Grand News Asia Close

អ្នកប្រវត្តិសាស្ត្រខ្មែរ បង្ហាញទិដ្ឋភាពនាំឱ្យកើតមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ និងទទូចខ្មែរប្រយ័ត្ន កុំឱ្យអំណាចដុល្លារប្រហារសន្តិភាព

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 244
អ្នកប្រវត្តិសាស្ត្រខ្មែរ បង្ហាញទិដ្ឋភាពនាំឱ្យកើតមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ និងទទូចខ្មែរប្រយ័ត្ន កុំឱ្យអំណាចដុល្លារប្រហារសន្តិភាព អ្នកប្រវត្តិសាស្ត្រខ្មែរ បង្ហាញទិដ្ឋភាពនាំឱ្យកើតមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ និងទទូចខ្មែរប្រយ័ត្ន កុំឱ្យអំណាចដុល្លារប្រហារសន្តិភាព

(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា កាលពី៥៤ឆ្នាំមុន គឺជាថ្ងៃដែលអ្នកនយោបាយមួយ​ក្រុមរួម​មាន​​​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សេនាប្រមុខ លន់ នល់ លោក អ៉ិន តាំ និងលោក ចេង ហេង…បានរួមគ្នាប្រព្រឹត្តទង្វើក្បត់ដោយ​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពី​ព្រះ​ប្រមុខ​រដ្ឋ​សង្គមរាស្ត្រនិយម។ ផ្តើមចេញពី​ការ​ធ្វើរដ្ឋប្រហារខុសច្បាប់នោះហើយ នាំឱ្យក​ម្ពុជា​ជួប​នូវ​មហា​សោកនាដកម្មយ៉ាង​ខ្លោចផ្សារ​បំផុត ព្រោះតែភ្លើងសង្គ្រាម។

លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ដែលជាអ្នកប្រវត្តិសាស្ត្ររបស់កម្ពុជា បានគូស​រំលេច​ថា មានកត្តាចំនួនពីរដែលនាំឱ្យកើតមានរដ្ឋប្រហារនេះឡើង។ កត្តាទាំងពីរនោះ រួមមានកត្តាពី​ខាង​ក្រៅ និងកត្តាផ្ទៃក្នុងរបស់កម្ពុជា។

បើតាមលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ កត្តាខាងក្រៅនាពេលនោះ គឺជាបរិបទនៃ​សង្គ្រាម​​ត្រជាក់ ដែលមានការប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងរវាងកុម្មុយនីស្តដឹកមុខ​ដោយសហ​ភាព​សូវៀត និងខាងសេរីដឹកមុខដោយសហរដ្ឋអាមេរិក។ ការប្រកួតគ្នារវាងមនោគមវិជ្ជា​កុម្មុយ​នីស្ត និងសេរីនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងសង្គ្រាមនៅវៀតណាម បានព្យា​យាម​អូស​ទាញសម្តេច នរោត្តម សីហនុ ឱ្យចូលទៅក្នុងល្បែងប្រជែងអានុភាពរបស់ពួកគេ ខណៈ​ដែល​សម្តេចព្រះបិតាជាតិ ព្យាយាមរក្សាអព្យាក្រឹត្យដោយមិនយកកម្ពុជា​ទៅចូលក្នុងប្លុក​ណា​មួយ​នោះ​ឡើយ។

ប្រវត្តិវិទូរបស់កម្ពុជាលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានគូសរំលេចទៀតថា បើទោះបី​សម្តេច នរោត្តម សីហនុ ព្យាយាមប្រកាសពីភាពអព្យាក្រឹត្យរបស់កម្ពុជាយ៉ាង​ណាក្តី តែ​សហ​រដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានព្យាយាមដាក់គំនៀបបង្កការលំបាកយ៉ាងខ្លាំង​លើ​របប​ដឹកនាំ​របស់សម្តេច នរោត្តម សីហនុ រហូតធ្វើឱ្យមានវិបត្តិធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

លោក រស់ ចន្ទ្រាបុត្រ បានរំលឹកយ៉ាងដូច្នេះ «អ្វីដែលធ្វើឱ្យកម្ពុជាយើងពិបាកខ្លាំង គឺបញ្ហា​សេដ្ឋ​កិច្ច និងពាណិជ្ជកម្ម។ នៅពេលហ្នឹង​ដើម្បី​រុញច្រាន ដើម្បីបង្ខិតបង្ខំកម្ពុជាឱ្យចូលក្នុង​បក្ស​ពួក​សេអាតូ ឬបក្សពួកអាមេរិកហ្នឹង យើង​ឃើញ​ថា ប្រទេសជិតខាងរបស់យើងរួម​មា​ន​ថៃ វៀតណាម ជាពិសេសសហរដ្ឋអាមេរិក បាន​ដាក់គំនៀបលើព្រះករុណា នរោត្តម សីហនុ ជាពិសេសលើគ្រប់បញ្ហាទាំងនយោបាយ សេដ្ឋ​កិច្ច យោធា។ ដូច្នេះយើងឃើញថា បញ្ហា​ទាំង​អស់នេះ ធ្វើឱ្យយើងលំបាកក្នុងការធ្វើសេដ្ឋកិច្ច ធ្វើពាណិជ្ជកម្ម និងជីវភាពរបស់ប្រជា​ពលរដ្ឋ។ អ្វីដែលជាការផលិតរបស់យើង គឺយើងមិនអាចនាំចេញឱ្យបានតាមគោលបំណង តាមទស្សនៈ និងគំនិតរបស់យើងដែរ»។

សម្រាប់កត្តាខាងក្នុងវិញ លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានរំលឹកថា ក្នុងសម័យ​សង្គម​រាស្ត្រ​និយម​របស់សម្តេច នរោត្តម សីហនុ មានខ្មែរជាច្រើនក្រុមធ្វើចលនាប្រឆាំងនឹង​ការដឹក​នាំនោះ មានដូចជាចលនាខ្មែរក្រហម ចលនាវៀតមិញ ចលនាខ្មែរសិរីជាដើម។ ចល​នា​ទាំងអស់ ធ្វើរបបសង្គមរាស្ត្រមានការផ្ទុះអាវុធ កើតចលាចល​ពុំមានសន្តិសុខ និងជួប​អស្ថិរ​ភាព។

លោកបណ្ឌិតសភាចារ្យ បានចាត់ការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីសំណាក់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សេនាប្រមុខ លន់ នល់ អ៉ិន តាំ និង ចេង ហេង ព្រោះតែការ​ស្រេកឃ្លានអំណាច និងការស្រេកឃ្លានដុល្លាររបស់អ្នកនយោបាយមួយក្រុមនេះ ភ្លេចគិតពី​ផល​លំបាករបស់ជាតិ និងប្រជាជន។ បើតាមលោក រស់ ចន្ទ្រាបុត្រ របបសាធា​រ​ណៈរដ្ឋខ្មែរ​របស់​សេនាប្រមុខ លន់ នល់ គឺជារបបមួយដែលពុករលួយខ្លាំងបំផុត។

ក្នុងថ្ងៃនៃប្រវត្តិដ៏ជូរចត់របស់កម្ពុជា លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកដល់មនុស្សខ្មែរ​នា​ពេល​បច្ចុប្បន្នឱ្យចេះតាមដានការវិវឌ្ឍស្ថានការណ៍នានានៅក្នុងតំបន់ និងពិភពលោករបស់​ក្រុមប្រទេសមហាអំណាច។ បន្ថែមពីលើនោះត្រូវចេះថ្លឹងថ្លែង និងពិចារណា មិនត្រូវធ្វើអ្វីតាម​តែការញាក់ តាមតែការញុះញង់របស់អ្នកនយោបាយនោះឡើយ។

ជាមួយនឹងការរំលឹកដល់ថ្ងៃនាំឱ្យកម្ពុជាកើតភ្លើងសង្គ្រាម កើតកលិយុគនោះ លោកបណ្ឌិត​សភាចារ្យ ក៏បានលើកឡើងពីស្នាដៃ និងគុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ដែល​បា​ន​ចេញបេសកកម្ម និងទស្សនៈវិជ្ជានយោបាយឈានទៅពន្លត់សង្គ្រាម នាំមកនូវសុខ​សន្តិ​ភាព និងការអភិវឌ្ឍជាតិយ៉ាងខ្លាំងក្លា។

ប្រវត្តិវិទូខ្មែរដែលឆ្លងកាត់ដំណើរកម្ពុជាជាច្រើនរបបរូបនេះ បានអំពាវនាវប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនឱ្យរួមគ្នាជ្រោងទស្សនៈនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព ហើយឈានឆ្ពោះទៅរកការអភិវឌ្ឍកាន់តែរីកចម្រើន៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង