Grand News Asia Close

ក្រោយការលុប MoU 2001៖ ហេតុអ្វីកម្ពុជាជ្រើសរើស យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ?

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1013
ក្រោយការលុប MoU 2001៖ ហេតុអ្វីកម្ពុជាជ្រើសរើស យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ? ក្រោយការលុប MoU 2001៖ ហេតុអ្វីកម្ពុជាជ្រើសរើស យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ?

(FN)៖ កម្ពុជាបានជ្រើសយន្តការផ្សះផ្សាដោយចាប់បង្ខំ បន្ទាប់ពីភាគីថៃបានសម្រេចលុបចោល អនុស្សារណៈ MoU 2001 ជាឯកតោភាគី។ យន្តការនេះ គឺជាការបញ្ជូនជម្លោះ ទៅកាន់ក្របខណ្ឌច្បាប់អន្តរជាតិ ស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ដោយមានភាគីទី៣ ចូលរួមក្នុងដំណើរការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងសន្តិវិធី។

មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ …

អស់រយៈពេលជាង២៥ឆ្នាំ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ រវាងកម្ពុជា និងថៃ ឬ MoU 2001 បានដើរតួនាទីជាក្របខណ្ឌទ្វេភាគីដ៏សំខាន់បំផុត សម្រាប់គ្រប់គ្រង និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ប៉ុន្តែពេលនេះ ក្របខណ្ឌដែលធ្លាប់ត្រូវបានពឹងផ្អែកអស់ជាងពីរទសវត្សន៍នោះ ត្រូវបានភាគីថៃសម្រេចលុបចោលជាឯកតោភាគី។

នៅចំពោះមុខ ស្ថានភាពទំនេរផ្នែកយន្តការនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានឆ្លើយតបដោយការគំរាមកំហែង ឬការបង្កើនភាពតានតឹងយោធាទេ ប៉ុន្តែបានជ្រើសរើសផ្លូវមួយផ្សេងទៀត គឺការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ឬ Compulsory Conciliation ក្រោមច្បាប់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ United Nations Convention on the Law of the Sea ឬ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះ មិនមែនជាភាពទន់ខ្សោយទេ។ វាជាយុទ្ធសាស្ត្របម្លែងជម្លោះ ពីការប្រកួតកម្លាំង ទៅជាការប្រកួតច្បាប់។

* ពី MoU ទៅ UNCLOS៖ កម្ពុជាកំពុងបម្លែងជម្លោះទៅកាន់យន្តការច្បាប់អន្តរជាតិ

សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នៅតែចង់រកដំណោះស្រាយដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ បើទោះបីភាគីថៃ បានសម្រេចដកខ្លួនចេញពី MoU 2001 ក៏ដោយ។

សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គមផ្លូវការថា៖ «ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទសវត្សន៍កន្លងមកនេះ»

ការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ Compulsory Conciliation ក្រោមអនុសញ្ញា UNCLOS មានន័យថា កម្ពុជា កំពុងព្យាយាមរក្សាជម្លោះនេះឱ្យស្ថិតនៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ដោយមិនឱ្យរអិលទៅកាន់សម្ពាធនយោបាយ ឬការប្រកួតកម្លាំងនៅលើសមុទ្រឡើយ។

សម្តេចបវរធិបតី បានបញ្ជាក់បន្ថែមថា៖ «ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះ»

តាមពិតទៅ កម្ពុជាមិនមែនជាអ្នកបោះបង់យន្តការទ្វេភាគីទេ។ ផ្ទុយទៅវិញ កម្ពុជាបានបន្តគោរព MoU 2001 អស់រយៈពេលជាងពីរទសវត្សន៍មកហើយ។ ការលុបចោលកិច្ចព្រមព្រៀងនេះ គឺជាការសម្រេចចិត្តឯកតោភាគីរបស់ភាគីថៃ។ ដូច្នេះ នៅពេលដែលក្របខណ្ឌទ្វេភាគីត្រូវបានបំបែក កម្ពុជាត្រូវបង្ខំចិត្តបញ្ជូនជម្លោះនេះទៅកាន់យន្តការដែលមានភាគីទី៣ និងមានរចនាសម្ព័ន្ធច្បាស់លាស់ក្រោមអនុសញ្ញា UNCLOS។

* យន្តការផ្សះផ្សាដោយចាប់បង្ខំ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ

នៅក្នុងពិភពលោកបច្ចុប្បន្ន មានការយល់ច្រឡំមួយថា ប្រទេសដែលជ្រើសរើសផ្លូវច្បាប់ គឺជាប្រទេសទន់ខ្សោយ។ ប៉ុន្តែសម្រាប់ប្រទេសតូចៗ ច្បាប់អន្តរជាតិ មិនមែនជាជម្រើសចុងក្រោយទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់បំផុត សម្រាប់ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។

យន្តការផ្សះផ្សាដោយចាប់បង្ខំ ឬ Compulsory Conciliation មិនមែនជាការលន់តួ ឬការបង្ហាញភាពទន់ខ្សោយរបស់កម្ពុជាទេ។ ផ្ទុយទៅវិញ វាជាវិធីរក្សាជម្លោះឱ្យស្ថិតនៅក្នុងដំណើរការច្បាប់ និងការចរចា ដោយមិនឱ្យរអិលទៅកាន់ការប្រកួតកម្លាំងនៅលើសមុទ្រ។ ទោះបីភាគីម្ខាងមិនសហការក៏ដោយ ដំណើរការនេះនៅតែអាចបន្តបាន ហើយអាចបង្កើតរបាយការណ៍ និងកំណត់ត្រាផ្លូវច្បាប់ ដែលអាចប្រើប្រាស់នៅក្នុងដំណាក់កាលបន្ត ដូចជា ការដោះស្រាយវិវាទដោយមជ្ឈត្តកម្ម ឬតុលាការអន្តរជាតិ។

សម្តេចមហាបវរធិបតី បានថ្លែងលើបណ្តាញសង្គមថា៖ «ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ»។ នេះហើយជាមូលហេតុដែលកម្ពុជា កំពុងព្យាយាមបម្លែង «សម្ពាធនៅលើសមុទ្រ» ទៅជា «សម្ពាធផ្លូវច្បាប់ និងការទូត» ដោយប្រើច្បាប់អន្តរជាតិ ជាខែលការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

* សារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន

សេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំ ទ្រគោលជំហររាជរដ្ឋាភិបាលកម្ពុជា លើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី មានអត្ថន័យយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌»។ ការលើកឡើងនេះ មានន័យថា កម្ពុជាមិនចង់វិលត្រឡប់ទៅកាន់ស្ថានភាព ដែលក្របខណ្ឌទ្វេភាគី អាចត្រូវបានបំបែក ឬបោះបង់ចោលជាឯកតោភាគីម្ដងទៀតឡើយ។ ផ្ទុយទៅវិញ កម្ពុជាកំពុងព្យាយាមបញ្ជូនជម្លោះនេះ ទៅកាន់យន្តការច្បាប់អន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានភាគីទី៣ចូលរួម។

សម្តេចតេជោ ក៏បានបង្ហាញថា បញ្ហានៃការគ្មានវឌ្ឍនភាព ក្នុងការចរចាកន្លងមក មិនមែនកើតចេញពីការខ្វះឆន្ទៈរបស់កម្ពុជាទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងការប្រែប្រួលនយោបាយនៅភាគីថៃ ដែលបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ក្រោយរដ្ឋប្រហារឆ្នាំ២០០៦។

សម្តេចតេជោ បានថ្លែងបន្ថែមថា៖ «កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម ហើយក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី»

សម្តេចតេជោ បានបញ្ជាក់ចុងក្រោយថា៖ «សង្ឃឹមថា កម្ពុជានិងថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ»។ សារនេះ មានអត្ថន័យយ៉ាងសំខាន់ ព្រោះបានបង្ហាញថា កម្ពុជា គឺជាភាគីដែលបន្តរក្សាភាពស្ថិតស្ថេរ និងគោរពក្របខណ្ឌចរចា ខណៈយន្តការទ្វេភាគីដែលមានស្រាប់ ត្រូវបានបំបែកដោយភាគីម្ខាងទៀត។

*ច្បាប់អន្តរជាតិ នៅតែសំខាន់ ទោះបីពិភពលោក កំពុងបាត់បង់សណ្តាប់ធ្នាប់

ជាការពិតណាស់ដែលពិភពលោកបច្ចុប្បន្ន កំពុងប្រឈមនឹងភាពបាត់បង់ឥទ្ធិពលនៃសណ្តាប់ធ្នាប់អន្តរជាតិ។ នៅក្នុងបរិបទ ដែលជម្លោះភូមិសាស្ត្រនយោបាយ កាន់តែតានតឹង និងការប្រកួតប្រជែងអំណាចរវាងប្រទេសធំៗកាន់តែខ្លាំង ប្រទេសជាច្រើន កំពុងផ្តោតលើអំណាច និងផលប្រយោជន៍ ជាជាងការគោរពច្បាប់អន្តរជាតិ។ ប៉ុន្តែសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា ការបោះបង់ចោលច្បាប់អន្តរជាតិ នឹងធ្វើឱ្យស្ថានភាពកាន់តែគ្រោះថ្នាក់។ ព្រោះនៅក្នុងពិភពលោកដែលអំណាចអាចមានឥទ្ធិពលលើច្បាប់, ប្រទេសតូចៗ មិនអាចពឹងផ្អែកលើការប្រកួតកម្លាំងបានទេ ប៉ុន្តែត្រូវពឹងផ្អែកលើក្របខណ្ឌច្បាប់ និងយន្តការអន្តរជាតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។

ដូច្នេះការជ្រើសរើសយន្តការផ្សះផ្សាដោយចាប់បង្ខំ ឬ Compulsory Conciliation ក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS គឺជាការបញ្ជាក់ថា កម្ពុជា នៅតែជឿលើការដោះស្រាយជម្លោះដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ប្រហែលវាមិនមែនជាផ្លូវលឿនបំផុតទេ ហើយក៏មិនអាចធានាដំណោះស្រាយភ្លាមៗបានដែរ។ ប៉ុន្តែសម្រាប់ប្រទេសតូចមួយ វាអាចជាផ្លូវដែលមានស្ថិរភាព និងមានសុវត្ថិភាពបំផុត សម្រាប់ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងសន្តិភាពរយៈពេលវែង។

សេចក្តីសន្និដ្ឋាន៖ ក្រោយការលុបចោល MoU 2001 កម្ពុជា កំពុងឈរនៅចំណុចសំខាន់មួយនៃប្រវត្តិសាស្ត្រនយោបាយសមុទ្រ។ ជំនួសឱ្យការឆ្លើយតបដោយការប្រកួតកម្លាំង កម្ពុជា បានជ្រើសរើសបម្លែងជម្លោះនេះទៅកាន់យន្តការច្បាប់អន្តរជាតិ។ ការប្រើប្រាស់ «យន្តការផ្សះផ្សាដោយចាប់បង្ខំ» មិនមែនជាការបង្ហាញភាពទន់ខ្សោយទេ។ វា ជាការបង្ហាញថា ប្រទេសតូចមួយ ក៏អាចប្រើច្បាប់អន្តរជាតិ ជាឧបករណ៍ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ខ្លួនបានដែរ។

សំណួរធំបំផុតនៅពេលនេះ គឺថា តើច្បាប់អន្តរជាតិ និងយន្តការសន្តិភាព អាចនៅតែមានអត្ថន័យដ៏រឹងមាំ និងអាចការពារយុត្តិធម៌បានដែរឬទេ នៅក្នុងពិភពលោកដែលសណ្តាប់ធ្នាប់អន្តរជាតិ កំពុងរងការរញ្ជួយដោយការប្រកួតអំណាច ភាពតានតឹងភូមិសាស្ត្រនយោបាយ និងនយោបាយផលប្រយោជន៍នោះ?

ពីព្រោះ ប្រសិនបើច្បាប់អន្តរជាតិ មិនអាចការពារប្រទេសតូចៗបានទេ ហើយប្រសិនបើយន្តការសន្តិភាព មិនអាចទប់ស្កាត់ការប្រើសម្ពាធ ឬការបង្កើតការពិតជាក់ស្តែង និងមិនអាចបង្ខំឱ្យអ្នករំលោភច្បាប់ ដកថយចេញពីសកម្មភាពដែលផ្ទុយនឹងច្បាប់អន្តរជាតិបានទេ នោះពិភពលោក អាចនឹងរអិលត្រឡប់ទៅកាន់ស្ថានភាពដែល «អំណាចជាអ្នកកំណត់យុត្តិធម៌» ខណៈប្រទេសតូចៗ ត្រូវបង្ខំឱ្យរស់នៅក្រោមភាពមិនប្រាកដប្រជា រងសម្ពាធ និងការភ័យខ្លាចជាប់ជានិច្ចហើយ។

ដូច្នេះ ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការជ្រើសរើសយន្តការផ្លូវច្បាប់ និងសន្តិវិធី នៅពេលនេះ មិនមែនគ្រាន់តែជាការការពារផលប្រយោជន៍សមុទ្ររបស់ខ្លួនប៉ុណ្ណោះទេ។ វាក៏ជាការការពារគោលការណ៍មួយដ៏សំខាន់ថា ជម្លោះរវាងរដ្ឋ គួរតែត្រូវបានដោះស្រាយដោយច្បាប់ និងសន្តិវិធី មិនមែនដោយសម្ពាធ ឬអំណាចហិង្សាកម្លាំងឡើយ៕

-Fresh Exclusive-

Prime Minister Hun Manet says it is ‘regrettable’ that Thailand has decided to unilaterally withdraw from the 2001 MoU. KT/Khem Sovannara

អត្ថបទទាក់ទង