Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជាផែនការកាន់កាប់តំបន់ហ្កាហ្សារបស់អ៉ីស្រាអែល?

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1077
វិភាគអន្តរជាតិ៖ អ្វីទៅជាផែនការកាន់កាប់តំបន់ហ្កាហ្សារបស់អ៉ីស្រាអែល? វិភាគអន្តរជាតិ៖ អ្វីទៅជាផែនការកាន់កាប់តំបន់ហ្កាហ្សារបស់អ៉ីស្រាអែល?

(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល នៅថ្ងៃសុក្រ ទី៨ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយថា គណៈរដ្ឋមន្រ្តីសន្តិសុខអ៉ីស្រាអែល បានអនុម័តជាផ្លូវការនូវផែនការរបស់ នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដើម្បីឱ្យយោធាអ៉ីស្រាអែល ចូលគ្រប់គ្រងទីក្រុង Gaza City។ សេចក្តីថ្លែងការណ៍ខាងលើ មានខ្លឹមសារយ៉ាងដូច្នេះថា «ក្រោមផែនការដើម្បីកម្ចាត់ ក្រុមហាម៉ាស នៅតំបន់ Gaza Strip កងទ័ពអ៉ីស្រាអែល នឹងត្រៀមលក្ខណៈដើម្បីចូលគ្រប់គ្រងទីក្រុង Gaza City ហើយទន្ទឹមគ្នាចែកចាយជំនួយមនុស្សធម៌ដល់​ប្រជាជនស៉ីវិលដែលស្ថិតនៅ ក្រៅតំបន់ប្រយុទ្ធគ្នា»។ Gaza City ដែលស្ថិតនៅភាគខាងជើងតំបន់ Gaza Strip គឺជាទីក្រុងធំជាងគេរបស់ដែនដីប៉ាឡេស្ទីនមួយនេះ។

តាមសេចក្តីថ្លែងការណ៍ដដែល ក្រោយកិច្ចពិភាក្សាចាយពេលជាង១០ម៉ោង រដ្ឋមន្ត្រីភាគច្រើននៃគណ​ៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក Netanyahu បានគាំទ្រសំណើរបស់លោកដើម្បីឱ្យយោធាអ៉ីស្រាអែល កាន់កាប់តំបន់ហ្កាហ្សាទាំងមូលបន្តិចម្ដងៗ ដោយចាប់ផ្ដើមពីទីក្រុង Gaza City មុនគេ។ លោក Netanyahu បានប្រកាសជាសាធារណៈរួចហើយថាលោកចង់ឱ្យអ៉ីស្រាអែលគ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល។ បន្ទាប់ពីទីក្រុងហ្កាហ្សា យោធាអ៉ីស្រាអែលត្រូវបានរំពឹងថានឹងសម្រុកចូលភាគកណ្ដាលនៃតំបន់ហ្កាហ្សា ជាទីដែលហាម៉ាសត្រូវបានគេជឿជាក់ថាបានលាក់ទុកចំណាប់ខ្មាំងនៅទីនោះ និងជាទីដែលកងទ័ពអ៉ីស្រាអែលមិនទាន់បើកប្រតិបត្តិការទ្រង់ទ្រាយធំនាពេលកន្លងមក។

គោលដៅនៃផែនការរបស់លោក Netanyahu គឺសម្រេចឱ្យបាននូវជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស។ ក្រៅពីនេះគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលក៏បានអនុម័តផងដែរលើគោលការណ៍ចំនួន៥ ដើម្បី បិទបញ្ចប់សង្រ្គាមហ្កាហ្សាក្នុងនោះរួមមាន៖
* រំសាយអាវុធរបស់ក្រុមហាម៉ាស
* នាំយកចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញ ទាំងចំណាប់ខ្មាំងនៅមានជីវិត និងសាកសព។ មានចំណាប់ខ្មាំងសេសសល់៥០នាក់កំពុងស្ថិតក្នុងដៃហាម៉ាស ក្នុងនោះមាន២០នាក់ត្រូវបានគេជឿជាក់ថា នៅមានជីវិត
* រំសាយយោធាក្នុងតំបន់ហ្កាហ្សា
* ក្តោបក្តាប់ការគ្រប់គ្រងផ្នែកសន្តិសុខនៅក្នុងតំបន់ហ្កាហ្សា
* បង្កើតរដ្ឋបាលស៊ីវិលមួយដែលមិនមែនហាម៉ាស ឬអាជ្ញាធរប៉ាឡេស្ទីនដើម្បីដឹកនាំហ្កាហ្សា

តាមរយៈផែនការនេះ យោធាអ៉ីស្រាអែលអាចនឹងត្រូវចំណាយពេលច្រើនថ្ងៃដើម្បីកែនកងទ័ពបម្រុង ដាក់ពង្រាយកងទ័ពចូលទៅកាន់ទីក្រុង Gaza City និងត្រូវចំណាយពេលបន្ថែមបង្ខំឱ្យជនស៊ីវិល ប៉ាឡេស្ទីនជម្លៀសខ្លួនចេញសមរភូមិប្រយុទ្ធថ្មី។ ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថាផែនការបើកការវាយលុកថ្មើរជើងសាជាថ្មីរបស់អ៉ីស្រាអែលអាចជាការគំរាមមួយសំដៅបង្ខំឱ្យហាម៉ាសផ្ដល់សម្បទាន ឬទទួលយកលក្ខខណ្ឌរបស់អ៉ីស្រាអែល នៅក្នុងកិច្ចចរចាបទឈប់បាញ់ដែលកំពុងជាប់គាំង។ យោធាអ៉ីស្រាអែលបាននិយាយថាខ្លួនបានដណ្ដើមកាន់កាប់រួចទៅហើយ ៧៥ភាគរយនៃតំបន់ហ្កាហ្សា។ ដូច្នេះ តំបន់ឆ្នេរនៃតំបន់ហ្កាហ្សាដែលលាតសន្ធឹងរាប់ចាប់ពីទីក្រុង Gaza City នៅភាគខាងជើង រហូតដល់ទីក្រុង Khan Younis នៅភាគខាងត្បូង ជាតំបន់ដ៏សំខាន់ស្ថិតនៅក្រៅការគ្រប់គ្រងរបស់អ៉ីស្រាអែល។

លោក Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox news​ ថាអ៉ីស្រាអែលមានគម្រោងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ដោយច្រានចោលការផ្ដល់យោបល់ពី ថ្នាក់ដឹកនាំយោធាអ៉ីស្រាអែលដែលព្រមានថា ការពង្រីកប្រតិបត្តិការយោធាអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំង និងមានតែសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនបន្ថែមតែប៉ុណ្ណោះ។ ក្នុងបទសម្ភាសន៍នោះ លោក Netanyahu បានបន្ថែមថាផែនការរបស់លោកនឹងធានាសន្តិសុខរបស់អ៉ីស្រាអែល កម្ចាត់ក្រុមហាម៉ាស និងអាចនាំទៅរកការផ្ទេរប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ទៅកាន់ប្រទេសជិតខាង ក្នុងតំបន់។ តាមលោក Netanyahu អ៉ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្កាហ្សា តែមិនមែនដឹកនាំតំបន់នេះនោះទេ ដោយអ៉ីស្រាអែលនឹងប្រគល់ហ្កាហ្សាទៅឱ្យកងកម្លាំងអារ៉ាប់ជាអ្នកដឹកនាំ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាតើជាប្រទេសអារ៉ាប់មួយណានោះទេដែលនឹងចូលរួមក្នុងផែនការរបស់លោក។

ក្រុមហាម៉ាសវិញ កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថាការអត្ថាធិប្បាយរបស់លោក Netanyahu គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរគោលដៅនៃកិច្ចចរចា និងចេតនាពិតប្រាកដនៅពីក្រោយការដកខ្លួនរបស់លោក Netanyahu ពីកិច្ចចរចាជុំចុងក្រោយ។

គួរបញ្ជាក់ថា ការពង្រីកសកម្មភាពយោធារបស់អ៉ីស្រាអែល ជាការផ្គើនទៅនឹងការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យអ៉ីស្រាអែលបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ជាទីដែលជនជាតិប៉ាឡេស្ទីនជាង ៦០ ០០០នាក់ ត្រូវបានសម្លាប់ ខណៈគ្រោះអត់ឃ្លានកំពុងឆាបយកអាយុជីវិតជនស៊ីវិលស្លូតត្រង់ជាពិសេសគឺកុមារប៉ាឡេស្ទីនជារៀងរាល់ថ្ងៃ។ តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera​ មកទល់នឹងពេលនេះ មានមនុស្សយ៉ាងហោច ១៩៧នាក់ បានស្លាប់ដោយសារគ្រោះអត់ឃ្លានក្នុងតំបន់ហ្កាហ្សា ក្នុងនោះមានកុមារ ៩៦នាក់។ ជាការដាក់សម្ពាធមួយលើអ៉ីស្រាអែលឱ្យបញ្ឈប់សង្រ្គាម បារាំង ចក្រភពអង់គ្លេស និងកាណាដា បានប្រកាសរៀងៗខ្លួនពីគម្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខ៕
ប្រភព៖ Fresh News

អត្ថបទទាក់ទង