ដើមកំណើតនៃបុណ្យវិសាខបូជានៅកម្ពុជា
បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងឧដុង្គ ជាដំបូងព្រោះថា កាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំឲ្យធ្វើទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរនេះមានជាបែបបទសំរាប់ទេសនា ក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិ កាយទូទាំងប្រទេសខ្មែរ ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បាន ផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរ ។
(ព្រះមហា ប៉ាន)
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើ វិសាខបូជា តាំងពី កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាប់ ទេសនាក្នុង ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះមហា ប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្ម យុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្សទ្រង់ មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយ បាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែល លោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជា រួចមកហើយ ហើយកាល បានគង់នៅប្រទេស ខ្មែរ ព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ ធ្វើកន្លងមក។
ប៉ុន្ដែយើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុង ឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពី អ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមាន ធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់ នៅក្រុងឧដុង្គមកម្ល៉េះ ។ លុះដល់ពេលលោកមក គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយ ជាប់ជាទំនៀមរហូតមក ។
ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ ។ តាមដែលសម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត “កាលនៅព្រះសង្ឃ នាយក” ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូ ព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដ ទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិក និកាយ ទាំងគណៈមហា និកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេល និមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេច ព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើ វិសាខបូជា សម្ដេចព្រះមហាសង្ឃរាជទៀង ក៏ ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើប វិសាខបូជា ត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាប មក ។ ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដ នៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដ តូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
(ព្រះស៊ីសុវត្ថិ)
(សម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត)
ចំណែកព្រះមហាក្សត្រ តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះ រាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទី នោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅពេល ដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បាន ជ្រួតជ្រាប និងធ្លាប់បានទតឃើញរបៀបបែប ផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។
ដោយ៥០០០ឆ្នាំ