Grand News Asia Close

នាយករដ្ឋមន្ត្រីទីម័រខាងកើត បង្ហាញការដឹងគុណកម្ពុជា ជួយឱ្យទីម័រខាងកើតក្លាយ​ជា​អ្នកសង្កេតការណ៍អាស៊ាន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ អាស៊ាន | ASEAN 299
នាយករដ្ឋមន្ត្រីទីម័រខាងកើត បង្ហាញការដឹងគុណកម្ពុជា ជួយឱ្យទីម័រខាងកើតក្លាយ​ជា​អ្នកសង្កេតការណ៍អាស៊ាន នាយករដ្ឋមន្ត្រីទីម័រខាងកើត បង្ហាញការដឹងគុណកម្ពុជា ជួយឱ្យទីម័រខាងកើតក្លាយ​ជា​អ្នកសង្កេតការណ៍អាស៊ាន

 

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត បានសម្តែងការដឹងគុណ និងអរគុណយ៉ាង​ជ្រៅចំពោះកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងជួយប្រទេសទីម័រ​ខាងកើតក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ាន ក៏ដូចជាការឈានឈ្មោះទៅជា​សមាជិក​ពេញ​សិទ្ធិ​របស់អាស៊ាន។

ការបង្ហាញនូវការដឹងគុណ ក៏ដូចជាអរគុណនេះ បានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រី​ប្រទេស​ទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងនូវការអបអរសាទរ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ដឹកនាំ​រាជ​រដ្ឋាភិបាលកម្ពុជានីតិកាលថ្មី។ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវការសួរ​សុខទុក្ខ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលលោកតែង​ចាត់​ទុកជាបងប្អូនដ៏គួរឱ្យគោរព។

លោកនាយករដ្ឋមន្ត្រី បានសម្តែងអំណរគុណរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅបំផុត ដែលតែងផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ប្រទេសទីម័រ ក្នុងការធ្វើ​សមា​ហរណកម្មទៅក្នុងតំបន់ និងសកល។

«ការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការណ៍របស់អាស៊ាន ខណៈកម្ពុជា​ជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទ​ពិសោធន៍​របស់​កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និង​ជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័ររៀនសូត្រ និង រៀបចំខ្លួនដើម្បីក្លាយ​ជាសមាជិក​អា​ស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ»។ នេះជាការគូសបញ្ជាក់របស់លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និង​ការ​ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ។ សម្តេចធិបតី ក៏បានលើក​ឡើងថា ការជួយប្រទេសទីម័រ ក៏ជាមោទនភាពមួយរបស់កម្ពុជាផងដែរ។

សម្តេចធិបតី បានលើកទៀតថា កម្ពុជា ក្នុងនាមជាប្រទេសធ្លាប់ឆ្លងកាត់វិនាសកម្ម១ពាន់ជំពូក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រខាងកើត កំពុងជួបនាពេល​បច្ចុប្បន្ន។ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំថា នឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងប្រទេសទីម័រថែមទៀត ជាពិសេស សម្រាប់ដំណើររៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។

ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តា​នុពល​សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ល្អសម្រាប់ប្រជាជាតិទាំងពីរ៕

អត្ថបទទាក់ទង