Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤ «អាពាហ៍ពិពាហ៍ចម្លែក និង បាត់បង់កូន»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 626
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤ «អាពាហ៍ពិពាហ៍ចម្លែក និង បាត់បង់កូន» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤ «អាពាហ៍ពិពាហ៍ចម្លែក និង បាត់បង់កូន»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៤ «អាពាហ៍ពិពាហ៍ចម្លែក និង បាត់បង់កូន» អាពាហ៍ពិពាហ៍ ឬពិធីរៀបការ ជាពិធីប្រពៃណីដ៏ផូរផង់របស់ខ្មែរតាំងតែពីបរមបុរាណ ឬតាំងតែពីការកកើតទឹកដីនៃព្រះរាជាណាចក្រមក។ តាមប្រវត្តិរឿងព្រេងនិទាន ព្រះថោង (នាយមាស) នាងនាគ បង្ហាញថា ដើម្បីរស់នៅជាមួយគ្នាជាប្តីប្រពន្ធបាន កូនកំលោះឬភាគីខាងប្រុសត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលប្រពៃណីតម្រូវ ដូចជាត្រូវចូលស្តីដណ្តឹងតាមច្បាប់ទម្លាប់ មានចៅមហា មានមេអណ្តើកដែលចូលស៊ើបសួរយ៉ាងតិច៣លើកអំពីកូនក្រមុំ។ ប្រសិនបើកូនក្រមុំ ឬភាគីខាងស្រី មិនជាប់ជំពាក់ជាមួយបុរសឬកំលោះណា ឬប្រសិនបើកូនក្រមុំយល់ព្រមមិនជំទាស់ មិនបដិសេធជាមួយម្តាយឪពុកក្នុងការលើកកូនឱ្យគេ ទើបគេបន្តធ្វើពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ គូស្រករទាំងសងខាងតម្រូវឱ្យមានអ្នកកំដរបីនាក់ យ៉ាងតិច២នាក់ដែរ ហើយមុននឹងពិធីនេះមកដល់ កូនក្រមុំគេតម្រូវឱ្យចូលម្លប់ដើម្បីសិក្សារៀនសូត្រពីច្បាប់ផ្សេងៗ ជាពិសេសច្បាប់ស្រី ដើម្បីត្រៀមធ្វើជាមេគ្រួសារ។ ក្រៅពីសិក្សាក្បួនច្បាប់ ប្រពៃណីទាំងនេះ កូនក្រមុំក៏ត្រូវរៀបចំថែរក្សាសម្ផស្សរបស់ខ្លួនផងដែរ។ កូនស្រីត្រូវបន្ទុំសម្បុរដោយការលាបរមៀត ពន្លៃ ដើម្បីឱ្យសាច់ស្រទំស្អាត បន្ទាប់មកត្រូវកាត់សម្លៀកបំពាក់ ដើរអញ្ជើញភ្ញៀវ និងពឹងពាក់អ្នកជិតខាង ឱ្យមកជួយកិច្ចការក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាពិសេសអ្នកកំដរ។ បើប្រពៃណីពីបុរាណដែលមានវ័យចំណាស់មែនទែន គឺកូនកំលោះត្រូវមកបម្រើផ្ទះខាងស្រីយ៉ាងតិច៣ខែទៅ៦ខែ ដើម្បីឱ្យឪពុកម្តាយសង្កេត និងវាយតម្លៃពីចរិតលក្ខណៈ។ អាពាហ៍ពិពាហ៍ត្រូវតែធ្វើឡើងដោយមានឪពុកម្តាយ ញាតិផៅដឹងឮ និងចូលរួមតាមលទ្ធភាពនៃសាមីគ្រួសារ។

ដោយការមានះ និងតស៊ូព្យាយាមយ៉ាងប្តូរផ្តាច់ម្តងហើយម្តងទៀត ចំពោះការស្នើអង្គការដើម្បីរៀបការជាមួយរ៉ានី ជាទីស្រលាញ់របស់ខ្លួន ទីបំផុតនៅដើមខែមករា ឆ្នាំ១៩៧៦ សំរេច ទទួលបានដំណឹងដ៏រីករាយ គឺថ្នាក់លើយល់ព្រមឱ្យរៀបការជាមួយរ៉ានីហើយ ដែលចម្លើយនេះធ្វើឱ្យ សំរេច រំភើបនិងត្រេកអរស្ទើរហោះ ព្រោះគេសង្ឃឹមថាថ្ងៃសំពះផ្ទឹមបាចផ្កាស្លា និងសំពះមេបាទាំងសងខាង នឹងបានមកដល់ក្នុងពេល ឆាប់ៗ។ ប៉ុន្តែផ្ទុយទៅវិញ អាពាហ៍ពិពាហ៍របស់សំរេច និងយុវតីរ៉ានី និងគូស្រករជាច្រើនទៀត គឺធ្វើឡើងដោយការស្រងាកនិងខកចិត្ត ព្រោះអ្វីៗដែលអ្នកទាំងពីររំពឹងទុក ខុសស្រឡះពីបំណងប្រាថ្នា។ ក្តីរំពឹងដែលអ្នកទាំងពីរគិតថា នឹងមានភ្ញៀវមកចូលរួមក្នុងពិធីមង្គលដ៏អ៊ូអរ នឹងធ្វើឱ្យពួកគេមានកិត្តិយសនោះ ប៉ុន្តែ អង្គការបានធ្វើឱ្យគូស្រករមានអត្ថន័យនេះ ក្លាយទៅជាការខកចិត្ត។

មេបញ្ជាការសំរេច និងរ៉ានី រៀបការនៅថ្ងៃទី៥មករា ១៩៧៦។ អាពាហ៍ពិពាហ៍របស់គេត្រូវធ្វើឡើងក្នុងចំនួនគូស្រករ ដ៏ច្រើនគឺ១៣គូ។ សំរេច និងរ៉ានី ស្ថិតនៅគូទី១២។

មុនពេលរៀបការ៣ថ្ងៃ គឺនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៦ សំរេច ត្រូវថ្នាក់លើកោះហៅពី ទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកទ្រមូង នៅពេលនោះ និងជាស្រុកមេមត់នាពេលបច្ចុប្បន្ន ដើម្បីមកជួបជុំគ្នានៅមន្ទីរតំបន់ ដែលមានទីតាំងស្ថិតនៅស្រុកដំបែ ដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ ក្រោយពេលទទួលដំណឹងនេះ សំរេច ពិតជាត្រេកអរយ៉ាងខ្លាំង និងមានចម្ងល់ដែរថា តើគេរៀបការរបៀបម៉េច? ព្រោះមកដល់មន្ទីរតំបន់ហើយ រ៉ានី នៅស្រុកក្រូចឆ្មារនៅឡើយ ហើយរ៉ានី នៅមិនទាន់ទទួលដំណឹងអំពីការរៀបការនៅឡើយទៀត។ ដោយសារភាពយឺតយ៉ាវនេះ ថ្នាក់លើសម្រេចចិត្តពន្យារពេលរៀបការពីថ្ងៃទី៣មករា ទៅថ្ងៃទី៥មករា វិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយក រ៉ានី ពីស្រុកក្រូចឆ្មារ មកកាន់ស្រុកដំបែ។ រ៉ានី អត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូន ហើយក៏គ្មានមិត្តភក្តិមកកំដរដែរ គឺក្បាលតែមួយត្រមង់ត្រមោចម្នាក់ឯង។ ចំណែកសំរេច វិញក៏គ្មានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូច រ៉ានី ដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ធ។ តែសំរេច ហាក់គ្រាន់បើជាងរ៉ានី បន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានី មកដល់ស្រុកដំបែ នៅល្ងាចថ្ងៃទី៣ខែមករា។ នៅថ្ងៃទី៤ ខែមករា សំរេច ប្រញាប់ទៅជួប រ៉ានី ដើម្បីសំណេះសំណាល។ នៅពេលនោះ រ៉ានី កំពុងស្ថិតនៅជុំគ្នាជាមួយនារីៗ១២នាក់ផ្សេងទៀត និងយុទ្ធជនពិការ១២ នាក់ដែរ។ ពេលនោះហើយទើបសំរេច ដឹងថាការរៀបការនេះធ្វើឡើងជាមួយគ្នាជាច្រើនគូ ជាក្រុម ក្នុងពេលតែមួយ គឺចំនួន១៣គូ។ នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ សំរេច ត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកដំបែ មកកាន់ភូមិច្រាប នៃស្រុកត្បូងឃ្មុំ ដែលជាកន្លែងត្រូវរៀបការ។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ត្រូវនឹងថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំរោង អដ្ឋស័ក ពុទ្ធសករាជ ២៥១៩ គឺជាថ្ងៃដែល សំរេច និងភរិយា បានរៀបការជាមួយបងប្អូន១២គូ ផ្សេងទៀត។ នៅម៉ោងប្រមាណ៨:០០នាទីព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។ ឯកូនក្រមុំមាន១៣រូប អង្គុយនៅកៅអីជួរមុខ និងកូនកំលោះ ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំ ដែលជាគូរបស់ខ្លួន។ កៅអីដែលគូស្រករអង្គុយមិនមែនជាកៅអីធម្មតាទេ តែជាកៅអី ឬតុសម្រាប់ក្មេងរៀន ដែលអង្គការយកមកតម្រៀបឱ្យកូនកំលោះកូនក្រមុំអង្គុយក្នុងពេលរៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំងបានឱ្យមនុស្ស១នាក់ អានប្រវត្តិរូបខាងស្រី និងខាងប្រុសម្នាក់ម្ដងៗ ទាំង២៦នាក់។ សំរេច បានត្រឹមតែមើលខ្នង និងកញ្ចឹងក រ៉ានី ពីក្រោយ ព្រោះគេតម្រូវឱ្យអង្គុយនៅកៅអីខាងក្រោយ ដោយក្នុងចិត្តអាណិតអនាគតភរិយា ដែលមិនគួរលះបង់មកយកខ្លួនជាជនពិការហើយមករៀបការដោយគ្មានឪពុកម្តាយ បងប្អូនសាច់ញាតិមកចូលរួមបែបនេះសោះ។ មេបញ្ជាការ សំរេច ក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀតដែរ ដែលពិការធ្ងន់ធ្ងរជាងខ្លួនទៅទៀត។ គូប្តីប្រពន្ធរបស់ពួកគេ ខ្លះត្រូវអង្គការផ្សំផ្គុំឱ្យខុសពីគូរបស់ សំរេច និងរ៉ានី ដែលបានស្ដីដណ្តឹងមុន និងមានចិត្តស្រឡាញ់គ្នាមុនរៀបការ។ កម្មវិធីបន្ទាប់ពីអានប្រវត្តិរូបចប់ គឺដល់ កម្មវិធីដែលគណៈអធិបតីសួរសំណួរមកកាន់កូនក្រមុំ និងកូនកំលោះឱ្យឆ្លើយមួយគូម្ដងៗ។ សំណួរសួរទៅកាន់កូនក្រមុំមុន និងសួរកូនកម្លោះជាក្រោយ។ ១២គូ ឆ្លើយចប់ ដល់វេនសំរេច ជាគូទី១៣ ដែលជាគូចុងក្រោយក្នុងការឆ្លើយសំណួរ។ រ៉ានីឆ្លើយបានយ៉ាងល្អទាំង២សំណួរ។ ក្នុងចំណោម១២គូមុន គេសួរតែ១សំណួរម្នាក់ប៉ុណ្ណោះ តែដល់ពេល រ៉ានី គេសួរ រ៉ានី ២សំណួរ។ ចំណែក សំរេច វិញគេដំឡើងដល់ ៣សំណួរ។ សំណួរដែល សំរេច ចងចាំជាងគេ គឺតើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីព បានឬទេ? នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធាររស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាមីខ្លួនទាំង២៦ ចប់រួចរាល់ហើយ គណៈអធិបតីក៏សួរទៅចាស់ទុំ ដែលបានអញ្ជើញចូលរួម ដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ២នាក់បានឡើងនិយាយ ក្នុងនោះមានម្នាក់ឈ្មោះ ជុំ ហ៊ល អតីតមេបញ្ជការរបស់ សំរេច។ ជុំ ហ៊ល ឡើងនិយាយដោយប្រើពាក្យថា សមរម្យហើយ និងបានជូនពរដល់ពួកគេគ្រប់គ្នា។

ទោះបីគ្មានកម្មវិធីកាត់សក់ ឬសែនចងដៃ យ៉ាងណាក៏នៅម៉ោងប្រមាណ២:០០នាទីរសៀលទៅហើយ កម្មវិធីក៏មិនទាន់បញ្ចប់ដែរ។ ពួកគូស្រករឃ្លានបាយ ស្រេកទឹក តែមិនហ៊ានមាត់កអ្វីទាំងអស់។ ដល់វេនគណៈអធិបតីស្រោចទឹក និងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈសភាព-ការណ៍ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិដោយជេរពួកសេរីនិយមសូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការណ៍កម្ពុជា ដែលផ្តោតជាចម្បងលើការងារនយោបាយ សតិអារម្មណ៍ ការវាយកម្ទេច គាស់រំលើងវណ្ណៈជិះជាន់ កម្ចាត់ចោលកម្មសិទ្ធិ សួនតួ ទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចេតនា បោសសម្អាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង… ។ល។ និងថែមនូវពាក្យបណ្តាសារបស់ប្រធានគណៈអធិបតីដែលប្រើពេលជាងមួយម៉ោងទៀត។ ពិធីផ្សំផ្គុំត្រូវបញ្ចប់នៅម៉ោង៣ និង៣០នាទីបាក់រសៀល ដោយប្រើពេល៧ម៉ោងកន្លះ និងដោយគ្មានឈប់សម្រាក។ នៅម៉ោងប្រមាណជា ៤:០០នាទីល្ងាច ទើបហូបបាយជុំគ្នាទាំងប្តីប្រពន្ធ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។ សកម្មភាព ឬកាយវិការរបស់អង្គការថ្ងៃនោះ ក៏ជាផ្នែកដ៏សំខាន់មួយទៀត ដែលជំរុញ និងលើកទឹកចិត្តឱ្យមេបញ្ជាការ សំរេច អត់ធ្មត់ តស៊ូ ដើម្បីផ្តួលរំលំរបបគ្មានសាសនា និងគ្មានប្រពៃណីនេះ។

អាពាហ៍ពិពាហ៍ធ្វើឡើងគ្រាន់តែដើម្បីគម្រប់កិច្ចប្រពៃណី ប៉ុន្តែពុំត្រឹមត្រូវតាមក្បួនខ្នាតបុរាណខ្មែរដ៏ផូរផង់នោះទេ។ អាពាហ៍ពិពាហ៍ដែលត្រូវធ្វើ៣ថ្ងៃ គេបែរជាយកមកធ្វើតែមួយព្រឹកទៅវិញ។ អាពាហ៍ពិពាហ៍ដែលត្រូវធ្វើដោយមានភ្ញៀវចូលរួមកុះករ គេយកមកធ្វើត្រឹមតែអង្គការចាត់ម្នាក់ពីរនាក់ ដោយគ្រាន់តែចាប់ដៃគ្នាឡើងប្តេជ្ញា។ អាពាហ៍ពិពាហ៍របស់កម្ពុជាប្រជាធិបតេយ្យប្រព្រឹត្តទៅដោយសោះកក្រោះ ដោយភ័យខ្លាច និងរន្ធត់ចិត្ត គ្មានភ្លេងប្រពៃណី គ្មានឃ្មោះ គ្មានអ្នកកំដរ គ្មានឪពុកម្តាយចូលរួម ភាគច្រើនធ្វើឡើងដោយបង្ខំ គ្មានការពេញចិត្តពីគូស្រករ គ្មាន ផ្កាស្លា គ្មានពិធីបង្វិលពពិល បុកលក្ខណ៍ ឬពិធីកាត់សក់ជាដើម។ អាពាហ៍ពិពាហ៍សមូហភាពនេះ មិនត្រូវស្វាគមន៍ពីសំណាក់ប្រជាជនទេ ប៉ុន្តែសេរីភាពក្នុងការបញ្ចេញមតិ ឬការតវ៉ាពន្យល់រកហេតុផលមិនបានអនុវត្តឡើយ។ គូស្រករខ្លះរៀបការទាំងទឹកភ្នែក ហើយប្រសិនបើគេដឹងថា គូស្រករណាមួយក្រោយការរៀបការ ដែលរៀបចំដោយអង្គការហើយ មិនព្រមចុះសម្រុងគ្នាក្នុងការរួមដំណេក ឬផ្សំដំណេក នឹងត្រូវគេយកទៅសម្លាប់។ គូស្រករដែលរៀបការហើយត្រូវផ្សំដំណេក ត្រូវគេលបស្តាប់ពីក្រោមផ្ទះផងដែរ ដើម្បីដឹងថាគូណាត្រូវគ្នា គូណាមិនត្រូវគ្នា។ ការរៀបអាពាហ៍ពិពាហ៍ ដែលរៀបចំដោយអង្គការគ្មានសិទ្ធិប្រកែកតវ៉ា ប៉ុន្តែមានករណីលើកលែងបន្តិចបន្តួច គឺយុវជន ឬយុទ្ធជន អាចស្នើទៅអង្គការ ដើម្បីរៀបការជាមួយនារីណាម្នាក់ដែលខ្លួនពេញចិត្ត។ យុវជន យុវនារី គ្មានសិទ្ធិជ្រើសរើសឬស្រលាញ់គ្នា ឬលួចជួបគ្នាជាសម្ងាត់ឡើយ បើអង្គការដឹងនឹងត្រូវយកទៅសម្លាប់ទាំងពីរនាក់ ព្រោះខុសនឹងវិន័យទី៦របស់អង្គការ។

ប៉ុល ពត និយាយនៅក្នុងវគ្គបំពាក់បំប៉ននយោបាយថា ការរកឃើញខ្មាំងដូចពួកក្បត់ដែលមាន កុយ ធួន ដោយសារតែរឿងសីលធម៌ទី៦ ហើយយូរៗទៅមានគំនិតក្បត់បក្សឯង។ ហេតុនេះ ទើបបក្សកំណត់ថា បើបុគ្គលណាខុសសីលធម៌ទី៦ (ស្រលាញ់គ្នាលួចលាក់) គឺត្រូវកម្ទេចចោលតែម្តងនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ នៅចំណុចទី២ នៃសារាចរណ៍ណែនាំលេខ១០៦ របស់ភូមិភាគ ដែលមិនបញ្ជាក់ថ្ងៃខែឆ្នាំ នៃការចេញសារាចរណ៍ ហើយបោះពុម្ពផ្សាយឆ្នាំ២០០៣ ដោយទស្សនាវដ្តីស្វែងរកការពិត នៃមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបរាប់ថា ចំពោះការកសាងគ្រួសារគណៈបញ្ជាការគ្រប់ផ្នែក រៀនសូត្រណែនាំសារាចរណ៍លេខ១០៥ យោធា៧៥ ដែលណែនាំពីបញ្ហាកសាងគ្រួសារឡើងវិញ។ ព្រមជាមួយគ្នានេះសារាចរណ៍ណែនាំ ក៏បញ្ជាក់បន្ថែមមួយចំនួនទៀត៖ ក. បើចង់កសាងជាមួយនារីណាមួយ ត្រូវស៊ើបសួរជាសម្ងាត់ឱ្យដឹងនូវប្រវត្តិរូប ពិសេសពិនិត្យ និន្នាការនយោបាយ និងវណ្ណៈរបស់នារីនោះសិន។ បើឃើញថាសមស្រប ទើបរាយការណ៍ជូនអង្គការ ដើម្បីអង្គការស៊ើបពិនិត្យថែម បើសមស្របអង្គការនឹងគិតគូរស្តីដណ្តឹងជូន។ ខ. ដើម្បីរក្សាប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនយើង និងរក្សាបដិវត្តន៍យើងឱ្យកាន់តែ ល្អផូរផង់ថែមទៀត សាមីខ្លួនមិនត្រូវស្នើនារីដោយផ្ទាល់ខ្លួនឯងឡើយ។ សមមិត្តណាអនុវត្តល្មើសលើបញ្ហានេះ សូមចាត់ទុកជាល្មើសវិន័យយោធា ហើយត្រូវទទួលវិន័យទៅតាមទោស កំហុស។ការចាប់រៀបការដោយបង្ខំ ដែលភាសាបដិវត្តខ្មែរក្រហមកាលនោះហៅថា បើកវគ្គ ធ្វើឡើងម្តងៗចាប់ពីជាង២០គូឡើងទៅដល់១០០គូ។ ការរៀបគូស្រករដោយបង្ខំនោះ ធ្វើឡើងក្នុងគោលបំណងបង្កើតមនុស្សថ្មីដែលមានខួរក្បាលបដិវត្តន៍ដាច់ខាត ដើម្បីបម្រើឱ្យអង្គការនិងមិនមែនដើម្បីជាសុភមង្គលគ្រួសារប្រជាជននោះទេ។

ការរៀបការភាគច្រើនធ្វើឡើងដោយបង្ខំនិងមិនអនុញ្ញាតឱ្យសាមីខ្លួនដឹងមុន ពិសេសគឺគ្មានក្រុមគ្រួសារ សាច់ញាតិ ឪពុកម្តាយចូលរួមតែម្តង។ ការរៀបចំឱ្យមានការរៀបអាពាហ៍ពិពាហ៍រួម អាចជាគំនិតផ្តួចផ្តើមរបស់លោកខៀវ សំផន ក្នុងគោលបំណងកាត់បន្ថយការចំណាយទាំងថវិកា ពេលវេលា និងការងារ។ សរ សារិន អតីតអ្នកបើកបរនៅក្រសួងការបរទេស សម័យកម្ពុជាប្រជាធិបតេយ្យ រៀបរាប់ថា ពេលរៀនវគ្គនយោបាយ ទំនងជាចូលឆ្នាំ១៩៧៧ នៅពហុកីឡដ្ឋានអូឡាំពិក ដែលហៅថាព-៦ របស់មជ្ឈិមបក្សដែលបង្រៀនដោយប៉ុល ពត, នួន ជា និងខៀវ សំផន និងចូលរួមដោយកម្មាភិបាលមកពីឃុំស្រុក តំបន់ទូទាំងប្រទេសយ៉ាងច្រើននោះ ខៀវ សំផន លើកឡើងថា បក្សមានគោលការណ៍បង្កើនប្រជាជនឱ្យបានដប់លាន ទៅដប់ប្រាំលាននាក់ក្នុងរយៈពេលប្រាំទៅដប់ឆ្នាំ នាពេលខាងមុខ គឺយុវជនដែលមានអាយុ២៥ឆ្នាំ ឯនារីមានអាយុ ២០ឆ្នាំ ត្រូវរៀបការជាសមូហភាព ដោយបក្សរៀបការឱ្យ (បក្ខជនយកបក្ខជន សម្ពន្ធយកសម្ពន្ធ មហាជនយកមហាជន) មូលហេតុអីបានបក្ស រៀបការឱ្យ ព្រោះខ្លាចមិត្តនារីនោះកើតជំងឺឃ្លង់ ខ្លាចមិត្តយុវជននោះកើតជំងឺរបេង ឬក៏មានជាប់ពាក់ព័ន្ធជាមួយខ្សែរយៈក្បត់ នាំឱ្យម្នាក់ៗគ្មានអនាគត។ ដាច់ខាតមិនឱ្យសមមិត្តម្នាក់ៗដើររើសខ្លួនឯងឡើយ ហើយមូលហេតុដែលបក្សឱ្យរៀបការជាសមូហភាព ព្រោះវាចំណេញអត់ខាត ពេលវេលា។ ខៀវ សំផន បន្តទៀតថា ឧទាហរណ៍កាលពីសង្គមចាស់ មានអ្នកខ្លះក្រទេ ឃើញគេដែលជាអ្នកមានរៀបការកូនគគ្រឹកគគ្រេង ក៏ធ្វើតាមគេ ផឹកស៊ី រាំរែក ហ៊ោរកញ្រ្ជៀវសប្បាយ គ្មានគិតថា ពេលរួចទៅខាតរកលុយសងចិនមិនបាន ក៏ចាប់ផ្តើមលក់គោ លក់ក្របី លក់ស្រែភ្លឺ ដើម្បីយកលុយទៅសងបំណុលគេ រួចក៏ចាប់ផ្តើមធ្លាក់ខ្លួនក្រ ព្រោះតែរឿងរៀបការកូន។ អ៊ីចឹងមកដល់ដំណាក់កាលកសាងបដិវត្តន៍សង្គមនិយមសព្វថ្ងៃបក្សត្រូវតែមានផែនការរៀបអាពាហ៍ពិពាហ៍ជាសមូហភាពនៅទូទាំងប្រទេស។

នៅក្នុងបទសម្ភាសកន្លងមកជាមួយនឹងអ្នកសារព័ត៌មានបរទេស លោក នួន ជា អតីតមេ មនោគមន៍វិជ្ជាខ្មែរក្រហម ធ្លាប់ឆ្លើយការពារគោលនយោបាយរបស់របបខ្មែរក្រហមថា រដ្ឋាភិបាលចង់ឱ្យប្រជាជនមានគូស្រករដើម្បីបង្កើតកូនចៅឱ្យអង្គការ ព្រោះអង្គការត្រូវការមនុស្ស ហើយបើទុកឱ្យប្រជាជនជ្រើសរើសគូទៅតាមការពេញចិត្ត គឺអាចមានអ្នកខ្លះដែលរបួសពិការក្នុងពេល សង្គ្រាមរំដោះប្រទេសជាតិ មិនអាចរកគូស្រករបានទេ។ ប្រហែលខែតុលា ឆ្នាំ១៩៧៥ អង្គការបានប្រកាសរៀបចំកម្មវិធីរៀបការឱ្យប្រជាជន ពី៥០គូ ទៅ១០០គូ។ អង្គការឱ្យប្រុសៗឈរម្ខាង ស្រីឈរម្ខាង នៅទល់មុខគ្នា រួចអង្គការឱ្យខាងប្រុស ខាងស្រីចាប់ដៃគ្នា និងឡើងប្តេជ្ញានៅចំពោះមុខគណៈអធិបតី ដោយសន្យាថានឹងរួមរស់ជាមួយនឹងគ្នា និងស្មោះត្រង់ចំពោះអង្គការ។

ចំពោះគូស្រកររបស់មេបញ្ជាការ សំរេច និងគិលានុបដ្ឋាយិកា រ៉ានី គេចាត់ទុកថាជាករណីពិសេស និងជាករណីលើកលែង ព្រោះមេបញ្ជាការសំរេច ជាមេបញ្ជាការដែលបានបូជាអាយុជីវិតដើម្បីជាតិ រហូតក្លាយខ្លួនជាជនពិការផងដែរ។ មានកត្តាមួយចំនួនដែលអង្គការសម្រេចអនុញ្ញាត ឱ្យមេបញ្ជាការ សំរេច រៀបការជាមួយយុវគិលានុបដ្ឋាយិកា រ៉ានី ដោយសារ ទី១ មេបញ្ជាការ សំរេច បានស្នើទៅមេបញ្ជាការជាញឹកញាប់ដើម្បីរៀបការជាមួយរ៉ានី។ ដូច្នេះអង្គការថ្នាក់លើ អាចអនុញ្ញាតឱ្យរៀបការជាមួយយុវគិលានុបដ្ឋាយិកា រ៉ានី តាមការស្នើសុំរបស់សាមីខ្លួន។ទី២ គឺដោយយល់ឃើញថា មេបញ្ជាការ សំរេច ជាជនពិការដែរ និងទី៣ ដោយសារមេបញ្ជាការមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ពិសេសជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ឬរបបចក្រពត្តិនិយម ថ្ងៃ១៧មេសា ១៩៧៥។ ប្រសិនបើមិនដូច្នេះ មេបញ្ជាការ សំរេច អាចនឹងតម្រូវឱ្យរៀបការជាមួយនារីម្នាក់ណាផ្សេង ហើយ យុវគិលានុបដ្ឋាយិកា រ៉ានី អាចនឹងត្រូវបង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការណាម្នាក់ផ្សេងទៀត ក្រៅពីមេបញ្ជាការ សំរេច ទៀតដែរ។

សម័យនោះជនពិការដោយសារសង្រ្គាម មានសិទ្ធិស្នើទៅអង្គការដើម្បីរៀបការជាមួយនឹងនារីដែលខ្លួនស្រលាញ់ ដូចក្នុងករណីរាជនីសំឡេងមាស រស់ សេរីសុទ្ធា ត្រូវជនពិការម្នាក់ស្នើរៀបការ នៅខេត្តកំពង់ស្ពឺ នៅឆ្នាំ១៩៧៧។

ក្រោយពីអាពាហ៍ពិពាហ៍ខុសឆ្គងពីទំនៀមទម្លាប់ នៅរដូវរងារៀបចំរួចរាល់ គេតម្រូវឱ្យ ស្នាក់នៅផ្ទះផ្សំដំណេកដែលអង្គការរៀបចំទុកឱ្យរយៈពេល៤យប់ ទើបអនុញ្ញាតឱ្យចាកចេញ។ ដោយសារខែមករា នៅកម្ពុជាជារដូវត្រជាក់ និងរងាខ្លាំងសឹងតែរណ្តំថ្គាម រួមទាំងផ្ទះស្នាក់នៅមានសង្កើចច្រើនផង មេបញ្ជាការសំរេច មិនអាចសម្រាកបានលក់ស្កប់ស្កល់ទេ។ សំរេច ត្រូវទ្រាំចំពោះការរំខានរបស់សត្វសង្កើច និងអាកាសធាតុ។ ក្រោយពីស្នាក់នៅបួនថ្ងៃ អង្គការឱ្យគូស្រករទាំងអស់រើកន្លែងស្នាក់នៅទីកន្លែងរៀងខ្លួន។ សំរេច បាននាំ រ៉ានី មកស្នាក់នៅទីបញ្ជាការរបស់ខ្លួន លុះស្នាក់នៅទីបញ្ជាការបានប្រមាណ៣ថ្ងៃ អង្គការក៏បំបែកអ្នកទាំងពីរឱ្យរស់នៅបែកគ្នា ដោយគ្មានការយោគយល់ថា សំរេច ធ្លាប់ជាមនុស្សមានគុណបំណាច់ចំពោះជាតិ និងជ័យជម្នះអ្វីឡើយ។

ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៦ បទបញ្ជាបន្ទាន់មួយស្នើឱ្យភរិយាមេបញ្ជាការចេញដំណើរទៅមន្ទីរពេទ្យ ដែលមានទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ ពេលនោះគឺជាស្រុកពញាក្រែក ហើយក្រោយមក រ៉ានី ត្រូវគេបញ្ជូនឱ្យទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ ជាមួយប្រជាជនរាប់ពាន់អ្នកផ្សេងទៀតដែរ។ ក្នុងហេតុការណ៍នោះ សំរេច បានស្រក់ទឹកភ្នែកចំពោះមុខភរិយា ដោយសារអាណិតភរិយា ព្រោះសូម្បីតែខ្លួនជាប្តី និងជាមេបញ្ជាការក៏គ្មានសិទ្ធិនឹងជូនដំណើរ ឬការពារមើលថែទាំភរិយាដែរ។ សំរេច បានលើកសំណួរក្នុងចិត្តថា តើចាំបាច់អ្វីគេយកគ្រូពេទ្យម្នាក់ទៅកាប់គាស់រែកដី? ក្រោយមកនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ជំងឺនៃមុខរបួសភ្នែករបស់សំរេច រើឡើងវិញដែលតម្រូវឱ្យសំរេច ត្រូវទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល។ មន្ទីរពេទ្យដែល សំរេច សម្រាកឈ្មោះថា មន្ទីរពេទ្យភូមិភាគ សរសេរអក្សរកាត់ថា(ព២) ស្ថិតនៅវិទ្យាល័យអូររាំងឪ បច្ចុប្បន្ន។ មន្ទីរពេទ្យនោះជាមន្ទីរពេទ្យដែលគ្រូពេទ្យវះយកកែវភ្នែកឆ្វេងរបស់សំរេច កាលពីខែកញ្ញា ឆ្នាំ១៩៧៥។ ខណៈនោះ សំរេច មិនបានដឹងថា រ៉ានី មកសម្រាកពេទ្យនេះ និងមានផ្ទៃពោះទេ តែពេលចូលមកដល់មន្ទីរពេទ្យ គ្រូពេទ្យដែលធ្លាប់ព្យាបាលសំរេច ពីពេលមុន និងដែលធ្លាប់រៀនពេទ្យជាមួយរ៉ានី ប្រាប់សំរេច ថា រ៉ានី ភរិយារបស់គេកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនេះដែរ ព្រោះរ៉ានី ចាញ់កូនផង ធ្លាក់ខ្លួនឈឺផង។ រ៉ានី សម្រាកនៅអគារសម្រាប់អ្នកជំងឺជាស្ត្រី។

ដោយក្តីនឹករលឹក និងរំភើប ពេលឮថាភរិយាមានផ្ទៃពោះ មិនបង្អង់យូរ សំរេចប្រញាប់ចូលជួបភរិយាជាទីស្រលាញ់ភ្លាម។ រឿងដែលសប្បាយចិត្តទៅហួសពីការបានជួបគ្នា នៅពេលឮ រ៉ានីភរិយាជាទីស្រលាញ់ពោលប្រាប់ថា នាងមានផ្ទៃពោះ និងកំពុងចាញ់កូន។ ចាញ់ខ្លាំងណាស់ទៀតផង។ ប៉ុន្តែក្រៅពីសប្បាយចិត្ត សំរេច ក៏នឹកខ្លោចចិត្តអាណិតប្រពន្ធដែរ ព្រោះអាការៈរបស់ រ៉ានី គឺល្ហិតល្ហៃ និងស្លេកស្លាំង ដោយសារខ្វះអាហារូបត្ថម្ភ និងជីវជាតិផ្សេងៗ។ សំរេច សម្រាកនៅបន្ទប់ខ្លួនឯងនៅពេលថ្ងៃ និងឆ្លៀតទៅកំដរថែទាំ រ៉ានី នៅពេលយប់ ហើយទោះបីពួកគេស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យតែមួយជាមួយគ្នា ក៏ពួកគេមិនដែលទទួលទានអាហារជាមួយគ្នាដែរ។ ប្រាំថ្ងៃក្រោយមក ដោយសារអាការៈមុខរបួសជាសះស្បើយ មេបញ្ជាការ សំរេច បានចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែ រ៉ានី នៅមិនទាន់ចេញនៅឡើយទេ ព្រោះអាការៈមិនទាន់ធូរស្រាល។ ឃើញអាការៈភរិយាបែបនេះ សំរេច ពិតជាកាន់តែមហាតប់ប្រមល់ ស្ទើរតែប្រេះដើមទ្រូងធ្លាយទៅហើយ ជាពិសេសមុនពេលចាកចេញពីមន្ទីរពេទ្យ ពេលដែលចូលទៅផ្តាំផ្ញើភរិយាឱ្យថែទាំខ្លួនដោយខ្លួនឯង ព្រោះគេជាប្តីមិនមានឱកាសនៅក្បែរមើលថែទៀតទេ។ សំរេច ដើរចេញពីបន្ទប់រ៉ានី ស្ទើរឈានជើងមិនរួច ព្រោះតែទឹកចិត្ត ស្រណោះអាឡោះអាល័យចំពោះភរិយាជាទីស្រលាញ់។ នៅពេលនោះដែរ សំរេចគិតក្នុងចិត្តថា ពេលនេះ ម៉ោងនេះ គឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយនៅពេលខាងមុខ គេនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ បន្ទាប់មកគេក៏ចាកចេញទៅ។

ក្រោយពីមកដល់អង្គភាពវិញ សំរេច ក៏លែងទទួលដំណឹង គឺបាត់ដំណឹងពីសុខទុក្ខរបស់ភរិយាឈឹងតែម្តង មិនដឹងថាយ៉ាងណា?។ ដោយការព្រួយបារម្ភពីសុខភាព និងនឹករលឹក នៅប្រហែលពាក់កណ្តាលខែឧសភា ឆ្នាំ១៩៧៦ សំរេច ខិតខំស្វះស្វែងដើម្បីទៅរកជួប និងសួរសុខទុក្ខភរិយាម្តងទៀត ប៉ុន្តែពេលទៅដល់ គេផ្លាស់ប្រពន្ធឱ្យទៅធ្វើការនៅអង្គភាពលើកប្រព័ន្ធភ្លឺស្រែ នៅវត្តព្រៃនគរ ដែលជាអតីតរាជធានីរបស់ហ្លួងព្រះស្តេចកន ស្ថិតក្នុងស្រុកពញាក្រែក បាត់ទៅហើយ។ ខណៈនោះ រ៉ានី មានផ្ទៃពោះប្រមាណជាង៣ខែ តែអាការៈចាញ់កូននៅមានជាបន្ត។ ក្នុងអំឡុង ខែមិថុនា ឆ្នាំ១៩៧៦ រ៉ានី បានអនុញ្ញាតឱ្យមកធ្វើការនៅមន្ទីរពេទ្យយោធាតំបន់ ដែលបោះទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ បន្ទាប់ពីទទួលការលត់ដំពីអង្គការអស់រយៈពេលជាង៥ខែ។ នៅទីនោះ សំរេចឧស្សាហ៍ជួបរ៉ានី ព្រោះនៅក្បែរគ្នា ហើយនៅអំឡុងខែសីហា ឆ្នាំ១៩៧៦ មន្ទីរពេទ្យយោធាបានប្តូរទីតាំងពីឃុំពពេល ស្រុកទឹកជ្រៅ ទៅកាន់ភូមិសំរោង ឃុំដារ ស្រុកមេមត់វិញ ដែលនៅឃ្លាតពីទីបញ្ជាការសំរេច ប្រមាណជាង៣០គីឡូម៉ែត្រប៉ុណ្ណោះ ធ្វើឱ្យសំរេច កាន់តែមានភាពងាយស្រួលទៅមកដើម្បីជួបភរិយា។ ប៉ុន្តែរឿងថ្មីមួយបានកើតឡើង នោះគឺខណៈសំរេច កំពុងមានភាពកក់ក្តៅ ដោយសារបានរស់នៅក្បែរជាមួយភរិយានោះ ស្រាប់តែថ្នាក់លើបានតែងតាំងប្រធានយោធាតំបន់ថ្មីម្នាក់ ឱ្យមកជំនួសប្រធានយោធាតំបន់ចាស់ដែលទៅទទួលតំណែងថ្មី ជាប្រធានស្រុកទឹកជ្រៅ។ ប្រធានយោធាថ្មីជាមនុស្សឃោរឃៅព្រៃផ្សៃបំផុត ធ្វើឱ្យ អ្នកណាក៏ស្អប់ និងខ្លាចញញើតដែរ។នៅមានរឿងមួយដែលសំរេច ចងចាំក្នុងជីវិតដែរ នោះគឺដើម្បីត្រៀមរៀបចំឱ្យភរិយាឆ្លងទន្លេ សំរេច និងយុទ្ធមិត្ត២នាក់ បានចូលទៅក្នុងព្រៃដើររកឱសថបុរាណ មានមើមថ្នាំចិនសែ និងដើមឆ្កែស្រែង។ ខណៈកំពុងដើររកនោះ ស្រាប់តែមេសុនខដែលទើបកើតកូនបានប៉ុន្មានថ្ងៃ ស្ទុះចេញពីគល់ឈើធំមួយមកខាំជើងឆ្វេងសំរេច លិច៣ចង្កូមយ៉ាងជ្រៅ ធ្វើឱ្យសំរេច ឈឺចាប់យ៉ាងខ្លាំង តែគេមិនបានវាយធ្វើបាបតបតទៅមេសុនខវិញទេ ផ្ទុយទៅវិញ សំរេច បានលាន់មាត់ប្រាប់យុទ្ធមិត្តគេទាំងពីរថា សព្វថ្ងៃ ឆ្កែមានសិទ្ធិច្រើនជាងយើងជាមនុស្ស ព្រោះវាមានសិទ្ធិការពារកូនរបស់វា ឯយើងជាមនុស្សគ្មានសិទ្ធិដូចសត្វឆ្កែទេ គឺអន់ជាងឆ្កែទៅទៀត។

មួយរយៈក្រោយមក សំរេច ហាក់មានអារម្មណ៍ថា លែងមានភាពកក់ក្តៅ និងសុខសុវត្ថិភាព ចំពោះខ្លួន និងអង្គភាព ព្រោះប្រធានយោធាតំបន់ថ្មី ចាប់ផ្តើមបញ្ចេញអំណាចគាបសង្កត់ ដាក់សម្ពាធមកលើពួកគេ ជាពិសេសមិត្តភក្តិ និងយុទ្ធមិត្តដែលជាខ្សែសម្ងាត់បង្កប់មួយចំនួនត្រូវចាប់ខ្លួន។ ទោះជាយ៉ាងនេះក្តី សំរេចនៅតែបំពេញតួនាទីជាប្តីល្អជានិច្ច។ សំរេចតែងព្រួយបារម្ភ ក្រែងរ៉ានីមានបញ្ហានៅពេលឆ្លងទន្លេ ព្រោះជាកូនដំបូង។ សំរេច បានពិភាក្សាជាមួយ រ៉ានី និងនាំនាងមកកាន់មន្ទីរពេទ្យតំបន់ដែលមានទីតាំងនៅអតីតអនុវិទ្យាល័យមេមត់ ។ រ៉ានី ចូលមន្ទីរពេទ្យសម្រាករង់ចាំឆ្លងទន្លេនៅចុងខែតុលា ឆ្នាំ១៩៧៦។ ចំណែកសំរេច មិនមានឱកាសមកមើលថែ ឬសួរសុខទុក្ខនាងទៀតទេ ព្រោះប្រធានយោធាថ្មីតម្រូវឱ្យចុះត្រួតពិនិត្យតាមបណ្តោយខ្សែ ព្រំដែនកម្ពុជាវៀតណាម និងគូរចម្លងផែនទី គូរពង្រីកផែនទីពីខ្នាត ១/៥០,០០០ ទៅខ្នាត១/២៥,០០០ ដែលការងារនេះគ្មានអ្នកណាផ្សេងចេះធ្វើក្រៅពីមេបញ្ជាការ សំរេច ឡើយ។ ការមមាញឹកលើភារកិច្ចអង្គភាព ធ្វើឱ្យសំរេច កាន់តែឃ្លាតឆ្ងាយពីការមើលថែភរិយាសំណព្វចិត្ត ប៉ុន្តែអាស្រ័យដោយនិស្ស័យប្តីនិងប្រពន្ធ ឪពុកនិងកូន នៅយប់ថ្ងៃ៩ ឈានចូលព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ សំរេច ហាក់រសាប់រសល់ដេកមិនលក់។ សំឡេងមៀម ខ្លែងស្រាក និងសត្វរាត្រីចរផ្សេងៗទៀត យំលាន់ឮកងរំពងឡើងចេញពីដើមជ្រៃធំ ដែលឆ្ងាយពីផ្ទះ សំរេច ស្នាក់នៅប្រមាណ៣០ម៉ែត្រ ធ្វើឱ្យសម្រេចព្រឺក្បាលខ្ញាកៗ។ សំរេចមានអារម្មណ៍ថា អាចនឹងមានហេតុភេទអ្វីមួយមិនល្អចំពោះគេ ព្រោះតាំងពីធំដឹងក្តីមក រូបគេហាក់មានអ្នកតាមថែរក្សាដែលអាចឱ្យដឹងហេតុការណ៍មុននូវហេតុការណ៍ដែលនឹងកើតនាពេលខាងមុខ ទាំងល្អទាំងអាក្រក់ តាមរយៈនៃការយល់សប្តិ ឬតាមរយៈសត្វយំ ឬប្រផ្នូលផ្សេងៗទៀត។ យប់នោះ សំរេច ក៏នឹក រ៉ានី ខ្លាំងខុសពីធម្មតាដែរ ហើយសំរេច មានអារម្មណ៍ថា រ៉ានី អាចនឹងឆ្លងទន្លេយប់នោះ។នៅក្រោយម៉ោង១២យប់ សត្វមិនត្រឹមតែមិនឈប់យំ ឬយំនៅត្រឹមដើមជ្រៃក្បែរផ្ទះប៉ុណ្ណោះទេ តែនៅដើមឈើក្រៅបន្ទាយក៏ស្រែកយំគួរឱ្យខ្លាចតក់ស្លុតដែរ។ ផុតពីម៉ោង១២យប់ នៃខែវិច្ឆិកា ឆ្នាំ១៩៧៦ គឺជាពេលដែលរ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ ដោយសារយប់នោះដេកមិនលក់ សំរេច ចេញមកក្រៅផ្ទះដើម្បីសម្រួលអាមរ្មណ៍ ស្រាប់តែដុំភ្លើងយ៉ាងធំហោះចេញពីដើមជ្រៃទៅកន្លែងផ្សេងទៀតនិងពីកន្លែងផ្សេងមកដើមជ្រៃវិញ។សំឡេងសត្វយំកាន់តែរន្ថើនកញ្រ្ជោលកងរំពងខ្លាំងឡើងៗ ហាក់ចង់ដាស់តឿនថានឹងជួបគ្រោះអ្វីមួយ។ សំរេច ព្រឺក្បាលកាន់តែខ្លាំង និងនឹកទៅដល់ភរិយាកាន់តែខ្លាំងដែរ។ ម៉ោងប្រមាណ៥ មិនទាន់ភ្លឺស្រួលបួលផង ទើបតែភ្លឺស្រាងៗ ប្រធានយោធាតំបន់ថ្មីបានជិះម៉ូតូមកដល់ ហើយសួរថា តើរៀបចំខ្លួនហើយឬនៅ? ព្រោះចេញដំណើរទាន់ពេលព្រឹក។ អ្នកទាំងពីរត្រូវចេញដំណើរទៅកាន់សាលាស្រុកនៅពេលព្រឹក។ ប្រធានយោធាតំបន់ប្រាប់ឱ្យសែន ជាអ្នកជិះម៉ូតូឌុប (មិនហៅសំរេច ទេ)។ ពេលនោះសំរេចគិតភ្លាម ដោយដឹងខ្លួនជាមុនថា ពិតជាមានអ្វីមិនស្រួលហើយ ព្រោះហេតុអ្វីប្រធានរូបនេះឱ្យគេជាអ្នកជិះ ម៉ូតូឌុបគាត់ទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ដើម្បីការពារខ្លួន សំរេច ដើរចូលទៅក្នុងបន្ទប់ដកយកកាំភ្លើងចេញពីស្រោមមកសៀតនឹងចង្កេះឆ្វេងវិញ បើមានហេតុការណ៍អ្វីកើតឡើង ងាយស្រួលប្រើដៃស្តាំដកចេញ ហើយបាញ់តែម្តង។ ពេលកំពុងជិះម៉ូតូចេញមកតាមផ្លូវ សំរេច គិតថាប្រសិនបើប្រធានយោធាម្នាក់នោះដកកាំភ្លើងភ្ជង់ពីក្រោយ គេនឹងផ្តួលម៉ូតូភ្លាមដើម្បីឱ្យដួលទាំងអស់គ្នាកុំឱ្យជននេះបាញ់ពីក្រោយបាន។ ក្រៅពីគិតពីមធ្យោបាយនេះ សំរេច ក៏មានមធ្យោបាយមួយផ្សេងទៀត គឺបើកម៉ូតូយ៉ាងលឿន ដើម្បីកុំឱ្យគេបាញ់ពីក្រោយកើត ព្រោះ សំរេច យល់ថា គេនឹងមិនហ៊ានបាញ់ទេនៅពេលម៉ូតូកំពុងមានល្បឿនលឿន។ ការប្រុងប្រយ័ត្នបែបនេះ ដោយសារកន្លងមក អ្នកទាំងពីរធ្លាប់មានបញ្ហាថ្នាំងថ្នាក់ពាក្យសម្តីគ្នា។ ដូចនេះការរកាំផ្លូវចិត្តនៅបន្តក្តៅងំក្នុងចិត្តរៀងៗខ្លួនរហូតមក។ ពួកគេធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧ ដែលពីឃុំទន្លូង មកមន្ទីរពេទ្យ នៅអនុវិទ្យាល័យមេមត់ ផ្លូវនោះទទួលរងការខូចខាតយ៉ាងខ្លាំង តាំងពីឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង បញ្ជូនរថក្រោះមកបើកបរលើកាលពីចូលឈ្លានពាន កម្ពុជា។ ដូចនេះទោះត្រូវជិះលឿនក្នុងចម្ងាយផ្លូវជាង៣០ គីឡូម៉ែត្រ ក៏ត្រូវប្រើពេលប្រមាណមួយម៉ោងដែរទើបដល់។ ការធ្វើដំណើរគឺចេញពីម៉ោងជាង ៥ មកដល់មន្ទីរពេទ្យនៅម៉ោងជាង ៦ព្រឹក។ ពេលដល់មន្ទីរពេទ្យសំរេច ដែលមិនបានប្រាប់មុន ក៏បត់ម៉ូតូចូលមន្ទីរពេទ្យភ្លាម ធ្វើឱ្យប្រធានយោធាតំបន់សួរថា ចូលមន្ទីរពេទ្យធ្វើអី? សំរេចឆ្លើយថា ចូលមើលប្រពន្ធបន្តិច ព្រោះគាត់សម្រាកនៅមន្ទីរពេទ្យនេះ។ ប្រធានយោធាតំបន់និយាយទាំងទើសទ័លថា តែបន្តិចទេ ប្រញាប់ធ្វើដំណើរទាន់ព្រឹក។

មិនបង្អង់យូរ គ្រាន់តែចុះពីលើម៉ូតូភ្លាម សំរេច ដើរសំដៅទៅមន្ទីរពេទ្យដែលរ៉ានី សម្រាក ភ្លាម។ មិនទាន់ចូលដល់ទ្វារបន្ទប់ផង ស្ត្រីម្នាក់ដែលសម្រាកព្យាបាលជាមួយរ៉ានី បានស្រែកប្រាប់ពីចម្ងាយថា រ៉ានី ឆ្លងទន្លេហើយ ឯកូនស្លាប់ហើយ។ អ្នកផ្សេងៗទៀតដែលនៅក្បែរនោះ ស្រែកព្រមគ្នាដែរថា រ៉ានី ឆ្លងទន្លេហើយ ឯកូនស្លាប់ហើយ។ ជាមួយគ្នានោះ មានស្រ្តីនិយាយបន្ទោស សំរេច ថារវល់ទៅណាមិនមកមើលប្រពន្ធ ទុកឱ្យប្រពន្ធឆ្លងទន្លេតែម្នាក់ឯង? សំរេច មិនឆ្លើយតបជាមួយអ្នកទាំងនោះទេ តែស្ទុះរត់សំដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិត។ សំរេច រុញទ្វារបើកឡើងឃើញបន្ទប់ទទេស្អាត មិនឃើញរ៉ានីទេ ព្រោះពេទ្យបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេងទៀត។

ហេតុតែជាឧបនិស្ស័យឪពុក និងកូន សំរេច បែរជាសម្លឹងទៅឃើញទារកមួយដែលគេទុកចោលនៅលើគ្រែ កំពុងហូរឈាមចេញតាមមាត់ មានស្នាមដាច់រយះសាច់ ឆ្អឹងខ្នងបាក់ដោយសារប៉ះនឹងជ្រុងគ្រែ និងមានប្រឡាក់ដីផង។ សំរេច គិតថាកូនដ៏កម្សត់នេះ ពេលកើតមកត្រូវពេទ្យធ្វើឱ្យរបូតធ្លាក់ពីដៃ អុកទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅលើដីទៀត ទើបធ្វើឱ្យគេស្លាប់។ សំរេច ឈរស្រក់ទឹកភ្នែក ហើយដោយឃើញកូននៅមានហូរឈាមតាមមាត់នៅឡើយ សំរេច បានស្ទុះស្ទា ស្រវេស្រវា ស្រែកឱ្យគេជួយសង្រ្គោះជីវិតកូន។ ភ្លាមនោះមានអ្នកជំងឺជាស្ត្រី៥នាក់ ចូលមកជួយមើល ដោយទឹកមុខបង្កប់នូវក្តីអាណិតខ្លោចចិត្ត និងបន្តិចក្រោយមកទៀត ប្រធានមន្ទីរពេទ្យក៏បានចូលមកដល់។ ប្រធានពេទ្យនោះជាមនុស្សល្អម្នាក់ សម្ដែងនូវការសោកស្តាយ និងសុំអាធ្យាស្រ័យជំនួសគ្រូពេទ្យដែលធ្វើការធ្វេសប្រហែសធ្វើឱ្យមានរឿងសោកនាដកម្មនេះកើតឡើង។សំរេច ស្នើប្រធានមន្ទីរពេទ្យ ឱ្យជួយរកចបកាប់ដើម្បីយកសពកូនទៅកប់ ប៉ុន្តែភ្លាមនោះ ប្រធានយោធាតំបន់ដែលនៅឆ្ងាយបន្តិច ទំនងជាឮការសន្ទនាបានស្រែកពីមាត់ទ្វារបែបក្រអឺតក្រទម ដាច់ណាត់មកថា មិនឱ្យសំរេច យកខ្មោចកូនទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ និយាយបណ្តើរ ប្រធានយោធាតំបន់ដើរមករកសំរេចបណ្តើរ។ ពេលឃើញប្រធានយោធាតំបន់មកដល់ សំរេច ក៏នៅបន្តស្នើសុំដោយគោរព ដោយពាក្យរាបសា និងទាំងទឹកភ្នែករលីងរលោង សុំអនុញ្ញាតដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ធដែលទើបឆ្លងទន្លេផង។ សំណើនេះមិនត្រូវប្រធានយោធាអនុញ្ញាតទេ។ កាយវិការរបស់ប្រធានយោធាតំបន់ មិនត្រឹមតែមិនចូលរួមសោកស្តាយ និងឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងបញ្ចេញសារជាតិក្រអឺតក្រទម ឃោរឃៅរបស់ខ្លួនដើម្បីបង្ហាញអំណាច និងឥទ្ធិពលក្នុងបំណងបំបាក់ស្មារតីមេបញ្ជាការសំរេច ទៀតផង។ ប្រធានយោធាបានប្រើបែបសម្តីបន្តុះបង្អាប់ និងដៀមដាមទៅកាន់ សំរេច ថាចរិតពួកអនុធនមិនកែប្រែសោះ កម្មសិទ្ធិមនោសញ្ចេតនាក្រាស់។

“… មិត្តឯងមិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅក៏អាកូននេះ មិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ដោយខ្លួនឯងទេ។ ការងារអង្គការ វាសំខាន់ជាងការងារបុគ្គល…” ។

សម្ដីនេះធ្វើឱ្យសំរេច ផ្ទុះកំហឹងក្នុងចិត្តឡើង តែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះយល់ថា កិច្ចការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការ ទើបជារឿងចាំបាច់សំខាន់ជាងនេះ ហើយទើបអាចកម្ចាត់មនុស្សតិរច្ឆានបែបនេះអស់បាន។ មុនដើរចេញទៅ ប្រធានយោធាតំបន់ប្រាប់សំរេចបន្ថែមទៀតថា គេទៅចាំនៅខាងក្រៅ ១៥នាទីត្រូវចេញដំណើរ។ កាយវិការប្រធានយោធាតំបន់ ធ្វើឱ្យប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរ សម្តែងការហួសចិត្តផង ភ័យខ្លាចផង និងចូលរួមអាណិតអាសូរដល់សំរេចផង។ ជាមួយទឹកភ្នែកដែលស្រក់មិនឈប់ ព្រោះតែការនឹកស្រណោះ អាឡោះអាល័យកូន ដែលមិនទាន់ឃើញពន្លឺថ្ងៃផងក៏លាចាកទៅវិញនោះ សំរេច បានទាញយកក្រមាពី ក ដែលសើមដោយទឹកភ្នែករបស់ខ្លួនមករុំសពកូន ហើយហុចទៅប្រធានមន្ទីរពេទ្យ និងស្នើគាត់ឱ្យជួយរកក្រដាសសរសេរអក្សរថា (កំសត់) ដាក់ក្នុងកូនដបដើម្បីយកទៅកប់ជាមួយកូនផង។ បំណងរបស់សំរេច គឺការដាក់ឈ្មោះកូនក្នុងដប ឈ្មោះថា “កំសត់” ដើម្បីងាយចំណាំ ព្រោះមានអក្សរនៅក្នុងដបបិទជិត។ សំរេច មិនច្បាស់ទេថា ប្រធានមន្ទីរពេទ្យធ្វើតាមសំណូមពរឬអត់? ព្រោះតែប៉ុន្មានខែក្រោយមក ប្រធានពេទ្យនោះក៏ត្រូវពួកអង្គការចាប់យកទៅសម្លាប់ដែរ។ ដូចនេះ សំរេច ក៏មិនដឹងថាសពកូនរបស់ខ្លួនកប់នៅទីណាឱ្យពិតប្រាកដ។ បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ សំរេចប្រញាប់រលាំងរលះទៅរក រ៉ានី ដែលកំពុងអាំងភ្លើងនៅបន្ទប់មួយទៀត។ តាមពិត រ៉ានី កាន់តែមិនទាន់បានឃើញមុខកូនបែបណាទៅទៀត។ ពេលទៅដល់ក្នុងបន្ទប់ ជាប្តីប្រពន្ធ ក្មេងៗ បានត្រឹមតែមើលមុខគ្នាយំ ដោយស្តាយស្រណោះ និងខ្លោចផ្សាចំពោះកូនប៉ុណ្ណោះ។ សំរេច មិនមានក្រមាជូតទឹកភ្នែកទៀតទេ ព្រោះក្រមាយកទៅរុំសពកូនទៅហើយ មានដៃអាវទាំងសងខាងសម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រមាឱ្យសំរេច មួយទៀត ទាំងខ្លួននាងនៅរងាញ័រទទ្រើកនៅឡើយ បន្ទាប់ពីឆ្លងទន្លេរួចបានប្រហែលជាងមួយម៉ោង។

សាកសពកូនមិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេមិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់នេះធំប៉ុនណា? គឺធំជាងមហាសាគរ ខ្ពស់ជាងមហាមេឃ ជ្រៅជាងសមុទ្រទៅទៀត តែ សំរេច យកឈ្នះលើចិត្តខ្លួងឯង គឺត្រូវរម្ងាប់អារម្មណ៍ពុះកញ្ជ្រោល រក្សាភាពស្ងៀមស្ងាត់ ដើម្បីធ្វើការងារធំជាងនេះ គឺរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅទុរយសឱ្យបាន។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង