Grand News Asia Close

ទំព័រថ្មីនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា៖ ការផ្លាស់ប្តូរមេដឹកនាំដោយសន្តិភាពតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 308
ទំព័រថ្មីនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា៖ ការផ្លាស់ប្តូរមេដឹកនាំដោយសន្តិភាពតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ទំព័រថ្មីនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា៖ ការផ្លាស់ប្តូរមេដឹកនាំដោយសន្តិភាពតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ
 
FN (ភ្នំពេញ)៖ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាជនកម្ពុជាគ្រប់គ្នាសុទ្ធតែទទួលបានជ័យជំនះ ហើយព្រះរាជាណាចក្រ បានទទួលនូវភាពរុងរឿងថែមឡើង។ ការបោះឆ្នោតនៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសន្តិវិធី តម្លាភាព និងវិជ្ជាជីវៈ ហើយភាពខុសគ្នាគួរឱ្យកត់សម្គាល់នោះគឺទាក់ទងនឹងការតវ៉ា អំពើហិង្សា និងការប្រឈមមុខដាក់គ្នា ដែលមានភាពកាន់តែប្រសើរឡើងសឹងតែល្អឥតខ្ចោះ បើធៀបនឹងការបោះឆ្នោតមុនៗដែលធ្លាប់តែទទួលការចោទជាមានបញ្ហាផ្សេងៗ។
 
រយៈកាល៣០ឆ្នាំនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា គឺជាការសាកល្បងនៃពេលវេលា ដែលបានកត់ត្រាទុក នូវរូបភាពចម្រុះពណ៌នៃវឌ្ឍនភាពដ៏វិជ្ជមាននិងការអភិវឌ្ឍដ៏មហិមា។ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ក្រោមកិច្ចកំណែទម្រង់ក្នុងប្រទេស និងគោលនយោបាយការបរទេសដ៏មានប្រសិទ្ធភាពដោយផ្អែកលើច្បាប់អន្តរជាតិ កម្ពុជាបាននិងកំពុងផ្លាស់ប្តូរខ្លួនឯងយ៉ាងលេចធ្លោ ជាមួយក្តីសង្ឃឹមជាថ្មី និងសុទិដ្ឋិនិយមដ៏មានសន្ទុះខ្លាំងក្លា ក្លាយជាប្រទេសប្រជាធិបតេយ្យដែលមានភាពកាន់តែចាស់ទុំនិងរឹងមាំ ជាសង្គមមួយពោរពេញដោយសន្តិភាព និងវិបុលភាព និងជាសមាជិកសេដ្ឋកិច្ចដ៏សកម្មមួយរបស់សហគមន៍អន្តរជាតិ ទាំងនៅកម្រិតតំបន់និងពិភពលោក។
 
និយាយជាអាទិ៍ របបរាជានិយមកម្ពុជា សេរីភាពសាសនា សេរីភាពពលរដ្ឋ សេរីភាពនយោបាយ សេរីភាព សេដ្ឋកិច្ច នីតិរដ្ឋ និងសិទ្ធិផ្សេងទៀតដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវបានស្ដារឡើងវិញ ថែមទាំងត្រូវបានពង្រឹងបន្ថែមទៀត។ ទាំងអស់នេះ អាចធ្វើទៅបានគឺដោយការខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាមុះមុត និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំប្រកបដោយគុណធម៌ និងទស្សនៈវិស័យវែងឆ្ងាយ អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អ្នកស្នេហាជាតិផ្សេងទៀត ដែលឈ្មោះលោកទាំងអស់ត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងការគាំទ្រពីសហគមន៍អន្តរជាតិផងដែរ។
 
ការពិតត្រូវតែទទួលស្គាល់ ហើយគុណសម្បត្តិត្រូវតែផ្តល់តម្លៃ។ សន្តិភាពដែលរកបានដ៏លំបាក កាលពីចុងខែធ្នូឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបន្តថែរក្សាជានិរន្តរ៍ និងត្រូវបានពូនជ្រុំដាក់ជីរជាបន្តបន្ទាប់។ កាលពីមុន ប្រជាជនកម្ពុជាត្រូវបានកាត់ផ្តាច់ចេញពីសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដោយសារតែការដាក់ទណ្ឌកម្មរបស់បស្ចឹមលោក ក្រោមមនោគមវិជ្ជាលំអៀង និងអយុត្តិធម៌ និងសំណល់នៃសង្គ្រាមត្រជាក់។ ឥឡូវនេះ កម្ពុជាត្រូវបានគេប្រសិទ្ធនាមថាជាកោះសន្តិភាព ក្នុងតំបន់មេគង្គ និងអាស៊ីប៉ាស៊ីហ្វិក ជាប្រទេសប្រជាធិបតេយ្យគំរូសម្រាប់បណ្តាប្រទេសដែលឆ្លងកាត់អន្តរកាលឬមានការអភិវឌ្ឍតិចតួចនិងមធ្យមកម្រិតទាប។
 
សន្តិភាព ស្ថិរភាព និងភាពរស់រវើកនៃសង្គមសេដ្ឋកិច្ច សង្គមវប្បធម៌ និងសង្គមនយោបាយ បានជំរុញបរិយាកាសអំណោយផលសម្រាប់ការស្តារ និងកសាងប្រទេសជាតិឡើងវិញ និងសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ប្រជាជនកម្ពុជា បាននិងកំពុងទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព និងកម្មវិធីកំណែទម្រង់ដែលកំពុងបន្តរបស់រដ្ឋាភិបាល ដែលយកប្រយោជន៍ជាតិនិងប្រជាជនជាស្នូល។ សម្រាប់ប្រទេសកម្ពុជា គោលបំណងនៃការស្តារសន្តិភាពឡើងវិញ គឺច្បាស់ណាស់ថា ចម្បងបង្អស់គឺដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ នាំមកនូវការបង្រួបបង្រួមជាតិឱ្យចេញជាផ្លែផ្កា ស្តារឯកភាពជាតិ និងផ្សះផ្សាជាតិ និងធ្វើឱ្យកម្ពុជាត្រឡប់ទៅលើឆាកតំបន់ និងពិភពលោកដោយស្មើមុខស្មើមាត់ ហើយប្រទេសជាតិបានតភ្ជាប់ទំនាក់ទំនងយ៉ាងប្រសើរតាមរយៈច្រករបៀងអភិវឌ្ឍន៍ជាច្រើន តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS) ក្រោមមូលនិធិរបស់ ADB គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ប្រទេសចិន កម្មវិធីជំនួយអភិវឌ្ឍន៍ទ្វេភាគីនិងពហុភាគីផ្សេងទៀត និងការវិនិយោគឯកជន រួមទាំងលើវិស័យឌីជីថលជាដើម។
 
សមិទ្ធផលដ៏អស្ចារ្យនោះ គឺកំណើនប្រាក់ចំណូលនិងការកាត់បន្ថយភាពក្រីក្រ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពីប្រមាណ៥០ភាគរយ នៃប្រជាជនកម្ពុជា ប្រមាណ១០លាននាក់ក្នុងឆ្នាំ១៩៩៣ មកនៅក្រោម ១០ភាគរយនៃប្រជាជនប្រមាណ ១៦លាននាក់ក្នុងឆ្នាំ២០១៩ ដែលជាអកុសលកើនឡើងដល់ប្រមាណ១៧.៥ ភាគរយក្នុងឆ្នាំ២០២០ ក្រោយរងវិបត្តិកូវីដ-១៩។ ក្នុងរយៈពេល៣០ឆ្នាំនេះ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បានកើនឡើងប្រហែល ៧ដងពីប្រមាណ ២៥០ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៣ ដល់ជិត ១.៨០០ដុល្លារក្នុងឆ្នាំ២០២៣។
 
ទោះក្នុងទិដ្ឋភាពណាក៏ដោយ ភាគលាភនៃសន្តិភាពបានត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏មហិមាដែលប្រទេសសម្រេចទទួលបាន។ ការប្រព្រឹត្តិទៅដោយសន្តិវិធីនៃការបោះឆ្នោតសកលឆ្នាំ២០២៣ ជាមួយអ្នកទៅបោះឆ្នោតប្រមាណ ៨៤,៥៩ ភាគរយ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានប្រមាណ ៨២,៣ភាគរយនៃសន្លឹកឆ្នោតសរុប បានបង្ហាញពីភាពរឹងមាំនៃការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាលើគណបក្សប្រជាជនកម្ពុជា ក្នុងភាពជាអ្នកដឹកនាំរាជរដ្ឋាភិបាលនិងរដ្ឋសភា។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាជាតិថា លោកនឹងមិនកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ហើយថា លោកបណ្ឌិត ហ៊ុន ម៉ាណែត កំពុងបោះជំហានលើផ្លូវក្លាយជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។
 
នេះបង្កើតជាទំព័រថ្មីនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា ក្នុងយុគសម័យថ្មី ក្រោយនយោបាយខ្មែរ ដែលហែលឆ្លងកាត់សតវត្សដ៏អួរអាប់អស់រយៈកាលជាង៥០០ឆ្នាំកន្លងមក។ សម្រាប់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លងផុតពីរជំហានក្នុងចំណោមបួនជំហាន គឺការតែងតាំងតាមបែបប្រជាធិបតេយ្យដោយគណបក្សប្រជាជនកម្ពុជានិងការឈ្នះក្នុងការបោះឆ្នោតប្រជាធិបតេយ្យក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយត្រូវរង់ចាំតែពីរជំហានទៀតប៉ុណ្ណោះ គឺការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រ និការទទួលបានការគាំទ្រសំឡេងភាគច្រើនក្នុងរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសជាផ្លូវការអំពីលទ្ធផលបោះឆ្នោតក្នុងសប្តាហ៍ទី៣នៃខែសីហាខាងមុខនេះ។
 
ជាសារវ័ន្ត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាគំរូសម្រាប់អ្នកនយោបាយជាន់ខ្ពស់ និងអ្នកដឹកនាំជំនាន់ក្រោយ ដើម្បីផ្តល់ឱកាសឱ្យអ្នកដឹកនាំនយោបាយវ័យក្មេងស័ក្តិសម ក្នុងការគ្រប់គ្រងរដ្ឋាភិបាល និងអនុវត្តសិទ្ធិនយោបាយពេញលេញ ក្នុងការដឹកនាំការអភិវឌ្ឍប្រទេសជាតិ។ ការចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ មានន័យច្រើនជាងការលះបង់ផ្ទាល់ខ្លួនទៅទៀត ហើយតាមពិត នេះជាយុទ្ធសាស្ត្រផ្លាស់ប្តូរអ្នកដឹកនាំនយោបាយដែលមានការគិតគូរដ៏ផូរផង់ល្អឥតខ្ចោះ ដែលនឹងធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់ប្រទេសជាតិ។
 
នេះមិនត្រឹមតែជាចំណាត់ការនយោបាយដ៏ឈ្លាសវៃប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រអភិបាលកិច្ចដ៏សម្បើមមួយ ដែលបានកសាងឡើងដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងតម្លៃព្រះពុទ្ធសាសនា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព ភាពសុខដុម និងវឌ្ឍនភាពសង្គម។ ជាងនេះទៅទៀត វាគឺជារចនាបទនៃអភិបាលកិច្ចរដ្ឋរបស់កម្ពុជា គ្រប់គ្រងតាមគន្លងលទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនា ឬតម្លៃព្រះពុទ្ធសាសនា។ ទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាពុទ្ធសាសនិកដែលគោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមគន្លងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ដើម្បីការពារសន្តិភាព គុណតម្លៃនៃសន្តិភាព និងធានាស្ថិរភាពនយោបាយនិងសង្គម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើនូវអ្វីដែលយើងមិននឹកស្មានដល់ តាមរយៈចំណាត់ការមនុស្សធម្មតាមិនអាចធ្វើបាននេះ ដោយទទួលបានការស្ញប់ស្ញែងនិងការគោរពពីមជ្ឍស្ថានទូទៅ។
 
យ៉ាងណាមិញ តើការចុះចេញពីតំណែងដឹកនាំនយោបាយភ្លាមៗរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជាវិធានការដ៏ថ្លៃថ្លាឬទេ? មនុស្សជាច្រើនយល់ឃើញថា វាជាយុទ្ធសាស្ត្រនយោបាយដ៏ឆ្លាតវៃបំផុតរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបីជាការអនុវត្តនេះមិនសូវមានឃើញច្រើនក្នុងប្រវត្តិសាស្ត្រនយោបាយពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលងាយនឹងមានអស្ថិរភានយោបាយក៏ដោយ។ ជាការពិតណាស់ ការចុះចេញពីតំណែងរបស់លោកបង្ហាញពីគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំកំពូលជាតិ ដែលប្រកាន់យកនូវភាពប្រាកដនិយម និងភាពជាក់ស្តែងនិយម ហើយជាអ្នកដែលសំឡឹងមើលឃើញពីអនាគតដ៏វែងឆ្ងាយរបស់ប្រទេសជាតិ។
 
សរុបមក វិស័យសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ អាចពិនិត្យ និងស្វែងយល់ពីសក្តានុពលនៃគុណសម្បត្តិរបស់យុទ្ធសាស្ត្រនេះ គួរតែចម្លងយកជាគំរូ ហើយបន្តអនុវត្តតាមដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងការផ្លាស់ប្តូរអំណាចដោយសន្តិវិធី ដែលប្រទេសជាច្រើនមិនអាចសម្រេចបាន។ ចំណុចសំខាន់នៃយុទ្ធសាស្ត្រផ្លាស់ប្តូរអំណាចគឺ ភាពរុងរឿងនៃអនាគតប្រទេសកម្ពុជា នឹងមានភាពប្រាកដប្រជា ហើយសន្តិភាព ស្ថិរភាព និងនិរន្តរភាព គឺស្ថិតក្នុងដៃមនុស្សដ៏មានសក្តានុពលបំផុតគឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានទាំងគុណធម៌ ទាំងលក្ខណៈសម្បត្តិពេញលេញជាអ្នកដឹកនាំដ៏ឆ្នើម ពោលគឺ គុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍ដ៏សម្បូរបែប។
 
អ្វីដែលនាយករដ្ឋមន្ត្រីវ័យក្មេង លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវការគឺការចូលរួមរបស់ក្រុមមន្ត្រីបម្រើការ និងគណៈរដ្ឋមន្ត្រីរបស់គាត់ដែលប្រកបដោយសមត្ថភាពខ្ពស់ ហើយហានលះបង់ថាមពល និងពេលវេលាដោយឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងគណនេយ្យភាព ដោយដាក់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិនៅពីមុខនិងជាស្នូលនៃការដាក់ចេញនិងអនុវត្តគោលនយោបាយទាំងអស់។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនដែលនឹងចូលកាន់តំណែងជាប្រធានព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នោះលោកនឹងបន្តសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងជីវិតរបស់លោកបន្ថែមទៀត ដោយមោទកភាព។
 
ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាកំពុងឈានទៅមុខយ៉ាងម៉ឺងម៉ាត់ ក្នុងដំណើរដ៏រុងរឿងឆ្ពោះទៅកសាងអនាគតដ៏ត្រចះត្រចង់ និងធានាបាននូវវិបុលភាពរបស់ប្រទេសជាតិជារៀងរហូតសម្រាប់ច្រើនសតវត្សទៅមុខទៀត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីចូលកាន់តំណែងថ្មី នឹងក្លាយជាមេដឹកនាំនយោបាយដ៏មានសិរីសួស្តីនិងជ៏យមង្គល ដែលនឹងខិតខំឱ្យអស់ពីសមត្ថភាពនិងកំលាំងការរបស់លោក ដើម្បីសម្រេចក្តីសុបិនរបស់ប្រជាពលរដ្ឋ ត្បិតថាទាំងនេះជាសេចក្តីប្រាថ្នារួមរបស់ប្រទេសជាតិ៕
 
ដោយ៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)

អត្ថបទទាក់ទង