដូច្នេះ បើអានុទិន និងភាគីថៃចង់បិទច្រកយូរ ក៏ជាសិទ្ធិរបស់ថៃ កម្ពុជាមិនចាំបាច់អង្វរ ឬភ័យខ្លាចឡើយ ខ្មែរអាចរស់ដោយកម្លាំងខ្លួនឯងបាន ហើយប្រហែលជាវានឹងក្លាយជាចំណុចចាប់ផ្តើមឲ្យសេដ្ឋកិច្ចជាតិរឹងមាំជាងមុនផងដែរ៕





