Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនអាចទាមទារទឹកដីដែលថៃឈ្លានពានយកមកវិញបានទេ គឺបានត្រឹមតែកុហកបោកប្រាស់ប្រជាពលរដ្ឋ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់របស់ក្រុមប្រឆាំងបែបនេះ គឺជាការបំភាន់សាធារណមតិដោយចេតនាបំផ្លាញទំនុកចិត្តរបស់ប្រជាជនមកលើរាជរដ្ឋាភិបាល និងកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះវាជាការប៉ុនប៉ងបំបាក់ទឹកចិត្តរបស់ខ្មែរទាំងមូលក្នុងការការពារបូរណភាពទឹកដី។
តាមពិត រាជរដ្ឋាភិបាលកម្ពុជាមិនដែលទទួលស្គាល់ការឈ្លានពាន ឬបោះបង់សិទ្ធិស្របច្បាប់របស់កម្ពុជាលើចំណែកទីតាំងណាមួយឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់គ្រប់យន្តការស្របច្បាប់ទាំងការទូត ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការនិងដៃគូអន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងជំហរច្បាស់លាស់គឺមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត។
សំណួរទី ២៖ តើការអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យតំបន់ព្រំដែន មានន័យ យ៉ាងដូចម្តេច?
ចម្លើយ៖ ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន គឺជាការបង្ហាញថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍តម្លាភាព សន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ វាក៏ជាភស្តុតាងបង្ហាញថា កម្ពុជាមិនបាននៅស្ងៀម ឬបណ្តែតបណ្តោយលើបញ្ហាព្រំដែននោះទេ ប៉ុន្តែកំពុងប្រើប្រាស់យន្តការអន្តរជាតិដើម្បីធានាការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃឱ្យមានប្រសិទ្ធភាព និងអាចផ្ទៀងផ្ទាត់បានដោយភាគីទី៣ ដែលជាយន្តការថ្នាក់តំបន់។
សំណួរទី ៣៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ទោះមានការ ឈ្លានពាន និងការចោទប្រកាន់ពីភាគីម្ខាងទៀត?
ចម្លើយ៖ រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ទោះមានការឈ្លានពាន និងការចោទប្រកាន់ពីភាគីម្ខាងទៀត ព្រោះរាជរដ្ឋាភិបាលយល់ថា សន្តិភាព ស្ថិរភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែប្តេជ្ញាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត ប៉ុន្តែការការពារនោះត្រូវធ្វើឡើងដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការទូត និងកិច្ចសហប្រតិបត្តិការ ដើម្បីជៀសវាងការប៉ះទង្គិចដែលអាចបង្កការបាត់បង់អាយុជីវិត និងប៉ះពាល់ដល់ប្រជាជននៅតាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ដំណោះស្រាយបញ្ហាព្រំដែនពិតប្រាកដ និងមានស្ថិរភាពគឺជាដំណោះស្រាយតាមផ្លូវច្បាប់ មិនមែន ជាការប្រើកម្លាំងទេ៕





