Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីកងទ័ពកូរ៉េខាងជើង ១៥០០នាក់ ធ្វើឱ្យលោកខាងលិចឆ្លេឆ្លា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 329
វិភាគអន្តរជាតិ៖ ហេតុអ្វីកងទ័ពកូរ៉េខាងជើង ១៥០០នាក់ ធ្វើឱ្យលោកខាងលិចឆ្លេឆ្លា? វិភាគអន្តរជាតិ៖ ហេតុអ្វីកងទ័ពកូរ៉េខាងជើង ១៥០០នាក់ ធ្វើឱ្យលោកខាងលិចឆ្លេឆ្លា?

 

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជិត ២ឆ្នាំមកហើយ ដែលរុស្ស៉ីបានបោះដៃទៅរកសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺកូរ៉េខាងជើង ខណៈទីក្រុងមូស្គូកំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលបាលិស្ទីគ ដើម្បី បំប៉នដល់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ឥលូវ ក្រុមមន្ត្រីអ៊ុយក្រែនបានព្រមានថាកូរ៉េខាងជើងមានផែនការពង្រីកការផ្ដល់ជំនួយដល់រុស្ស៉ី ដោយនៅលើកនេះគឺត្រៀមបញ្ជូនកងទ័ពទៅជួយកងទ័ពរុស្ស៉ីតែម្ដង។ ការព្រមានដែរនេះធ្វើឡើងបន្ទាប់ពីប្រមុខចារកម្មកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែតុលា បាននិយាយថាខ្លួនបានតាមដានឃើញថានាវាកងទ័ពជើងទឹករុស្ស៉ីបានដឹកកងទ័ពកូរ៉េខាងជើងទៅកាន់តំបន់ចុងបូព៌ាបំផុត នៃប្រទេសរុស្ស៉ី ដើម្បីទទួលការបណ្ដុះបណ្ដាល និងបន្សុំាខ្លួន មុននឹងពួកគេត្រូវបានដាក់ពង្រាយទៅជួយកងទ័ពរុស្ស៉ីនៅសមរភូមិមុខ។ ប៉ុន្តែ ទាំងកូរ៉េខាងជើង និងរុស្ស៉ី បានទាត់ចោលការអះអាងទាំងនោះ ដោយចាត់ទុកថាជាពាក្យចចាមអារ៉ាមផ្ដេសផ្ដាស។

* តើកងទ័ពកូរ៉េខាងជើងចំនួនប៉ុន្មាន ដែលគេថានឹងត្រូវបញ្ជូនទៅអ៊ុយក្រែន?

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានឱ្យដឹងថានាវារបស់កងទ័ពជើងទឹករុស្ស៉ីបានដឹកកងកម្លាំងពិសេសកូរ៉េខាងជើងប្រហែល ១៥០០នាក់ ទៅកាន់តំបន់ចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី សម្រាប់ ការបណ្ដុះបណ្ដាល និងបន្សុំាខ្លួន មុននឹងពួកគេត្រូវបានដាក់ពង្រាយទៅប្រយុទ្ធនៅអ៊ុយក្រែន។ ចារកម្មកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថាកងទ័ពកូរ៉េខាងជើងទាំងនោះបានស្លៀកឯកសណ្ឋានយោធា និងកាន់អាវុធ រុស្ស៉ី ព្រមទាំងបណ្ណសម្គាល់ខ្លួនក្លែងក្លាយ ដើម្បីបន្លំថាពួកគេត្រូវបានបញ្ជូនមកពីតំបន់ស៊ីបេរី។ ចំណែក ប្រតិបត្តិការដឹកកងទ័ពលើកទី២ អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ពីព្រោះថាកូរ៉េខាងជើងមានគម្រោង បញ្ជូនទ័ព ១០ ០០០នាក់។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ហ្សេលេនស្គី ក៏បាននិយាយដែរថាចារកម្មអ៊ុយក្រែនជឿជាក់ថាអ្នកជំនាញបច្ចេកទេស និងក្រុមមន្ត្រីកូរ៉េខាងជើងមួយចំនួន បានមានវត្តមាននៅអ៊ុយក្រែនរួចទៅហើយ។ ជាក់ស្ដែង សារព័ត៌មាន Kyiv Post បានរាយការណ៍ថាមន្ត្រីកូរ៉េខាងជើង ៦នាក់ត្រូវបានសម្លាប់ និង៣នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន កាលពីថ្ងៃទី៣ ខែតុលា លើទីតាំងរបស់កងទ័ពរុស្ស៉ីនៅឯតំបន់ដូណេត ភាគខាងកើតអ៊ុយក្រែន។

* តើកងទ័ពកូរ៉េខាងជើង មានសមត្ថភាពអ្វីខ្លះ?

បើតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង ក្រៅតែពីមានអាវុធនុយក្លេអ៊ែរ និងមីស៊ីល កូរ៉េខាងជើងមានកងទ័ពសកម្ម ១.២៨លាននាក់។ ប៉ុន្តែកងទ័ពទាំងនេះមួយភាគធំ នៅតែបន្តពឹងផ្អែក និងប្រើប្រាស់អាវុធចាស់ ហួសសម័យសល់ពីអតីតសហភាពសូវៀត។ នេះបើតាមរបាយការណ៍មួយកាលពីឆ្នាំ២០២៣ ស្ដីពីយោធារបស់ពិភពលោកនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ។ កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង មានបទពិសោធន៍តិចតួចប៉ុណ្ណោះក្នុងពេលជាង ៧០ឆ្នាំមកនេះ ពោលចាប់តាំងពីសង្រ្គាមកូរ៉េមក។ ប៉ុន្តែ កងទ័ព ២០០ ០០០នាក់ នៅក្នុងកងអង្គភាពពិសេសរបស់កូរ៉េខាងជើងត្រូវបានចាត់ទុកថាកងទ័ពមាន សមត្ថភាពខ្ពស់ និងមានជំនាញខាងធ្វើប្រតិបត្តិការវាយឆ្មក់ទម្លុះចូលទីតាំង ឬគោលដៅណាមួយ។

* តើកូរ៉េខាងជើងរំពឹងចង់បានអ្វី?

បើតាមសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាថ្នូរទៅនឹងការបញ្ជូនអាវុធទៅឱ្យរុស្ស៉ី កូរ៉េខាងជើងទទួលបានរួចទៅហើយនូវការគាំទ្រសេដ្ឋកិច្ច និងជំនួយខាងកម្មវិធីអាវុធទំនើបៗពីរុស្ស៉ី។ ដូច្នេះពួកគេជឿថាជាថ្នូរ ទៅនឹងការបញ្ជូនកងទ័ព លោក គីម អាចនឹងចង់បានការជួយពីរុស្ស៉ីច្រើនជាងនេះ។ ជាងនេះទៅទៀត ក្រុមអ្នកវិភាគបាននិយាយថាការបញ្ជូនកងទ័ពទៅអ៊ុយក្រែន អាចនឹងផ្ដល់ឱ្យកូរ៉េខាងជើងនូវឱកាសធ្វើ ការហ្វឹកហាត់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន និងធ្វើតេស្ដអាវុធនៅលើសមរភូមិជាក់ស្ដែង ដោយប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនដែលកំពុងប្រើប្រាស់អាវុធលោកខាងលិច។ ចាប់តាំងពីសង្រ្គាមកូរ៉េបិទបញ្ចប់ ក្នុងឆ្នាំ១៩៥៣មក កូរ៉េខាងជើងកម្រនឹងបញ្ជូនទ័ពទៅក្រៅប្រទេសណាស់។ ជាឧទាហរណ៍៖ មានម្ដងនោះ កូរ៉េខាងជើងបានបញ្ជូនទ័ពមួយក្រុមតូចមានគ្នាប្រហែល ៣០០០នាក់ ទៅកាន់ប្រទេសអង់ហ្គោឡា ដើម្បីប្រឡូកចូលក្នុងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសអាហ្វ្រិកមួយនេះនាចុងទសវត្សរ៍ឆ្នាំ១៩៧០ និងដើមទស្សវត្សរ៍ឆ្នាំ១៩៨០។ កូរ៉េខាងជើងក៏ធ្លាប់ត្រូវបានរាយការណ៍ដែរថាបានបញ្ជូនទ័ព៨០០នាក់ទៅជួយ កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឆ្នាំ២០១៩។ នេះបើតាមសារព័ត៌មាន NK News ជំនាញខាងកូរ៉េខាងជើងមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដោយផ្អែកលើឯកសារមួយរបស់អង្គការសហប្រជាជាតិ។ កូរ៉េខាងជើង ក៏ធ្លាប់បានចូលរួមក្នុងលក្ខណៈទ្រង់ទ្រាយតូចដែរ នៅក្នុងសង្រ្គាមនៅវៀតណាម ដើម្បីជួយវៀតណាមខាងជើង ប្រយុទ្ធទល់នឹងកងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ លោកនាយឧត្តមសេនីយ៍ Charles Flynn ជាប្រមុខកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងលទ្ធភាពដែលយោធាកូរ៉េខាងជើង កំពុងដកស្រង់មេរៀនប្រយុទ្ធជាក់ស្ដែងនៅសមរភូមិអ៊ុយក្រែន។

លោក Flynn ធ្វើការកត់សម្គាល់បែបនេះទៅកាន់វេទិកាមួយរៀបចំឡើងដោយ Center for a New American Security កាលពីថ្ងៃទី១៥ ខែតុលា។ កាលពីខែមេសាកន្លងទៅ លោកបាននិយាយដែរថា ការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងដោយរុស្ស៉ី នឹងផ្ដល់ឱ្យទីក្រុងព្យុងយ៉ាងនូវឱកាសដ៏កម្រដើម្បីធ្វើតេស្ដពីសមត្ថភាព និងប្រសិទ្ធភាពនៃអាវុធរបស់ខ្លួន ហើយរកចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាពបន្ថែម។

* តើរុស្ស៉ីចង់បានអ្វីដែរ?

វត្តមានកងទ័ពកូរ៉េខាងជើង ពិតណាស់វានឹងជួយពង្រឹងកម្លាំងប្រយុទ្ធរបស់រុស្ស៉ី ដែលកងទ័ពរបស់ខ្លួនបានស្លាប់ និងរបួសជាច្រើនក្នុងសង្រ្គាមជិត ២ឆ្នាំមកនេះ។ គិតត្រឹមថ្ងៃទី១ ខែតុលា ចំនួនកងទ័ពរុស្ស៉ីស្លាប់ និងរងរបួសក្នុងសង្រ្គាមអ៊ុយក្រែនមានដល់ទៅ ៦៥០ ០០០នាក់។ នេះជាការវាយតម្លៃរបស់យោធាអ៊ុយក្រែន។ ម្លោះហើយ ការកែនកងទ័ពថ្មីបន្ថែមនៅក្នុងប្រទេសរុស្ស៉ីអាចនឹងធ្វើឱ្យប្រជាជនរុស្ស៉ីខឹងសម្បារ នឹងរដ្ឋអំណាចរបស់លោក ពូទីន។ ប៉ុន្តែក្នុងពេលជាមួយគ្នា រុស្ស៉ីក៏នឹងពិបាកធ្វើឱ្យគេជឿដែរថាខ្លួនជាមហាអំណាចយោធាលេខ២ នៅលើពិភពលោក ប្រសិនបើមូស្គូពិតជាពឹងផ្អែកលើកូរ៉េខាងជើងឱ្យបញ្ជូន កងទ័ពមកជួយមែននោះ។

គួរបញ្ជាក់ថា ខណៈលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក កំពុងប្រឹងប្រែងកាត់ផ្ដាច់កូរ៉េខាងជើង និងរុស្ស៉ី ឱ្យឯកោពីពិភពលោក លោក គីម ជុងអ៊ុន និងលោក ពូទីន កាន់តែមានឱកាស និងហេតុផលដើម្បី ជួយគ្នាទៅវិញទៅមក។ នៅក្នុងឃ្លាំងអាវុធរបស់កូរ៉េខាងជើង មានអាវុធមួយភាគធំដែលត្រូវគ្នាជាមួយប្រព័ន្ធអាវុធរុស្ស៉ី។ រីឯរុស្ស៉ីវិញមានស្បៀងអាហារ ថាមពល និងរ៉ែកម្រ ព្រមទាំងបច្ចេកវិទ្យាអាវុធទំនើបៗ ដែលលោក គីម ជុងអ៊ុន ចង់បានខ្លាំងបំផុត។ នៅពេលលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងកាលពីខែមេសា ឆ្នាំ២០២៤នេះ មេដឹកនាំនៃប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងមួយចែងពីលក្ខខណ្ឌ ជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីម្ខាងណារងការឈ្លានពានពីសត្រូវ ជាសារមួយបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក៕ ប្រភព៖ Fresh News

 

 

 

 

 

 

 

អត្ថបទទាក់ទង