Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1010
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិព័ត៌មានសំខាន់ៗដូចតទៅ៖

ទី១៖ ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិ និងចាត់ចំណាត់ថ្នាក់សកលដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចាត់ទុកចំណាត់ថ្នាក់នេះថា ជាកិត្តិយសសម្រាប់ប្រជាជននិងប្រទេសកម្ពុជា ចំពោះភាពជោគជ័យនៃវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ ហើយវាបានឆ្លុះបញ្ចាំងពីការដឹកនាំ ការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេនដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលក្នុងនោះ វិស័យការពារបរិស្ថាន និងធនធានធម្មជាតិនៅតែជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។

គួរកត់សម្គាល់ថា ថ្នាក់ដឹកនាំកម្ពុជាជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិស ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបង្កើតបានសមិទ្ធផលថ្មីៗជាច្រើនលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលធ្វើឱ្យការងារនេះទទួលបានជោគជ័យជាបន្តបន្ទាប់។ ជាក់ស្តែង នៅរាល់ជំនួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាចំណុះរដ្ឋបាលខេត្ត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីតែងតែរម្លឹកឱ្យមន្ត្រីមូលដ្ឋានបន្តថែរក្សាការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស ខណៈដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងផ្តល់អាទិភាពដល់បរិស្ថានធម្មជាតិសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយផាសុកភាព។

របាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក ក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានមកធ្វើជារបៀបវារៈនយោបាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិ តាមរយៈការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍ និងអភិរក្សដែលជាចំណុចសំខាន់មួយនៃគោលនយោបាយដឹកនាំប្រទេស តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង នៅក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏មាននិយាយពីតុល្យភាពរវាងការអភិវឌ្ឍន៍ និងការអភិរក្សបរិស្ថានធម្មជាតិដើម្បីធ្វើឱ្យសង្គមកម្ពុជាជាសង្គមដែលប្រជាពលរដ្ឋរស់នៅប្រកបដោយផាសុកភាព។

ទី២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិឡើងវិញអំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិដោយ៖

១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. បញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។

វិធានការទាំងនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ ចាប់តាំងពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដែលជាផលវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

ទី៣៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង