វិភាគអន្តរជាតិ៖ ហេតុអ្វីចិនបោសសម្អាតផ្ទៃក្នុងកងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន?
FN (ប៉េកាំង)៖ ឧត្តមសេនីយ៍ចិនដែលបានបាត់ខ្លួន និងជាមេបញ្ជាការនៃកងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់ចិន ត្រូវបានបណ្ដេញចេញពីតំណែងដែលនេះកំពុងបង្ក ឱ្យមានការសង្ស័យពីការបោសសម្អាតផ្ទៃក្នុងយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងពេលមួយទសវត្សរ៍មកនេះ។ លោកឧត្តមសេនីយ៍ Lǐ Yùchāo ជាមេបញ្ជាការ កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន (PLARF) និងមេបញ្ជាការរងរបស់លោក គឺលោកឧត្ដមសេនីយ៍ Liú Guāngbīn បានបាត់ខ្លួនអស់រយៈពេលជាច្រើន សប្ដាហ៍ហើយ។ រហូតដល់ថ្ងៃចន្ទ ទី៣១ ខែកក្កដាកន្លងទៅនេះ ទើបប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាលោក Wáng Hòubīn ជាមេបញ្ជាការរង នៃកងទ័ពជើងទឹកចិន PLA ចាប់តាំងពីឆ្នាំ២០២០មក នឹងត្រូវឡើងកាន់តំណែងជំនួសលោក Lǐ Yùchāo ខណៈមន្ត្រីកងទ័ពអាកាស និងជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន លោក Xú Xīshèng ត្រូវតែងតាំងជាប្រមុខទទួលបន្ទុកអប់រំនយោបាយនៃកងកម្លាំងរ៉ុក្កែតចិន។
ការប្រកាសពីការផ្លាស់ប្ដូរតួនាទីឧត្ដមសេនីយ៍ទាំង២រូបនេះ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រកាសពីព័ត៌មាន ដ៏ភ្ញាក់ផ្អើលស្ដីពីការបញ្ចប់តំណែងរដ្ឋមន្ត្រីការបរទេស លោក ឈិន កាង ដោយតែងតាំងលោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន។ ក៏ប៉ុន្តែថាតើអ្វីទៅ នៅពេលក្រោយឆាកនៃការដកតំណែងមេបញ្ជាការនៃកងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់ចិន?
* តើនរណារបូតតំណែង ហើយនរណាត្រូវបានដំឡើងតំណែង?
អ្វីដែលគេដឹង មកទល់នឹងម៉ោងនេះ នោះគឺលោក Wang Houbin ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃកងកម្លាំងមីស៊ីលនុយក្លេអ៊ែរ ឬកងកម្លាំងរ៉ុក្កែតចិន PLARF ហើយលោក Xu Xisheng ជាប្រមុខទទួលបន្ទុកអប់រំនយោបាយនៃកងកម្លាំង PLARF។ នេះមិនមែនជារឿងធម្មតានោះទេ ពីព្រោះថាមេដឹកនាំទាំង២ នៃកងកម្លាំង PLARF ដែលទទួលបន្ទុកលើប្រតិបត្តិការយោធាក្រៅប្រទេស និងប្រមុខទទួលបន្ទុកអប់រំនយោបាយត្រូវបានផ្លាស់ប្ដូរតំណែងក្នុងពេលដំណាលគ្នា។
មួយវិញទៀត មិនថាលោក Wang ឬលោក Xu សុទ្ធតែមិនមានសាវតារនៅក្នុងកងកម្លាំង PLARF នោះទេ។ តួយ៉ាង លោក Wang បានចំណាយពេលក្នុងអាជីព របស់លោកនៅក្នុងជួរកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន PLA និងជាជនមកពីខាងក្រៅដំបូងគេបំផុតដែលត្រូវបានតែងតាំងជាមេបញ្ជាការ PLARF ចាប់តាំងពីឆ្នាំ១៩៨២មក។ ចំណែក លោក Xu វិញគឺមានសាវតារមកពីកងទ័ពអាកាសចិន។ លោក Li Yuchao ដែលជាមេបញ្ជាការមុននៃកងកម្លាំងរ៉ុក្កែតចិន មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ព្រមទាំងអវត្តមាននៅឯពិធីដំឡើងតំណែងកាលពីពេលថ្មីៗនេះដែលជាធម្មតា លោក តែងតែមានវត្តមានចូលរួម។ មិនតែប៉ុណ្ណោះ សូម្បីតែអតីតបញ្ជាការរងទាំង២រូបរបស់លោក Li Yuchao គឺលោក Liu Guangbin និងលោក Zhāng Zhènzhōng ក៏បានបាត់ខ្លួនពីការបំពេញភារកិច្ចជាទម្លាប់ធម្មតាផងដែរ។ អតីតមេបញ្ជាការរង PLARF លោក Wú Guóhuá បានទទួលមរណភាព ក្នុងទីក្រុងប៉េកាំង កាលពី ថ្ងៃទី៤ ខែកក្កដាកន្លងទៅ ប៉ុន្តែព័ត៌មានពីមរណភាពយ៉ាងអាថ៌កំបាំងរបស់លោកមិនត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នោះទេ រហូតទាល់តែ ដល់ថ្ងៃទី២៧ ខែកក្កដា។
* ហេតុអ្វីបានជាគេជឿថានេះជាការបោសសម្អាតផ្ទៃក្នុង?
ជាទូទៅ ព័ត៌មានពាក់ព័ន្ធនឹងចិន ទាល់តែចិនចេញមុខមកបញ្ជាក់ដោយខ្លួនឯង ទើបគេគ្រប់គ្នាអាចដឹងច្បាស់ថាមានរឿងអ្វីបានកើតឡើង។ ប៉ុន្តែ ការរុះរើតំណែង មន្ត្រីចិននៅពេលនេះ គឺវាកើតឡើងគាប់ជួននឹងពាក្យចចាមអារ៉ាម និងសេចក្ដីរាយការណ៍ក្នុងទីក្រុងប៉េកាំងថាលោកប្រធានាធិបតី ស៊ី ជិនពីង បានបើកភ្លើងបៃតង សម្រាប់ការស៊ើបអង្កេតបោសសម្អាតអំពើពុករលួយប្រឆាំងនឹងក្រុមឧត្តមសេនីយ៍នៃកងកម្លាំង PLARF។ ព័ត៌មានពីការបោសសម្អាតនេះត្រូវបានចុះផ្សាយនៅលើ សារព័ត៌មានតៃវ៉ាន់ និងសារព័ត៌មានចិននៅឯក្រៅប្រទេស អស់រយៈពេលជាច្រើនសប្ដាហ៍ ហើយកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា សារព័ត៌មាន South China Morning Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានចុះផ្សាយព័ត៌មានដូចគ្នានេះដែរ។ ប្រសិនបើវាជាការពិតមែន នោះ ការយល់ព្រមរបស់លោក ស៊ី ជិនពីង លើការស៊ើបអង្កេត នឹងមានន័យថាលោក Li លោក Liu និងលោក Zhang ស្ថិតនៅក្នុងចំណោមមន្ត្រីដែលត្រូវបានបោសសម្អាត ខណៈការតែងតាំងមេបញ្ជាការថ្មីរបស់កងកម្លាំង PLARF ដែលសុទ្ធតែជាជនមកពីខាងក្រៅ អាចសន្មត់បានផងដែរថាលោក ស៊ី ចង់បោសសម្អាតផ្ទៃក្នុង និងមិនជឿ ទុកចិត្តលើថ្នាក់ដឹកនាំនៃកងកម្លាំង PLARF។
* តើការបោសសម្អាតនេះអាចនឹងធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនើបកម្មរបស់ PLA ឬ?
ភ្លាមៗគេមិនអាចនិយាយបាននោះទេថាតើការបោសសម្អាតផ្ទៃក្នុងនេះ នឹងបង្កផលប៉ះពាល់ដល់ការធ្វើទំនើបកម្មរបស់ PLA ជាពិសេសប្រសិនបើគេមិនបានដឹងច្បាស់ ថាតើមានបទចោទអ្វីដែលពាក់ព័ន្ធអំពើពុករលួយផងនោះ។ ប៉ុន្តែ ច្បាស់ណាស់អ្វីដែលកំពុងកើតឡើងនឹងកាន់តែធ្វើឱ្យមានការសង្ស័យ និងការចោទសួរពីផលវិបាក នៃអំពើពុករលួយទៅលើគុណភាព និងការត្រៀមលក្ខណៈនៃកងកម្លាំងរ៉ុក្កែតចិន រួមទាំងសមត្ថភាពនុយក្លេអ៊ែរកំញើញទប់ស្កាត់សង្រ្គាម។
យ៉ាងណាក៏ដោយ អ្វីដែលគេអាចដឹង នោះគឺការរុះរើតំណែងមន្ត្រីចិនបានបង្ហាញថាលោក ស៊ី ជិនពីង នៅតែមានអំណាចលើសលប់ក្នុងការគ្រប់គ្រងកងទ័ព PLA។ ការលុបបំបាត់អំពើពុករលួយ គឺជារឿងដ៏លំបាកបំផុត សម្រាប់មេដឹកនាំ បើទោះជាមេដឹកនាំមានឥទ្ធិពលដូចលោក ស៊ី ជិនពីងក៏ដោយ។ អំពើពុករលួយក្នុងប្រទេស ចិន នៅតែមាន បន្ទាប់ពីលោក ស៊ី ចាប់ផ្ដើមបើកយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ហើយវាក៏មិនមែនជាភ្ញាក់ផ្អើលនោះដែរ។ ពីព្រោះអំពើពុករលួយអាចកើតមាន មិនថានៅក្នុងជួរយោធាណានោះទេ សូម្បីតែសហរដ្ឋអាមេរិកក៏ដោយ។ លោក ស៊ី ជិនពីងខ្លួនឯងក៏ធ្លាប់បានក្រើនរំឮកប្រាប់មន្ត្រីរបស់លោកផងដែរ ថាគណបក្សកុម្មុយនិស្ដចិន នឹងត្រូវស្ថិតជានិច្ចលើដំណើរផ្លូវនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕