Grand News Asia Close

ព្រះពុទ្ធប្រវត្តិសង្ខេប

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 577

មុន​ពុទ្ធសករាជ​៨០​​ឆ្នាំ មាន​​ព្រះរាជាណាចក្រ​​តូច​​មួយ​​​ឈ្មោះ​​សក្កជន​បទ​​មាន​ទីក្រុងកបិលវត្ថុ​​​ឬ​ជា​​រាជធានី​​​ដែល​​ស្ថិត​​នៅ​​ក្រោម អាណា​​គ្រប់​​គ្រង​​​របស់​​ព្រះ​បាទ​បសេនទិនា​​​ក្រុង​​សាវត្ថី​ក្នុង​​​​ដែន​​កោសល​ កាល​​ណោះ​ព្រះ​បាទ​​​​សុទ្ធោធនៈ​​ជា​រា​ជា​ធិបតេយ្យ​​​បាន​​​​រាជាភិសេក​​​​​ជា​មួយ​​ព្រះនាងមាយា ជា​​អគ្គមហេសី​​ហើយ​​ ក្រោយ​មក​ក៏​បាន​​​ប្រសូត្រ​​ព្រះរាជ​​បុត្រា​មួយ​ព្រះអង្គ​ព្រះនាម​ថា សិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាល​ព្រះជន្មាយុ​គ្រប់​៨ វស្សា​ព្រះកុមារ​​តូច​​ក៏​​បាន​​ទទួល​ការ​សិក្សា​​នូវ​វិជ្ជា​​ផ្សេង​ៗ​​ដូច​​ជា ​អក្សរ​សាស្ដ្រ ​យុទ្ធ​សាស្ដ្រ សិល្បៈ​ក្នុង​ការ​គ្រប់​គ្រង​។ល។ លុះ​ជន្មាយុ​គ្រប់​១៦​ព្រះវស្សា​ព្រះ រាជជន​កជននី​​ក៏​បាន​​រៀប​ចំ​​​ព្រះរាជ​​ពិធី​​អភិសេក​អាវាហមង្គល​​​ជា​មួយព្រះនាងយសោធរា (ពិម្ពា)​ឲ្យ​​ជា​​ព្រះ​រាជ​​ជាយា។

តាំង​ពី​តូច​រហូត​ដល់​ព្រះវរកាយ​ចម្រើន​ពេញ​វ័យ​ព្រះអង្គ ​ពុំ​ដែល​បាន​​ចេញ​ទៅ​ខាង​ក្រៅ​​ព្រះរាជ​វាំង​ម្តង​ណា​​​ឡើយ​លុះ​មាន​ ថ្ងៃ​​មួយ​​ព្រះអង្គ​​និង​​អាមាត្យ ឆន្នៈ​បាន​​លួច​ចេញ​​ទៅ​ដើម្បី​​ទស្សនា​​ទត​​មើល​​ជីវភាព​របស់​ ប្រជារាស្ត្រ​​សាមញ្ញ​ធម្មតា។ ថ្ងៃ​ដំបូង​ព្រះអង្គ​បាន​ទត​ឃើញ​​​ជន​​ចំណាស់​ដើរ​​ទ្រេត​ទ្រោត​កាន់ ឈើ​ច្រត់​ព្រយង់​អាត្មា​​ស្ទើរ​តែ​មិន​រួច​តាម​ដង​វិថី​ឯ​ថ្ងៃ​ទីពីរ​​បាន​ទត​ឃើញ​ ជន​​អាពាធ​​មាន​​ជម្ងឺ​​ដេក​​បម្រះ​​ននៀល​​ស្រែក​​ថ្ងូរ​​រហ៊ឺស​​ដោយ​​ទុក្ខវេទនា​​សម្រាប់ ថ្ងៃ​ទី​បី​ព្រះ​ក៏​បាន​ទត​​ព្រះនេត្រ​​ឃើញ​​សព​​មនុស្ស​​ឡោម​ព័ទ្ធ​ទៅ​​ដោយ​​​ពួក​ញាតិ​ៗ​​ទួញ​យំ​ ស្តាយ​​ស្រណោះ​​អាឡោះ​អាល័យ​។​​ដោយ​ប្លែក ព្រះ​ទ័យ​ព្រះអង្គ​ក៏ បាន​សាក​សួរ​​ឆន្នាមាត្យ​ថា តើ​​ពួក​​មនុស្ស​ទាំង​អស់​​នេះ​​ចុះ​ហេតុ​អ្វី​ទើប​​បាន​មាន​អាការៈ​ខុស​ប្រក្រតី​ដូច្នេះ​? អាមាត្យ​​​តបថា មិន​ចំពោះ​តែ​ពួក​គេ​នោះ​ទេ ទូល​ព្រះ​បង្គំ​ក៏​ដោយ​ ព្រះ​វររាជ​បិតា​មាតា​​ឬ​ព្រះរាជ​ទេពី ឬ​សូម្បី​តែ​​ព្រះអង្គ​​ផ្ទាល់​​ក្តី​​ក៏​​នឹង​​ជួប​​ប្រទះ​​ជាក់​ជា​មិន​ខាន​នូវ​ជរា​ភាព​ ព្យាធិភាព ​និង​មរណភាព។ ​បាន ព្រះ​​សណ្តាប់​​ឮ​ដូច្នោះ​ ​ព្រះអង្គ​តក់​ស្លត់​ក្នុង​​ព្រះហរទ័យ​​យ៉ាង​​ខ្លាំង​ដែល​​បាន​ដឹង​ថា ​មនុស្ស​​គ្រប់​រូប​មិន​​អាច​គេច​ផុត​ពី​សភាព​កើត ចាស់ ឈឺ ស្លាប់​​បាន​​តែ​​ដោយ ចៃដន្យ​ក្នុង​ថ្ងៃ​ទី​បួន​​ព្រះ​អង្គ បាន​ទត​ឃើញ​ពូក​សមណ​អ្នក​​បួស​​​ស្វែង​​​រក​​​​មោក្ខធម៌​​ហើយ​ឆន្នាមាត្យ​​ពណ៌​នា​ ថា​ព្រះ​គុណ​ម្ចាស់​​ទាំង​​នេះ​​កំពុង​​តែ​ស្វែង​រក​នូវ​ទី រំលត់​​ទុក្ខ​​​ដោយ​វិធី​អង្គុយស្មឹងស្មាធិ៍ ដូច្នេះ​ឯង។ តាំង​​តែ​​ថ្ងៃ​​នោះ​មក​ព្រះអង្គ​ពុំ​ដែល​​ ព្រះកម្សាន្ត​​សប្បាយ​​ក្នុង​​ព្រះហ្ឫទ័យ​​ឡើយ​​ព្រះអង្គ​សញ្ជឹង​គិត​ដល់​ទេវទូត ទាំង​៤​​ហើយ​​គិត​​រក​​ផ្លូវ​​ចេញ​​ព្រះ​ផ្នួស​​​ស្វែង​​​​រក​មោក្ខធម៌។ ព្រះអង្គ​ព្រះបរិវិតក្កៈ​ដូច្នេះ​​រហូត​​ដល់​​ព្រះជន្ម​វស្សា​គ្រប់​​២៩​​ព្រះវស្សា គាប់​ជួន​នា​រាត្រី​ពេញ​បុណ្ណមី ព្រះច័ន្ទ​ពេញ​វង់​នោះ ព្រះរាជោរស​ រាហុល​​ក៏​​បាន​ប្រសូត្រ​។ ព្រះរាជហ្ឫទ័យ​​ស្នេហា​ពាន់​គុណ ហ្មឺន​​គុណ​​បាន​​ស្រោច​​​ស្រប់​ហើយ​​លើ​​ព្រះ​​រាហុល រាជ​ឱរស ព្រះអង្គ​រំពឹង​ឃើញ​ថា បណ្តាញ​​សំណាញ់​បាន​​ចាក់​​ស្រេះ​​ហើយ​​ក្នុង​​ហរទ័យ​​​អញ តែ​អញ​​នឹង​​ចេញ​​ស្វែង​​រក​​មោក្ខ​ធម៌​នា​​​កាល​ឥឡូវ​នេះ​​​ឯង។ ព្រះអង្គ​ស្តេច​​យាង​​ទៅ​​រក​​ឆន្នា​មាត្យ​​ឲ្យ​​នាំ​សេះ​កណ្ឋកៈ​ មក​​ថ្វាយ​​ហើយ​​ព្រះ​​តាម​​ដោយ​​ឆន្នៈ​​ធ្វើ​​ដំណើរ​​ត្រង់​​​ឆ្ពោះ​​ទៅ​​កាន់​ព្រៃ​ភ្នំ​ហើយ​​ទ្រង់​ដាក់ ​ព្រះ​កេស​ ប្រផ្នួស​នា​​​មាត់​ស្ទឹង​​អនោមា​​​និង​​​បញ្ជូន​​​ឆន្នាមាត្យ​​និង​​សេះកណ្ឋកៈ​​ព្រម​​ទាំង​​គ្រឿង​​រាជ​ឥស្សរិយយស ​ទៅ​កាន់​ព្រះបរមរាជវាំង​វិញ។ ក្រោយ​​ពី​​ទ្រង់ ប្រផ្នូស​ជា​​តាបសឥសី​​​ព្រះអង្គ​ក៏​បាន​​ចូល​​ទៅ​ស្នាក់​​អាស្រ័យ​សិក្សា​ក្នុង​សំណាក់​ អាចារ្យ​​​ទាំង​​ពីរ​មាន​ឧទក​តាបស​​ជា​ដើម​រហូត​ដល់​បាន​សម្រេច​វិជ្ជា​ខ្ពង់ខ្ពស់ ក្នុង​​សំណាក់​​​គ្រូ​ទាំង​ពីរ​ចេះ​ចប់​អស់ ​ហើយ​ព្រះអង្គ​​ក៏​បាន​​បំពេញ​​ទុក្ករកិរិយា​​​មាន​ការ​​អត់​ព្រះ​ក្រយាហារ​​ជា​​ដើម​​អស់​​៦​ ឆ្នាំ​​ដោយ​​មាន​ឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ ​វប្បៈ​ ភទ្ទិយៈ​ មហានាម​​​និង​​អស្សជិ​ចាំ​បម្រើ។​ ដោយ​​ការ​​ប្រព្រឹត្តបតិបត្តិ​ក្នុង​ខ័ណ្ឌ​ឧក្រិដ្ឋ​តែ​ក៏​ពុំ​បាន​ផល ព្រះអង្គ​​ក៏​​ងាក់​​មក​​ប្រតិបត្តិ តាម​​ផ្លូវ​​កណ្តាល​មិន​តឹង​ពេក ​មិន​ធូ​ពេក​​ពោល​​គឺ​មជ្ឈិមាបដិបទា​​​ហ្នឹង​​ឯង។ ពួក​​បញ្ចវគ្គិយ៍​​យល់​ឃើញ​​​ថា ការ​ធ្វើ​ទុក្ករកិរិយា​ប៉ុណ្ណោះ​​ទើប​​ជា​​មាគ៌ា​​នាំ​ទៅ​រក​ ការ​ត្រាស់​ដឹង​បាន តែ​ផ្ទុយ​​ស្រឡះ​​​ព្រះ​អង្គ​ត្រឡប់​ឆាន់​​​ព្រះ​​ក្រយា​ហារ​​វិញ ព្រោះ​​ការ ​ស្វែង​រក​មោក្ខធម៌​​ពុំ​ទាក់ទង​​នឹង​​រាង​​កាយ​​​នោះ​ទេ តែ​ជា​រឿង​របស់​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​។ ហេតុ​ការណ៍​នេះ​​​ធ្វើ​ឲ្យ​ពួក​​ឥសី​ទាំង​​៥​​អង្គ​​បោះ​​បង់​​ព្រះ​សមណគោតម​​​ឲ្យ​ នៅ​តែ​ឯង​ឯការ ហើយ​បាន​ នាំ​​គ្នា​​ទៅ​​បំពេញ​​​តបៈ​​​ក្នុង​ព្រៃ​​ឥសិបតនម្រឹគទាយវ័ន​​វិញ។នៅ​ព្រឹក​នៃ​ ថ្ងៃ​​ពេញ​​បូរមី​​ខែ​វិសាខ ​ព្រះអង្គ​បាន​​​ទទួល​​នូវ​​មធុបាយាស​​របស់​នាង​សុជាតា​ជា​​ព្រះ​ក្រយា​ហារ​​ហើយ​បាន​ប្រថាប់​គង់​ក្នុង ​ឥរិយាបថ​​ព្រះ​ភ្នែន​ដោយ​​តាំង​ចិត្ត​​អធិដ្ខាន​ថា​ នឹង​មិន​ព្រម​ក្រោក​ចេញ​ពី​គល់​ពោធិ៍​ដើម​​នេះ​​ជា​​ដាច់​​ខាត​​ដរាប​​សម្រេច​ អនុត្តរ​សម្មាសម្ពោ​ធិញ្ញាណ។នារា​ត្រី​ថ្ងៃ​​នោះ​ឯង ​ព្រះអរហន្ត​​សម្មសម្ពុទ្ធ​​ក៏​បាន​កើត​​ឡើង​ហើយ​​ក្នុង​លោក​ ព្រះធម៌​​ក៏​​បាន​​កើត​​ឡើង​​ហើយ​​ក្នុង​​លោក។ ក្រោយ​​ការ​​ត្រាស់​​ដឹង​​ព្រះអង្គ​បាន​​ចំណាយ​ពេល​​អស់​​៧​សប្តាហ៍​ក្នុង​​ការ​សោយវិមុត្តិ​សុខ និង​​ការ​​ពិចារណា​​​ព្រះធម៌​​ផ្សេង​​ៗ​​មាន​បដិច្ចសមុប្បាទធម៌​ជា​ដើម។

ព្រះអង្គ​​​ទ្រង់​​​ប្រោស​​បញ្ចវគ្គីយ៍​​បន្ទាប់​​មក​​ព្រះអង្គ​​ស្តេច​​យាង​​ដោយ​​ព្រះបាទ​ផ្ទាល់​​​ឆ្ពោះ​​​ទៅ​​កាន់​​ព្រៃឥសិបតនម្រឹគ​ទាយវ័ន​​ហើយ​​ទ្រង់​​ប្រោស​​សម្តែង​ព្រះធម្មចក្កប្បវត្តនសូត្រ​​ដល់​​ពួក​បញ្ចវគ្គិយ៍​​មាន ​ព្រះកោណ្ឌញ្ញៈ​​ជា​​ដើម​​ឲ្យ​បាន​​ត្រាស់​​ដឹង​តាម​​គ្រប់​ៗ​អង្គ ហើយ​​តាំង​​ពី​ពេល​​នោះ​​​មក​​​ព្រះធម្មចក្រ ក៏​បាន​​វិល តាំង​​តែ​ពេល​នោះ​​ដរាប​​ដល់​សព្វ​​ថ្ងៃ​​នេះ​​ឯង។

ដោយ៥០០០ឆ្នាំ

អត្ថបទទាក់ទង