Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៤ « ការប៉ុនប៉ងធ្វើឃាត »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 84
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៤ « ការប៉ុនប៉ងធ្វើឃាត » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៤ « ការប៉ុនប៉ងធ្វើឃាត »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ២៤ « ការប៉ុនប៉ងធ្វើឃាត »

ជីវិតលើសមរភូមិ ពីដើមដល់ចប់នៃសង្រ្គាម៥ឆ្នាំ (១៩៧០ ដល់១៩៧៥) សមមិត្តមេបញ្ជាការ ហ៊ុន បូណាល់ ឬ ហ៊ុន សំរេច ឬ ហ៊ុន សែន ទទួលរងរបួសចំនួន៥ដង លើសមរភូមិចំនួន១០៥លើក ហើយសមរភូមិដែលធ្វើឱ្យសម្តេចរងរបួសធ្ងន់ជាងគេរហូតពិការភ្នែកឆ្វេង គឺសមរភូមិចុងក្រោយ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នៅទន្លេបិទ នៅមុនមួយថ្ងៃ ដែលខ្មែរក្រហមឈ្នះលើរបបលន់ នល់។

ព្យុះជីវិតលើសមរភូមិសង្រ្គាម និងនយោបាយ ពីទសវត្សរ៍១៩៧០មក ដល់ចុងទសវត្សរ៍១៩៨០ សម្តេច ហ៊ុន សែន មិនធ្លាប់ត្រូវគេលួចធ្វើឃាតជាសម្ងាត់ ឬជាចំហ ក្រៅពីការប្រយុទ្ធនៅសមរភូមិទេ។ ប៉ុន្តែនៅពេលកម្ពុជាកំពុងរំកិលខ្លួន ចូលមកកៀកនឹងមាត់ទ្វារនៃសន្តិភាពនោះ គឺ ពីដើមទសវត្សរ៍១៩៩០ ដល់ចុងឆ្នាំ១៩៩០ សម្តេចប្រឈមនឹងការលួច និងប៉ុនប៉ងធ្វើឃាតយ៉ាងតិច៦ លើកដែរ៖

លើកទី១ កើតឡើងនៅក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣។ លើកទី២ រដ្ឋប្រហារមិនបានសម្រេច អំឡុងឆ្នាំ១៩៩៤។

លើកទី៣ ខណៈសម្តេចធ្វើដំណើរ ពីក្រុងតាខ្មៅមកភ្នំពេញ ត្រូវខ្មាន់កាំភ្លើងពួនស្ទាក់បាញ់នៅម្តុំវត្តចាក់អង្រែ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម តែមិនបានសម្រេច។ លើកនោះខ្មាន់កាំភ្លើង ប្រើប្រាស់អាវុធកា៤៧ ស្ទាក់បាញ់ ហើយទំនងបានហែលទឹកឆ្លងទៅត្រើយខាងសង្កាត់ព្រែកប្រា។

លើកទី៤ ក្នុងព្រឹត្តិការណ៍ ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ កណ្តាលរាជធានីភ្នំពេញ ។ លើកទី៥ ខណៈសម្តេចធ្វើដំណើរដោយរថយន្តទៅប្រជុំសភានីតិកាលទី២ លើកដំបូងនៅសៀមរាប ត្រូវជនល្មើសចុចបំផ្ទុះគ្រាប់បែក ឬបេ៤០ សំដៅរថយន្តសម្តេច តែមិនបានសម្រេច។ លើកទី៦ គេបានចោលគ្រាប់បែកចូលភូមិគ្រឹះសម្តេច នៅវិមានឯករាជ្យ។

ការប៉ុនប៉ងធ្វើឃាតលើកទី១ នៅឆ្នាំ១៩៩៣ ធ្វើឡើងដោយសហសេវិករបស់សម្តេច គឺលោកឧត្តមសេនីយ៍ ស៊ិន សុង ដែលមិនយល់ព្រមទទួលយកលទ្ធផលបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។ ហ្វ្រង់ស័រ ប៉ុងសូរ សរសេរនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា “ប្រវត្តិសាស្រ្តកម្ពុជាសង្ខេប” ថាពួកអ្នកប៉ុនប៉ងធ្វើឃាត បានចាប់ខ្លួនសម្តេចពេលព្រឹក (កាលនោះនៅជាឯកឧត្តម ហ៊ុន សែន) ឃុំទុកក្នុងផ្ទះ ដោយពួកគេទម្លាក់ការចាញ់ឆ្នោត ថាជាកំហុសរបស់សម្តេច។ ប៉ុន្តែដោយសារទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការរំដោះខ្លួនចេញពីគ្រោះអាសន្ន សម្តេច ហ៊ុន សែន ត្រូវដោះលែងឱ្យត្រឡប់មកគេហដ្ឋនវិញនៅពេលល្ងាច។ លទ្ធផលនៃការបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ នៅខែឧសភា ឆ្នាំ១៩៩៣ គេរកឃើញថា មានហឹបឆ្នោតមួយចំនួនបានរបើក សន្លឹកឆ្នោតខ្លះត្រូវគេបោះចោលនៅក្នុងព្រៃ និងហឹបឆ្នោតខ្លះ មានសោកឹបតែគ្មានសន្លឹកឆ្នោត។

ក្រោយមកក្នុងឱកាសប្រារព្ធខួបលើកទី២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ច្បាស់ថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣ ពួកគេចាប់ខ្លួនសម្តេច និងលោកឧត្តមសេនីយ៍ ប៉ុល សារឿន។ ការឃាត់ខ្លួននោះ ដោយសារតែសម្តេចធ្វេសប្រហែស ខកខ្លួនចូលទៅតំបន់របស់គេដើម្បីសម្របសម្រួលស្ថានការណ៍ ដោយសម្តេចមានតែអ្នកបើកបរម្នាក់ និងអង្គរក្ស ឬកងការពារទៅជាមួយតែម្នាក់។ ពួកគេចង់បង្កើតតំបន់អប្បគមន៍នៅត្រើយខាងកើតទន្លេមេគង្គ ព្រោះពួកគេមិនទទួលយកលទ្ធផលនៃ ការបោះឆ្នោត ដែលរៀបចំដោយ អ៊ុនតាក់។ អ្នកដែលឃាត់ខ្លួនសម្តេច និងលោកឧត្តមសេនីយ៍ ប៉ុល សារឿន គឺព្រះអង្គម្ចាស់នរោត្តម ចក្រពង្ស និងឧត្តមសេនីយ៍ ស៊ិន សុង។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវគេចាប់ឃុំខ្លួនមុនសម្តេចទៅដល់ទៅទៀត។ ក្រុមអ្នកចាប់ជំរិត មិនព្រមទទួលយកលទ្ធផលបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់នោះទេ ហើយទាមទារឱ្យសម្តេចលាលែងតំណែងពីនាយករដ្ឋមន្រ្តី។ វិធីដើម្បីដោះស្រាយបញ្ហារបស់ពួកគេ គឺចាប់សម្តេច ដែលជាអ្នកយុទ្ធសាស្រ្តដ៏ធំបំផុតរបស់គណបក្សប្រជាជនតែម្តង។ ពេលនោះសម្តេចប្រាប់ទៅពួកគេវិញថា មិនអាចធ្វើដូច្នោះទេ ហើយដើម្បីចៀសផុតពីការបង្ហូរឈាមគ្នា ល្ងាចម៉ោង៦នៃថ្ងៃចាប់ខ្លួននោះ សម្តេចនឹងប្រកាសលាលែងពីតំណែង ហើយរដ្ឋសភារបស់អតីតរដ្ឋកម្ពុជានៅសេសសល់ អាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ពេលនោះសម្តេចក៏ឆ្លៀតឱកាសអញ្ជើញសម្តេច ជា ស៊ីម សម្តេច ហេង សំរិន (ពេលនោះងារឯកឧត្តម) ឯកឧត្តម ទៀ បាញ់ ឯកឧត្តម កែ គឹមយ៉ាន និងសមាជិកគណៈអចិន្រ្តៃយ៍មួយចំនួនទៀតទៅកាន់ទីដែលគេឃុំខ្លួនសម្ដេច។ លុះពេលទៅដល់ សម្តេចមានប្រសាសន៍ថា សម្តេចនឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនោះ (ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣) តែម្តង។ តែពេលនោះ ឯកឧត្តម ទៀ បាញ់ និងឯកឧត្តម កែ គឹមយ៉ាន ប្រតិកម្មយ៉ាងខ្លាំង ហើយថាបើសិនជាមានការលាលែងតំណែងរបស់សម្តេច ការបង្ហូរឈាមមួយនឹងត្រូវចាប់ផ្តើមឡើង។ ដូច្នេះបំណងប្រាថ្នានៃការចាប់ខ្លួនសម្តេច ហ៊ុន សែន ដើម្បីបំផ្លាញចោលលទ្ធផលនៃការបោះឆ្នោត ឆ្នាំ១៩៩៣ មិនបានសម្រេច ដោយសារមានការសង្រ្គោះ។ បញ្ហានេះហើយដែលសម្តេចបានពង្រឹងសមត្ថភាពកងកម្លាំង ដែលសម្តេចត្រូវបញ្ជាដោយផ្ទាល់ ដើម្បីចៀសវាងនូវភាពច្រំដែលនៃប្រវត្តិសាស្រ្ត ព្រោះមួយឆ្នាំក្រោយមក គឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៤ សម្តេចក៏ត្រូវគេប៉ុនប៉ងធ្វើរដ្ឋប្រហារចាប់ខ្លួនសាជាថ្មីទៀត ដែលការប៉ុនប៉ងទាំងអស់សុទ្ធតែមានបំណងបំផ្លាញសមិទ្ធផលសន្តិភាព។ ប៉ុន្ដែសម្ដេចអះអាងថា នៅដំណាក់កាលដែលសម្តេចកាន់អំណាច គឺដាច់ខាតមិនឱ្យមានរដ្ឋប្រហារកើតឡើងទេ។

ចំពោះការប៉ុនប៉ងលើកទី៥ សម្តេច ហ៊ុន សែន រម្លឹកនៅលើទំព័រហ្វេសប៊ុក របស់សម្តេចថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គឺជាខួប ២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតលើរូបសម្តេចនៅខេត្តសៀមរាប (២៤.០៩.១៩៩៨-២៤.០៩.២០១៨)។ កាលនោះនៅម៉ោង៨និង៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត (បេ៤០) មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅ រថយន្តរបស់សម្តេចដែលកំពុងធ្វើដំណើរលើដងផ្លូវ ទៅកាន់ខេត្តសៀមរាប តែគ្រាប់បែកមិនត្រូវរថយន្តរបស់សម្តេចទេ។ គ្រាប់បែកហោះទៅបុកផ្ទះប្រជាជនដែលនៅម្ខាងផ្លូវ បណ្តាលឱ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់ នាក្រុងសៀមរាប ក្រោមព្រះរាជអធិបតី សម្តេចព្រះនរោត្តម សីហនុ។ នៅពេលនោះ ប្រសិនបើគ្រាប់បេ៤០ ទាំង៤ គ្រាប់ផ្ទុះព្រមគ្នា ឬបើព្រឹកនោះគ្មានភ្លៀងធំស្ទើរបាក់មេឃ ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនោះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះ។ សម្តេចបញ្ជាក់ថា ប្រសិនបើសម្តេចបាត់បង់ជីវិតនៅពេលនោះ តើនឹងមានរឿងអ្វីកើតឡើង? តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដូចពេលសម្ដេច នៅរស់ឬទេ? សម្តេចអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធ ទាំងអស់ដែលជួយការពារជីវិតសម្តេចនៅពេលនោះ។ សម្តេចជឿច្បាស់ណាស់ថា អ្នកជួយជីវិតសម្តេចនាពេលនោះ គឺតាមផ្លូវងងឹត គឺគុណបុណ្យទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមី ដែលតាមថែរក្សាសម្តេចជាប្រចាំកន្លងមកជួយជីវិតឱ្យសម្តេចរស់បាន២០ឆ្នាំកន្លងមក ធ្វើឱ្យសម្តេចដឹកនាំប្រទេសចេញពីសង្រ្គាម មកកាន់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។សម្តេច បានអហោសិកម្មឱ្យអ្នកដែលចង់សម្លាប់សម្តេច នៅខេត្តសៀមរាបរួចហើយ ទោះបីសម្តេចមានពន្លឺក្នុងការស្រាវជ្រាវរកមុខសញ្ញាក៏ដោយ។

ជនសង្ស័យដែលបង្កៃគ្រាប់បេ៤០ បំផ្ទុះសំដៅរថយន្តសម្តេចនៅពេលនោះ សុខ យឿន ជាសកម្មជនគណបក្សសម រង្ស៊ី។ ក្រោយការបំផ្ទុះមិនសម្រេច លោក សុខ យឿន បានរត់ភៀសខ្លួនទៅប្រទេសថៃ ក្រោមលេសថាជ្រកកោននយោបាយ។ អាជ្ញាធរកម្ពុជា ជាច្រើនដងបានសុំធ្វើបត្យាប័នជនសង្ស័យឈ្មោះ សុខ យឿន ពីប្រទេសថៃ តែត្រូវបានបដិសេធដោយគេសំអាងថា ជាហេតុផលនយោបាយ មិនមែនបទល្មើសព្រហ្មទណ្ឌ។ សម្តេច ហ៊ុន សែន ផ្តាំទៅកាន់ក្រុមអ្នកប្រឆាំងសម្តេចថា បើសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចមិនឱ្យពួកអ្នកទាំងនោះសម្លាប់បានទេ ហើយក៏មិនឱ្យធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានជាដាច់ខាតដែរ។ ទោះដោយតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវតែការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឱ្យខានតែបាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាត សម្តេច ហ៊ុន សែន កាលពីនៅខេត្តសៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅលើទំព័រហ្វេសប៊ុករបស់លោកដែរ។ ខាងក្រោម ជាខ្លឹមសារទាំងស្រុងដែលលោក ខៀវ កាញារីទ្ធ បានសរសេរ៖ “ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាខួបគម្រប់ ២០ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានគេប៉ុនប៉ងធ្វើឃាត និងបាញ់គ្រាប់រ៉ូកែតបេ៤០ រហូតដល់ទៅ៤គ្រាប់ សំដៅចូលក្បួនរថយន្តរបស់សម្តេច ហើយក្នុងនោះមានគ្រាប់រ៉ូកែត១គ្រាប់ ដែលក្រុមឃាតករបាញ់សំដៅរថយន្តសម្តេចនោះ មិនហោះទៅត្រូវរថយន្តសម្តេច បែរជាហោះទៅត្រូវផ្ទះប្រជាពលរដ្ឋនាំឱ្យពលរដ្ឋម្នាក់បានស្លាប់។ ខ្ញុំនៅតែព្រឺព្រួចនឹកឃើញសម្ដីលោក ជីវ តាក្វាន់ ពេលដែលលោកមកប្រទេសខ្មែរសម័យអង្គរ។ ពិតមែនតែសម័យលោក ជីវ តាក្វាន់ មកដល់ស្រុកខ្មែរ ប្រទេសយើងចាប់ផ្តើមទន់ខ្សោយខ្លះហើយក្តី ក៏ប៉ុន្តែចំណុចមួយដែលលោក ជីវ តាក្វាន់ កត់សម្គាល់គឺ“ទេវតារក្សាស្រុកនេះខ្លាំងពូកែណាស់”។ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃដែល សម្តេចឪ កំណត់ជាថ្ងៃគណបក្សដែលបានទទួលអាសនៈក្នុងសភា ចូលប្រជុំនៅសៀមរាប និងទៅស្បថនៅមុខអង្គរ។ យើងត្រូវទៅជួបជុំគ្នានៅសៀមរាប តាំងពីថ្ងៃទី២៣ ខែកញ្ញា (សម័យនោះមិនមានជើងយន្តហោះច្រើនទេ ហើយផ្លូវមិនសុវត្ថិភាព១០០% ដូចពេលនេះដែរ)។ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេចតេជោ នឹងមកដល់ជុំជាមួយពួកយើងដែលសម្រាកនៅសណ្ឋាគារលោក សៀង ណាំ។ តែនៅយប់ថ្ងៃទី២២កញ្ញា សម្តេចតេជោ បានយល់សប្តិឃើញព្រលឹងម្តាយរបស់លោកមកប្រាប់ថា បើទៅសៀមរាប ត្រូវទៅដុតធូបសុំសុខនៅវត្តព្រះអង្គខ្មៅ។ សម្តេច ហ៊ុន សែន មិនស្គាល់វត្តព្រះអង្គខ្មៅនៅឯណាទេ។ លុះព្រឹកថ្ងៃទី២៣ សម្តេចបានឱ្យគេសួររកទីតាំងព្រះអង្គខ្មៅ ទើបដឹងថា វត្តព្រះអង្គខ្មៅនេះនៅក្នុងអង្គរធំ តាមផ្លូវទៅប្រាសាទបាយ័នតែម្តង។ នៅរសៀលថ្ងៃទី២៣ នោះ សម្តេច និងសមាជិកជាប់ឆ្នោតជាសភា នៃគណបក្សប្រជាជនទាំងអស់ បានជិះរថយន្តក្រុងរួមគ្នាមួយ (រួមទាំងខ្ញុំផង ) ទៅវត្តព្រះអង្គខ្មៅ។ ក្រុមអភិរក្សអង្គរបានឱ្យដឹងថា ហេតុបានជាវត្តនេះ មាននាមវត្តព្រះអង្គខ្មៅ ដោយសារក្នុងសម័យសង្គ្រាមសាសនាក្រោយអង្គរ រវាងព្រហ្មញ្ញ និងពុទ្ធសាសនា គេបានដុតវត្តនេះរោលរាលទាំងបដិមាព្រះពុទ្ធឡើងខ្មៅទាំងអស់ ទើបគេឱ្យឈ្មោះថា វត្តព្រះអង្គខ្មៅរហូតមក។ ក្រោយពីធ្វើការបន់ស្រន់ហើយ សម្តេចតេជោ បានចាក់គម្ពីរ ត្រូវត្រង់ព្រះពោធិ៍សត្វប្រសូតនៅក្នុងរាជវង្ស តែព្រះអង្គមិនមានបន្ទូលអ្វីទាំងអស់ ដូចជាគថ្លង់ រហូតដល់ព្រះបិតាទ្រាំលែងបាន បញ្ជាឱ្យយកទៅសម្លាប់ចោល តែមិនសុគត។ គម្ពីរបានចែងថា “មានការលំបាកមុន តែចុងក្រោយល្អណាស់”។ សម្តេចតេជោ បានមើលឃើញការប្រជុំនៅថ្ងៃទី២៤កញ្ញា គឺមានន័យដូចគម្ពីរថា “ដល់ក្រោយល្អណាស់” នោះឯង។ នៅយប់នេះ ចាប់ពីពេលអធ្រាត្រទៅ ស្រាប់តែមានភ្លៀងធ្លាក់ជោកជាំរហូតដល់ភ្លឺ។

គឺភ្លៀងនោះហើយដែលបានជួយសង្គ្រោះជីវិតសម្តេចតេជោ…។ ភ្លៀងធ្លាក់ជោកជាំរហូតដល់ម៉ោង៦ព្រឹកទើបដាច់។ ខ្ញុំក៏ចេញទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋានបន្ទាយស្រី

ដោយយកក្រុមអង្គរក្សផ្ទាល់របស់សម្តេចស្ទើរទាំងអស់ទៅជាមួយ (ខ្ញុំចាំថា នៅព្រឹកនោះ អស់៩០ដុល្លារ)។ ស្រស់ស្រូបស្ទើរមិនទាន់ចប់ផង ភ្លៀងចាប់ផ្តើមបង្អុរយ៉ាងខ្លាំងមកទៀត (នៅម៉ោងជិត៧)ពួកយើងប្រញាប់រូតរះមកសណ្ឋាគារវិញ ហើយចាប់ ផ្តើមស្លៀកក្បិន (មានក្រុមខាងវិចិត្រសិល្បៈមកពីភ្នំពេញជួយចងក្បិនយើង)។ តាមការរៀបចំសម្តេច ហ៊ុន សែន ត្រូវទៅដល់ព្រះរាជដំណាក់មុនគេ ហេតុនេះយើងត្រូវចេញមុនគណបក្សនានា (មុនទាំងសម្តេច ជា ស៊ីម ជាប្រធានបក្សទៅទៀត)។ សម្តេចជិះរថយន្តទី២ បន្ទាប់ពីរថយន្តនាំមុខ ហើយឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលជិះរថយន្តតូច បន្ត។ ពួកខ្ញុំជិះឡាន មីនីវ៉ាន់ បន្តពីក្រោយឡានតូច។ ដោយខ្ញុំចង់ថតរូបបានល្អផង ខ្ញុំក៏ទៅអង្គុយមុខគេ ជាប់អ្នកបើកឡាន (ឡានចង្កូតស្តាំកាលនោះ) ហេតុនេះខ្ញុំអង្គុយខ្ពស់ជាងឡានតូចៗដែលនៅមុខ។ យើងអង្គុយជជែកគ្នាសើចលេងពេញរថយន្ត ស្រាប់តែឮសូរក្ឌាំង។ ខ្ញុំសម្លឹងមើលទៅមុខឃើញផ្សែងខៀវស្រាល ឬពណ៌ពងក្រសារ មួយដុំក្រាស់នៅខាងស្តាំដៃ តែមិនដឹងមានរឿង អីទេ។ អង្គរក្សនៅអង្គុយជាមួយសម្តេចប្រាប់ខ្ញុំថា នៅពេលនោះសម្តេចកំពុងឱនជូតវ៉ែនតា ហើយបន្ទាប់ពីនោះភ្លាម លោកសួរថា មានអីគេណឹង? ទាំងអស់គ្នាអត់ដឹងថា ជាអីទាំងអស់ (ព្រោះគ្មានអ្នកណាមើលឃើញគ្រាប់រត់កាត់ពីលើឡានទាន់ទេ) ហើយក្បួនចេះតែបន្តដំណើរទៅមុខ។ ពេលឡានខ្ញុំមកដល់កន្លែងបាញ់(ផ្ទុះ)នេះ ក៏អត់ចាប់ភ្លឹកអីដែរ ព្រោះមិនបានមើលទៅផ្ទះដែលខូចខាតនៅឆ្វេងដៃ (ហើយបើឃើញខូចខាត ក៏មិនចាប់អារម្មណ៍ដែរ ព្រោះសម័យនោះមិនមានផ្ទះថ្មីទេ)។ ដោយឃើញម្តុំនោះមានកន្លែងប៉ះកង់ជាច្រើនរួមទាំងបំពង់ខ្យល់ផង ខ្ញុំក៏គិតថា ជាការផ្ទុះបំពង់ខ្យល់ ហើយក៏និយាយលេងប្រាប់គ្នាថា “ពីសម័យមុន តែផ្ទុះបែបនេះច្បាស់ជាកំបុតកហើយ”។ ក្បួនយើងទៅដល់ព្រះរាជដំណាក់ ដោយមានការទទួលតាមពិធីការ ហើយពួកយើងជាសមាជិកគណបក្សប្រជាជន ត្រូវគេដាក់ឱ្យអង្គុយតាមកន្លែងទៅតាមអាយុ។ សម្តេច ស ខេង មានអាយុស្មើខ្ញុំ ហេតុនេះនៅអង្គុយជាប់ជាមួយខ្ញុំ។ ក្នុងសម័យប្រជុំទីមួយរដ្ឋសភា ប្រធានបក្សនានាដែលមានអាសនៈក្នុងសភា អង្គុយកៅអីជួរមុខទាំងអស់គ្នា។ នៅពេលនោះទើបសម្តេច ស ខេង (នៅជារដ្ឋមន្ត្រីមហាផ្ទៃ) បានទទួលទូរសព្ទមកថា មានការបង្កៃគ្រាប់បេ៤០ បួនគ្រាប់ លាក់ក្នុងគុម្ពផ្កាក្រដាសអមផ្លូវ ហើយបញ្ជាដោយប្រព័ន្ធ ទូរសព្ទចល័ត។ សំណាងដោយសារយប់នោះ មានភ្លៀងធ្វើឱ្យសើមប្រព័ន្ធតខ្សែ ទើបផ្ទុះតែមួយគ្រាប់ខាងដើម បើផ្ទុះទាំង៤គ្រាប់ សម្តេចតេជោ គ្មានសល់អីទេ (លោកជិះរថយន្ត Land Cruiser ធម្មតា មិនមែនពាសដែក)។ ក្នុងសម័យនោះ បញ្ឆិតទល់មុខកន្លែងបង្កៃគ្រាប់ គឺជារង្គសាលដែលមានរាំរែករហូតជិតភ្លឺ ហើយកន្លែងទល់មុខ រួមទាំងកន្លែងបង្កៃគ្រាប់ (នៅឆ្ងាយពីគេបន្តិច) ជាកន្លែងដែលតែងមានអ្នកម៉ូតូឌុបនៅរង់ចាំភ្ញៀវ ហេតុនេះពួកគេអាចសំងំបង្កៃគ្រាប់បាន។ សម្តេច ស ខេង ឱ្យខ្ញុំទៅរាយការណ៍ជូន សម្តេចនៅជួរមុខ។ សម្តេចនៅស្ងៀម។ ខ្ញុំក៏ត្រឡប់មកអង្គុយវិញ។ បន្តិចមកទៀត ក្រុមសន្តិសុខបានលើកសំណួរមួយទៀត។ នោះគឺថា តើសម្តេចគួរបន្តទៅស្បថនៅអង្គរវត្តទេ? (តាមផ្លូវទៅអង្គរវត្តសុទ្ធតែព្រៃក្រាស់ មិនដូចពេលនេះទេ) ព្រោះមិនបានត្រៀមមានបញ្ហានេះកើតឡើង ពោលគឺត្រៀមកម្លាំងសន្តិសុខ (តែបើមិនទៅស្បថ គឺមិនពេញសិទ្ធិជាតំណាងរាស្ត្រទេ)។ សម្តេច ស ខេង ឱ្យខ្ញុំទៅសួរសម្តេចតេជោម្តងទៀត។ ខ្ញុំដើរទៅសួរសម្តេចតេជោ ជាលើកទី២។ សម្តេចគិតមួយសម្ទុះ ទើបមានប្រសាសន៍ថា “ទៅ” រួចសម្តេចពន្យល់ខ្ញុំថា “នៅពេលបាញ់ទីមួយ គេអាចធ្វើបាន ព្រោះគេកំណត់ម៉ោងឱ្យយើងដើរ តែពេលទៅស្បថអត់មានកំណត់ ថាអ្នកណាទៅមុនទៅក្រោយទេ ហេតុនេះលទ្ធភាពវាយប្រហារមានតិចបំផុត”។ សម្តេច ហ៊ុន សែន ពិតជាមេទ័ពពូកែមែន។ យើងក៏បានចេញទៅស្បថដោយសុវត្ថិភាព។ នៅពេលត្រលប់មកពីស្បថ យើងមកសណ្ឋាគារវិញ ពេលនោះទើបដំណឹងពីរឿងគ្រាប់បង្កៃនេះ បានចាប់ផ្តើមសាយភាយ។ នៅម៉ោងបាយ សម្តេចបានហៅខ្ញុំទៅជួបនៅក្នុងបន្ទប់សម្រាករបស់លោក។ យើងនៅតែពីរនាក់។ អ្វីដែលខ្ញុំចាំជាងគេគឺម្ហូប សម្លបែបខ្មែរមួយថាស ក្នុងនោះមានកូនចានដាក់ទឹកត្រីសុទ្ធមួយ ហើយសម្តេចអង្គុយសម្លឹងជ្រប់មើលសម្លនោះ។ នៅពេលដែលសម្តេចសម្លឹងមើលខ្ញុំ ខ្ញុំគិតថា បើលោកស្រក់ទឹកភ្នែក គឺពិតជាតំណក់ឈាមហើយ។ លោកមិនមែនក្តៅក្រហាយរឿងគេប៉ងសម្លាប់លោកទេ តែគឺលោកឈឺចិត្ត ដែលលោកបានប្រឹងប្រែងឱ្យចេញជាសភារួច និយាយគ្នារកសុខឱ្យខ្មែរ តែ ទីបំផុត បែរជាប៉ុនប៉ងសម្លាប់លោកទៅវិញ។ នេះជាទឹកមុខដែលខ្ញុំចាំរហូត”។

នៅអំឡុងពេលដែលសម្តេច ហ៊ុន សែន កំពុងស្នាក់នៅខេត្តសៀមរាប នោះដែរ នៅឯ ភូមិគ្រឹះសម្តេចនៅវិមានឯករាជ្យ ក៏មានការគប់គ្រាប់បែក ចំនួន២គ្រាប់ចូលផ្ទះសម្តេចផងដែរ។ ការបង្កៃ ឬចោលគ្រាប់បែកនេះ ត្រូវគេដឹងថាជាមេក្រុមដឹកនាំបាតុកម្មរបស់លោក សម រង្ស៊ី ហើយក្រោយពីការចោលគ្រប់បែក ជនសង្ស័យរត់ចូលលាក់ខ្លួនគេចពីការចាប់ខ្លួន ទៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានឧត្តមទីប្រឹក្សាអង្គកាសហប្រជាជាតិ និងលោក សម រង្ស៊ី ស្នាក់នៅដែរ ។ ប៉ុន្តែហេតុការណ៍គប់គ្រាប់បែកនោះ មិនបណ្តាលឱ្យអ្នកណាម្នាក់ស្លាប់ ឬរងរបួសទេ។ ក្រុមបាតុករបាននាំគ្នាសម្រុកមកកាន់កាំបូឌីយ៉ា ដើម្បីការពារកុំឱ្យសមត្ថកិច្ចចាប់ខ្លួនលោក សម រង្ស៊ី និងអ្នកបង្កៃគ្រាប់បែក។ ក្រោយព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកនៅផ្ទះសម្តេចបានប៉ុន្មានម៉ោង គេឃើញឧទ្ធម្ភាគចក្រមួយគ្រឿងបានមកចុះចតនៅលើសួនច្បារវិមានឯករាជ្យ។ គឺឧទ្ធម្ភាគចក្រ ដែលដឹកសម្តេច ហ៊ុន សែន ត្រឡប់ពីខេត្តសៀមរាប មកកាន់ភូមិគ្រឹះវិញ។ ភ្លាមៗនោះដែរសម្តេច ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានពីបញ្ហានេះ។ ក្នុងសន្និសីទសារព័ត៌មាន ដែលមានអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងមានសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ យាមកាមយ៉ាងតឹងរ៉ឹង ហ្មត់ចត់ពីខាងក្រៅភូមិគ្រឹះ។ បន្ទាប់ពីត្រឡប់ពីខេត្តសៀមរាបភ្លាមៗ សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ និងច្បាស់ៗថា នឹងមិនមានការបង្រ្កាបណាមួយ ទៅលើក្រុមបាតុករទេ ប៉ុន្តែមេឬអ្នកដឹកនាំធ្វើបាតុកម្ម និងអ្នកដែលពាក់ព័ន្ធផ្សេងទៀត មិនត្រូវអនុញ្ញាតឱ្យចាកចេញពីកម្ពុជាទេ ដរាបណាមិនទាន់ស្រាវជ្រាវចប់ ហើយក្រុមបាតុករ ត្រូវបញ្ចប់ការធ្វើបាតុកម្មជាបន្ទាន់ដែរ។

ខណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងសមាជិកសភា នីតិកាលទី២ អញ្ជើញទៅប្រជុំលើកដំបូងនៅខេត្តសៀមរាប ក្រោមព្រះរាជធិបតីរបស់សម្តេចព្រះនរោត្តម សីហនុ នៅភ្នំពេញមានក្រុមបាតុករដើរដង្ហែជាក្បួនទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។ មេចលនាធ្វើបាតុកម្ម ក្រោយមកគេរាយការណ៍ថា នៅយប់នោះបានរត់ចូលទៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានតំណាងឧត្តមក្រុមប្រឹក្សា អង្គការសហប្រជាជាតិកំពុងស្នាក់នៅ។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង